កម្ពុជានៅថ្ងៃទី២០ ខែឧសភានេះ បានរៀបចំប្រារព្ធទិវាជាតិនៃការចងចាំ ដើម្បីរំឭកដល់អ្នកស្លាប់ក្នុងរបបខ្មែរក្រហម ដែលបានកាន់អំណាចនៅឆ្នាំ១៩៧៥ ដែលគេចាត់ទុកថាជារបបប្រល័យពូជសាសន៍ និងបានសម្លាប់មនុស្សជិត២លាននាក់ក្នុងរយៈពេលដឹកនាំរបស់ខ្លួនជិតបួនឆ្នាំ។
ក្នុងទិវាជាតិប្រចាំឆ្នាំនេះ តួសម្ដែងជាច្រើនបានស្លៀកពាក់ខ្មៅ បង់កក្រមាក្រហម និងមានពាក់មួកកន្តឹបផង ព្រមជាមួយនឹងការស្ពាយកាំភ្លើងAK-47 នៅនឹងស្មា។ អ្នកទាំងនោះសម្ដែងពីឈុតឆាកនៃអំពើហិង្សាដែលបានកើតមានក្នុងរបបខ្មែរក្រហម នៅក្នុងបរិវេណមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកក្នុងខណ្ឌដង្កោរាជធានីភ្នំពេញ កាលពីថ្ងៃអង្គារ ទី២០ ខែឧសភា។
នៅក្នុងព្រឹត្តិការណ៍នេះ ប្រជាពលរដ្ឋរាប់រយនាក់ រួមទាំងព្រះសង្ឃ មន្ត្រីរដ្ឋាភិបាល ក៏ដូចជាអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចូលរួមបួងសួងដល់វិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិតក្នុងរបប ប៉ុល ពត។ ប្រជាពលរដ្ឋប្រហែល១,៧លាននាក់បានស្លាប់ដោយអត់អាហារ ការធ្វើទារុណកម្ម ការកាប់សម្លាប់ និងការបង្ខំឲ្យធ្វើការលើសកម្លាំងនៅក្នុងរបបនោះ។
លោក ឃួង ស្រេង បានអានសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយបានលើកឡើងពីគោលបំណងនៃការប្រារព្ធទិវាជាតិនៃការចងចាំនេះ ដោយថាពិធីនេះធ្វើឡើងដើម្បីរំឭកដល់ជនរងគ្រោះដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យដឹកនាំដោយពួកខ្មែរក្រហម។ ការរៀបចំទិវានេះ ដើម្បីបង្ហាញការគោរពដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរបស់ជនរងគ្រោះ ព្រមទាំងរំឭកដល់ប្រជាពលរដ្ឋថារបបឃោរឃៅបែបនេះនឹងមិនកើតជាថ្មីនោះទេ។

អ្នកស្រី អ៊ូច ស៊ឹម ជាកសិករមានវ័យ៦៣ឆ្នាំ បានប្រាប់ សារព័ត៌មានខេមបូចា ពេលចូលរួមក្នុងទិវានោះដែរថា អ្នកស្រីកាលពេលនោះស្ថិតក្នុងវ័យជំទង់ ហើយត្រូវបានគេជម្លៀសចេញពីទីក្រុងភ្នំពេញ ហើយអ្នកស្រីបាន «ចូលក្នុងកងចល័យកុមារ» នៅខេត្តបាត់ដំបង។ កុមារនាពេលនោះត្រូវគេបង្ខំឲ្យធ្វើការនៅតាមវាលស្រែ។
អ្នកស្រីរៀបរាប់ថា៖ «ខ្ញុំឈឺចាប់បំផុតពេលនៅកងកុមារអាយុ១៥ឆ្នាំ ហើយអាយុ១៧ គេបញ្ជូនទៅកងចល័ត។ ក្មេងៗដែលនៅកងកុមារជាមួយខ្ញុំ គ្នាបេះក្រូចមួយ គឺច្រកថង់ឱ្យយើងពិបាកដកដង្ហើម ហើយចងដៃព្យួទ្បើងលើ ឃើញច្បាស់នឹងភ្នែក។ ចឹងបានថាខ្ញុំមានការឈឺចាប់នឹកឃើញប្រវត្តិសាស្ត្រហ្នឹង»។
អ្នកស្រីបន្តថា៖ «មើលមកប្រវត្តិសាស្ត្រជំនាន់ហ្នឹង ថាវាឈឺចាប់ប៉ុណ្ណា[…] ហើយខ្ញុំមកទីនេះ [មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក] ដល់មកឃើញលលាដ៍ឃើញអីហ្នឹង កាន់តែឈឺចាប់ខ្លាំង»។
អ្នកស្រីរៀបរាប់ទៀតថា កងកុមារ គឺជាក្រុមកុមារដែលគេបំបែកពីឪពុកម្ដាយ និងបង្ខំឲ្យធ្វើការនៅតាមវាលស្រែ ដាំដំណាំ មើលគោក្របី និងដើររើសលាមកគោក្របីទុកសម្រាប់ធ្វើជី។
អ្នកស្រីរំឭកថា៖ «ក្មេងៗត្រូវបានបង្ខំឱ្យដើរវាយដីដុំប៉ុនៗហ្នឹង ដល់ម៉ោង១២យប់ក៏នៅប្រើដែរ។ ពេលចប់ពីកងកុមារយើងទៅសែងដី។ ខ្ញុំគេឱ្យបបរតែមួយវែកទេលាយគ្រាប់ពោតក្រហម ហើយនិយាយទៅអត់ដែលមានអីហូបហ្មង»។
អ្នកស្រីបន្តថា៖ «របបខ្មែរក្រហមគឺឃោរឃៅណាស់[ពួកគេ] ប្រើអំណាច និងធ្វើឲ្យប្រជាពលរដ្ឋរងទុក្ខខ្លាំង។ យើងមិនអាចភ្លេចទេក្នុងជាតិនេះ»។
អ្នកស្រីបានត្រឡប់មកភ្នំពេញវិញក្រោយរបបខ្មែរក្រហមដួលរលំក្នុងឆ្នាំ១៩៧៩។

អ្នកស្រី ម៉ន ស្រី វ័យ៦២ឆ្នាំ ដែលបានចូលរួមកម្មវិធីនេះដែរនោះ បានចែករំលែកបទពិសោធន៍ប្រហាក់ប្រហែលគ្នាក្នុងរបប ប៉ុល ពត ដែលកាលនោះអ្នកស្រីត្រូវគេបង្ខំឲ្យចូលក្នុងកងកុមារនៅខេត្តបាត់ដំបង។
អ្នកស្រីលើកឡើងថា៖ «ពេលដែលគេជម្លៀសខ្ញុំទៅបាត់ដំបង ខាងបាត់ដំបងលំបាកខ្លាំងណាស់ គេបង្អត់យើងអត់ឱ្យស៊ីហ្មង ងាប់ច្រើនណាស់។ អាណាចែកអង្ករមួយស្លាបព្រាបីនាក់។ ហើយអត់មានចែកកន្ទក់ឲ្យស៊ីទៀត»។
អ្នកស្រីមានអារម្មណ៍ថាបាក់ស្បាតដោយសារតែកាលនោះហូបតែបបររាល់ថ្ងៃ ហើយមួយឆ្នាំទើបអាចបានហូបបាយម្ដង។
អ្នកស្រីឱ្យដឹងទៀតថា៖ «ខ្ញុំមិនដែលហូបបរទៀតទេតាំងពីបែកមក បបរសខ្ញុំធុំ[ខ្ពើម]ដ៏ឥទ្បូវអត់ស៊ីទេ»។ អ្នកស្រីបន្តថា ខ្លួនមិនចង់ឃើញរបបខ្មៅងងឹតនោះត្រឡប់មកវិញទេ ដោយថាពេលនេះប្រជាពលរដ្ឋបានរស់នៅដោយសុខសប្បាយហើយ។
ទិវាចងកំហឹង រៀបចំដំបូងនៅឆ្នាំ១៩៨៤ ដែលគេធ្វើឡើងដើម្បីរំឭកការចងកំហឹងជាមួយរបបដែលដឹកនាំដោយ ប៉ុល ពត អៀង សារី និងខៀវ សំផន។
ក្រោយមកនៅឆ្នាំ១៩៩៣ រដ្ឋាភិបាលក៏បានដូរមកជាទិវាចងចាំ ហើយនៅឆ្នាំ២០១៨ រដ្ឋាភិបាលបានប្រកាសយកទិវានេះជាទិវាជាតិ និងបានដូរឈ្មោះថាទិវាជាតិនៃការចងចាំ។

នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ឆាំង យុ បានលើកឡើងថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬតុលាការខ្មែរក្រហម ឬហៅកាត់ថា ECCC បានដំណើរការជំនុំជម្រះក្ដីលើប្រធាន គណៈប្រធានរដ្ឋរបស់កម្ពុជាប្រធិបតេយ្យ លោក ខៀវ សំផន និងអគ្គលេខាធិការងបក្សកុម្មុយនីស្តកម្ពុជា លោក នួន ជា ដែលការណ៍នេះ «បានផ្ដល់ភាពពេញចិត្ត» ដល់ប្រជាពលរដ្ឋ។ លោកថា វាអាចជាការផ្ដល់ «យុត្តិធម៌» ដល់ជនរងគ្រោះក្នុងរបបខ្មែរក្រហមដែលកំពុងស្វែងរកយុត្តិធម៌។
លោកបន្តថា៖ «ក្រោយ១៦ឆ្នាំនៃដំណើការកាត់ក្ដីរបស់ ECCC វាបានបង្ហាញពីដែនកំណត់របស់តុលាការមួយនេះ។ យើងប្រឈមនឹងអំណាចផ្លូវច្បាប់តូចចង្អៀត»។
យ៉ាងណាលោកជឿថាដំណើរការរបស់ECCCគឺជាជំហានដ៏សំខាន់មួយសម្រាប់ស្វែងរកយុត្តិធម៌ដល់អ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ ទោះបីជាវា «មានកម្រិត» និង «មិនពេញចិត្តទាំងស្រុង» ក៏ដោយ។
លោកបន្ថែមថា៖ «បទពិសោធន៍របស់ ECCC បានជំរុញយើងឲ្យបន្តដំណើរវិនិយោគលើការចងចាំប្រវត្តិសាស្រ្ត អប់រំពីអំពើប្រល័យពូជសាសន៍ និងយុត្តិធម៌នៅកម្ពុជា»។
តុលាការខ្មែរក្រហមដែលគាំទ្រដោយអង្គការសហប្រជាជាតិនៅឆ្នាំ២០១៨ បានកាត់ទោសលោក ខៀវ សំ ផន និងលោក នួន ជា ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ក្រោយបានរកឃើញថា អ្នកទាំងពីរបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ប្រឆាំងនឹងមនុស្សជាតិ និងជនជាតិវៀតណាមនៅក្នុងទឹកដីកម្ពុជា។ លោក នួន ជា បានស្លាប់កាលពីឆ្នាំ២០១៩៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ ‘I’ve Never Eaten Porridge Since Then’ – Survivors Share Painful Memories of Khmer Rouge