លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានណែនាំឲ្យបង្កើតមជ្ឈមណ្ឌលប្រព័ន្ធទិន្នន័យរួមដែលអាចពន្លឿនការចេញប្លង់ដីជូនប្រជាពលរដ្ឋ ដោយថាធ្វើឱ្យនីតិវិធីរៀបចំឯកសារមានភាពងាយស្រួល និងភ្ជាប់រាល់កំណត់ត្រាដីទៅកាន់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋអាចទទួលបានប្លង់ដីលឿនរហ័ស។
អង្គការសង្គមស៊ីវិលក្នុងស្រុក និងអន្តរជាតិ រួមទាំងអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch កន្លងមកធ្លាប់រិះគន់លើភាពគ្មានសុវត្ថិភាពសម្រាប់ម្ចាស់ដី និងបញ្ហាទាក់ទងនឹង «ប្លង់ទន់» និងការចេញប្លង់ដីជាន់គ្នាជាដើម។ ចំណែកធានាគារពិភពលោកក៏បានលើកឡើងពីបញ្ហាចេញប្លង់ដី «ដោយមាននីតិវិធីវែងឆ្ងាយ» ជាមួយនឹងឯកសារស្មុគស្មាញ។
គិតមកដល់ពេលនេះ កម្ពុជាបានចុះបញ្ជីវាស់វែងដីធ្លីបានជិត១៤លានក្បាលដីនៅទូទាំងប្រទេស និងបានចេញបណ្ណជូនប្រជាពលរដ្ឋជាតិ១០លានបណ្ណ។ នេះបើតាមការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋក្នុងខេត្តកណ្ដាល នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។
លោកមានប្រសាសន៍ទៀតថា៖ «យើងនៅបន្តធ្វើតទៅទៀតធ្វើយ៉ាងណាឱ្យការវាស់វែង ការកំណត់ព្រំ ការចុះបញ្ជី និងការចែកបណ្ណជូនប្រជាពលរដ្ឋឱ្យបានចប់សព្វគ្រប់ដែលយើងដាក់ទិសដៅគ្រោងបញ្ចាប់នៅឆ្នាំ២០២៧ខាងមុខនេះ»។
លោកនាយករដ្ឋមន្ត្រីបន្តថា៖ «បច្ចុប្បន្នការគ្រប់គ្រងការចុះបញ្ជីដីធ្លីនៅថ្នាក់ខេត្តមិនទាន់មានប្រព័ន្ធដែលអាចគ្រប់គ្រងបានច្បាស់លាស់ទាក់ទងនឹងលំហូរឯកសារ និងការប្រមូលផ្ដុំឯកសារ»។ លោក ហ៊ុន ម៉ាណែត បានបន្ថែមថា ប្រព័ន្ធនៅដាច់ដោយឡែកពីគ្នារវាងថ្នាក់ក្រសួង និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
លោកនាយករដ្ឋមន្ត្រីក៏បានណែនាំលើចំណុចមួយចំនួនទាក់ទងនឹងកំណែទម្រង់ពន្ធដាដើម្បីពន្លឿនការចេញប្លង់កម្មសិទ្ធិ ដែលកន្លងមកការជាប់គាំងមិនអាចចេញបណ្ណកម្មសិទ្ធិបានគឺដោយសារឯកសារម្ចាស់ដីត្រូវបានដាក់ជាទ្រព្យធានានៅធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ជាមួយគ្នានេះដែរ ក្រសួងដែនដី ក៏បានសហការជាមួយធនាគារជាតិដើម្បីសម្របសម្រួលឲ្យប្រជាពលរដ្ឋទាំងនោះអាចដកឯកសាររបស់ខ្លួនមកវិញបានដោយមិនប៉ះដល់ទ្រព្យធានាសម្រាប់ប្រាក់កម្ចីផងដែរ។
បន្ថែមពីនេះក៏មានការលើកលែងការពិន័យ១០០ភាគរយចំពោះការយឺតយ៉ាវបង់ប្រាក់លើពន្ធប្រថាប់ត្រាដែលនឹងមានប្រសិទ្ធភាពរហូតដល់ចុងឆ្នាំ២០២៧ សម្រាប់រាល់ឯកសារណាដែលជាប់ពាក់ព័ន្ធនឹងការសម្រេចរបស់តុលាការដែលមាននីតិវិធីលើសពីបីខែ។
លោកនាយករដ្ឋមន្ត្រី ក៏បានកត់សម្គាល់ឃើញថា មានដីខ្លះត្រូវបានផ្ទេរពីម្ចាស់មួយទៅម្ចាស់មួយជាច្រើនដងនៅកម្រិតមូលដ្ឋានដោយមិនមានកំណត់ត្រាត្រឹមត្រូវ ដែលនេះធ្វើឲ្យម្ចាស់ដីជាប់ពន្ធនៅគ្រប់ដំណាក់កាលនៃការផ្ទេរនោះ។ សម្រាប់ដីដែលប្ដូរម្ចាស់ច្រើនដងបែបនេះ លោកក៏បានសម្រេចឲ្យម្ចាស់ដីបង់ពន្ធតែមួយដងទៅលើការផ្ទេរកម្មសិទ្ធិចុងក្រោយប៉ុណ្ណោះ ដែលការផ្ទេរទាំងនោះបានធ្វើឡើងចាប់ពីឆ្នាំ២០១៧ ដល់ដំណាច់ខែកក្កដា ឆ្នាំ២០២៦។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ម្ចាស់ដីដែលក្រោយមកបានអភិវឌ្ឍន៍ដីនោះ ក៏នឹងត្រូវអនុញ្ញាតឲ្យបង់ពន្ធប្រថាប់ត្រា និងពន្ធអចលនទ្រព្យលើសំណង់ដែលបានសង់នៅក្នុងឆ្នាំណាមួយជាក់ស្ដែង ដោយអ្នកទាំងនោះមានភ្ជាប់លិខិតអនុញ្ញាតសាងសង់ ឬលិខិតបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច។
រដ្ឋាភិបាលក៏នឹងពិចារណាទម្លាក់តម្លៃវាស់វែងដីធ្លីដែលមានចែងក្នុងសេចក្ដីប្រកាសអន្តរក្រសួងលេខ ១៨៦ ឬកាត់បន្ថយតម្លៃបច្ចុប្បន្នដើម្បីឲ្យប្រជាពលរដ្ឋដែលមិនមានលទ្ធភាពបង់ថ្លៃសេវាខ្ពស់ អាចទទួលបានការចុះបញ្ជី និងទទួលប្លង់កម្មសិទ្ធិ។
លោក ម៉ារ សុផល ប្រធានគ្រប់គ្រងកម្មវិធីនៃវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ហៅកាត់ថា NGO Forum មានប្រសាសន៍ថា ការចេញបណ្ណបានចំនួន១០លាន គឺបានបង្ហាញពីវឌ្ឍនភាពដ៏ធំមួយដើម្បីជួយឲ្យប្រជាពលរដ្ឋជាម្ចាស់ដីមានសុវត្ថិភាពក្នុងការកាន់កាប់ដីរបស់ខ្លួន និងជួយដោះស្រាយបញ្ហាជម្លោះនានា។
លោកសាទរទៅនឹងការសម្រេចរបស់រដ្ឋាភិបាលដែលនឹងត្រូវបញ្ចប់ការចុះបញ្ជីដីធ្លីនៅត្រឹមឆ្នាំ២០២៧ និងការដាក់ចេញនូវកំណែទម្រង់វិជ្ជមានលើពន្ធចុះបញ្ជីដីធ្លី។
លោកឲ្យដឹងថា៖ «វិធានការនេះជួយកាត់បន្ថយបន្ទុកផ្នែកហិរញ្ញវត្ថុលើសាធារណជនទូទៅ និងគ្រួសារកសិករតូចតាច រួមទាំងជួយលើកទឹកចិត្តដល់ការផ្ទេរកម្មសិទ្ធដីធ្លីដោយស្របច្បាប់ និងមានតម្លាភាពបានកាន់តែច្រើន»។
យ៉ាងណាលោកថា ទោះបីជាមានការពន្លឿនការចុះបញ្ជីដីធ្លីក៏ពិតមែន បញ្ហាជម្លោះដីធ្លីរ៉ាំរ៉ៃដោយសារដីខ្លះមិនទាន់បានចុះបញ្ជី ហើយដីទាំងនោះភាគច្រើនជាតំបន់ត្រួតស៊ីគ្នារវាម្ចាស់ស្រុក និងតំបន់គម្របព្រៃ និងតំបន់ការពារ ឬជាមួយតំបន់ដីសម្បទានជាដើម។
លោកបន្ថែមថា៖ «យន្តការដោះស្រាយជម្លោះប្រឈមការជាប់គាំង រួមមានយន្តការដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការដែលនៅតែប្រឈមនឹងការកង្វះធនធាន នីតិវិធីវែងឆ្ងាយ ឬការអនុវត្តច្បាប់មិនស៊ីចង្វាក់គ្នារបស់អ្នកអនុវត្តច្បាប់នៅតាមមូលដ្ឋាន»។
លោក សុផល បានឱ្យដឹងទៀតថា ក្រុមជនងាយរងគ្រោះដែលរងផលប៉ះពាល់ដោយផ្នែកណាមួយនោះ កំពុងប្រឈមនឹងបញ្ហាជាច្រើន ដូចជា«ការចុះបញ្ជីដីជាសមូហភាព» ដែលពាក់ព័ន្ធនឹងឯកសារស្មុគស្មាញ និងចាយពេលច្រើនលើនីតិវិធីឆ្លងក្រសួងជាច្រើន។ បន្ថែមពីនេះកង្វះឯកសារផ្លូវការ ឬការប្រឈមនឹងការចោទ«ការកាន់កាប់ដីរដ្ឋដោយខុសច្បាប់» ពេលដែលតំបន់ទាំងនោះត្រូវរដ្ឋាភិបាលផ្ដល់ជាដីសម្បទានសេដ្ឋកិច្ចជាដើម។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាកន្លងមកបានលើកឡើងថា រដ្ឋាភិបាលបានបរាជ័យក្នុងការសម្រេចគោលដៅរបស់ខ្លួននៅឆ្នាំ២០១៧ ក្នុងការកំណត់ចេញបណ្ណកម្មសិទ្ធិលើដីសមូហភាពទៅឲ្យក្រុមជនជាតិដើមភាពតិចចំនួន១០សហគមន៍ក្នុងមួយឆ្នាំ។ បើតាមមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា គិតពីឆ្នាំ២០១១ ដល់ឆ្នាំ២០២៤ មានសហគមន៍ជនជាតិដើមភាគតិចតែ៤៣ ក្នុងចំណោម៤៥៨ ដែលបានទទួលប្លង់កម្មសិទ្ធិដីរបស់សហគមន៍៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Central Land Database Linked to Tax System Set Up to Address Delay in Land Title Issuance









