ស្រុកស្អាង ខេត្តកណ្តាលៈ កម្ពុជានាំចូលផលិតផលកសិកម្មជាច្រើនប្រភេទពីបរទេសសូម្បីតែបន្លែជាច្រើនមុខដែលពលរដ្ឋខ្លួនឯងផលិតបានក៏ដោយ។អ្នកដាំបន្លែនៅកម្ពុជាប្រឈមបញ្ហាធំបំផុតគឺបន្លែដាំបានប៉ន្តែគ្មានទីផ្សារឬលក់បានថោកខាតដើមខាតចុង។
ស្រុកស្អាងជាស្រុកមួយស្ថិតនៅខេត្តកណ្ដាល ចម្ងាយជាង៣០គីឡូម៉ែត្រភាគអាគ្នេយ៍រាជធានីភ្នំពេញ។ ស្រុកនេះមានប្រជាពលរដ្ឋដាំបន្លែច្រើនជាងគេក្នុងចំណោមអ្នកដាំ បន្លែនៅប្រទេសកម្ពុជា។ អ្នកស្រុកស្អាងនេះ ក៏ជាអ្នកដែលខាតបង់ធ្ងន់ជាងគេដែរ ជារៀងរាល់ឆ្នាំ ពិសេសគឺនៅរាល់ពេលដែលពួកគេដាំបន្លែបានទិន្នផលខ្ពស់។
កសិករវ័យ៣៣ឆ្នាំឈ្មោះ តៃ សុង ជាអ្នកដាំបន្លែចិញ្ចឹមជីវិត។លោកដាំដំណាំគ្រប់មុខវិលជុំដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារដែលមានកូនតូចម្នាក់និងឪពុកម្ដាយក្នុងបន្ទុកផង។កាលពីដើមឆ្នាំ២០២១លោកខាតប្រាក់ប្រមាណជិត៣០លានរៀលឬស្មើនឹងជាង៧ពាន់ដុល្លារ(ចំណូលជាមធ្យមរបស់ពលរដ្ឋខ្មែរជាង១៦០០ដុល្លារក្នុង១ឆ្នាំ) ដោយសារតែសាឡាដដែលលោកដាំបានមិនមានទីផ្សារ។
នៅថ្ងៃមួយនាខែកញ្ញាឆ្នាំ២០២១ លោក តៃ សុង កំពុងរៀបចំពូជខ្ទឹម(ស្លឹក) ចំនួន២០តោន ដើម្បីទុកដាំនៅរដូវលំហើយ។
លោក សុង និយាយថា៖ «ពូជខ្ទឹមនេះខ្ញុំសម្រាំង សរុប២០តោននេះ ខ្ញុំទុកដាំម្ដុំខែ១២។ខ្ញុំដាំខ្លួនឯងប្រហែលជាង២០% និងសល់ប៉ុន្មានលក់ឱ្យអ្នកភូមិ»។
លោក តៃ សុង បន្តថា បើទោះបីជាត្រៀមពូជខ្ទឹមបានល្អក្ដី តែខ្លួនលោកនៅតែបារម្ភថា ស្លឹកខ្ទឹមដែលដាំបានអាចនឹងគ្មានទីផ្សារដូចសាឡាដទៀត។
លោក តៃ សុង ឲ្យដឹងថា៖ «ត្រៀមចេះតែត្រៀមទៅ តែក្នុងចិត្តនៅតែភ័យភ័យខ្លាចខាតដូចសាឡាដទៀត។បើខាតលើកនេះទៀតមិនដឹងបានអីសងគេទេ»។
កសិករម្នាក់ទៀត អាយុ ៤១ឆ្នាំ ឈ្មោះ តិច ប៊ុនលី ជាអ្នកដាំបន្លែគ្រប់មុខលើផ្ទៃដីជាង២ហិចតា។ លោកអះអាងថា កាលពីឆ្នាំមុនលោកខាតប្រាក់អស់ជាង៥លានរៀល(ជាង១ពាន់ដុល្លារ)ព្រោះតែលក់ស្ពៃក្រញ៉ាញ់មិនដាច់។
លោក ប៊ុនលី និយាយថា៖ «ខ្ញុំក៏បារម្ភចំពោះស្ថានភាពទីផ្សារបន្លែដូចអ្នកភូមិដ៏ទៃទៀតដែរ។ បន្លែខ្ញុំដាំបានជួនលក់បានចំណេញ ជួនពេលខ្លះក៏ខាតបង់ធ្ងន់ធ្ងរ»។
ទាក់ទិននឹងបញ្ហានេះរដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុន ធ្លាប់អះអាងថា កសិករដែលដាំបន្លែជាលក្ខណៈគ្រួសារហើយមិនមានចងក្រងជាសហគមន៍ប្រាកដជាមានបញ្ហាទីផ្សារ។
លោក វេង សាខុន មានប្រសាសន៍ថា៖ «បញ្ហាបន្លែសល់ឬគ្មានទីផ្សារអីនេះកើតឡើងជារៀងរាល់ឆ្នាំតែកសិករភាគច្រើននៅតែអាចលក់បន្លែបានដើម្បីចិញ្ចឹមគ្រួសារពួកគាត់»។
ទោះជាយ៉ាងណាក្ដីកសិករជាច្រើននាក់ទៀតដែលបានផ្ដល់បទសម្ភាសន៍សុទ្ធតែអះអាងស្រដៀងៗគ្នាថា ពួកគេខាតប្រាក់នៅពេលដែលតម្លៃបន្លែចុះថោកនិងរកទីផ្សារមិនបានក៏ប៉ុន្តែមិនមានការសិក្សាណាមួយបញ្ជាក់ថាជារៀងរាល់ឆ្នាំកសិករខ្មែរត្រូវខាតបង់ថវិកាសរុបចំនួនប៉ុន្មានឡើយ។
បន្លែគ្មានទីផ្សារធ្វើឱ្យកសិករមានបំណុលកើនឡើង។ កសិករនៅកម្ពុជាភាគច្រើនជាប់បំណុលមីក្រូហិរញ្ញវត្ថុនិងឈ្មួញចងការ។នៅកម្ពុជាទំហំប្រាក់កម្ចីមីក្រូហិរញ្ញវត្ថុជនបទកាន់តែរីកធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ។របាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបង្ហាញថា គិតត្រឹមដើមខែមករាឆ្នាំ២០២១ មានស្ថាប័នមីក្រូហិរញ្ញវត្ថុចំនួន៧៩ដែលកំពុងប្រតិបត្តិការផ្ដល់ប្រាក់ឱ្យពលរដ្ឋខ្ចីក្នុងទំហំទឹកប្រាក់ជិត៧ពាន់លានដុល្លារដែលក្នុងនោះប្រាក់កម្ចីលើវិស័យកសិកម្មមាន១៩,២% ឬស្មើនឹងជាង១,៣៤ពាន់លានដុល្លារ។
កសិកររស់នៅខេត្តកណ្ដាល លោក តៃ សុង ដែលខាតបង់ប្រាក់យ៉ាងច្រើនបន្ទាប់ពីបន្លែមិនមានទីផ្សារនោះក៏ត្រូវជាប់បំណុលដូចគ្នានឹងអ្នកភូមិដ៏ទៃទៀតដែរ។
លោក តៃ សុង ឲ្យដឹងថា៖ «ខ្ញុំមានដើមខ្លះនិងខ្ចីលុយមីក្រូហិរញ្ញវត្ថុចំនួន៣ពាន់ដុល្លារមកធ្វើដើមដាំបន្លែនៅពេលដែលបន្លែលក់មិនដាច់ ខ្ញុំខាតទាំងដើមខ្លួនឯងនិងអត់ប្រាក់ដើមសងទៅមីក្រូហិរញ្ញវត្ថុវិញឡើយ។ឥលូវនេះខ្ញុំប្រមូលលុយខ្ចីបងប្អូនបានមួយចំនួនទៀតដើម្បីទិញពូជខ្ទឹមដាំយកលក់សងមីក្រូហិរញ្ញវត្ថុនោះវិញ តែបើខាតទៀតគឺបំណុលកាន់តែកើន»។
លោក តៃ សុង បន្តថា អ្នកភូមិរបស់គាត់មិនតិចនាក់ទេដែលធ្វើចំណាកស្រុក បន្ទាប់ពីដាំបន្លែ ខាត។
លោក តៃ សុង និយាយថា៖ «អ្នកភូមិខ្លះគាត់ខាតៗជាប់គ្នាបីបួនឆ្នាំអ៊ីចឹងទៅ អស់ដើមអស់ចុងខ្ចីលុយគេបង្វិលធ្វើដើមដាំទៀតក៏លែងបាន ពួកគាត់ក៏ចេញពីផ្ទះទៅរកស៊ីឈ្មួលធ្វើសំណង់ឬចេញលក់ដូរនៅខេត្តផ្សេងអ៊ីចឹងទៅ។ អ្នកមួយចំនួនទៀតទៅរកការងារធ្វើដល់ថៃមិនទាន់ឃើញត្រលប់មកវិញក៏មាន»។
អ្នកស្រុកស្អាងម្នាក់ទៀតឈ្មោះ សុង មឿន អាយុ៥២ឆ្នាំក៏ទើបនឹងខាតប្រាក់ដែរ។លោកអះអាងថា លោកខាតប្រាក់ប្រមាណ១ពាន់៥រយដុល្លារអាមេរិកដោយសារស្ពៃលក់បានថោក ហើយបញ្ហានេះនាំឱ្យប្រាក់បំណុលក្នុងគ្រួសារលោកកើនឡើង។
លោក សុង មឿន លើកឡើងថា៖ «ស្ពៃខ្ញុំដាំបានប្រហែល១០តោន ដែលតម្លៃទីផ្សារកាលឆ្នាំមុនបានមួយតោនប្រហែល៥រយដុល្លារ។ប៉ុន្តែកាលពីខែមិថុនា ខ្ញុំលក់ស្ពៃបានតែមួយតោន២៥០ដុល្លារប៉ុណ្ណោះ ខ្ញុំខាតដើមអស់ពាក់កណ្ដាលខាតអស់ប្រហែល១ពាន់៥រយដុល្លារ»។
លោក សុង មឿន បន្តថា៖ «ដល់ពេលខាតអ៊ីចឹងទៅ ខ្ញុំមិនអាចបង្វិលប្រាក់ដើមសងមីក្រូហិរញ្ញវត្ថុបានទេ។ខ្ញុំគិតថាមានតែរកខ្ចីស្ថាប័នផ្សេងទៀតដើម្បីធ្វើដើមដាំបន្លែប្រភេទផ្សេងទៀតរកប្រាក់សងបំណុលនិងដោះស្រាយជីវភាព ប៉ុន្តែបើសរុបទៅកាលឆ្នាំមុនខ្ញុំជំពាក់គេ១៥០០ដុល្លារដល់ឆ្នាំថ្មី២០២២ខាងមុខ យ៉ាងហោចណាស់បំណុលគ្រួសារខ្ញុំឡើង៣ពាន់ដុល្លារគឺមួយទ្វេជាពីរ»។
ឯកសារស្រាវជ្រាវមួយរបស់វិទ្យាស្ថានសភាកម្ពុជា (Parliamentary Institute of Cambodia) ដែលដាក់ជូនទៅកាន់រដ្ឋសភាកាលពីឆ្នាំ២០១៧បង្ហាញថា ការជាប់បំណុលជាមូលហេតុមួយដែលនាំឱ្យពលរដ្ឋខ្មែរចំណាកស្រុក។ របាយការណ៍ដដែលលើកឡើងថា បំណុលកើតឡើងពីមូលហេតុជាច្រើន ប៉ុន្តែមូលហេតុចម្បងមួយគឺមកពីផលិតផលកសិកម្មធ្លាក់ចុះ។
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ថេង សាវឿន មានប្រសាសន៍ថា កសិករដាំបន្លែជាលក្ខណៈគ្រួសារនៅកម្ពុជា មានវាសនាមិនខុសគ្នាទេនៅពេលដែលដាំបន្លែបានហើយគ្មានទីផ្សារ។ លោកបន្តថា ផលិតផលកសិកម្មគ្មានទីផ្សារនឹងនាំឱ្យគ្រួសារកសិករកើនបំណុល និងមានជីវភាពកាន់តែដុនដាប។
លោក ថេង សាវឿន មានប្រសាសន៍ថា៖ «ក្រៅពីប្រឈមផ្នែកទីផ្សារ កសិករក៏ប្រឈមនឹងបញ្ហាកង្វះបច្ចេកទេស បញ្ហាទុន បញ្ហាទឹក បញ្ហាជីនិងថ្នាំឡើងថ្លៃសព្វបែបយ៉ាង។ នៅស្រុកយើងនេះ កសិករដាំបន្លែបានលក់បានចំណេញក៏ចំណេញលក់ខាតក៏ខាតទៅ បើគាត់ខាតល្មមៗគាត់ខ្ចីគេធ្វើបន្តប៉ុន្តែបើខាតដល់កមានតែរត់ចោលស្រុក»។
អាជ្ញាធរប្រើវិធីបំបិទមាត់ដើម្បីឆ្លើយតបចំពោះតម្រូវការកសិករ
របាយការណ៍អង្គការសង្គមស៊ីវិលនានាបង្ហាញថា ពីឆ្នាំ២០១៧ មករដ្ឋាភិបាលកាន់តែគាបសង្កត់ខ្លាំងឡើងលើសេរីភាពបញ្ចេញមតិនៅកម្ពុជា។ បក្សប្រឆាំងធំជាងគេគឺបក្សសង្គ្រោះជាតិត្រូវរំលាយ ។ អាជ្ញាធរបានចាត់វិធានការក្ដៅលើអ្នកណាដែលហ៊ានរិះគន់រដ្ឋាភិបាលឬបក្សកាន់អំណាចទោះជាក្នុងវិស័យអ្វីក៏ដោយ សូម្បីតែវិស័យកសិកម្ម។
កាលពីខែឧសភា លោក តៃ សុង ធ្លាប់បានត្រូវអាជ្ញាធរខេត្តកណ្ដាលបង្ខំឱ្យផ្ដិតមេដៃធ្វើកិច្ចសន្យា បញ្ឈប់ការត្អូញត្អែរលើបណ្ដាញសង្គមហ្វេសប៊ុក ពេលដែលសាឡាដរបស់លោកគ្មានទីផ្សារ។លោកសុង ចាត់ទុកចំណាត់ការរបស់អាជ្ញាធរថា ជាការគំរាមកំហែងលើសិទ្ធិសេរីភាពរបស់លោក។
លោក តៃ សុង ឲ្យដឹងទៀតថា ៖«ពេលនោះសាឡាដខ្ញុំសល់ច្រើនលក់មិនចេញ ខ្ញុំផុសហ្វេសប៊ុករួចបានមួយថ្ងៃអ្នកកាសែតគេមកសម្ភាសន៍ខ្ញុំ។ ស្រាប់តែប៉ូលីសប៉េអឹម ចុះមកផ្ទះខ្ញុំពីសាមទៅសែសិបនាក់ ដាក់កិច្ចសន្យាឱ្យខ្ញុំផ្តិតមេដៃ។ អាជ្ញាធរខេត្តគេព្រមានថា បើខ្ញុំនៅតែបន្តរអ៊ូតាមហ្វេសប៊ុកទៀតគេនឹងចាត់វិធានការតាមច្បាប់។ ប្រពន្ធខ្ញុំម៉ែឪខ្ញុំគាត់ភ័យណាស់ខ្លាចគេចាប់ខ្ញុំដាក់គុក»។
លោក តៃ សុង បន្តថា៖ «ខ្ញុំឆ្ងល់ខ្ញុំសួរថា តើខ្ញុំប្រាប់កាសែតថាបន្លែខ្ញុំអត់ទីផ្សារខ្ញុំនឹងភ្ជួរចោលនោះតើខុសច្បាប់អី?ខ្ញុំពិតជាអស់សង្ឃឹមណាស់ចំពោះការយកខ្នោះមកអន្តរាគមន៍ចំពោះទីផ្សារកសិផលបែបនេះ»។
កសិករម្នាក់ទៀត លោក សុង មឿន អះអាងថា អ្នកភូមិរបស់លោកជាច្រើននាក់សុទ្ធតែមិនហ៊ានផ្ដល់បទសម្ភាសន៍ឱ្យអ្នកកាសែតជុំវិញបញ្ហាប្រឈមរបស់ខ្លួនឡើយដោយខ្លាចការចាប់ខ្លួននិងចោទប្រកាន់តាមផ្លូវតុលាការ។
លោក សុង មឿន ប្រាប់ថា៖ «ខ្ញុំទើបឃើញកងកម្លាំងជាច្រើននាក់មកផ្ទះ តៃ សុង នេះខ្ញុំពិតជាភ័យណាស់ អ្នកភូមិផ្សេងទៀតក៏ដូចគ្នាអត់ហ៊ានផុសលើហ្វេសប៊ុកថា បន្លែលក់មិនដាច់ទេខ្លាចគេចោទឬចាប់»។
របាយករណ៍មន្ទីរកសិកម្ម ខេត្តកណ្ដាល បានឱ្យដឹងថា នៅស្រុកស្អាងមានផ្ទៃដីដាំដុះបន្លែសរុបចំនួន៨១៦៩ហិកតា មាន១២សហគមន៍ ដែលក្នុងមួយថ្ងៃអាចផលិតបន្លែជាមធ្យមបានចំនួន ១១៥តោន។
អភិបាលខេត្តកណ្ដាល លោក គង់ សុភ័ណ្ឌ ធ្លាប់អះអាងប្រាប់អ្នកសារព័តមានថា អាជ្ញាធរមិនបានគំរាមកំហែងឬបំបិទមាត់ កសិករឡើយប៉ុន្តែអាជ្ញាធរខេត្តចង់ឱ្យកសិករស្នើសំណើរ ជាផ្លូវការមកកាន់រដ្ឋបាលខេត្តដើម្បីស្វែងរកដំណោះស្រាយ ជាជាងប្រើវេទិកានានារិះគន់។
លោក គង់ សុភ័ណ្ឌ មានប្រសាសន៍ថា៖ «(កសិករ) គាត់គួរណាស់តែប្រាប់មកយើងមិនគួរណាទៅប្រាប់អ្នកកាសែតឬបង្ហោះហ្វេសប៊ុកអីអ៊ីចឹងទេមិនបានការអ្វីឡើយ»។
របាយការណ៍ឃ្លាំមើលសេរីភាពមូលដ្ឋាន ដែលចេញផ្សាយដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR បង្ហាញថា ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះមានករណីរឹតត្បិតសេរីភាពបញ្ចេញមតិ ចំនួន១០៨ករណីក្នុងនោះ៥៧ករណីជាការរឹតត្បិតតាមអនឡាញ។
ប្រធានគម្រោងសេរីភាពមូលដ្ឋាននៃ CCHR លោក ហ៊ុន ស៊ាងហាក់ មានប្រសាសន៍ថា ការបញ្ចេញមតិរិះគន់តាមអនឡាញនៅកម្ពុជាសព្វថ្ងៃក្លាយជាមុខសញ្ញាដែលអាជ្ញាធរបង្ក្រាប។លោកបន្តថា អាជ្ញាធរបានហៅអ្នករិះគន់មកធ្វើកិច្ចសន្យាព្រមានឱ្យលុបសារចោលនិងធ្ងន់ធ្ងរបំផុតនោះគឺចាប់បញ្ជូនខ្លួនទៅតុលាការហើយត្រូវឃុំឃាំងក្នុងពន្ធនាគារ។
លោក ស៊ាងហាក់ មានប្រសាសន៍ថា៖ «ការរឹតត្បិតសេរីភាពបញ្ចេញមតិភាគច្រើនលើអនឡាញ លើអ្នកណាដែលរិះគន់ពីគោលនយោបាយរបស់រដ្ឋាភិបាល ឬរិះគន់លើអ្នកដែលមានអំណាច។ យើងពិតជាបារម្ភមែនទែន ជានិច្ចកាលយើងជំរុញឱ្យអាជ្ញាធរបើកលំហរសេរីភាពឡើងវិញនិងងាកមកបំពេញសេចក្ដីត្រូវការជូនពលរដ្ឋជាជាងចាំតែចាប់ទោសពៃរ៍»។
កាលពីខែធ្នូឆ្នាំមុន អ្នកចិញ្ចឹមមាន់ម្នាក់ឈ្មោះ នី ណាក់ រស់នៅខេត្តកណ្ដាលត្រូវអាជ្ញាធរចាប់ខ្លួនបន្ទាប់ពីផុសលើហ្វេសប៊ុកពីបញ្ហាមាន់របស់លោក។ បុរសវ័យជាង៣០ត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១៨ខែ ពីបទជេរប្រមាថជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង។ កាលពីខែកក្កដា ឆ្នាំ២០២១ ពលរដ្ឋម្នាក់រស់នៅខេត្តបាត់ដំបងភាគខាងលិចប្រទេសកម្ពុជាជាប់ប្រទេសថៃ ឈ្មោះ ងួន លី ត្រូវអាជ្ញាធរចាប់ដាក់ពន្ធនាគារបន្ទាប់ពីសរសេរសារលើហ្វេសប៊ុកពីភាពអសកម្មរបស់អាជ្ញាធរក្នុងការរកទីផ្សារមៀនជូនពលរដ្ឋ។
ភាពអសកម្មរបស់អាជ្ញាធរជាមូលហេតុសំខាន់នាំឱ្យបន្លែខ្មែរខ្វះទីផ្សារ
