សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

សំណើសុំនៅក្រៅឃុំរបស់សកម្មជនប្រឆាំងគម្រោងCLV-DTA ត្រូវបានបដិសេធ ខណៈតុលាការចាប់ផ្តើមជំនុំជម្រះរឿងក្តីពួកគេដាច់ដោយ​ឡែកពីគ្នា

សកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលជាប់ឃុំ លោក ស្រ៊ុន ស្រ៊ន ថតរូបនៅមុខទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ។ (រូបថតពីហ្វេសប៊ុករបស់លោក ស្រ៊ុន)
សកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលជាប់ឃុំ លោក ស្រ៊ុន ស្រ៊ន ថតរូបនៅមុខទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ។ (រូបថតពីហ្វេសប៊ុករបស់លោក ស្រ៊ុន)

ថ្ងៃទីមួយនៃការជំនុំជម្រះក្តីតាមវេនជាក្រុមលើសំណុំរឿងដែលត្រូវបានបំបែកដាច់ដោយឡែកពីគ្នាសម្រាប់សកម្មជនជិត៤០នាក់ដែលត្រូវបានឃុំខ្លួនមុនការជំនុំជម្រះជាងមួយឆ្នាំ ពីបទញុះញង់ទាក់ទងនឹងការតវ៉ាប្រឆាំងនឹងកិច្ចព្រមព្រៀងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) បានចាប់ផ្តើមនៅថ្ងៃពុធ។

លោក ស្រ៊ុន ស្រ៊ន ជនជាប់ចោទទីមួយ ត្រូវបានចាប់ខ្លួននៅខែកក្កដាឆ្នាំមុន បន្ទាប់ពីបង្ហោះវីដេអូរិះគន់កិច្ចព្រមព្រៀង CLV-DTA ដែលក្រោយមករដ្ឋាភិបាលបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ។ ត្រូវបានបដិសេធការនៅក្រៅឃុំជាលើកទីពីរ លោក ស្រ៊ន បាននិយាយទាញហេតុផលពីករណីរបស់ខ្លួនជាងបីម៉ោងនៅសាលាដំបូងរាជធានីភ្នំពេញ។

ជនជាប់ចោទ​បី​នាក់​ផ្សេង​ទៀត​ដែល​ប្រឈម​មុខ​នឹង​បទ​ចោទ​ញុះញង់​ដូច​គ្នា​គឺ ភឹង សោភា, លោក សាន សិទ្ធ និង ចក់ បានមុន្នី ស្ថិត​ក្នុង​ក្រុម​ទី​មួយ​ដែល​ត្រូវ​កាត់ក្តី​ជាមួយ​នឹង​លោក ស្រ៊ុន ស្រ៊ន។ ពួក​គេ​ជា​ក្រុមដំបូងដែលត្រូវបានចែកជា​ប្រាំក្រុម​សម្រាប់​សវនាការក្នុង​ចំណោម​សកម្មជន​ចំនួន៣៧​នាក់ដែល​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​អាជ្ញាធរ​បង្ក្រាប​ការ​តវ៉ា​កាល​ពី​ឆ្នាំ​មុន។

អង្គការ​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា ការ​ចាប់​ខ្លួន​នេះ ដែល​ដំបូង​ឡើយ​បាន​ធ្វើ​ឡើង​ទៅ​លើ​មនុស្ស​ជិត ១០០​នាក់ រួម​ទាំង​កុមារ​ផង​នោះ គឺ​ជា​ការ​ចាប់​ខ្លួន​ដោយ​បំពាន និង​ខុស​ច្បាប់ ហើយ​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ទាំងប្រឆាំងពួកគេ។

ជនជាប់ចោទ​ភាគ​ច្រើន​ប្រឈម​មុខ​នឹង​បទ​​ញុះញង់​ដែលតែងតែត្រូវរិះគន់ថា ប្រើជាញឹកញាប់ដើម្បីគំរាមកំហែងអ្នករិះគន់ អ្នកមានមតិផ្ទុយ អ្នកសារព័ត៌មាន និងសកម្មជន។

ចៅក្រម​ជំនុំ​ជម្រះ​ក៏​បាន​បដិសេធ​សំណើរសុំ​នៅ​ក្រៅ​ឃុំ​របស់ជនជាប់ចោទ ១១​នាក់​ផ្សេង​ទៀត​ដោយ​មិនបានបញ្ជាក់មូលហេតុឡើយ។​

មេធាវី​ការពារ​ក្ដី​ឱ្យជនជាប់ចោទ លោក សឺន ជុំ​ជួន បាន​សម្តែង​ការ​ខក​ចិត្ត​ និង​បាន​និយាយ​ថាកូនក្តីរបស់លោក​ជា​ច្រើន​គ្រោង​នឹង​ប្តឹង​ឧទ្ធរណ៍ ដែល​នេះជាការតវ៉ា​លើក​ទី​ពីរ​សម្រាប់ពួកគេ​ភាគ​ច្រើន។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក សេង សុវឌ្ឍនា បានសម្តែងក្តីបារម្ភចំពោះវិធីសាស្ត្រជំនុំជម្រះជាក្រុមតាមវេន ដែលករណីចំនួនប្រាំត្រូវបានជំនុំជម្រះរួមគ្នាក្នុងពេលតែមួយ ជាជាងជំនុំជម្រះជាលក្ខណៈបុគ្គល។

លោក​ក៏​បាន​រិះគន់​ចំពោះ​ការ​បដិសេធ​សំណើរសុំ​នៅ​ក្រៅ​ឃុំ​ជា​បន្ត​បន្ទាប់ ដោយ​ហៅ​វា​ថា​ជា​ការ​ព្រួយ​បារម្ភ​ជា​ពិសេស ដោយសារ​សវនាការ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​អូស​បន្លាយ​ពេល​យូរ​។

លោក សុវឌ្ឍនា បាន​សង្កត់​ធ្ងន់​ថា យោង​តាម​ច្បាប់​ជាតិ ជនជាប់ចោទ​ដែល​ប្រឈម​មុខ​នឹង​បទ​មជ្ឈិម មិន​អាច​ត្រូវ​បាន​ឃុំ​ខ្លួន​មុន​ការ​កាត់​ទោស​លើស​ពី​ប្រាំមួយ​ខែ​ទេ។ សកម្មជន​ដែល​ជាប់​ឃុំ​ទាំង ៣៧​នាក់ បាន​ចំណាយ​ពេល​យ៉ាង​តិច​ពាក់​កណ្តាល​នៃ​ទោស​អតិបរមា​សម្រាប់​ការ​ផ្តន្ទាទោស​ពី​បទ​ញុះញង់​នៅ​ក្នុង​ពន្ធនាគារ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Bail Denied as Staggered Trial Begins for Activists Jailed Over Blocked CLV-DTA Protest

ព័ត៌មានថ្មី

អត្ថបទពេញនិយម