កំពុងអង្គុយលើម៉ូតូនៅចិញ្ចើមផ្លូវមួយកន្លែងក្នុងរាជធានីភ្នំពេញ លោក មូល យី វ័យ៥៧ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ថាខ្លួនមិនហ៊ានជិះម៉ូតូឆ្វែលរកម៉ូយដូចមុនទេ ព្រោះតម្លៃប្រេងសាំងឡើងថ្លៃពេក។
លោក យី ប្រាប់ខេមបូចា ថាតម្លៃប្រេងឥន្ធនៈចេះតែឡើងថ្លៃធ្វើឲ្យលោកនិងអ្នកប្រកបរបរដឹកជញ្ជូនផ្សេងទៀតជួបការលំបាក។
លោកនិយាយថា៖ «ពិបាករកប្រាក់ណាស់ព្រោះ កូវីដ-១៩… មួយព្រឹកនេះខ្ញុំទើបរកប្រាក់ បាន ៥០០០រៀល ដែលគ្រប់សម្រាប់តែសាំងមួយលីត្រប៉ុណ្ណោះ។ ដោយសារតម្លៃសាំងឡើងថ្លៃយើងបានតែអង្គុយនិងរង់ចាំអ្នកជិះ មករកយើង»។
មុនមានវិបត្តិកូវីដ-១៩ លោក យី អាចរកប្រាក់បានប្រហែល១០ដុល្លារក្នុងមួយថ្ងៃ គ្រប់គ្រាន់សម្រាប់ចំណាយលើម្ហូបអាហារ និងថ្លៃចំណាយប្រចាំថ្ងៃផ្សេងៗ។
លោកឲ្យដឹងទៀតថា៖ «ក្រោយកាត់ថ្លៃចំណាយផ្សេងៗរួមទាំងថ្លៃសាំង និងម្ហូប ខ្ញុំអាចនៅសល់យ៉ាងតិច ៥ដុល្លារក្នុងមួយថ្ងៃ ប៉ុន្តែឥឡូវនេះវិញ ខ្ញុំគ្មានលុយមួយរៀលទេ…ថ្ងៃខ្លះខ្ញុំមិនអាចរកបានសូម្បីសម្រាប់ទិញម្ហូប»។
ចំណែក លោក ប្រាក់ វុទ្ធី បានចាកចេញពីស្រុកកំណើតក្នុងខេត្តកំពង់ស្ពឺ មកភ្នំពេញ កាលពីប្រាំបីខែមុន ដើម្បីមកធ្វើជាអ្នករត់កង់បី។ មុនវិបត្តិកូវីដ-១៩ លោកអាចរកប្រាក់បានប្រហែល ២៥ដុល្លារក្នុងមួយថ្ងៃ ប៉ុន្តែឥឡូវនេះ លោកថារកតែមួយម៉ឺនរៀលមិនចង់បានផង។
លោកបន្ថែមថា៖ «វាពិបាករកលុយណាស់ ខណៈតម្លៃទំនិញកាន់តែឡើងថ្លៃ ហើយតម្លៃប្រេងសាំងក៏ឡើងថ្លៃទៀត…ទោះបីជាតម្លៃប្រេងសាំង និងហ្គាសឡើងថ្លៃ តែខ្ញុំមិនហ៊ានទារថ្លៃខ្ពស់ពីអ្នកជិះទេ»។

កាលពីថ្ងៃចន្ទ រដ្ឋាភិបាលបានប្រកាសពីការបើកដំណើរការសេដ្ឋកិច្ចប្រទេសពេញលេញឡើងវិញ បន្ទាប់ពីបានបិទជិតពីរឆ្នាំ និងធ្វើឲ្យសេដ្ឋកិច្ចមានការធ្លាក់ចុះ។ ស្របពេលជាមួយគ្នានេះដែរ តម្លៃប្រេងសាំងក៏បានឡើងថ្លៃ ដែលក្លាយជាបន្ទុកធ្ងន់ធ្ងរបន្ថែមទៀតចំពោះអ្នកប្រកបរបរក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានចំណូលទាប។
ក្រសួងពាណិជ្ជកម្ម បានបង្ហាញតម្លៃប្រេងសាំងជាគោលការណ៍ក្នុងរយៈពេល ១៥ថ្ងៃម្ដង ដោយផ្អែកតាមតម្លៃទីផ្សារអន្តរជាតិ ដែលបច្ចុប្បន្ននេះតម្លៃប្រេងសាំងធម្មតាលក់រាយក្នុងមួយលីត្រ ៤៥៥០រៀល ឬប្រហែលនឹង ១,១១ដុល្លារក្នុងមួយលីត្រ និងតម្លៃ ៤១០០រៀលសម្រាប់ប្រេងម៉ាស៊ូត។ ចំណែកតម្លៃលក់រាយរបស់សាំងស៊ុបពែវិញគឺ ៥០៥០រៀល ឬ១,២៦ដុល្លារ ក្នុងមួយលីត្រ។ តម្លៃនេះនឹងត្រូវកែសម្រួលជាថ្មីទៀតបន្ទាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា។
បើតាមសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១ ខែវិច្ឆិកា រដ្ឋាភិបាល បានជួយ ឧបត្ថម្ភធន់ចំនួន៤សេនដុល្លារ ក្នុងមួយលីត្រ ។ គិតចាប់ពីខែសីហា ដល់ខែវិច្ឆិកា តម្លៃប្រេង សាំង នៅកម្ពុជាបានកើនឡើង ៤,៤ ភាគរយ ។
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ការឡើងថ្លៃ តម្លៃប្រេងលើទីផ្សារអន្តរជាតិ បាននាំឲ្យតម្លៃលក់រាយនៅកម្ពុជាកើនឡើងដែរ ទោះជាយ៉ាងនេះក្ដី លោកថារដ្ឋាភិបាលនឹងមិនមានការកែប្រែតម្លៃពន្ធនាំចូលនោះទេ។
លោកបន្ថែមថា៖ «រដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ដល់ជីវភាពប្រជាពលរដ្ឋ ដែលហេតុនេះហើយទើបរដ្ឋាភិបាលជួយឧបត្ថម្ភធន់ ៤សេនក្នុងមួយលីត្រ ដើម្បីកាត់បញ្ចុះតម្លៃប្រេង»។ លោកឲ្យដឹងទៀតថា លោកសង្ឃឹមថាតម្លៃប្រេងលើទីផ្សារអន្តរជាតិនឹងធ្លាក់ចុះ ពេលប្រទេសផលិតប្រេងបង្កើនការផលិតឡើងវិញ។
លោកបន្តថា៖ «យើងកំពុងតាមដានតម្លៃប្រេងលើទីផ្សារអន្តរជាតិយ៉ាងយកចិត្តទុកដាក់ ហើយរដ្ឋាភិបាលក៏នឹងមានវិធានការបន្ថែមក្នុងករណីតម្លៃប្រេងនៅតែបន្តកើនឡើងធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ យើងមិនព្រងើយកន្ទើយលើរឿងនេះទេ»។
ខណៈដែលថាការសម្រេចក្នុងការកាត់ពន្ធនាំចូល ឬគោលនយោបាយឧបត្ថម្ភធន់ណាមួយ គឺអាស្រ័យលើក្រសួងសេដ្ឋកិច្ច។ លោក សុវិជាតិ ថាការកាត់បន្ថយពន្ធនាំចូលនឹងធ្វើឲ្យប៉ះពាល់ច្រើន ដោយថាការកាត់បន្ថយពន្ធដារ ឬពន្ធនាំចូលត្រូវតែធ្វើឡើងដោយប្រុងប្រយ័ត្ន។
លោកបញ្ជាក់ថា៖ «ព្រោះថាចំណូលបានពីពន្ធដារ និងពន្ធនាំចូល ត្រូវប្រើសម្រាប់វិស័យផ្សេងៗទៀតជាច្រើន ពិសេសក្នុងវិបត្តិកូវីដ-១៩ វាជាប្រភពដ៏សំខាន់ក្នុងការកសាងសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីសង្គម»។

ផ្អែកតាមតម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិ ប្រេងឆៅ West Texas Intermediate មានតម្លៃប្រហែល ៨៤,៧ដុល្លារក្នុងមួយបារ៉ែល និងប្រេងឆៅ Brent មានតម្លៃ ៨៤,៥៧ដុល្លារក្នុងមួយបារ៉ែល គិតតាំងពីប្រទេសផលិតប្រេងបានកាត់បន្ថយការផលិតដោយសារវិបត្តិកូវីដ-១៩ ជាសកល។
ថ្វីបើតម្លៃប្រេងសាំងនៅកម្ពុជាប្រហាក់ប្រហែលគ្នាទៅនឹងប្រទេសជិតខាងដែលមានតម្លៃប្រហែល១ដុល្លារក្នុងមួយលីត្រ លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវផ្នែកអាជីវកម្មនៅរាជបណ្ឌិត្យសភាកម្ពុជា ថាតម្លៃនេះខ្ពស់ខ្លាំងបើធៀបទៅនឹងប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋម្នាក់ៗ។
លោកមានប្រសាសន៍ថា៖ «វាមិនសមាមាត្រទៅនឹងចំណូលរបស់ប្រជាពលរដ្ឋ ពេលយើងប្រៀបធៀបវាទៅនឹងតម្លៃប្រេងសាំង» ដោយលោកបន្ថែមថា៖ «តម្លៃគឺខ្ពស់ណាស់ ដូចនេះវាប៉ះពាល់ខ្លាំងដល់ជីវភាពប្រចាំថ្ងៃ។ អ្នករងផលប៉ះពាល់ខ្លាំង គឺអ្នកមានចំណូលទាប ដូចជាកសិករ និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលពឹងផ្អែកខ្លាំងលើប្រេងឥន្ធនៈសម្រាប់អាជីវកម្មប្រចាំថ្ងៃ»។
យោងតាមធនាគារពិភពលោក ចំណូលប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋកម្ពុជាម្នាក់ក្នុងឆ្នាំ២០២០ មានចំនួន ១ ៥១២,៧ដុល្លារ ដោយបានថយចុះពី ១ ៦៤៣ដុល្លារក្នុងឆ្នាំ២០១៩។
ខណៈដែលទទួលស្គាល់ថាមិនមែនតែកម្ពុជាទេ ដែលជួបបញ្ហាតម្លៃប្រេងសាំងថ្លៃ លោក វណ្ណៈ ថារដ្ឋាភិបាលគួរតែជួយបន្ថែមទៀតលើបញ្ហាតម្លៃនេះ បើសិនជាអាចធ្វើបាន។

លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានប្រសាសន៍ថា ទោះបីជារដ្ឋាភិបាលបានប្រកាសបើកប្រទេសឡើងវិញមែន ការឡើងថ្លៃរបស់តម្លៃប្រេងសាំងបានបន្ថែមការលំបាកសម្រាប់កម្មករមានប្រាក់ចំណូលទាបក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
លោកមានប្រសាសន៍ថា៖ «វាជាស្ថានភាពមួយដ៏អាក្រក់ ពីព្រោះពួកយើងជួបបញ្ហាធ្លាក់ចុះប្រាក់ចំណូល និងបាត់បង់ការងារដោយសារកូវីដ-១៩ ហើយវាបានបង្កើតនូវអតុល្យភាពយ៉ាងខ្លាំងរវាងចំណូល និងការចំណាយ» ដោយលោកបន្ថែមថា៖ «ពេលដែលសាំង និងហ្គាសឡើងថ្លៃ វាក៏ជំរុញឲ្យទំនិញផ្សេងៗឡើងថ្លៃដែរ ដូចនេះវានឹងមានឥទ្ធិពលអាក្រក់ដល់ជីវភាពប្រជាពលរដ្ឋ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ High price of gasoline hits low-income informal workers hard