សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ការពារកុមារ៖ លាតត្រដាងល្បិចកលបិទបាំងការពិត​ និងបំបាត់បារីអេឡិចត្រូនិក

យុវជនម្នាក់កំពុងឈរជក់បារីអេឡិចត្រូនិក នៅក្នុងទីក្រុងភ្នំពេញ។ រូបថតនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។ (ខេមបូចា/ ប៉ា តុងចិន)
យុវជនម្នាក់កំពុងឈរជក់បារីអេឡិចត្រូនិក នៅក្នុងទីក្រុងភ្នំពេញ។ រូបថតនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។ (ខេមបូចា/ ប៉ា តុងចិន)

ស្វាយ ស្ករកៅស៊ូ និងទឹកដោះគោក្រឡុក…។ល។ នេះមិនមែនជារសជាតិស្ករគ្រាប់ពីកុមារភាពប៉ុណ្ណោះទេ។ វាគឺជារសជាតិរបស់បារីអេឡិចត្រូនិក ដែលត្រូវបានបង្កើតឡើង ដើម្បីឱ្យមនុស្សជំនាន់ថ្មីញៀននឹងសារជាតិនីកូទីន។ ពីទីប្រជុំជននៅអាស៊ី រហូតដល់កោះប៉ាស៊ីហ្វិកតូចៗ ផលិតផលទាំងនេះកំពុងជ្រៀតចូលសហគមន៍ ដែលជំរុញឱ្យមានវិបត្តិសុខភាពសាធារណៈបន្ទាន់បំផុតមួយ នាពេលបច្ចុប្បន្ន។ នោះគឺការកើនឡើងគួរឱ្យព្រួយបារម្ភ នៃការប្រើប្រាស់បារីអេឡិចត្រូនិចក្នុងចំណោមកុមារ និងមនុស្សវ័យក្មេង។

ជាមួយនឹងពណ៌ឆើតឆាយ រសជាតិផ្លែឈើ និងការវេចខ្ចប់ភ្លឺរលោង បារីអេឡិចត្រូនិក បង្កើតឡើងក្នុងគោលបំណងទាក់ទាញយុវជន។ វាបានលាក់បាំងផលប៉ះពាល់នៃសារជាតិនីកូទីន សក្តានុពលនៃការញៀន និងហានិភ័យដល់សុខភាព។ បារីអេឡិចត្រូនិក អាចផ្តល់សារជាតិនីកូទីនក្នុងកម្រិតខ្ពស់ ពេលខ្លះលើសទាំងបារីធម្មតាផងដែរ និងមានផ្ទុកសារធាតុគីមីពុល និងសារជាតិដែលអាចបង្កឱ្យមានជំងឺមហារីក។ សម្រាប់កុមារ និងមនុស្សវ័យជំទង់ គ្រោះថ្នាក់គឺរឹតតែខ្ពស់។ សារជាតិនីកូទីន ប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់ពួកគេ និងធ្វើឱ្យពួកគេមានការញៀនពេញមួយជីវិត។

ជារឿយៗ បារីអេឡិចត្រូនិកត្រូវបានក្លែងបន្លំជាវត្ថុប្រចាំថ្ងៃ ដូចជាប៊ិចហ្វឺត នាឡិកា ឬកាសស្តាប់ត្រចៀកឥតខ្សែ ដែលបង្កជាការលំបាកដល់ឪពុកម្តាយ និងលោកគ្រូអ្នកគ្រូក្នុងការចាប់វាបាន។  នៅលើប្រព័ន្ធឌីជីថលដែលជាកន្លែងដែលយុវជនចូលចិត្តចំណាយពេលលេងនៅទីនោះ មានការផ្សព្វផ្សាយបារីអេឡិចត្រូនិកយ៉ាងច្រើនជោគជាំ តាមរយៈពាណិជ្ជកម្ម និងការផ្សព្វផ្សាយរបស់តារាអ៊ីនធឺណិត (Influencer)។ នៅពីក្រោយការធ្វើទីផ្សារនេះ គឺជាយុទ្ធសាស្ត្រដែលត្រូវបានគេគណនាទុករួចមកហើយ ដើម្បីប្រែក្លាយការសាកល្បងប្រើប្រាស់ ទៅជាការញៀន។ វានឹងគំរាមកំហែងដល់វឌ្ឍនភាពក្នុងការ ត្រួតពិនិត្យថ្នាំជក់អស់ជាច្រើនទសវត្សរ៍ និងធ្វើឱ្យការជក់បារីគឺជារឿងធម្មតាឡើងវិញ។

វេជ្ជបណ្ឌិត Saia Ma’u Piukala
នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច (WPRO)

ខ្ញុំបានស្តាប់រឿងយុវជនជាច្រើន ដែលត្រូវបានបារីអេឡិកត្រូនិកទាក់ទាញ ដោយសាររសជាតិផ្អែម និងការរចនាដ៏ភ្លឺរលោង។ ក្នុងនាមខ្ញុំជាពេទ្យ និងឪពុកម្នាក់ នៅពេលដែលខ្ញុំលឺរឿងពួកគាត់ ខ្ញុំគិតទៅដល់កូនៗរបស់ខ្ញុំ និងកុមារផ្សេងៗទៀតរាប់លាននាក់នៅក្នុងតំបន់របស់យើង ដែលគួរតែទទួលបានការការពារ។ ទោះមើលពីក្រៅទៅដូចជាមិនមានគ្រោះថ្នាក់ ផលិតផលទាំងនេះកំពុងដាក់អន្ទាក់ឱ្យយុវជនស្ថិតនៅក្នុងវដ្ដនៃការញៀន និងធ្វើឱ្យពួកគាត់ប្រឈមបញ្ហាសុខភាពធ្ងន់ធ្ងរ។

ប៉ុន្តែយើងអាចធ្វើអ្វីមួយបាន។ រដ្ឋាភិបាលអាច និងគួរតែហាមឃាត់ ឬគ្រប់គ្រងបារីអេឡិចត្រូនិក ដើម្បីផ្ញើសារចេញទៅឱ្យច្បាស់ថា៖ ផលិតផលដែលបង្កគ្រោះថ្នាក់ និងការញៀន មិនគួរមានវត្តមាននៅក្នុងសហគមន៍របស់យើងទេ។ ក្នុងនាមយើងជាឪពុកម្តាយ ប្រជាពលរដ្ឋពាក់ព័ន្ធ  និងអ្នកជំនាញផ្នែកសុខភាព យើងត្រូវអំពាវនាវដល់រដ្ឋាភិបាលក្នុងការអនុវត្តវិធានការនេះ។

កម្លាំងចលករសម្រាប់ចលនានេះ កំពុងតែកើតឡើង។ គិតត្រឹមខែមេសា ឆ្នាំ ២០២៥ មានរដ្ឋភាគី ១១ ក្នុងចំណោម ២៧ នៅក្នុងអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច បានធ្វើការបិទហាមឃាត់បារីអេឡិចត្រូនិករួចរាល់ហើយ។ ប្រទេសកោះឃុក (Cook) ប្រទេសណូរូ (Nauru) និងប្រទេសវៀតណាម ស្ថិតក្នុងចំណោមប្រទេសថ្មីៗបំផុត ដែលបានបោះជំហានដ៏ក្លាហានមួយនេះ ហើយរដ្ឋាភិបាលជាច្រើនទៀតកំពុងតែធ្វើការយ៉ាងសកម្ម ក្នុងការអនុម័តវិធានការដ៏ទូលំទូលាយផងដែរ។

ក្នុងនាមជានាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ខ្ញុំទទួលស្គាល់ថារដ្ឋាភិបាលនីមួយៗអាចនឹងមានវិធានការខុសៗគ្នា។ ប៉ុន្តែ​យើង​ត្រូវ​តែ​បោះជំហានដ៏​ក្លាហាន ​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ការ​ញៀន​ និង​ជំងឺ​ផ្សេង​ទៀត។ ការអំពាវនាវសកម្មភាពរបស់អង្គការសុខភាពពិភពលោក បង្ហាញពីសំណុំនៃវិធានការអប្បបរមា សម្រាប់បទប្បញ្ញត្តិបារីអេឡិចត្រូនិក។ បើយើងចាត់វិធានការសកម្មភាព​តិច​ជាង​នេះ​ ​កូនៗ​របស់​យើង និង​មនុស្ស​ជំនាន់​ក្រោយនឹង​ជួប​ហានិភ័យ។