បញ្ហាបន្លែគ្មានទីផ្សារឬចុះថោកខ្លាំងកើតឡើងជារៀងរាល់រដូវប្រមូលផល។ អ្នកដាំបន្លែភាគច្រើនដែលបានផ្ដល់កិច្ចសម្ភាសន៍សុទ្ធតែអះអាងថា បន្លែខ្មែរគ្មានទីផ្សារគឺបណ្ដាលមកពីការ ហូរចូលបន្លែគ្រប់មុខពីបរទេស ។ ប៉ុន្តែក្រសួងកសិកម្មបានច្រានចោលចំពោះការលើកឡើងនេះដោយបញ្ជាក់ថា កម្ពុជានាំចូលបន្លែពីបរទេសប្រមាណ២៥%ប៉ុណ្ណោះលើតម្រូវការទីផ្សារ។
ឈ្មួញកណ្ដាលនិងជាអ្នកទិញបន្លែពីប្រទេសវៀតណាមវ័យ៤៤ឆ្នាំ អ្នកស្រី សែម ភា លើកឡើងថា បន្លែខ្មែរសល់លក់មិនដាច់ឬមិនមានទីផ្សារពីព្រោះអ្នកដាំមិនមានយុទ្ធសាស្ត្រទីផ្សារច្បាស់លាស់។
អ្នកស្រី សែម ភា បន្តថា៖ «នៅស្រុកយើងអ្នកដាំដាំតាមគ្នា បើស្ពៃៗទាំងអស់ បើសាឡាដសាឡាដទាំងអស់ ដល់អ៊ីចឹងខែណាច្រើនច្រើនពេកលក់មិនដាច់ឬលក់បានថោក ខែណាតិចក៏តិចពេកហើយលក់បានថ្លៃខ្ពស់»។
អ្នកស្រីរៀបរាប់ពីបទពិសោធន៍ដែលកសិករវៀតណាមដាំដំណាំយ៉ាងដូច្នេះថា៖ «ខ្ញុំទៅស្រុកក្រោម(ប្រទេសវៀតណាម) កសិករគេដាំបន្លែចម្រុះគ្រប់មុខស្លឹកមើម ដូច្នេះគេប្រមូលផលវិលជុំបេះបានរាល់ថ្ងៃ មួយមុខពី១០ទៅ២០គីឡូហេតុនេះគេមិនសូវសល់បន្លែទេ»។
ឈ្មួញនាំចូលបន្លែពីវៀតណាម យកមកលក់នៅផ្សារបន្លែក្នុងខណ្ឌដង្កោរាជធានីភ្នំពេញ លោក ហេង ឡាយ។ លោកដឹកបន្លែពីវៀតណាមចូលមកលក់ជារៀងរាល់ថ្ងៃ ជាមធ្យមលោកនាំចូលបន្លែជាង១០តោនក្នុង១ថ្ងៃៗ។ លោកនិយាយថា បន្លែដែលនាំចូលពីវៀតណាមមានតម្លៃថោកជាងបន្លែខ្មែរទើបបណ្ដាលឱ្យបន្លែខ្មែរប្រកួតប្រជែងទីផ្សារមិនឈ្នះ។
លោក ហេង ឡាយ និយាយថា៖ «បន្លែទាំងអស់យើងទិញពីវៀតណាមមក មានរូបរាងស្អាតៗជាងបន្លែខ្មែរយើង ហើយតម្លៃក៏រឹតតែថោកដែរថោកជាងបន្លែខ្មែរពី២០%ទៅ៣០%ឯណោះ»។
លោកបន្តថា លោកត្រូវបង់ប្រាក់ក្រៅផ្លួវការឱ្យទៅមន្ត្រីស្ថាប័នរដ្ឋមួយចំនួន ដើម្បីបាននាំបន្លែចូលមកលក់ក្នុងទីផ្សារ ។
ទិន្នន័យពីជំរឿនកសិកម្មឆ្នាំ២០១៩បង្ហាញថា កសិករនៅកម្ពុជាប្រមាណជាង៤ម៉ឺនគ្រួសារប្រកបរបរដាំបន្លែចិញ្ចឹមជីវិត។កម្ពុជាក៏ត្រូវនាំចូលបន្លែនិងផ្លែឈើ ពីបរទេសប្រមាណ៤០០តោនជារៀងរាល់ថ្ងៃ។
កម្ពុជាប្រកាសថាខ្លួនជាប្រទេសកសិកម្មប៉ុន្តែប្រទេសមួយនេះមិនមានទឹកគ្រប់គ្រាន់ដើម្បីផ្ដល់ឱកាសឱ្យពលរដ្ឋធ្វើកសិកម្មទេ។របាយការណ៍ពីក្រសួងកសិកម្មបង្ហាញថា គិតត្រឹមឆ្នាំ២០១៨ប្រព័ន្ធធារាសាស្ត្រនៅកម្ពុជាបានគ្របដណ្ដប់លើផ្ទៃដីកសិកម្មសរុបបានប្រមាណ៣០% ប៉ុណ្ណោះដោយកសិករភាគច្រើនត្រូវដាំដំណាំដោយពឹងមេឃ។ ថ្លៃអគ្គីសនី ថ្លៃជី ថ្លៃពូជដំណាំនៅកម្ពុជាសុទ្ធតែថ្លៃជាងតម្លៃនៅប្រទេសវៀតណាមនិងថៃ។
ទាក់ទងនឹងបញ្ហានេះកសិករដាំបន្លែ លោក តៃ សុង រៀបរាប់ថា កសិករដូចរូបលោកដាំបន្លែខ្លួនឯងរកទីផ្សារខ្លួនឯង ហើយមិនដែលឃើញមានការជួយអន្តរគមន៍ពីសំណាក់អាជ្ញាធរ
ឡើយ។
លោក តៃ សុង បន្តថា៖ «អាជ្ញាធរគេបន្ទោសយើងថាដាំបន្លែដោយប្រថុយមិនមានព័ត៌មានទីផ្សារចុះឱ្យពួកខ្ញុំទៅរកព័ត៌មានទីផ្សារនៅឯណាបើមិនដែលឃើញស្រមោលមន្ត្រីមកជួបមកជួយពួកខ្ញុំផង។ ខ្ញុំគិតថាពួកគាត់ជាមន្ត្រីមិនបានបំពេញតួនាទីរបស់ខ្លួនទេ»។
អតីតនាយកប្រតិបត្តិមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា(អង្គការសេដាក) និងជាស្ថានិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) លោកបណ្ឌិត យ៉ង សាំងកុមារ មានប្រសាសន៍ថា អាជ្ញាធរជំនាញដែលមានក្រសួងកសិកម្មជាអ្នកទទួលខុសត្រូវធំជាងគេចំពោះបញ្ហាទីផ្សារកសិកម្ម។
លោក យ៉ង សាំងកុមារ មានប្រសាសន៍ថា៖ «ក្រសួងកសិកម្មត្រូវទទួលខុសត្រូវដោះស្រាយចំពោះសេចក្ដីត្រូវការរបស់ប្រជាកសិករ មិនត្រូវឆ្លើយយករួចខ្លួនឡើយ។ ក្រសួងចាំបាច់ត្រូវធ្វើយ៉ាងណាដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាង អ្នកដាំបន្លែ សហគមន៍កសិករ ឈ្មួញអ្នកទិញយកទៅលក់បន្តនិងអ្នកប្រើប្រាស់»។
លោក សាំងកុមារ បន្តថា ៖«កសិករនៅថៃឬវៀតណាម ក៏ជួបបញ្ហាដូចកសិករនៅខ្មែរដែរ ប៉ុន្តែអាជ្ញាធរគេសកម្មជាងយើង គេតែងអន្តរាគមន៍ទាន់ពេលវេលា»។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ បានលើកឡើងថា កត្តាដែលនាំឱ្យកសិករពិបាករកទីផ្សារបណ្ដាលមកពីកសិករមិនបានចូលរួមជាសហគមន៍ ឬចងក្រងជាសហគមន៍ដែលនាំឱ្យខ្វះព័ត៌មានទីផ្សារ។ លោកបន្តថា កសិករច្រើនដាំដំណាំតាមរដូវមិនដាំតាមទីផ្សារ
បណ្ដាលឱ្យផលិតផលមួយចំនួនកកស្ទះ និងមួយចំនួនទៀតត្រូវឈ្មួញកណ្ដាលទំលាក់តម្លៃជាដើម។
លោក ស៊ាង ថៃ បញ្ជាក់ថា៖ «កន្លងទៅក្រសួងកសិកម្មនិងក្រសួងពាណិជ្ជកម្មតែងណែនាំឱ្យកសិករបង្កើតសហគមន៍កសិកម្ម ដើម្បីជំរុញទីផ្សារ ប៉ុន្តែការចូលរួមរបស់កសិករនៅមិនទាន់គ្រប់គ្នានៅឡើយ»។
លោក ស៊ាង ថៃ បន្តថា កន្លងទៅក្រសួងពាណិជ្ជកម្មបានធ្វើការងារមួយចំនួនរួចហើយជួយដោះស្រាយបញ្ហាទីផ្សារបន្លែរបស់ប្រជាកសិករ រួមមានការសហការណ៍ជាមួយផ្សារទំនើបមូយចំនួនដើម្បីទិញបន្លែដែលកកស្ទះគ្មានទីផ្សារ។
នៅប្រទេសកម្ពុជា ក្រសួងកសិកម្មជាអ្នកទទួលបន្ទុកជួយដល់កសិករក្នុងការធ្វើកសិកកម្ម រាប់តាំងពីធ្វើស្រែចំការ ដាំបន្លែនិងចិញ្ចឹមសត្វជាដើម ។ មន្ត្រីកសិកម្មមានតាំងពីថ្នាក់ជាតិ ថ្នាក់ខេត្ត រហូតដល់ថ្នាក់ស្រុក។ ក្នុងអាណត្តិទី៦នេះរាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យមួយ ប្រមូលមន្ត្រីជំនាញកសិកម្មថ្នាក់ស្រុកទាំងអស់និងមន្ត្រីក្រសួងមួយចំនួនទៀតមកបញ្ចូលក្នុងក្របខណ្ឌក្រសួងមហាផ្ទៃវិញ ក្នុងបំណងបង្កើនប្រសិទ្ធិភាពការងារ។
នយោបាយបែងចែកអំណាចនៅកម្ពុជាមិនដូចគ្នានិងនយោបាយរបស់ប្រទេសកាន់លិទ្ធិប្រជាធិបតេយ្យលើពិភពលោកដូចជាជប៉ុន កូរ៉េ ប្រទេសក្នុងតំបន់អ៊ឺរ៉ុបឬសហរដ្ឋអាមេរិកនោះទេ។គណៈរដ្ឋមន្ត្រីកម្ពុជា បានបំបែកវិស័យកសិកម្មតែមួយជាក្រសួងយ៉ាងតិចណាស់ចំនួន៤ រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទតួនាទីជាអ្នកអភិវឌ្ឍន៍សុខមាលភាពនៅជនបទ ក្រសួងកសិកម្មមានតួនាទីជាអ្នកជំរុញកសិកម្ម ក្រសួងធនធានទឹកមានតួនាទីអភិវឌ្ឍន៍វិស័យស្រោចស្រព ក្រសួងបរិស្ថានមានតួនាទីជាអ្នកជំរុញឱ្យមានបរិស្ថានស្អាត។
អ្នកស្រាវជ្រាវ ការអភិវឌ្ឍន៍សង្គម លោក បណ្ឌិត មាស នី មានប្រសាសន៍ថា បញ្ហាធំដែលបណ្ដាលឱ្យបន្លែគ្មានទីផ្សារ មិនមែននៅលើក្រសួងកសិកម្មឬក្រសួងណាមួយទេ ប៉ុន្តែបណ្ដាលមកពីគ្រប់ស្ថាប័នតែម្ដង។
លោក មាស នី មានប្រសាសន៍ថា៖ «និយាយរួមគឺបញ្ហាមកពីគ្រប់ស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់តែម្ដង បើបន្ទោសតែក្រសួងកសិកម្មវាអយុត្តិធម៌ពេក។ ក្រសួងកសិកម្មមានតួនាទីជំរុញឱ្យកសិករផលិតប៉ុណ្ណោះ ចុះអ្នកណាកាន់ខាងទឹក?ចុះអ្នកណាកាន់ខាងទីផ្សារ?ចុះអ្នកណាកាន់ខាងត្រួតពិនិត្យគុណភាពបន្លែ? ចុះអ្នកណាកាន់ខាងបរិស្ថាន?»។
លោក មាស នី បន្ថែមថា ៖ «បើចង់ឱ្យបន្លែមានទីផ្សារគឺត្រូវធ្វើកំណែរទម្រង់ពីថ្នាក់ជាតិទៅតែម្ដង មិនអាចធ្វើតែផ្នែកណាមួយនោះទេ»៕