សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ទស្សនៈ៖ ការពិតនៅពីក្រោយ​ផ្សែងអ័ព្ទ៖ «វិធានការរួមគ្នាដើម្បីសង្គ្រោះយុវវ័យកម្ពុជាពីបារីអេឡិចត្រូនិក»

យុវជនម្នាក់កំពុងឈរជក់បារីអេឡិចត្រូនិក នៅក្នុងទីក្រុងភ្នំពេញ។ រូបថតនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។ (ខេមបូចា)
យុវជនម្នាក់កំពុងឈរជក់បារីអេឡិចត្រូនិក នៅក្នុងទីក្រុងភ្នំពេញ។ រូបថតនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។ (ខេមបូចា)

ការរីកចម្រើន និងនិរន្តរភាពនៃប្រទេសជាតិមួយ គឺអាស្រ័យលើកត្តារួមផ្សំជាច្រើន ដែលក្នុងនោះ «ការអភិវឌ្ឍមូលធនមនុស្ស» គឺជាគ្រឹះស្ថានដ៏ចម្បងបំផុត។ ជាក់ស្តែង នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ធនធានមនុស្សត្រូវបានកំណត់ជាអាទិភាពគន្លឹះ ដែលទាមទារឱ្យមានការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការលើកកម្ពស់គុណភាពអប់រំ ទាំងនៅក្នុងប្រព័ន្ធសាលារដ្ឋ និងសាលាឯកជន ។

ទោះជាយ៉ាងណាក៏ដោយ ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងកសាងមូលធនមនុស្សតាមរយៈការអប់រំ យើងក៏កំពុងប្រឈមមុខនឹងក្តីបារម្ភដ៏ធំធេងមួយ គឺការរីករាលដាលនៃ «បារីអេឡិចត្រូនិក» (e-cigarettes ឬ Vapes)។ ឧបករណ៍ដ៏មានហានិភ័យទាំងនេះ កំពុងតែវាយលុកទីផ្សារយ៉ាងគំហុក តាមរយៈរូបភាពទាក់ទាញ និងការផ្សព្វផ្សាយបោកបញ្ឆោត ដែលកំពុងតែគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុខភាព ស្មារតី និងអនាគតរបស់កុមារ និងយុវវ័យកម្ពុជា។

នៅក្នុងវិស័យឧស្សាហកម្ម ការផលិតថ្នាំជក់ និងបារីវិញ នៅតែមានទីផ្សារធំទូលាយមិនថាក្នុងតំបន់អឺរ៉ុប ឬអាស៊ីនោះទេ ដោយមាន​អ្នកប្រើប្រាស់ និងជក់បារីរហូតដល់ប្រមាណ ៥,៧ លានលាននាក់ ជុំវិញពិភពលោក បើគិតត្រឹមឆ្នាំ២០២០។ យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ បញ្ជាក់ថា  ចំនួននៃការប្រើប្រាស់ថ្នាំជក់បានធ្លាក់ចុះពី ១,៣៨ ពាន់លាននាក់ នៅក្នុងឆ្នាំ២០០០ មកត្រឹម ១,២០ ពាន់លាននាក់ នៅក្នុងឆ្នាំ២០២៤។ ហើយការព្យាករណ៍បង្ហាញថា នៅចន្លោះឆ្នាំ២០២៥ ដល់ ២០២៣ ចំនួនអ្នកជក់បារីនៅតែបន្តធ្លាក់ចុះ។

តាមរបាយការណ៍សកលបានបង្ហាញថា ក្នុងចំណោមយុវវ័យដែលមានអាយុចន្លោះពី ១៣ ដល់ ១៥ឆ្នាំ ប្រមាណ ១៤.៣% បានកំពុងប្រើប្រាស់បារីអេឡិចត្រូនិក ដែលជាអត្រាខ្ពស់គួរឱ្យព្រួយបារម្ភ។ នៅក្នុងតំបន់អឺរ៉ុប អត្រានៃការប្រើប្រាស់របស់យុវវ័យ គឺខ្ពស់ជាងគេបំផុតនៅលើពិភពលោក ដោយក្នុងនោះអត្រាយុវតីមានរហូតដល់ ៨,៧% ដែលខ្ពស់ជាងយុវជនដែលមានត្រឹម ៨,២% ។

ងាកមកមើលបរិបទសង្គមកម្ពុជាវិញ យើងសង្កេតឃើញថា អ្នកប្រើប្រាស់បារីអេឡិចត្រូនិកក៏កំពុងតែកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ជាពិសេសក្នុងចំណោមសិស្សានុសិស្ស និងយុវវ័យ។ ផ្អែកតាមរបាយការណ៍របស់អង្គការចលនាដើម្បីសុខភាពកម្ពុជា បានបង្ហាញថា ក្មេងវ័យជំទង់ចន្លោះពី ៥ភាគរយ ទៅ ១០ភាគរយ កំពុងប្រើប្រាស់បារីអេឡិចត្រូនិក ។ ទាំងនេះឆ្លុះបញ្ចាំងពីវិបត្តិដ៏ធ្ងន់ធ្ងរ ព្រោះវាក៏បានទាញទម្លាក់អត្រាចូលរៀន ដោយធ្វើឱ្យអត្រានៃការមិនចូលរៀនកើនឡើងប្រមាណពី ១០ ទៅ ២០% បើយោងតាមទិន្នន័យរបស់ក្រសួងអប់រំ យុវជន និងកីឡា យោងតាមរបាយការណ៍របស់អង្គការយូនីសេហ្វ (UNICEF) នៅកម្ពុជា។ យើងតែងតែឃើញយុវជន និងយុវតីជាច្រើន ជាពិសេសយុវវ័យជំនាន់សតវត្សរ៍ថ្មី (Gen Z) នាំគ្នាប្រើប្រាស់បារីអេឡិចត្រូនិកយ៉ាងហ៊ឺហាទាំងនៅតាមទីសាធារណៈ តាមគេហដ្ឋាន និងសូម្បីតែនៅក្នុងគ្រឹះស្ថានសិក្សាមួយចំនួនតូចក៏ដោយ ។

តើកត្តាអ្វីខ្លះដែលជំរុញឱ្យយុវវ័យកម្ពុជាចូលចិត្តប្រើប្រាស់បារីអេឡិចត្រូនិក?

ការយល់ច្រឡំ និងការឃោសនាខុសឆ្គង៖ ប្រភពដើមនៃការផលិតបារីអេឡិចត្រូនិកនេះ គឺចេញមកពីប្រទេសចិន ដែលដាក់លក់លើទីផ្សារនៅឆ្នាំ២០០៤ (ដែលជាប្រទេសមានអ្នកជក់បារីច្រើនជាងគេលំដាប់ទី១ លើលោក គឺប្រមាណជាង ៣០០ លាននាក់ ឬស្មើនឹង ២៦% នៃប្រជាជនសរុប ១,៤២ ពាន់លាននាក់។ ការឃោសនាដំបូងឡើយបានលួងលោមថា វាជាឧបករណ៍ជក់គ្មានផ្សែង គ្មានផ្ទុកថ្នាំជក់ និងជាឧបករណ៍សម្រាប់​ផ្តាច់បារី ។ ការនិយាយតៗគ្នានេះ ធ្វើឱ្យយុវជនខ្មែរមួយចំនួនភាន់ច្រឡំថា ការជក់វ៉េប (Vapes) ជារឿងធម្មតា។ ជាពិសេស គឺជាឧបករណ៍ម្យ៉ាងដែលអាចផ្តាច់បារីបាន និងគ្មានហានិភ័យដល់សុខភាពឡើយ​។

ការរចនាម៉ូដ និងរសជាតិទាក់ទាញ៖ បារីអេឡិចត្រូនិកត្រូវបានច្នៃបង្កើតឡើងដោយមានច្រើនក្លិន ច្រើនរសជាតិ និងមានរូបរាងយ៉ាងទាក់ទាញសម្រាប់យុវវ័យសម័យថ្មី។

ការធ្វើត្រាប់តាមវប្បធម៌បរទេស៖ តាមបណ្តាញសង្គមហ្វេសប៊ុក យុវជនមួយចំនួនបានបង្ហាញទស្សនៈថា ការជក់បារីបង្ហុយផ្សែងជាការបង្ហាញភាពស៊ីវិល័យ និងភាពសង្ហារបស់ពួកគេ ដោយធ្វើត្រាប់តាមជនបរទេស ដោយចាត់ទុកទង្វើនេះជាភាពឡូយឆាយទៅវិញ។

ផលប៉ះពាល់ ​និងការបំផ្លិចបំផ្លាញចំពោះសុខភាព និងសង្គម

មតិមួយចំនួនរបស់យុវវ័យយល់ឃើញថា បារីអេឡិចត្រូនិកមិនប៉ះពាល់សុខភាព គឺជាការខុសឆ្គងបំផុត ។​ ផ្អែកតាមការណែនាំរបស់ក្រសួងសុខាភិបាល បារីអេឡិចត្រូនិក ឬវ៉េប គឺជាឧបករណ៍ប្រើប្រាស់ថាមពលថ្មដើម្បីដុតកម្ដៅអង្គធាតុរាវឱ្យក្លាយជាចំហាយសម្រាប់បឺតជក់ ដែលផ្ទុកទៅដោយ​សារធាតុគីមីគ្រោះថ្នាក់ជាច្រើនដូចជា នីកូទីន ភាគល្អិតតូចៗ សារធាតុបង់សែន លោហៈធ្ងន់ និងសារធាតុបង្កជំងឺសួត ជំងឺបេះដូងសរសៃឈាម និងមហារីកផ្សេងៗទៀត។

ជាងនេះទៅទៀត សារធាតុនីកូទីនបានបំផ្លាញការលូតលាស់ខួរក្បាលរបស់យុវវ័យ ដែលនាំឱ្យថយចុះការផ្ចង់អារម្មណ៍ ពិបាកគ្រប់គ្រងកំហឹង ងាយធ្លាក់ខ្លួនញៀននឹងគ្រឿងញៀនផ្សេងទៀត ព្រមទាំងបង្កវិបត្តិផ្លូវចិត្តដូចជា ថប់បារម្ភ មួរម៉ៅ និងអស់សង្ឃឹមជាដើម។ តាមរបាយការណ៍អង្គការសុខភាពពិភពលោក ប្រទេសកម្ពុជាយើងមានអ្នកស្លាប់ប្រមាណ ១៥,០០០ នាក់ ក្នុងមួយឆ្នាំ ដោយសារ សារធាតុនីកូទីន ដែលមាននៅក្នុងថ្នាំជក់ ដូចជាបារីជាដើម។ ហើយវាថែមទាំងបានជះឥទ្ធិពលអាក្រក់ដល់ក្រុមគ្រួសារ និងសហគមន៍ ព្រមទាំងដាក់បន្ទុកសេដ្ឋកិច្ចប្រមាណ ២,៧ ទ្រីលានរៀល (ឬស្មើនឹង ៦៦៣ លានដុល្លារអាមេរិក) ជារៀងរាល់ឆ្នាំ។ នៅក្នុងប្រព័ន្ធអប់រំ បញ្ហានេះបានឆ្លុះបញ្ចាំងពីគុណវិបត្តិ និងការធ្លាក់ចុះនៃគុណភាពសិក្សា ព្រមទាំងសុខុមាលភាពរបស់សិស្សានុសិស្សយ៉ាងធ្ងន់ធ្ងរ ។

វិធានការទប់ស្កាត់ និងដំណោះស្រាយ

ដោយមើលឃើញពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរទាំងនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា បានចេញសេចក្ដីណែនាំលេខ ០០១/១៤ ស.ណ.ន អ.ជ.ប.គ.ញ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤។ ដោយហាមឃាត់ដាច់ខាតនូវរាល់ការជួញដូរ ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងការនាំចូលបារីអេឡិចត្រូនិកមកក្នុងប្រទេសកម្ពុជា។

ទោះជាយ៉ាងណា ដើម្បីទប់ស្កាត់បញ្ហានេះឱ្យមានប្រសិទ្ធភាពខ្ពស់ គឺទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ៖

១. រាជរដ្ឋាភិបាល និងអាជ្ញាធរ៖ ត្រូវពង្រឹងការអនុវត្តច្បាប់ និងវិធានការហាមឃាត់ឱ្យបានតឹងរ៉ឹងបំផុត ជាពិសេសការរួមគ្នាទប់ស្កាត់កុំឱ្យមានការចែកចាយដោយសេរីតាមប្រព័ន្ធអនឡាញ (អ៊ីនធឺណិត វេបសាយ) និងការផ្សព្វផ្សាយនានា។ នៅតាមទីសាធារណៈ គួររៀបចំឱ្យមានស្លាកបម្រាមហាមដាច់ខាត និងកំណត់ការផាកពិន័យឱ្យបានច្បាស់លាស់សម្រាប់កុមារក្រោមអាយុ​ ។​

២. គ្រឹះស្ថានសិក្សានិងសាលារៀន៖ គណៈគ្រប់គ្រងសាលាត្រូវអនុវត្តឲ្យបាននូវការណែនាំ តម្រង់ទិស និងគ្រប់គ្រងការចេញចូលរបស់សិស្សគ្រប់ជ្រកល្ហកនៅក្នុងបរិវេណសាលា ដើម្បីធានាថាគ្មានការលួចលាក់ប្រើប្រាស់បារីអេឡិចត្រូនិកឡើយ ។

៣. គ្រួសារ និងអាណាព្យាបាល៖ ត្រូវចូលរួមចំណែកយ៉ាងជិតស្និទ្ធក្នុងការអប់រំ តាមដានការលូតលាស់ ព្រមទាំងពន្យល់ណែនាំកូនចៅឱ្យបានស៊ីជម្រៅអំពីផលជះអាក្រក់ និងផលអវិជ្ជមាននៃបារីអេឡិចត្រូនិកចំពោះអនាគតរបស់កូនៗ។

ការប្រើប្រាស់ ឬការជក់បារីអេឡិចត្រូនិករបស់សិស្សានុសិស្ស និងយុវវ័យ គឺជាការខាតបង់ដ៏ធំធេងទាំងសម្រាប់បុគ្គលខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។ ក្នុងនាមយើងជាយុវជនជំនាន់ក្រោយ យើងត្រូវមានស្មារតីភ្ញាក់រលឹកខ្ពស់ក្នុងការជៀសឱ្យឆ្ងាយពីសារធាតុញៀនគ្រប់ប្រភេទ និងបារីអេឡិចត្រូនិក ។ ការប្រើប្រាស់ឧបករណ៍នេះមិនមែនជាភាពទាន់សម័យ ឬឡូយឆាយនោះទេ ប៉ុន្តែវាជាការបំផ្លាញសុខភាពរាងកាយ ផ្លូវចិត្ត បញ្ញា ស្មារតី និងជាការទទួលយកវប្បធម៌អវិជ្ជមានដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃ និងសេចក្តីថ្លៃថ្នូររបស់យុវជនខ្មែរ ។

ហេតុនេះ យុវជនគ្រប់រូបគប្បីងាកមកយកចិត្តទុកដាក់លើការថែទាំសុខភាព លើកកម្ពស់គុណភាពជីវិត និងពង្រឹងការសិក្សារៀនសូត្រឱ្យបានខ្ជាប់ខ្ជួន ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯងឱ្យក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំ និងជាកម្លាំងស្នូលដ៏មានតម្លៃក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍជាតិមាតុភូមិយើងឱ្យកាន់តែរីកចម្រើនរុងរឿងស្របតាមគោលនយោបាយជាតិក្នុងនិតិកាលទី៧ របស់រដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចបវរមហាធិបតី ហ៊ុន ម៉ាណែត ដែលចាត់ទុកការអភិវឌ្ឍមនុស្ស ជាគ្រឹះនិងជាមធ្យោបាយដ៏សំខាន់មួយនៃការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ ។

កត់ចំណាំ៖ អត្ថបទទស្សនៈខាងលើនេះរៀបរៀង ​និងសរសេរដោយក្រុមនិស្សិតរួមមាន​៖ រិន យ៉ាណុច   ហាក់ គន្ធា នន់ ចាន់ថាត  និង ថៃ សុខា  ដែលកំពុងរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រងអប់រំ នៃវិទ្យាស្ថានសង្គមសាស្រ្ត និងបច្ចេកវិទ្យា សហការជាមួយ WESTLINE Education Group។

ព័ត៌មានថ្មី

អត្ថបទពេញនិយម