ជាមួយនឹង ទិវាគ្មានថ្នាំជក់ឆ្នាំ ២០២៥ ខិតជិតមកដល់ យើងមានមានឱកាសដ៏សំខាន់មួយ។ ប្រធានបទឆ្នាំនេះ
«លាតត្រដាងល្បិចកលបិទបាំងការពិតនៃផលិតផលថ្នាំជក់ និងផលិតផលនីកូទីន» បង្ហាញពីយុទ្ធសាស្ត្រដែលឧស្សាហកម្មថ្នាំជក់ និងសារជាតិនីកូទីនប្រើប្រាស់ និងអំពាវនាវឱ្យមានការការពារខ្លាំងជាងមុន។ ប្រសិនបើយើងមិនអនុវត្តបានយ៉ាងម៉ឺងម៉ាត់ទេ យុវជនជំនាន់ក្រោយអាចនឹងធ្លាក់ចូលទៅក្នុងការញៀនសារជាតិនីកូទីន ហើយប្រព័ន្ធថែទាំសុខាភិបាលរបស់យើងនឹងទទួលបន្ទុកចំណាយលើផលវិបាកសុខភាពជាច្រើនទសវត្សរ៍ខាងមុខទៀត ដូចដែលយើងបានទទួលពីការប្រើប្រាស់ថ្នាំជក់។ រដ្ឋាភិបាលត្រូវតែរៀនពីបទពិសោធន៍នេះ៖ មានតែវិធានការណ៍ក្លាហាន ទូលំទូលាយ និងតឹងរ៉ឹងប៉ុណ្ណោះដែលទទួលបានជោគជ័យ។

ពេលដែលត្រូវចាត់វិធានការគឺឥឡូវនេះ មិនមែនប៉ុន្មានឆ្នាំទៅមុខទៀត នៅពេលដែលអត្រានៃការញៀនបានកើនឡើងខ្ពស់រួចទៅហើយនោះទេ។ ទោះបីជាមានការអះអាងពីខាងឧស្សាហកម្មក៏ដោយ

ក្នុងទិវាពិភពលោកគ្មានថ្នាំជក់ ២០២៥  អង្គការសុខភាពពិភពលោក បង្ហាញពីយុទ្ធសាស្រ្តដែលឧស្សាហកម្មថ្នាំជក់ និងផលិតផលនីកូទីន ប្រើប្រាស់ក្នុងការធ្វើឱ្យផលិតផលដ៏គ្រោះថ្នាក់របស់ពួកគេមានភាពទាក់ទាញ ជាពិសេសចំពោះយុវវ័យ។

បារីអេឡិចត្រូនិក មិនត្រូវបានគេសន្និដ្ឋានថា ពិតជាមានប្រសិទ្ធភាពក្នុងការជួយមនុស្សឱ្យឈប់ជក់បារីនោះទ ហើយសម្រាប់យុវវ័យជាច្រើន វាគឺជាការដឹកដៃពួកគាត់ឆ្ពោះទៅកាន់ការប្រើប្រាស់បារីធម្មតាទៀតផង។

ប្រជាជនជំនាន់ខ្ញុំ បានឃើញពីរបៀបដែលឧស្សាហកម្មនាំជក់ រៀបចំឧបាយកលបំភ័ន្តវិទ្យាសាស្ត្រ គោលនយោបាយ និងការយល់ឃើញជាសាធារណៈ ដើម្បីប្រាក់ចំណេញផ្ទាល់ខ្លួន ដែលបណ្តាលឱ្យមានការបាត់បង់ជីវិតរាប់លាននាក់។ យើង​មិន​ត្រូវ​អនុញ្ញាត​ឱ្យរឿងនេះ​កើត​ឡើងវិញម្តងទៀត ​ជាមួយនឹង​បារី​អេឡិចត្រូនិក​ឡើយ។

បណ្តាប្រទេសនៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក អាចដឹកនាំពិភពលោកឆ្ពោះទៅកាន់ការបង្កើតជំនាន់មួយដែលគ្មានថ្នាំជក់ និងសារជាតិនីកូទីន។ ប៉ុន្តែ ទាល់តែ​យើង​ចាត់​វិធានការ​ត្រឹម​ត្រូវ​ក្នុង​ថ្ងៃ​នេះ ៕

កំណត់ចំណាំ៖ អត្ថបទទស្សន:​នេះសរសេរដោយ វេជ្ជបណ្ឌិត Saia Ma’u Piukala នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច (WPRO) ។

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស ៖ Protect Children: Unmask the Appeal and Get Rid of E-cigarettes

70 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម