សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ពល​រដ្ឋ​៨ភូមិ​នៅ​ក្រុង​រុនតាឯក​ប្តេជ្ញាបន្ត​តវ៉ា​ទាម​ទារ​ដី​ទំហំ​៣ហិកតាកន្លះ​​ទុក​ជា​ដី​រួម​របស់ភូមិ

សមាជិក​សហគមន៍ព្រំកុដិមួយចំនួននៅ​បន្តជជែកគ្នាលើដីទំនាស់ បន្ទាប់​ពីជំនួប​​រក​ដំណោះ​ស្រាយ​ជាមួយ​អាជ្ញាធរក្រុង​រុន​តាឯក​នៅ​ថ្ងៃទី២៥ ខែឧសភា មិន​ទទួលបានលទ្ធផល។ (រូបភាពផ្តល់ឱ្យ)
សមាជិក​សហគមន៍ព្រំកុដិមួយចំនួននៅ​បន្តជជែកគ្នាលើដីទំនាស់ បន្ទាប់​ពីជំនួប​​រក​ដំណោះ​ស្រាយ​ជាមួយ​អាជ្ញាធរក្រុង​រុន​តាឯក​នៅ​ថ្ងៃទី២៥ ខែឧសភា មិន​ទទួលបានលទ្ធផល។ (រូបភាពផ្តល់ឱ្យ)

បន្ទាប់ពីមន្ត្រី និង​អាជ្ញា​ធរ​ពាក់​ព័ន្ធ ​ចុះ​ទៅ​ដោះ​ស្រាយ​វិវាទនៅ​ក្រុងរុនតាឯកតេជោសែន ​ថ្ងៃទី​២៥ ខែឧសភា​​ មិន​ទទួល​បាន​លទ្ធផលដោយ​សារ​តែ​​ភាគី​ម្ខាង​ទៀត​អវត្តមាន។ ពលរដ្ឋនឹងបន្តតវ៉ា​​​ទាម​ទារ​ឱ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​ជួយ​អន្តរាគមន៍នៅថ្ងៃទី២៨ ខែ​ឧសភា ឆ្នាំ២០២៦។

តំណាង​សហគមន៍​បាន​ឱ្យ​ដឹងថា ពួកគេ​ដែល​ជាសមាជិក​សហគមន៍ ​នៅ​ក្នុង​ភូមិ​ចំនួន​៨​នៃ​សង្កាត់​​​បល្ល័ង្គ​ ដែល​បាន​ផ្តិត​មេដៃ​ចំនួន​៤០០​នាក់ នឹង​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​លើ​ដី​ជម្លោះ​នៅ​ថ្ងៃព្រហស្បតិ៍​ទី២៨ ខែ​ឧសភា ដើម្បី​​​ទាម​ទារ​ឱ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ ​ជួយ​អន្តរាគមន៍ ដោយ​ចោទ​ថា មានព្រះសង្ឃ​មួយ​អង្គ បានលួចចុះបញ្ជី​​ធ្វើ​ប្លង់​យកដីសហគមន៍​ជាង៣ហិកតាធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងបាន​បិទផ្លូវមិនឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់។

ប៉ុន្តែ​ព្រះតេជ​គុណ មៀន សាម៉េត ​ដែល​ជាភាគី​ជម្លោះ ​បាន​អះអាង​ថា ដីនោះ​មិន​មែនជាដី​សហគមន៍​ទេ គឺ​ជាដីកម្ម​សិទ្ធិ​របស់​ព្រះ​អង្គ​ ដែល​បាន​ចុះ​បញ្ជី​តាម​ផ្លូវ​ច្បាប់​ត្រឹម​ត្រូវ​។

លោក ​អុល សាមីន សមាជិកសហគមន៍ព្រំកុដិ វ័យ​ជាង​៥០​ឆ្នាំ ​ដែល​ជាអតីត​មេភូមិ​ព្រំកុដិ​បាន​ប្រាប់​សារព័ត៌មាន​ខេម​បូចា​ថា ជំនួប​រវាង​អាជ្ញា​រ​ក្រុង​រុន​តាឯក និង​អាជ្ញាធរ​សង្កាត់​បល្ល័ង្គ​ប្រមាណ​​​ជិត​១០នាក់​ ជាមួយ​ប្រជាសហគមន៍​ប្រមាណ​ជា៥០​នាក់​នៅ​រសៀល​ថ្ងៃទី​២៥ ខែឧសភា​​ មិន​ទទួល​បាន​ដំណោះ​ស្រាយ​អ្វីនោះទេ ​​ដោយ​សារ​តែភាគីជម្លោះ​ម្ខាង​ទៀត​គឺ​ព្រះតេជ​គុណ មៀន សាម៉េត អវត្តមាន​។

លោក​បញ្ជាក់​ថា៖ «​ខាងក្រុង​មក​ដូច​ជាមិន​ជួយ​ខាង​យើង​សូម្បីតែ​ខាង​ខ្ញុំ​ថត នៅ​ពេល​ដែល​ខ្ញុំ​និយាយ​ក្នុង​ជំនួប​ក៏​ខាង​សមត្ថកិច្ច​ក្រុង​ គេឱ្យ​លុបចោល​។ យើង​មិន​ដឹង​ធ្វើម៉េច​ បើ​​ចៅហ្វាយ​​ក្រុង​​គាត់និយាយ​ចង់​តែគំរាម​ប្រជាពល​រដ្ឋ​អ៊ីចឹង​មិន​ដឹងថាម៉េច ? ក្រុង​និយាយ​ដូច​ខ្លួនជាម្ចាស់​ដី គ្រាន់​តែប្រជាពល​រដ្ឋ​និយាយអី និយាយ​មិន​បាន ​ដូច​ជាចៅហ្វាយក្រុង​ និង​ប្រជាពល​រដ្ឋ​យើង​​ដូច​ទំនាស់​គ្នា​ដល់​ភាគីម្ខាង​អត់​មក​»។

បើ​តាម​លោក ​សាមីន អាជ្ញាធរ​ក្រុង​រុន​តាឯក​ចុះ​មក​នេះ​ហាក់​ដូច​មក​ដាក់​សម្ពាធ​លើ​ពល​រដ្ឋ​​ដោយ​លោក​អភិបាល​ក្រុង​បាន​ប្រាប់ថា នឹង​កោះ​ហៅ​ប្រជាពល​រដ្ឋ​ទៅ​សួរនាំ​នៅ​សាលា​សង្កាត់​​​ម្នាក់​ម្តង​ៗ​នៅពេល​ខាង​មុខ ​ហើយ​ប្រជាពល​រដ្ឋ​សុំ​បើក​ផ្លូវ​​ដែល​ត្រូវ​បាន​បិទ​ក៏​អាជ្ញាធរ​​ក្រុង​មិន​ឱ្យ​បើក​ដែរ​ ដោយ​គំរាម​ថា បើសិន​ជាហ៊ាន​បើក​ផ្លូវ​អាច​នឹងត្រូវ​គេប្តឹងទៅ​តុលាការ។

លោក សាមីន​​ បានថ្លែងថា៖ «ចឹង​ដូចថា ព្រះសង្ឃលោក​អត់បាន​ចេញមុខមក​ទេ​ អញ្ជើញមក​គាត់​អត់មក​គាត់នៅនេះ គាត់​អត់ចូលទេ​»​។

អ្នក​ស្រី​ ហ៊ឹប ស៊ាន ចៅ​សង្កាត់​រង​ទី​១ នៃសង្កាត់​បល្ល័ង្គ​ ដែល​បាន​ចូល​រួម​កិច្ច​ប្រជុំ​រឿង​វិវាទដីធ្លី​នេះ​បាន​ប្រាប់​សារព័ត៌មាន​ខេម​បូចាថា កិច្ច​ប្រជុំ​នេះ​មិន​បាន​សម្រេច​អ្វី​នោះ​ទេ គឺគ្រាន់​តែបាន​ ​ពិភាក្សា​គ្នា​បន្តិច​បន្តួច​ដោយ​សារ​តែភាគី​ម្ខាងទៀត​​អវត្តមាន។ ពាក់​ព័ន្ធ​នឹង​ករណី​វិវាទ​នេះ​អ្នក​ស្រី​ ហ៊ឹប ស៊ាន បដិសេធមិន​ធ្វើ​អត្ថាធិប្បាយ​នោះទេ ដោយជំ​រុញ​ឱ្យ​ទៅ​សួរ​ចៅ​សង្កាត់​។

អ្នកស្រី ឡែម ណាត ចៅ​សង្កាត់​បល្ល័ង្គ បាន​ប្រាប់​សារ​ព័ត៌មាន​ខេមបូចាថា អ្នក​ស្រី​មិន​បាន​ចូល​​រួម​កិច្ច​ជំនួប​នៅ​ថ្ងៃទី​២៥ ខែឧសភា​ ទេ ដោយ​សារ​តែជាប់​បេសកកម្ម​ទៅ​ខេត្ត​កំពត។ ​អ្នក​ស្រី​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណើ​សុំ​ធ្វើ​ការ​ពន្យល់ក្នុងនាម​ជាអាជ្ញាធរ​មូល​ដ្ឋាន​ពី​ស្ថាន​ភាព​ដីជម្លោះ​នោះទេ។

សារព័ត៌មាន​ខេម​បូចា មិន​អាចទាក់​ទងអភិបាល​ក្រុង​រុនតា​ឯកតេជោសែន លោក អ៊ឹង សុភ័ណ ដើម្បី​ស្នើ​សុំ​ធ្វើការ​បញ្ជាក់​​លើ​បញ្ហា​វិវាទ​នេះបាន​ទេ នៅថ្ងៃទី​២៥ ខែឧសភា។

បើ​តាម​លោក ​អុល សាមីន សហគមន៍ព្រំកុដិ ឬហៅថា​មជ្ឈមណ្ឌល​អភិវឌ្ឍ​​សហគមន៍​នេះ​​ មាន​ប្រជាពល​រដ្ឋ​៨ភូមិ​​​ ស្ថិត​ក្នុងសង្កាត់​​បល្ល័ង្គ​ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៤។ សហគ​ម​ន៍​​នេះ​មានទំហំដី៣ហិកតាកន្លះ គឺ​ត្រូវ​បាន​បង្កើតឡើង​ក្នុងគោលបំណងធ្វើ​ជា​សហគមន៍តម្បាញ និងដាំបន្លែកសិកម្ម សម្រាប់រកប្រាក់​ចំណូលបន្ថែមជួយ​ផ្គត់​ផ្គង់​ជីវភាព​ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដោយ​មាន​ការ​ជួយ​គាំទ្រ​ពីអង្គការ​ក្រៅ​រដ្ឋាភិបាលដែល​ទទួល​បានជំនួយ​​ពី​ប្រទេស​ស្វ៊ីស ហូឡង់ និង​អង់គ្លេស ជាដើម។

លោកបាន​​អះអាង​​​ទៀត​ថា មាន​អង្គការ​អនុវត្ត​គម្រោង​ចំនួន២ បាន​ចូល​មក​ជួយ​គាំពារ​សហ​គន៍​​ជាបន្ត​បន្ទាប់​តាម​រយៈ​ការផ្តល់​ថវិកា​លើ​គម្រោង​មួយ​ចំនួន ដូច​ជា​​សាង​សង់​របង​សាលា​រៀន​កុមារ សាងសង់​​ហេដ្ឋារចនា​សម្ព័ន្ធផ្សេងៗក្នុង​សហគមន៍ ផ្ទះបាយ​កុមារនៅ​តាម​សាលា​ និង​សាង​សង់​​ជង្រុក​ស្រូវ​នៅ​តាម​ភូមិជាដើម ​ក្នុង​នោះមាន​អង្គការ​ ធនធានធម្មជាតិ​​ ដែល​មាន​ព្រះតេជគុ​ណ មៀន សាម៉េត ​ជាប្រធាន និង​អង្គការ​កែប្រែ​​សហគមន៍។

លោក ​អុល សាមីន ​បញ្ជាក់ថា៖ «នៅពេល​អង្គការ​ធនធាន​ធម្ម​ជាតិ​ដាច់​គម្រោង​មាន​អង្គការ​កែ​ប្រែ​សហគមន៍​បាន​ចូល​មក​ជំនួស​។​ នៅ​ពេល​អង្គការ​កែប្រែសហគមន៍​ដាច់​គម្រោងក្នុង​ឆ្នាំ​២០១៣​ ​ដី​នេះ​គេ​ជូន​ទៅ​ឱ្យ​ឃុំ​ជាអ្នក​គ្រប់​គ្រង​ចាត់​ចែង ​តាំងពីជង្រុក​ស្រូវ​សហគមន៍​ នៅ​តាមភូមិ​ទាំង៨ ផ្ទះ​បាយ​នៅ​តាម​សាលា​រៀន​ក៏ប្រគល់​ទៅឱ្យ​ឃុំ ហើយ​ឃុំ​គេប្រគល់​ឱ្យ​សាលា​រៀន ហើយ​ជង្រុក​ស្រូវ និង​​ដីនៅ​ឃុំ​គ្រប់​គ្រង​។​ ប៉ុន្តែហេតុអ្វី​នៅ​ពេល​មេឃុំ​ជិតដាច់​អាណត្តិ​ឆ្នាំ​២០២២​ពេលមុន​​បោះ​ឆ្នោត​មេឃុំ​បែរជាស៊ីញ៉េទៅ​ឱ្យ​លោក​ មៀន ​សាម៉េត នេះឯង?»។

បើ​តាម​លោក​ អុល សាមីន នៅពេល​អង្គការ​កែប្រែសហគមន៍​ចប់​គម្រោង​ក្នុង​ឆ្នាំ​២០១៣​ប្រធានអ​ង្គការចាស់ គឺ​ព្រះតេជគុណ មៀន​ សាម៉េត បានឱ្យបងប្អូនរបស់ខ្លួនមករស់នៅក្នុងសហគមន៍ក្រោមហេតុផលដើម្បី​ការពារទ្រព្យសម្បត្តិសហគមន៍។ តាំងពីពេលនោះមក បងប្អូនរបស់ប្រធានអង្គការចាស់នោះ ក៏បានលួច​ស្នើសុំចុះបញ្ជី​ធ្វើប្លង់​កាន់កាប់ដីសហគមន៍ពីអាជ្ញាធរឃុំ ដោយមិនឱ្យប្រជាពលរដ្ឋដឹងឡើយ។

នៅពេល​ក្រោយ​មកបងប្អូន​របស់​​ព្រះតេជគុណ មៀន​ សាម៉េត បាន​បិទផ្លូវ​មិន​ឱ្យ​ប្រជាពល​រដ្ឋ​ចេញ​ចូល​សហគមន៍ ​ឬធ្វើ​ដំណើ​រ​ឆ្លង​កាត់​ឡើយ​។ បន្ទាប់ពី​​​​តំណា​ងសហគមន៍​បាន​ប្រមូល​ស្នាម​​មេដៃ​ពីប្រជាពល​រដ្ឋ​បាន​ចំនួន​៤០០​នាក់ដាក់ទៅសាលាឃុំ ដើម្បីស្នើសុំទាមទារដីសហគមន៍ និងបើកផ្លូវធ្វើដំណើរឡើងវិញ ក៏មាន​ការ​បើក​ផ្លូវ​បាន​មួយ​រយៈ​។

ប៉ុន្តែ​នៅ​ឆ្នាំ​២០២៥ ផ្លូវ​នេះ​ត្រូវ​បាន​បិទ​ជាថ្មី​ទៀត ​ហើយ​ប្រជាពល​រដ្ឋ​ក៏បាន​ធ្វើ​ការ​តវ៉ា​ជាបន្ត​បន្ទាប់​ទៅ​ឃុំ​ និង​ទៅ​ក្រុង​រុន​តាឯក។

លោក ​អុល សាមីន បាន​បញ្ជាក់​ថា៖ «ជាបឋម​ប្រជាពល​រដ្ឋ​ចង់​ឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​បើក​ផ្លូវ​ចេញ​ចូល​សហគមន៍​ដើម្បី​បាន​​ធ្វើ​ដំណើរ​ឆ្លង​កាត់​​ទៅ​មណ្ឌល​សុខភាព​សិន​ បញ្ហា​ផ្សេងៗ​ចាំដោះ​ស្រាយ​តាម​ក្រោយ​ទៀត​»។

ជាមួយគ្នា​នេះលោក​ មាំ ម៉ាញ​ អាយុ៣៧​ឆ្នាំ​ ជាប្រជាសហគមន៍ម្នាក់​ទៀត ​ដែល​បាន​ចូល​រួម​ផ្តិត​​​មេដៃ​តវ៉ា​​​នោះ​បាន​និយាយថា៖ «ខ្ញុំ​ក៏​ដូច​ជា​ប្រជា​ពល​រដ្ឋ​ដទៃ​ទៀត​ដែរ គឺ​ចង់​ឱ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ឱ្យ​បាន​លឿន​ពីព្រោះ​ថា នេះជាដី​រួម​របស់​សហគមន៍ ប៉ុន្តែលោក​សង្ឃ មៀន សាម៉េត​ បែរជាដណ្តើមកាន់កាប់​តែម្នាក់​ឯងហើយ​បិទផ្លូវ​មិនឱ្យ​ប្រជាពល​រដ្ឋ​ចេញ ចូល​ទៀត​»​។

សមាជិក​សហគមន៍ព្រំកុដិមួយចំនួននៅ​បន្តជជែកគ្នាលើដីទំនាស់ បន្ទាប់​ពីជំនួប​​រក​ដំណោះ​ស្រាយ​ជាមួយ​អាជ្ញាធរក្រុង​រុន​តាឯក​នៅ​ថ្ងៃទី២៥ ខែឧសភា មិន​ទទួលបានលទ្ធផល។ (រូបភាពផ្តល់ឱ្យ)

ប៉ុន្តែ​ព្រះតេជ​គុណ មៀន សាម៉េត ដែល​បាន​បួស​ជាព្រះ​សង្ឃ​ជាង​៣០​វស្សាមក​ហើយ​​បាន​ឆ្លើយ​តប​មក​សារព័ត៌មាន​ខេម​បូចា​នៅ​ថ្ងៃទី​២៥​ ខែឧសភា​ ដោយ​ច្រានចោល​ការអះ​អាង​ខាង​លើ និង​បាន​ស្នើ​សូម​ឱ្យ​ឈប់​ប្រើ​ពាក្យ«ដីសហគមន៍»និង​កុំ​ឱ្យ​ជឿលើ​អ្វី​ដែល​ប្រជាពល​រដ្ឋ​បាន​និយាយ ​​ដោយ​ព្រះតេជគុណ​អះអាង​ថា ដីនេះ​ព្រះអង្គ​បាន​ទិញ​ពីប្រជាពល​រដ្ឋ​ចំនួន៤នាក់​ តាំង​ពី​មិន​ទាន់​​បង្កើតអង្គការ(សហគមន៍)​មកម្ល៉េះ​។

ព្រះតេជគុណមាន​សង្ឃដីកាថា៖ «បង្កើតគម្រោង​ហើយយើង​ទៅ​សុំ​ដីអ្នក​ស្រុក​អ្នកភូមិ​គេអត់​ឱ្យទេ​។ អ៊ីចឹង​អាត្មា​យក​ដី​ដែល​អាត្មា​បាន​ទិញជាកម្ម​សិទ្ធិ​របស់​អាត្មានឹង​ ដាក់​ធ្វើ​តំបន់​អភិវឌ្ឍ​ទិញ​ដី​ធ្វើ​​ផ្លូវ​ពីមុខ​​ចូ​ល​ទៅ​មណ្ឌល​អាត្មាទិញ​ ដីមន្ទីរ​ពេទ្យ​ អាត្មាទិញ​ឱ្យ​ធ្វើ​មន្ទីរ​ពេទ្យ​សុទ្ធតែ​លុយ​ឯក​ជន​ទេ មិន​មែនលុយ​អង្គការ​​ អត់​មាន​លុយ​សហគមន៍ ​ឬក៏លុយ​ប្រជាជនណាចូល​១កាក់​មួយ​សេន​ទេ។ បើ​ប្រជាជន​ណា​ចូល​១កាក់​១សេន​ ដើម្បី​ទិញ​ដីនោះ​ បង​ទៅ​រក​បញ្ជីពី​គាត់មក​»។

ព្រះតេជ​គុណ មៀន សាម៉េត បញ្ជាក់ទៀតថា៖ «អាត្មាជាម្ចាស់ដី​ ពីព្រោះ​ដី​ឯក​ជន ​អាត្មាបាន​លះបង់​យក​ដីនឹង​ធ្វើ​កន្លែង​អភិវឌ្ឍ​ន៍ ប៉ុន្តែវាអត់ទៅ​មុខ! ដាក់​ឆ្នាំង​បាត់​ឆ្នាំង ដាក់ចានបាត់​ចាន​ ដាក់​តុបាត់​តុ ដាក់គ្រាប់ពូជ​ស៊ីគ្រាប់​ពូជ​ វាអត់ទៅ​មុខ អស់មិន​មែន​តិច​ឆ្នាំទេ​។ អាត្មា​បានធ្វើ​ទំនប់​ត្រាកុដិ ដើរតួជួយ​ឃុំ​បល្ល័ង្គអស់​៥០​ម៉ឺន​ដុល្លារ​ ដើរតួវីដេអូសុំលុយគេ​ បាន​ទិញ​ដី​ឱ្យ​ធ្វើ​មន្ទីរពេទ្យ​​ បាន​ធ្វើ​ជង្រុក​ស្រូវ​នៅតាម​ភូមិ​ អាហ្នឹង​លុយ​ដែល​អាត្មា​រក​បាន​ដោយ​កម្លាំង​​ស្មារតី​របស់អាត្មា»។

ព្រះតេជគុណ​បាន​ឱ្យ​ដឹង​ទៀតថា ដីនេះ​ត្រូវ​បាន​ចៅ​សង្កាត់​ចាស់​ដែល​ផុត​អាណត្តិ​បាន​ចុះ​បញ្ជី​ប្រគល់​សិទ្ធិ​កាន់​កាប់​ឱ្យ​តេជ​គុណ​ហើយ​ព្រះអង្គ​បាន​បង់​ពន្ធប្រថាប់ត្រាត្រឹម​ត្រូវ​ទៅ​តាម​ផ្លូវ​ច្បាប់​​​​​ជូន​​អតី​ត​អភិបាល​ស្រុកបល្ល័ង្គ​ ពីព្រោះ​ដីនោះ​ជាដី​ដែល​ព្រះ​អង្គ​​បាន​ទិញ​ពីឯក​ជន​ដោយ​មានឯកសារ​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់​ត្រឹម​ត្រូវ​​​។​

យ៉ាងណាក្តី​បើ​តាម​អង្គការ​ លីកា​ដូ ដែល​បាន​​ចុះអង្កេត​លើករណី​វិវាទ​ដីជម្លោះ​នេះ បាន​ឱ្យ​ដឹង​ថា កាលពីអំឡុងឆ្នាំ ២០០៤ ព្រះសង្ឃ​ព្រះនាម មៀន សាម៉េត បានរៀបចំគម្រោងបង្កើតសហគមន៍​ព្រំកុដិ ដោយអំពាវនាវឱ្យអ្នកភូមិក្នុងឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង (ប្តូរ​មកជាសង្កាត់បល្ល័ង្គ ក្រុងរុនតាឯកតេជោសែន) ចូលរួមជាមួយ ដោយលោកបានអំពាវនាវបាន​ប្រាក់​ពីសប្បុ​រស​​ជននៅក្រៅប្រទេសមកទិញដីនៅក្នុងភូមិព្រំកុដិបានចំនួន ៣,៥ ហិកតា។

គម្រោងនេះ មានរៀបចំដីធ្វើសួនបន្លែសហគមន៍ កន្លែង​សិប្បកម្មតម្បាញ សាលាមត្តេយ្យ​សហ​​គមន៍ និងសាលាបណ្តុះបណ្តាលជំនាញ​កសិកម្ម និងសិប្បកម្ម។ គណៈកម្មការសហគមន៍​មានសមាជិក៨ ភូមិក្នុងឃុំបល្ល័ង្គ ដោយក្នុងមួយភូមិមានតំណាង ៥ នាក់ និងមានព្រះអង្គ មៀន សាម៉េត ជាប្រធានសហគមន៍។

អង្គការ ​លីកាដូ បន្តថា ក្នុងឆ្នាំ២០១០ ព្រះអង្គ មៀន សាម៉េត បានឈប់ធ្វើជាប្រធាន ហើយសហគមន៍នេះបានប្រគល់ឱ្យអង្គការមួយទៀតឈ្មោះ អង្គការកែប្រែសហគមន៍ ដើម្បីអនុវត្តគម្រោង​បន្ត។ មកដល់ឆ្នាំ២០១៣ អង្គការនេះបានដាច់គម្រោងហើយ​ក៏បានប្រគល់ដីឱ្យមកសាលាឃុំបល្ល័ង្គជាអ្នកគ្រប់គ្រងវិញ។

ក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២៤ មានការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ​ក្នុងសង្កាត់បល្ល័ង្គ ក៏ឃើញវត្តមានព្រះអង្គ មៀន សាម៉េត បានចេញមកសុំឱ្យចុះបញ្ជីដីទំហំ ៣,៥ហិកតានេះ ជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់គាត់ ទើបកាលនោះ​មានអ្នកភូមិប្រមាណជាង៣០នាក់បានទៅជំទាស់មិនឱ្យគណៈកម្មការវាស់វែងដីនេះជូនលោកនោះទេ។

លុះមកដល់ដើមខែមេសា ឆ្នាំ២០២៦ ព្រះអង្គ មៀន សាម៉េត បានចាក់សោរទ្វាររបងដីសហគមន៍​មិនឱ្យអ្នកភូមិចេញចូលបាន ទើបមានអ្នកភូមិម្នាក់បានកាត់លួសបន្លារបងដើម្បីធ្វើច្រកចេញចូល ក៏មានបណ្តឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបល្ល័ង្គ ហៅគាត់ឱ្យចូលបំភ្លឺ។ ក្នុងពេលនោះ មានអ្នកភូមិជាង៣០នាក់បានទៅជាមួយ ទើបនគរបាលបានដោះស្រាយឱ្យគាត់ត្រឡប់មកផ្ទះវិញ។ នេះ​បើយោង​តាម​របាយការណ៍​អង្គការ ​លីកាដូ។

លោក​ អ៊ិន គង់ជិត អ្នក​គ្រប់​គ្រង​ការិយាល័យ​ខេត្ត​​បាត់​ដំបង នៃ​អង្គការ​សិទ្ធិមនុស្ស ​លីកាដូ ដែល​ធ្វើ​ការ​​ផ្តោត​លើ​​ខេត្ត​បន្ទាយ​មាន​ជ័យ ឧត្តរមាន​ជ័យ ​និងសៀមរាប បាន​ប្រាប់​សារ​ព័ត៌មាន​ខេមបូចា​ ​នៅ​ថ្ងៃ​ទី​២៣ ខែឧសភា ថា ​វិវាទ​ដី​សហ​គមន៍​ព្រំកុដិនេះ​កន្លងមក​​ខាង​អង្គការ​ការ​ពារសហ​គមន៍​បាន​ប្រគល់​ឱ្យ​សាលា​ឃុំ​ជាអ្នក​គ្រប់​គ្រង។​ ប៉ុន្តែ​លោក​មិន​ដឹងថា ហេតុ​អ្វី​បាន​ជា​ដីសហគន៍​នេះ ត្រូវ​ប្រគល់​ទៅឱ្យ​ព្រះសង្ឃ មៀន សាម៉េត ជាអ្នក​គ្រប់គ្រងទៅ​វិញ?

លោក​ អ៊ិន គង់​ជិត អំពាវ​នាវឱ្យអាជ្ញាធរ​ក្រុង​រុន​តាឯកតេជោសែន ​​ធ្វើ​ការ​ដោះ​ស្រាយ​វិវាទនេះ​ដោយ​ឈរលើ​ផល​ប្រយោជន៍​សហគមន៍​។ បើក្នុងករណី​បាន​ចេញ​ប្លង់​ហើយ​គឺ​ត្រូវមោឃភាព​លុបប្លង់​ហ្នឹង​ចេញវិញ ហើយ​ដាក់​ឱ្យគណៈកម្មការសហគន៍ជាអ្នក​គ្រប់​គ្រង​ដើម្បីជាប្រយោជន៍​សហគមន៍​។ បើ​ធ្វើ​បាន​ដូចនេះ​ប្រជា​ពេល​រដ្ឋ​នឹងសប្បាយ​ចិត្ត​ហើយ​រីក​រាយ​ទទួល​យក។

មន្ត្រីសិទ្ធិមនុស្ស​រូបនេះ​​ថ្លែងថា៖ «អ៊ីចឹង​ករណីនេះ​ប្រជាពល​រដ្ឋ​ទាមទារ​យកមកគ្រប់គ្រង​ជាសហគមន៍​វិញ​ អាហ្នឹង​​ត្រូវ​តែដោះ​ស្រាយ​យក​​ដី​ហ្នឹង​ដាក់​ជាសហគមន៍​វិញ​ ព្រោះអី​ការ​ទិញ​នឹង​វាជាធនធាន​របស់​សប្បុរសជននៅក្រៅប្រទេស​។ កាលនោះ​លោក​ មៀន សាម៉េត គ្រាន់​តែជាជំហរ​ ហើយ​ក្នុង​គម្រោង​គឺបម្រើ​ផល​ប្រយោជន៍​សហគមន៍។ អ៊ីចឹង​ក្នុងន័យនេះ​គឺ​ទាំងអាជ្ញាធរ​សង្កាត់​បល្ល័ង្គ​​ ត្រូវ​តែថែរក្សា​ ត្រូវ​តែគ្រប់គ្រងដីហ្នឹង​ជារបស់​សហគមន៍​វិញ​ ប្រគល់​ឱ្យ​សហគមន៍​វិញ ដោយ​មិន​ត្រូវ​ប្រគល់​ឱ្យព្រះសង្ឃអង្គនោះទេ»៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម