សមត្ថកិច្ចបានបញ្ជូនលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) និងមន្ត្រី២នាក់ទៀតពីខេត្តក្រចេះទៅខេត្តរតនគិរិវិញនៅរសៀលថ្ងៃទី១៨ ខែឧសភា ដើម្បីបន្តនីតិវិធីស្រាវជ្រាវខ្លឹមសារនៃវគ្គបណ្តុះបណ្តាលរបស់សមាគមនេះ។
អភិបាលខេត្តរតនគិរីលោក ញ៉ែម សំអឿន ឱ្យដឹងថា ការបញ្ជូនលោក ថេង សាវឿន និងសហការី២រូបទៀតពីខេត្តក្រចេះទៅរតនគិរីវិញនៅរសៀលនេះគឺនាំទៅស្នងការដ្ឋាននគរបាលសិន ដើម្បីសាកសួរបន្ត។ លោកបន្តថា ចំណុចដែលត្រូវសាកសួរបន្តគឺខ្លឹមសារ នៃវគ្គបណ្តុះបណ្តាលរបស់សមាគមនេះ។
លោក ញ៉ែម សំអឿន ថ្លែងថា៖ «យើងបានរកឃើញ ហើយគាត់ក៏បានឆ្លើយដែរនូវអ្វីដែលពួកគាត់ជួបជុំគ្នាមានភាពមិនប្រក្រតីមួយ។ នៅក្នុងកិច្ចប្រជុំរបស់គាត់ហ្នឹងមានលាក់ការច្រើន»។
សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា មានវគ្គសិក្ខាសាលាបណ្តុះបណ្តាលបុគ្គលិកពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ខែឧសភានៅក្នុងខេត្តរតនគិរីមានអ្នកចូលរួម៣៩នាក់។ កម្មវិធីនេះបានបញ្ចាប់នឹងធ្វើដំណើរវិលត្រលប់ទៅភ្នំពេញវិញ ក៏ត្រូវសមត្ថកិច្ចខេត្តក្រចេះឃាត់រថយន្តក្រុងជិះរួមគ្នានេះតាមការស្នើពីសមត្ថកិច្ចខេត្តរតនគិរី។
បើតាមលោក ម៉ី វុទ្ធី មន្ត្រីរបស់សមាគមឱ្យដឹងថា ក្នុងចំណោម៣៩នាក់នេះ គឺ១៧នាក់ ជាថ្នាក់ដឹកនាំនិងបុគ្គលិករបស់សមាគម ចំណែកអ្នកផ្សេងទៀតជាក្រុមគ្រួសារ ឬកូនៗ របស់បុគ្គលិកដែលធ្វើដំណើរទៅជាមួយក្នុងគោលបំណងកម្សាន្ត។ សមត្ថកិច្ចខេត្តក្រចេះ និងរតនគិរីបានសាកសួរមន្ត្រីរបស់សមាគមតាំងពីម៉ោងប្រមាណ១រសៀលថ្ងៃទី១៧ រហូតដល់ម៉ោងជាង១០ព្រឹកថ្ងៃទី១៨ ខែឧសភា គឺមន្ត្រីផ្លាស់វេនគ្នាសួរទាំងយប់ដោយមិនសម្រាក។
លោក ម៉ី វិទ្ធី ជាបុគ្គលិកម្នាក់ក្នុងចំណោម១៧នាក់ដែលសមត្ថកិច្ចសាកសួរ ឱ្យដឹងថា លោកត្រូវបានសមត្ថកិច្ចសាកសួរដោយផ្តោត លើខ្លឹមសារបង្រៀននៅកន្លែងបណ្តុះបណ្តាល។
លោក ម៉ី វុទ្ធីឱ្យទៀតថា កិច្ចប្រជុំពិភាក្សានេះគឺជាគម្រោងរបស់ស្ថាប័នតែងតែធ្វើឡើង១ឆ្នាំ២ដង។ ចំណែកខ្លឹមសារជជែកនោះគ្រាន់តែឆ្លុះបញ្ចាំពីគម្រោងរបស់ស្ថាប័ន និងការតស៊ូមតិតែប៉ុណ្ណោះ។
លោក ម៉ី វុទ្ធី បន្ថែមថា៖ «នៅក្នុងស្ថាប័នយើងហៅថា កម្មវិធីកសាងក្រុមទេ ស្វែងយល់ពីអភិក្រម ដើម្បីតស៊ូមតិអ៊ីចឹងទៅ។ គោលបំណងកសាងក្រុមហ្នឹងគ្រាន់តែយើងឆ្លុះបញ្ចាំង ពីការងារគម្រោង កន្លងមកហ្នឹងយើងមានចំណុចខ្សោយត្រង់ណា? ចំណុចខ្វះខាតត្រង់ណា?»។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែន ករុណា ដែលកំពុងតាមដានករណីនេះ មានប្រសាសន៍ថា បើគ្រាន់តែការប្រជុំពីគម្រោង និងលើកឡើងពីទិដ្ឋភាពប្រវត្តិសាស្ត្រខ្លះ ពាក់ព័ន្ធការតស៊ូមតិនោះមិនមានអ្វីខុសច្បាប់ទេ។
លោក សែនករុណា លើកឡើងថា៖ «បើជុំវិញបញ្ហានេះពិភាក្សាលើប្រវត្តិសាស្ត្រអីអស់នេះ ខ្ញុំថា មិនមានរឿងអីដែលខុសទាស់ទៅនឹងផ្លូវច្បាប់ទេ»។
បើតាមលោក ម៉ី វុទ្ធី កុំព្យួទ័រ និងឯកសារមួយចំនួនរបស់សមាគមនេះសមត្ថកិច្ចដកហូត នាំយកទៅខេត្តរតនគិរីជាមួយថ្នាក់ដឹកនាំសមាគម៣រូបរួមមានលោក ថេង សាវឿន ប្រធានសមាគម លោក ញិល ភាព បុគ្គលិកជាន់ខ្ពស់ និងលោក ថាច់ ហាច បុគ្គលិកគម្រោង។ ចំណែកបុគ្គលិក និងអ្នករួមដំណើរផ្សេងទៀតសមត្ថកិច្ចដោះលែងឱ្យត្រលប់មកផ្ទះវិញ។
ស្នងការនគរបាលខេត្តក្រចេះលោក អ៊ូ សុបុណ្ណា ថ្លែងថា លោកមិនបានដឹងអំពីមូលហេតុនៃការឃាត់ខ្លួននេះ ព្រោះថាស្ថិតនៅក្នុងការងារជំនាញ។
លោក អ៊ូន សុបុណ្ណា បញ្ជាក់យ៉ាងខ្លីថា៖ «ពាក់ព័ន្ធនឹងការងារជំនាញខ្ញុំអត់ដឹងផង។ បើចង់ច្បាស់ទាល់តែសួរមេៗ»។
ដោយឡែកអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមខឿន មានប្រសាសន៍ថា អាជ្ញាធរខេត្តក្រចេះធ្វើការឃាត់ខ្លួនប្រធាន និងបុគ្គលិករបស់សមាគមតាមសំណើររបស់អាជ្ញាធរខេត្តរតនគិរី ហើយលោកឱ្យខេមបូចាសួរទៅអាជ្ញាធរខេត្តរតនគិរី។
លោក គឹមខឿន ថ្លែងថា៖ «រឿងនេះតាមខ្ញុំដឹងខេត្តក្រចេះគ្រាន់តែឃាត់តាមសំណើរខេត្តរតនគិរី អ៊ីចឹងប្អូនអាចសួរទៅខេត្តរតនគិរីបាន។ គេឃាត់រឿងអី? មូលហេតុអីខ្លះ? ផ្អែកលើអីខ្លះ? អាហ្នឹងសួរទៅខេត្តរតនគិរីទៅ»។
រីឯលោក អឹម ផានី ស្នងការរងនគរបាលខេត្តរតនគិរី ថ្លែងថា លោកមិនបានដឹងអំពីរឿងនេះទេ។
លោក អឹម ផានី ថ្លែងថា៖ «ពីណាប្រាប់បានដឹង? ពីណាថាឃាត់ខ្លួន? ខ្ញុំអត់ដឹងដែរ»។
ខេមបូចា ព្យាយាមទាក់ទងលោក អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរីតាមទូរសព្ទនិងប្រព័ន្ធតេឡេក្រាមរបស់គាត់ ប៉ុន្តែមិនអាចសុំការពន្យល់ពីគាត់បានទេនៅរសៀលថ្ងៃទី១៨ ខែឧសភានេះ៕