សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សាលាដំបូងខេត្តរតនគិរីនឹងប្រកាស​សាលក្រម​សំណុំរឿងលោក ថេង សាវឿន នៅសប្តាហ៍ក្រោយ

លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា កំពុងឈរមុខសាលាដំបូងខេត្ដរតនគិរី មុនចូលសវនាការ កាលពីថ្ងៃ៨ ខែមករា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា កំពុងឈរមុខសាលាដំបូងខេត្ដរតនគិរី មុនចូលសវនាការ កាលពីថ្ងៃ៨ ខែមករា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

សាលាដំបូងខេត្តរតនគិរី នឹងប្រកាសសាលក្រមនៅថ្ងៃទី១៥ ខែមករា លើសំណុំរឿង លោក ថេង​ សាវឿន ប្រធានសមាគម​សម្ព័ន្ធ​សហគមន៍កសិករកម្ពុជា និងសហការី២នាក់​ពី​បទ​«រួម​គំនិតក្បត់ និងញុះញង់» ​ក្រោយការជំនុំជម្រះចប់នៅល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ យោង​អ្នកនាំពាក្យតុលាការ។

លោក ថេង សាវឿន និងសហការី២នាក់ទៀត គឺលោក ថាន់ ហាច មន្ត្រីសម្របសម្រួល​សហគមន៍ និងលោក ញ៉ិល ភាព មន្ត្រីជាន់ខ្ពស់នៃសមាគម ត្រូវបានចោទប្រកាន់ពីបទ«រួម​គំនិត​​ក្បត់ និងញុះញង់» ដោយ​យោងតាម​បញ្ញត្តិមាត្រា៤៥៣ និង៤៩៥ នៃក្រម​ព្រហ្មទណ្ឌ​។

ពួកគេត្រូវបានឃាត់ខ្លួនកាលពីពាក់កណ្តាលខែឧសភា ឆ្នាំ​២០២៣ បន្ទាប់ពីលោក និងក្រុម​ការងារ​លោកបានបញ្ចប់វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព​បុគ្គលិកសមាគមដែលរៀបចំ​ឡើង​នៅខេត្តរតនគិរី ជាទីដែលអាជ្ញាធរមូលដ្ឋាននៅទីនោះ  សង្ស័យ​​ថា សមាគមលោក ថេង សាវឿន បានលួចប្រជុំស្កាត់ៗក្នុងសណ្ឋាគារមួយក្នុង​ក្រុងបានលុង ហើយមានផែនការធ្វើ​បដិវត្តន៍​​កសិករ។

លោក កែវ ភក្ដី ព្រះរាជអាជ្ញារង និងអ្នកនាំពាក្យសាលាដំបូងខេត្ដរតនគីរី បានថ្លែងនៅព្រឹកថ្ងៃ​ទី៩ ខែមករានេះថា តុលាការនឹងប្រកាស​សាលក្រមថា លោក ថេង សាវឿន និងសហការី​២​នាក់ គឺលោក ញ៉ិល ភាព និងលោក ថាន់ ហាច នៅថ្ងៃទី១៥ ខែមករា ខាងមុខនេះ ថាគួរមាន​ទោស ឬយ៉ាងណា។ លោកបន្ដថា ការសម្រេចបែបណានោះ វាជាការសម្រេចរបស់តុលាការ​។

លោកបន្ដថា៖ «បាទបង តុលាការគេនឹងប្រកាសសាលក្រមនៅទី១៥នេះបង ថាគាត់មាន​ទោស ឬយ៉ាងណាបង។ វាគឺជាឆន្ទានុសិទ្ធិរបស់ចៅក្រម»

ជុំវិញរឿងនេះដែរ​ លោក ថេង សាវឿន ប្រធានសមាគម​សម្ព័ន្ធ​សហគមន៍កសិករកម្ពុជា បាន ថ្លែងប្រាប់ ខេមបូចា ភ្លាមៗក្រោយពីលោកចេញពីតុលាការថា ​ក្រោយពីតុលាការសួរ​រូបលោក​អស់ជារយៈពេលជិត២ម៉ោង លោកថា លោកហាក់មានសង្ឃឹមលើការសម្រេចរបស់តុលាការ​នៅថ្ងៃខាងមុខអាចនឹងទម្លាក់បទចោទប្រកាន់ផ្សេងៗលើរូបលោក និងសហការី២នាក់ផ្សេង​ទៀត។

លោកបន្ដថា៖ «ខ្ញុំទើបចេញមុនហ្នឹង​ ហើយខ្ញុំសង្ឃឹមថាការប្រកាសសាលក្រមថ្ងៃទី១៥​ខាង​មុខ​​​នឹងទម្លាក់បទចោទទាំងអស់លើពួកខ្ញុំ»

លោក សាវឿន បន្ថែមថា តែទោះជា​យ៉ាងណា តំណាង​អយ្យការ​ក៏បានស្នើសុំអង្គជំនុំជម្រះ​ឱ្យ​ពិចារណា​ផងដែរទៅ​លើ​ទោស និងស្នើឱ្យចៅក្រមជំនុំជម្រះបន្ធូរបន្ថយទោសសម្រាប់​ពួកគាត់​ទាំងបីផង​ដែរ ដោយតំណាង​អយ្យការ​មើលឃើញថា ពួកគាត់ទាំងបី កំឡុងពេលដាក់ឱ្យ​នៅ​ក្រៅ​​ឃុំ និងស្ថិតក្រោមការត្រួត​ពិនិត្យ​​របស់ព្រះរាជអាជ្ញា ពួកគាត់បានអនុវត្តតាមវិធាន និង​គោលការណ៍​របស់អយ្យការ​បាន​យ៉ាង​ល្អប្រសើរហាក់មិនមានបញ្ហាណាមួយគួរឱ្យ​កត់សម្គាល់​នោះឡើយ។

ចំណែកអ្នកស្រី សាម សុគន្ធា មេធាវីការពារក្ដីឱ្យជនជាប់ចោទទាំងបីនាក់ បានថ្លែងថា ក្រោយ​ពី​​បញ្ចប់​សវនាការ​នៅល្ងាចថ្ងៃចន្ទដោយអ្នកស្រីថា ករណីកូនក្ដីរបស់អ្នកស្រីហាក់​មានភាព​ល្អ​ប្រសើរ​ច្រើន​។ អ្នកស្រីបន្ដថា ក្នុងនាមជាមេធាវីសង្ឃឹមថា ការប្រកាសសាលក្រមថ្ងៃ​ទី១៥​ខាង​មុខ​នៅឱ្យកូនក្ដីមានសេរីភាពឡើងវិញ ដោយទម្លាក់បទចោទទាំងអស់។

អ្នកស្រីមេធាវីបន្ដថា៖ «បានបញ្ចប់មុននេះបន្ដិច ខ្ញុំមិននិយាយបន្ថែមទេ គេនឹង​ប្រកាសសាល​ក្រមថ្ងៃ១៥ខាងមុននេះ។ ខ្ញុំសង្ឃឹមថាតុលាការ​នឹងទម្លាក់បទចោទ​ទាំងអស់​លើកូនក្ដីខ្ញុំ»

ពលរដ្ឋជាច្រើននាក់បាននាំគ្នាផ្ទុះការតវ៉ាក្បែរក្រសួងមហាផ្ទៃដើម្បី​ឱ្យ​តុលាការ​ខេត្ដរតនគិរី​​ដោះលែងលោក ថេង សាវឿន  និងសហការី២រូបទៀត កាលពីថ្ងៃទី១៩​ខែឧសភា ឆ្នាំ២០២៣។ (រូបភាពផ្ដល់ឱ្យ)

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍​កសិករ​កម្ពុជា រួមទាំងក្រុមការងារសមាគមចំនួន១៦រូបទៀត ត្រូវបានសមត្ថកិច្ចនគរបាល​ខេត្ត​ក្រចេះ​ឃាត់ខ្លួន តាមការស្នើឱ្យឃាត់ខ្លួនពីខាងស្នងការនគរ​បាលខេត្តរតនគីរី។

យ៉ាងណាមិញ ការឃាត់ខ្លួននេះត្រូវបានអភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន បញ្ជាក់​ថា ដោយសារតែក្រុមលោក ថេង សាវឿន ចុះធ្វើសកម្មភាពការងារមានភាពមិនប្រក្រតី​ដែល​គួរ​​ឱ្យសង្ស័យនៅខេត្តរតនគិរី ហើយ១៤រូបត្រូវបានដោះលែង ប៉ុន្ដែ៣រូបត្រូវបាន​បញ្ជូន​ទៅ​សាលាដំបូងខេត្ដរតនគីរី រួមមាន លោក ថេង​ សាវឿន លោក ញ៉ិល ភាព និងលោក ថាន់ ហាច ។

កាល​​ពីថ្ងៃ​ទី​ ២២ ខែឧសភា លោក ថេ​ង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​​កម្ពុជា​​(CCFC) និង​សហការី​២​នាក់​ទៀត​ ត្រូវបាន​តុលាការខេត្ត​រតនគិរី សម្រេច​ឱ្យ​នាំយកទៅ​ឃុំខ្លួន​​ក្នុង​ពន្ធ​នា​គារ​ខេត្ត​ជា​បណ្ដោះ​អាសន្ន ដោយ​ចោទ​​ប្រកាន់​ក្នុង​ម្នាក់ៗ២បទល្មើស​។​

សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា មានវគ្គសិក្ខាសាលាបណ្តុះបណ្តាលបុគ្គលិក​ពីថ្ងៃ​ទី១៤​​ដល់​ថ្ងៃទី១៧ ខែឧសភា នៅក្នុងខេត្តរតនគិរីមានអ្នកចូលរួម៣៩នាក់។ កម្មវិធីនេះ​បាន​បញ្ចប់ និង​ធ្វើ​ដំណើរ​វិលត្រលប់ទៅភ្នំពេញវិញ ក៏ត្រូវសមត្ថកិច្ចខេត្តក្រចេះ​ឃាត់រថយន្តក្រុង​ជិះរួមគ្នានេះ​នៅថ្ងៃទី១៧ ខែដដែល តាមសំណើរបស់សមត្ថកិច្ចខេត្តរតនគិរី។

តុលាការខេត្តរតនគិរីបានសម្រេចដោះលែង លោក  ថេង សាវឿន  និងសហការី របស់លោក ២នាក់  ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន។ ក្រោយត្រូវបានដោះលែងនៅលើហ្វេសប៊ុករបស់ លោក ថេង សាវឿន មានការបង្ហោះសារថា«ការវិលត្រឡប់ទាំងដោយទំនួលខុសត្រូវ និង​កាតព្វកិច្ច​បន្ថែម»

ការដោះលែងនេះធ្វើឡើងបន្ទាប់ពីប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC)  លោក  ថេង សាវឿន បានចេញសារជាលិខិត និងវីដេអូដ៏គួរឱ្យភ្ញាក់ផ្អើលប្រកាសទទួលស្គាល់ កំហុសក្នុងសំណុំរឿងចោទប្រកាន់ «បដិវត្តន៍កសិករ»

បើតាមលោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការ លីកាដូ បានថ្លែងថា បើមើលជាក់​ស្ដែង​សកម្មភាពរបស់សមាគមលោក ថេង សាវឿន វាមិនមានបទល្មើសទេ ព្រោះជាសិទ្ធិ​ទទួល​បាននូវចំណេះ។ លោកថា ការចោទប្រកាន់របស់តុលាការខេត្ដរតនគីរី​ជារឿងមិន​ត្រឹម​ត្រូវ និងគ្មានអង្គហេតុច្បាស់លាស់ដើម្បីដាក់បន្ទុក។

លោកបន្ដថា តុលាការគួរទម្លាក់បទចោទ​ទាំងអស់លើអង្គការសង្គមស៊ីវិល និងឈប់ប្រើ​រូបភាព​គំរាមកំហែង បំផិតបំភ័យ ជាពិសេសេ​ការយកប្រព័ន្ធតុលាការក្នុងការដាក់បន្ទុកដើម្បី​ឱ្យសង្គមស៊ីវិលផ្អាកសកម្មភាពរបស់ខ្លួន។

លោក សំអាត លើកឡើងថា៖ «ខ្ញុំគិតថាគួរដល់ពេលឈប់យកប្រព័ន្ធតុលាការ​ដើម្បី​គំរាម​កំហែង និងធ្វើទុក្ខបុកម្នេញលើអង្គការសង្គមស៊ីវិលទៀតហើយ។ សង្ឃឹមថាតុលាការនឹង​ទម្លាក់បទចោទទាំងអស់លើCCFC[សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា]»

782 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម