សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

សកម្មជ​នកិច្ចព្រម​ព្រៀងសន្ដិភាពទីក្រុងប៉ារីស បួននាក់ត្រូវបានចាប់ខ្លួន​ទាក់ទងនឹងការ​ពិភាក្សា​ពី​តំបន់អភិវឌ្ឍន៍ត្រីកោណ

រូបថតលោក ស៊្រុន ស្រ៊ន កំពុងឈរនៅខាងមុខស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ។ (រូបថត៖ ហ្វេសប៊ុកលោក ស្រ៊ុន ស្រ៊ន)
រូបថតលោក ស៊្រុន ស្រ៊ន កំពុងឈរនៅខាងមុខស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ។ (រូបថត៖ ហ្វេសប៊ុកលោក ស្រ៊ុន ស្រ៊ន)

សកម្មជន​កិច្ចព្រម​ព្រៀង​ទីក្រុង​ប៉ារីស លោក​​ ស្រ៊ុន ស្រ៊ន និង​ក្រុម​ការងារ​បី​រូប​ផ្សេង​ទៀត​ត្រូវបាន​សមត្ថកិច្ច​ខេត្តសៀមរាបចាប់​ខ្លួន​​កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ២០២៤ បន្ទាប់​ពី​បាន​បង្ហោះ​វីដេអូ​ពិភាក្សា​ពី​កិច្ច​សហការ​រវាង​កម្ពុជា ឡាវ និង​វៀតណាម​លើ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV)។  អតីត​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រ​ធាន​ព្រឹទ្ធសភា​បច្ចុប្បន្ន​លោក ហ៊ុន សែន​  នៅ​រសៀល​ថ្ងៃទី២៣ ខែ​កក្កដា ក៏​បានចេញបកស្រាយ​ផ្ទាល់លើបណ្តាយហេ្វបុករបស់លោកចំពោះ​ «ការចោទ​ប្រកាន់» របស់​សកម្មជន​ទាំង​នេះ​ផង​ដែរ​។​

អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ លោក ឆាយ គឹមឃឿន បាន​បញ្ជាក់​ថា​មនុស្ស​បួន​នាក់​ត្រូវ​ចាប់​ខ្លួន រួម​មាន​លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា លោក សាន សិទ្ធិ និង​លោក ចក់ បាន​មុនី​។ ​អ្នក​ទាំង​បួន​ត្រូវ​បញ្ជូនមក​​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​បន្ត​។​

លោក​បានប្រាប់ខេមបូចា​​ថា​អ្នក​ទាំង​បួន​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរក្នុងសង្គម ដែល​ប្រព្រឹត្ត​នៅ​ខេត្ត​សៀម​រាប កាល​ពី​ថ្ងៃចន្ទ​ កន្លង​ទៅ​។​

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន​ សែន បានធ្វើការបកស្រាយផ្ទាល់នៅហ្វេសប៊ុករបស់លោក និង បានបញ្ជាក់​ពី​ការ​ចា​ប់​ខ្លួន​សម្មជន​ទាំង​បួន​រូប ដោយ​លោក​បាន​ហៅ​ថា «មួលបង្កាច់សភាពការ» និង​បាន​ចោ​ទ​ប្រកាន់​ថ្នាក់​ដឹក​នាំ​កម្ពុជា​ថា​បាន​កាត់​ដែនដី​នៃ​​ខេត្ត​ភាគខាង​ជើង​ទៅ​ឲ្យ​ប្រទេស​វៀត​ណាម​។​

ការ​បញ្ជាក់​របស់​ប្រធាន​ព្រឹទ្ធសភា​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេ​សប៊ុក​មួយ​ចំនួន រួម​​ក្រុម​មាន​និន្នាការ​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​កម្ពុជា​ថា​បាន​កាត់​ខេត្ត​ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និង​ក្រចេះ​ទៅ​ឲ្យ​វៀត​ណាម ដែល​ជា​ផ្នែក​មួយ​នៃតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ វៀតណាម។​

លោកមាន​ប្រសាសន៍​ថា៖ «​នៅ​ទី​នេះ​គ្មាន​កិច្ច​ព្រម​ព្រៀង​ណា​ដែលទាក់ទិនជាមួយនិងការបញ្ចូល​ដែនដី​ជា​មូយ​គ្នា​នោះ​ទេ ក្រៅ​តែពីបញ្ហាសេដ្ឋកិច្ចសង្គម សន្តិសុខការពារជាតិ ដែល​ភាគី​នីមួយៗ​ត្រូវ​គ្រប់គ្រង​ដែន​ដី​របស់ខ្លួន​ និង​ការ​អភិវឌ្ឍ​ក្នុង​ដែន​ដី​របស់​ខ្លួន​​ដោយ​មាន​ការ​រួម​ចំណែកតភ្ជាប់​ជាមួយ​គ្នា បំពេញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក»។​

លោក​បន្ថែម​ថា៖ «ខ្ញុំ​សូម​ប្រកាស​ថា​យើង​បាន​ចាប់​ខ្លួន​មនុស្ស​បី​នាក់​រួច​ហើយ»។ លោក​បញ្ជាក់ថាការ​ចាប់​ខ្លួន​លោក ស្រ៊ុន ស្រ៊ន និង​អ្នក​ផ្សេង​ទៀត​​ដោយសារ​តែ​អ្នក​ទាំង​នោះមួលបង្កាច់​សភាពការណ៍​។​

លោក​មាន​ប្រសាសន៍ទៀតថា៖ «វាមិន​អាច​អត់​ឱន​ឲ្យ​បាន​ទេ​សម្រាប់​ជនទាំង​ឡាយ​ណា​ដែល​បាន​មួល​បង្កាច់​សភាព​ការណ៍​នេះ ដែល​បាន​ចោទ​មេដឹកនាំ​កម្ពុជា ជា​ពិសេស​រូប​ខ្ញុំ និង​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា​ជា​ជន​ក្បត់​ជាតិ​​ទាក់ទិន​នឹង​ការ​កាត់ដីបួន​ខេត្ត​ទៅ​ឲ្យ​វៀតណាម»។​

លោក​បន្ត​ថា៖ «ការ​ចោទ​ប្រកាន់​នេះ​ជា​ការ​ប្រមាថ និង​មិន​អាច​លើក​លែង​បាន​ទេ។ ខ្ញុំ​ស្នើ​ដល់​តុលាការ បើ​សិន​ជា​មាន​ការ​កាត់​ទោស សូម​ដាក់​ទោស​កម្រិត​អតិបរមា។ ហើយ​ក្រ​សួង​យុត្តិ​ធម៌​ និង​ពន្ធនាគារ​សូមកុំ​ដាក់​មនុស្ស​ទាំង​នោះ​ទៅ​ក្នុង​បញ្ជី​ដែលមិនត្រូវបានការបន្ធូរ​បន្ថយ​ទោស ឬលើកលែង​ទោស គឺ​ឲ្យ​ជាប់គុក​រហូត​ដល់​ផុត​កំណត់»។​

ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ថ្លែង​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​បញ្ជាក់​ពី​បញ្ហាជុំ​វិញ​តំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ វៀតណាម ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៤។ (រូបភាព៖ ហ្វេស​ប៊ុក លោក ហ៊ុន សែន)

លោក​ក៏​បាន​បញ្ជា​ទៅ​កាន់​ក្រ​សួង​ពាណិជ្ជកម្ម​ឲ្យ​រៀបចំ​ឯកសារ​ទាក់ទង​នឹង​កិច្ច​ព្រម​ព្រៀង​កម្ពុជា ឡាវ និងវៀតណាម ដាក់​ទៅ​តុលាការ​ប្រឆាំង​នឹង​សកម្មជន​ទាំង​បួន​រូប​នោះ​ផង​ដែរ។​

កាលពី​ខែ​មីនា ឆ្នាំ២០២៤ រដ្ឋមន្ត្រី​ក្រ​សួង​ពាណិជ្ជកម្ម លោកស្រី​ ចម និមល និង​​ប្រធាន​តំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ វៀតណាម បាន​ចូល​រួម​ក្នុង​ពិធី​ចុះហត្ថលេខាលើ​កំណត់​ហេតុទី​១៣​ របស់​គណៈកម្មការ​សម្រប​សម្រួល​រួម​កម្ពុជា ឡាវ វៀតណាម​​ ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ឡាវ​។ កំណត់​ហេតុ​គឺ​ជាឯកសារ​បឋម​ដែល​មាន​គោលបំណង​បន្ត​ជំរុញ​ការ​អភិវឌ្ឍសង្គមសេដ្ឋកិច្ច កិច្ចសហការ​ផ្នែក​សេដ្ឋកិច្ច និង​រក្សា​ចំណង​មិត្ត​ភាព​ជិតស្និទ្ធ​សម្រាប់​រដ្ឋាភិបាល​ទាំង​បី​ប្រទេស​។​

លោក ហ៊ុន សែន ពន្យល់​ថា​កិច្ច​ព្រម​ព្រៀង​ចំនួន​ប្រាំ​បាន​ចុះ​ហត្ថលេខា​រួច​ហើយ ក្នុង​នោះ​រួម​មាន​អនុស្សរណៈនៃការយោគយល់​គ្នា​​ដែល​ផ្ដោត​សំខាន់​លើ​ការ​ជំរុញលើក​កម្ពស់ការ​អភិវឌ្ឍផ្នែក​ពាណិជ្ជកម្មក្នុង​តំបន់​ត្រីកោណ ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម ទំនិញ សេវា និង​ការ​ដឹកជញ្ជូន​ផ្លូវ​គោក​តាម​បណ្ដោយ​ព្រំ​ដែន​កម្ពុជា វៀត​ណាម​។​ ដូច​គ្នា​ដែរ ក៏​មាន​​​​អនុស្សរណៈនៃការយោគយល់​គ្នាអំពី​សេវា​ដឹក​ជញ្ជូន​ផ្លូវ​គោក​ជា​មួយ​កម្ពុជា ឡាវ និង​វៀត​ណាម និង​​អនុស្សរណៈនៃការយោគយល់​គ្នា​ផ្សេង​ទៀត​ដែល​ចុះ​ហត្ថលេខា​ទៅតាមស្ថាប័ន​​ផ្សេងៗចំនួនទៀត​។​

លោក​មាន​ប្រសាសន៍​ថា​កិច្ច​ព្រម​ព្រៀង​កម្ពុជា ឡាវ វៀត​ណាម គឺ​ខុស​គ្នាពី​កិច្ចព្រម​ព្រៀង​ដែល​ចុះ​ហេត្ថលេខា​ដោយ «ជនក្បត់ជាតិ» សម រង្ស៊ី ដោយថា​បានកាត់​ដី​ខេត្ត​ភាគខាង​ជើងទៅ​ឲ្យ​ កុក ស មូលនិធិម៉ុងតាញ៉ា​មាន​មូដ្ឋាន​នៅ​សហរដ្ឋអាមេរិក​។​ កិច្ច​ព្រម​ព្រៀង​នេះ​ក៏​នបាន​​ដាក់​បញ្ចូល​នូវ​មាត្រា​នៃ​សេចក្ដី​ប្រកាស​របស់​អង្គការ​សហប្រជា​ជាតិ​ស្ដី​ពី​សិទ្ធិ​របស់​ជន​ជាតិ​ដើម​ភាគតិច ឬ​ជនជាតិ​ភាគតិចទាក់ទង​នឹង​សិទ្ធិ​ស្វ័យ​សម្រេច​ផង​ដែរ។​

លោក ហ៊ុន សែន គូសបញ្ជាក់​ថា កម្ពុជា​មិន​មាន​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា និង​មេដឹកនាំ​ឈ្មោះ​កុក ស ​ទេ។ លោក​បាន​បន្ថែម​ថា ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា​បាន​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ដទៃ​ទៀត​របស់​កម្ពុជា។

លោក​អះអាង​ថា៖ «​ខ្ញុំ​សូម​ជម្រាបអស់ លោកអ្នកឱ្យបានជ្រាប ថ្វី​បើ​មាន​ការ​ផ្លាស់​ប្ដូរ​នាយក​រដ្ឋ​មន្ត្រី និង​អំណាច​នៅ​ក្នុង​ដៃ​នាយក​រដ្ឋមន្ត្រី ក៏ប៉ុន្តែ ​ហ៊ុន​ សែន នៅ​មិនទាន់អស់អំណាចនៅទ្បើយទេ ក្នុងឋានៈជាប្រធានគណ​បក្ស​កាន់​អំណាច និង​ក្នុងឋានៈជា​ប្រធាន​ព្រឹទ្ធសភា​»។​

លោក​បន្តថា៖ «ទោះ​ខ្ញុំ​មិន​មាន​សិទ្ធិចេញបញ្ជា ប៉ុន្តែ​យើង​នៅ​តែមានឥទ្ធិពល​ជាមួយកិច្ចការទាំងទ្បាយនៅក្នុងប្រទេស និងក្រៅប្រទេស។ ខ្ញុំ​មិនទាន់ចេញផុត​ពី​នយោ​បាយ​ទេ […] ដរាបណា​ខ្ញុំ​នៅមានជីវិត អំពើបះបោ​ណា​មួយ​​មិនត្រូវ​ឲ្យ​កើត​មាន​នៅ​កម្ពុជា​ជា​ដាច់​ខាត អ្នក​ចាំមើលទៅ»។​

អ្នកនាំពាក្យ​ក្រ​សួង​មហាផ្ទៃលោក ទូច សុឃៈ ប្រាប់ខេមបូចាថា សកម្មជន​ទាំងនោះ​ត្រូវ​បាន​ចាប់​ខ្លួន​ទាក់ទង​នឹង​ការ​បង្ហោះ​ការ​ផ្សាយ​ផ្ទាល់ និង​វិភាគ​បញ្ហា​តំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ វៀតណាម និង​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ថា​បាន​កាត់​ដី​បួន​ខេត្ត​ទៅ​ឲ្យ​ប្រទេស​ដទៃ ដែល​នាំ​ឲ្យ​មាន​ភាព​វឹក​វរក្នុង​សង្គម និង​រើសអើង​។​

វា​គឺ​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ​ពេល​ដែល​ពួក​គេ​និយាយ និង​វិភាគ​ «អ្វី​ដែល​មិនមានជា​ការ​ពិត» និង​ «ខុសពី​គោលការ​ច្បាប់»។ វា​ជា​ការ​ញុះញង់​ និងបង្កឲ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម។

លោក​ថា​ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​តាម​បញ្ជា​របស់​ព្រះរាជអាជ្ញាខេត្ត​សៀម​រាប​។​

លោក​បន្ត​ថា៖ «​អ្វី​ដែល​ពួកគេ​ធ្វើ​មិន​មែន​ជា​ការ​បញ្ចេញ​មតិ​ទេ ប៉ុន្តែ​វា​ជា​បន្ទាត់​ក្រហម​ដែល​ចាត់ទុក​ថា​ជាបទ​ល្មើស​ព្រហ្ម​ទណ្ឌ និង​អាច​​ធ្វើ​ឲ្យ​មាន​បញ្ហា​ធំ​ទាក់ទង​នឹង​អធិបតេយ្យភាព​ទឹក​ដី ដែល​អាច​នាំ​ឲ្យ​មាន​ចលាចល»។​

រូប​ថត​ Screenshot របស់​លោក ស៊្រុន ស្រ៊ន និង​សហការី​ក្នុង​វីដេអូ​ផ្សាយ​ផ្ទាល់​និយាយ​ពី​តំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ វៀតណាម ដែល​ក្រោយ​មក​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន។​

ភរិយាលោក សាន សិទ្ធិ  គឺ​អ្នក​ស្រី ស្វាយ ពៅ ប្រាប់​ខេមបូចា​ ថា​លោក​ស្រី​មិនបាន​នៅ​ផ្ទះ​ទេ​ពេល​ស្វាមី​ត្រូវ​ចាប់​ខ្លូន​។ ប៉ុន្តែ​អ្នកស្រី​បាន​ដឹងថាលោក ស្រ៊ន និង​កញ្ញា សោភា បាន​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​តាមហ្វេស​ប៊ុក​នៅ​ម៉ោង​៧ និង​៣០​នាទី ព្រឹក និង​បញ្ចប់​ទៅ​វិញ​នៅ​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ដែរ។ រហូត​ដល់​ម៉ោង​៩ និង​៣០​នាទី ក្មួយ​​អ្នកស្រី​បាន​ទូរសព្ទ​ប្រាប់​ថា​មាន​សមត្ថកិច្ច​១០​នាក់​​ជិះ​រថយន្ត​ពីរ​គ្រឿង និង​ម៉ូតូពីរគ្រឿង​បាន​មក​ចាប់​ស្វាមី និង​សកម្មជន​ផ្សេង​ទៀត​។​

ពេល​មក​ដល់​ផ្ទះ​វិញ អ្នកស្រី​ថា​​សមត្ថកិច្ច​បាន​នាំ​អ្នក​ទាំងនោះ​ទៅ​ប៉ុស្ដិ៍​រដ្ឋាបាល​ឃុំ ខណៈ​នៅ​មាន​សមត្ថកិច្ច​បី​រួបផ្សេង​ទៀត​បន្ត​នៅ​ផ្ទះ​អ្នកស្រី​។​ អ្នកស្រី​បាន​សួរ​មន្រ្តី​នគរបាល​ទាំង​នោះ​ថា​ហេតុ​អ្វី​មក​ផ្ទះ​អ្នកស្រី មន្ត្រី​ឆ្លើយ​ថា​មក​តាម​បញ្ជា​។​

ពេល​អ្នក​ស្រី​ទៅ​ដល់​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ អ្នកស្រី​បាន​សួរ​សមត្ថកិច្ច​ថា​ហេតុ​អ្វី​ចាប់​ខ្លួន​ប្ដី​អ្នក​ស្រី ប៉ុន្តែ​សមត្ថកិច្ច​ឆ្លើយ​ថា​ប្ដី​អ្នកស្រី​មិន​បានធ្វើ​អ្វី​ខុស​ទេ​។ មន្ត្រី​នគរ​បាល​ក៏បាន​ប្រាប់​ទៀត​ថា​អ្នក​ដែល​ផ្សាយ​ផ្ទាល់​លើ​ហ្វេសប៊ុក​នៅ​ផ្ទះ​អ្នកស្រី​ក៏​ «មិន​មាន​ធ្វើអ្វីខុស​ដែរ» ពីព្រោះ​ថា​អ្នក​ទាំងនោះ​គ្រាន់​តែ​និយាយ​ពី​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​តែ​ប៉ុណ្ណោះ​។​

ប៉ុន្តែ​សមត្ថកិច្ច​ថា​«មាន​តែ​ម្នាក់​មាន​ពុក​មាត់​ដែល​ធ្វើ​ខុស»​។  ម្នាក់​មាន​ពុក​មាត់​ដែល​សមត្ថកិច្ច​លើក​ឡើង​នោះ​គឺ​លោក ស្រ៊ុន ស្រ៊ន​។ សមត្ថកិច្ច​ក៏​បាន​ប្រាប់​ឲ្យ​សកម្មជន​​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​លុប​វីដេអូ​ផង​ដែរ។​

បន្ទាប់​ពី​នគរបាល​ហៅ​អ្នកស្រី​ទៅ​និយាយ​នៅ​ខាង​ក្រោយ ប៉ុន្មាន​នាទី​ក្រោយ​មក​ប្ដី​អ្នកស្រី និង​លោក ស៊្រុន ស្រ៊ន ​ក៏​ត្រូវ​បញ្ជូន​ទៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​សៀម​រាប និង​អ្នក​ស្រី​ទទួល​ដំណឹង​ថា​អ្នក​ទាំង​នោះ​ត្រូវ​បញ្ជូន​បន្ត​ទៅ​កាន់​ក្រុង​ភ្នំពេញ​។​

ទាក់ទង​ទៅ​នឹង​តំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ វៀតណាម អ្នកស្រី​ថា លោក​ស្រ៊ន និយាយ​ទាំង​ចំណុច​វិជ្ជមាន និង​ចំណុច​អវិជ្ជមាន មិន​មែន​និយាយ​តែ​ចំណុច​អវិជ្ជមាន​មួយមុខ​នោះទេ​។​

អ្នកស្រី​បន្ត​ថា៖ «​បើសិន [រដ្ឋាភិបាល] ផ្ដោត​តែ​លើ​ចំណុច​អវិជ្ជមាន វា​នឹង​មិន​មាន​ដំណោះស្រាយ​ទេ បើ​ថា​វា​ជា​ការ​ញុះញង់ វាមិន​ត្រឹមត្រូវ​ទេ»។​

អ្នកស្រី​ថា៖ «​ការ​ចាប់​ខ្លួននេះ វា​បំពាន​ទៅ​នឹង​សិទ្ធិ​មនុស្ស​»។​

កញ្ញា ហង់ សេងហេង ដែល​បាន​រៀន​សូត្រ​កិច្ចព្រៀងសន្តិភាព​ទីក្រុង​ប៉ារីស ជាមួយ​លោក​ ស្រ៊ុន ស្រ៊ន ប្រាប់ខេមបូចា​ ថា​ពេល​ទៅ​ដល់​ស្នងការ កញ្ញា និង​អ្នកគាំទ្រផ្សេង​ទៀត​បាន​ឃើញ​សកម្មជន​ទាំង​នោះ ប៉ុន្តែ​សមត្ថកិច្ច​មិន​អនុញ្ញាត​ឲ្យ​ចូល​ជួប​ទេ។​

អ្នកទាំង​បី​បាន​មក​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀម​រាប​នៅ​ម៉ោង​ប្រហែល​១១ និង​១៥​នាទី​។​

ប្រហែល៣០​នាទី​ក្រោយ​មក សមត្ថកិច្ច​ប្រាប់​កញ្ញា​ថា អ្នកទាំង​បី​នោះ​ត្រូវ​បញ្ជូនទៅ​ភ្នំពេញ និង​មិន​បាច់​រង់ចាំ​នោះទេ​។​ កញ្ញា​បាន​ឃើញ​រថ​យន្ត​ពណ៌​ខ្មៅ​មួយគ្រឿង​បើក​ចេញ​នៅ​ម៉ោង​១១ និង​៤០​នាទី​ ប៉ុន្តែ​កញ្ញា​មិន​ច្បាស់​ថា​អ្នក​ទាំង​បី​នៅ​ក្នុង​រថយន្ត​នោះ​ដែរឬអត់នោះទេ​។​

កញ្ញា​ឲ្យ​ដឹងថា៖ «​ខ្ញុំ​មិន​បាន​ឃើញសកម្មជន​ទាំង​បី​នាក់​ផ្ទាល់​ភ្នែក​ទេ ខ្ញុំ​ឃើញ​រថយន្ត​នគរបាលពណ៌ខ្មៅ​បើ​កចេញ ប៉ុន្តែ​មិ​ន​បានឃើញ​មុខ​ពូកគេ​ទេ។ គ្នា​ខ្ញុំ​មាន​ប្រហែល​១០​នាក់​នៅ​មុខ​ស្នងការ។ យើង​មិន​ទាន់​ទៅ​ផ្ទះ​វិញ​ទេ ព្រោះ​មិន​ទាន់​បាន​ឃើញគាត់ [លោក ស្រ៊ន]»។​

កញ្ញាថា​សមត្ថកិច្ច​មិន​បាន​ប្រាប់ពីមូល​ហេតុ​នៃការ​ចាប់​ខ្លួន​អ្នកទាំង​នោះទេ ទោះ​បី​ជា​កញ្ញា​សុំ​ជួប​សកម្មជន​ទាំងនោះ​ក៏​សមត្ថកិច្ច​មិន​ព្រម​។ សមត្ថកិច្ច​ថា​នបើ​សិន​ជា​រឿង​គ្រឿង​ញៀន ឬ​គ្រោះ​ថ្នាក់​ផ្សេង​ៗ​អាច​ជួប​បាន តែ​រឿង​របស់​សកម្មជន​នេះ​ពាក់​ព័ន្ធ​នឹង​រឿង​ជាតិ​។​

កញ្ញា​បន្ថែម​ថា៖ «ពេល​គាត់​និយាយ [លោកស្រ៊ន] តែ​ង​និយាយ​ពី​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន លោក​បញ្ជា​ក់ទាំង​ពីរ​ចំណុច អ្នក​ស្ដាប់​ពិចារណា​ដោយ​ខ្លួន​ឯង​»។

ប្រជា​ពល​រដ្ឋ​ម្នាក់​ទៀត​ដែល​បាន​រៀន​​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ពី​លោក ស្រ៊ន ដែរ​នោះ គឺ​លោក ឯក នរិន្ទ​ បាន​និយាយ​ដែរ​ថាលោក​ក៏​មិន​បាន​ដឹង​ពី​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​នេះ​ដែរ ប៉ុន្តែបើ​ការ​ចាប់​ខ្លួន​នេះ​ទាក់ទង​នឹង​ចំណេះដឹង​ផ្នែក​ច្បាប់ វា​​មិនគួរ​កើត​មាន​ក្នុង​សង្គម​ប្រជា​ធិបតេយ្យ​។

លោក​ថា លោក ស្រ៊ន តែង​តែ​បង្រៀន​ប្រជាពល​រដ្ឋ​ពី​ច្បាប់ជាតិ និង​អន្តរជាតិ​។​

លោក​បន្ថែម​ថា៖ «​លោក​ស្រ៊ន តែ​ង​ពន្យល់​ពី​មូល​ហេតុ និង​ផល​ប៉ះពាល់ ដោយ​ផ្អែក​ទៅ តាម​ច្បាប់។ បើ​សិន​ជាការ​ចាប់​ខ្លួននេះ​ធ្វើ​ឡើង​ទាក់ទង​នឹង​​តំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ វៀតណាម ខ្ញុំ​គិតថា​វា​ជាការ​បំពាន​ធ្ងន់ធ្ងរ​ទៅ​លើ​សិទ្ធិ»។​

​ជាមួយ​គ្នា​នេះ​ដែរ លោក ហ៊ុន សែន បញ្ជាក់ថា​លោក​ជាអ្នកផ្តួចផ្តើមគំនិត​ឲ្យ​បង្កើត​តំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ វៀតណាម​ក្នុង​ឆ្នាំ១៩៩៩ ដែល​មានការគាំទ្រ​ពី​ឡាវ និង​វៀតណាម​។​

តំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ វៀតណាម គ្រប់​ដណ្ដប់​ខេត្ត​ចំនួន​១៣​នៅ​តាម​ព្រំដែនប្រទេស​ទាំង​បី​។​ សម្រាប់​កម្ពុជា​ខេត្ត​ទាំងនោះរួម​មាន​ស្ទឹង​ត្រែង រតនគិរី មណ្ឌល​គិរី និង​ក្រចេះ​ ដែល​ជា​ផ្នែក​មួយ​នៃ​តំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ វៀតណាម។

លោក​ ហ៊ុន សែន បន្ថែម​ថា​កម្ពុជា​នឹង​ពិភាក្សា​ជាមួយ​ភាគី​ឡាវ ដើម្បី​ដាក់បញ្ចូល​ខេត្ត​ព្រះ​វិហារ​មួយ​ទៀត​ជា​ផ្នែក​តំបន់អភិវឌ្ឍន៍ត្រីកោណ ដើម្បី​ជំរុញ​សេដ្ឋកិច្ច ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Four Paris Peace Agreement Activists Arrested Over CLV Development Triangle Area Discussion

450 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម