សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ស្ត្រីបម្រើការងារផ្នែកសេវា​កម្សាន្ត​ទាមទារ​កិច្ចការពារ​សិទ្ធិការងារ ដើម្បីបញ្ចប់នូវការបំពារ​បំពាន

កម្មការិនីកំពុងបម្រើការងារក្នុងហាងលក់ស្រាបៀរមួយកន្លែង​នៅ​រាជធានី​ភ្នំពេញ កាលពីខែ​មករា ឆ្នាំ​២០២៣។ (ខេមបូចា/ ព្រីង សំរាំង)
កម្មការិនីកំពុងបម្រើការងារក្នុងហាងលក់ស្រាបៀរមួយកន្លែង​នៅ​រាជធានី​ភ្នំពេញ កាលពីខែ​មករា ឆ្នាំ​២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

ស្ត្រីបម្រើការងារក្នុងវិស័យ​សេវាកម្សាន្ត​ក្នុង​ប្រទេស​កម្ពុជា​បាន​លើក​ឡើង​អំពី​ការ​រើសអើង លក្ខខណ្ឌការងារ​មិន​សុវត្ថិភាព ​ការមិនផ្ដល់សិទ្ធិ​សម្រាក​លំហែ​មាតុភាព និង​របបសន្តិសុខ​សង្គមជាដើម។ ពួកគេនិយាយថា គម្លាត និងការអនុវត្តច្បាប់ខ្សោយបានធ្វើឱ្យពួកគេប្រឈមនឹងការរំលោភបំពាន ខណៈពេលដែលរដ្ឋាភិបាលបញ្ជាក់ថាមិនមានការប្តឹងផ្តល់ជាផ្លូវការឡើយ​។

កាលពីសប្តាហ៍មុន អង្គការអាក់សិនអេតកម្ពុជា(ActionAid Cambodia) បានចេញផ្សាយធម្មនុញ្ញនៃការទាមទាររបស់ស្ត្រីដែលធ្វើការនៅក្នុងវិស័យសេវាកម្សាន្តមិនថានៅតាមហាងលក់ស្រាបៀរ ហាងខារ៉ាអូខេ និងក្លឹបរាត្រី។ ក្រុមយុត្តិធម៌ពិភពលោក បានស្រង់បញ្ជីបន្ទាប់ពីការស្ទង់មតិ និងការពិភាក្សាជាក្រុមជាមួយកម្មការិនីជាង១០០នាក់ ធ្វើការនៅទីប្រជុំជនចន្លោះពីឆ្នាំ ២០២១ ដល់ ២០២៤ ។

ធម្មនុញ្ញនេះ បានរកឃើញថា កម្មការិនីជាច្រើននៅតែមិនអាចទទួលបានអត្ថប្រយោជន៍ជាមូលដ្ឋានពីនិយោជក ដែលធានាដោយច្បាប់ការងាររបស់កម្ពុជា។

ស្ត្រីជាច្រើនក៏បានរាយការណ៍ដែរថា ពួកគេកំពុងប្រឈមមុខនឹងការរើសអើង ដូចជាការតម្រូវឱ្យធ្វើតេស្តទឹកនោមជាទៀងទាត់ ដើម្បីពិនិត្យរកមើលការមានផ្ទៃពោះ។

សេចក្តីប្រកាសបានសរសេរថា​៖ «​នេះគឺជាការ​រើសអើង​​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ ហើយប្រសិនបើកម្មករស្ត្រីចង់មានកូននោះ គាត់ត្រូវបង្ខំចិត្តឈប់ពីការងារ»

ប្រភពដដែលក៏បានបញ្ចូលនូវការទាមទារឱ្យមានការការពារប្រឆាំងនឹងអំពើហិង្សាលើយេនឌ័រពីសំណាក់អតិថិជន និងអ្នកគ្រប់គ្រង ការតម្រូវឱ្យនិយោជកចុះឈ្មោះជាមួយបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) ផ្ដល់ប្រាក់បៀវត្សរ៍ថេរ និងទៀងទាត់ ហើយជាពិសេសគឺបញ្ឈប់ការដាក់សម្ពាធឱ្យបរិភោគស្រាដើម្បីសម្រេចគោលដៅលក់។

អ្នកនាង ភិន ស្រីនាថ តំណាង​ឱ្យស្ត្រីដែលបម្រើការងារក្នុងវិស័យនេះក្នុង​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឱ្យ​ក្រសួង​ការងារ​ធ្វើ​អធិការកិច្ច​ជា​ប្រចាំ ដើម្បី​ធានា​លក្ខខណ្ឌ​ការងារ​ត្រឹមត្រូវ។

ជាមួយគ្នានេះដែរ ប្រធានសហព័ន្ធសហជីពកម្ពុជា លោកស្រី យ៉ាង សុភ័ណ្ឌ មានប្រសាសន៍ថា៖ «រដ្ឋាភិបាលជាអ្នកគ្រប់គ្រងលើច្បាប់ ដូច្នេះរដ្ឋាភិបាលត្រូវតែមើលទៅលើការអនុវត្តរបស់និយោជក ហើយនៅពេលដែលឃើញថាមិនមានការអនុវត្តត្រឹមត្រូវ រដ្ឋាភិបាលត្រូវជំរុញឱ្យនិយោជកផ្នែកសេវាកម្សាន្តត្រូវចូលមកដោះស្រាយ»

កម្មការិនីកំពុងបម្រើការងារក្នុងហាងលក់ស្រាបៀរមួយកន្លែង​នៅ​រាជធានី​ភ្នំពេញ កាលពីខែ​មករា ឆ្នាំ​២០២៣។ (ខេមបូចា/ព្រីង សំរាំង)

លោកស្រី សុភ័ណ្ឌ បានបន្ថែមថា កង្វះនិយមន័យផ្លូវច្បាប់ច្បាស់លាស់សម្រាប់តួនាទីផ្លូវការ និងក្រៅផ្លូវការក្នុងវិស័យសេវាកម្សាន្តបានរារាំងកម្មការិនីពីការទទួលបានការការពារសង្គម រួមទាំងអត្ថប្រយោជន៍បេឡាជាតិរបបសន្តិសុខសង្គមផងដែរ។

គិតត្រឹមពេលនេះ ប.ស.ស.បានចេញបណ្ណសមធម៌សុខភាពដល់អាជីវកម្មកម្សាន្តចំនួន ៥០៧កន្លែង ដែលគ្របដណ្តប់កម្មករចំនួន ៣ ៤១៨នាក់ នេះបើតាមការលើកឡើងរបស់អគ្គនាយករងបេឡាជាតិរបបសន្តិសុខសង្គម លោក ហេង សុផាន់ណារិទ្ធ ។

ប៉ុន្តែរបាយការណ៍ឆ្នាំ ២០២០ របស់ក្រសួងទេសចរណ៍បាននិយាយថា យ៉ាងហោចណាស់អាជីវកម្មសេវាកម្សាន្តចំនួន ១ ២៩៣ បានកំពុងដំណើរការនៅទូទាំងប្រទេស។

អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា មានប្រសាសន៍ថា រដ្ឋាភិបាលមិនព្រងើយកន្តើយចំពោះការរំលោភបំពានរបស់និយោជកទេ ប៉ុន្តែអះអាងថា មិនមានពាក្យបណ្តឹងផ្លូវការណាមួយត្រូវបានប្តឹងដោយកម្មករនិយោជិតបម្រើការក្នុងវិស័យសេវាកម្សាន្ត ដែលទាមទារឱ្យចាត់វិធានការលើបញ្ហាជាប្រព័ន្ធនេះ។

លោក​ថ្លែង​ថា​៖ «​ប្រសិនបើកម្មករជួបប្រទះនឹងបញ្ហា សូមកម្មករប្តឹងមកក្រសួងការងារ ហើយក្រសួងនឹងចាត់វិធានការត្រួតពិនិត្យ និងអង្កេតទៅលើកិច្ចការងារទាំងអស់នេះ​​»​។

យ៉ាងណាមិញ ​ថ្នាក់​ដឹក​នាំក្នុងវិស័យការងារ​និយាយ​ថា កម្មករ​បានបង្ហាញនូវកង្វល់​របស់​ពួក​គេ​ច្បាស់​លាស់​រួច​ហើយ គ្រាន់​តែ​មិន​បានធ្វើឡើងតាម​របៀបវារៈ​ផ្លូវ​ការ​​របស់​ក្រសួង​ប៉ុណ្ណោះ។

ត្រឡប់មក លោកស្រី សុភ័ណ្ឌ ក៏បានឱ្យដឹងដែរថា ស្រ្តីដែលបម្រើការងារក្នុងវិស័យនេះ បានលើកឡើងម្តងហើយម្តងទៀតតាមរយៈព្រឹត្តិការណ៍សាធារណៈដូចជា ទិវានារីអន្តរជាតិ ទិវាពលកម្មអន្តរជាតិ និងទិវាសិទ្ធិមនុស្ស។

លោកស្រីបន្តថា៖ «រាល់ពេលដែលយើងធ្វើកម្មវិធីទាំងអស់ហ្នឹង យើងតែងតែដាក់នូវបញ្ហាអាទិភាពរបស់កម្មករផ្នែកសេវាកម្សាន្ត។ តែបន្ទាប់មកមិនមានការឆ្លើយតបពីក្រសួងជាវិជ្ជមានណាមួយទេ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Women Entertainment Workers Demand Labor Protections, End to Abuse

40 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម