សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

សកម្មជនជិត៤០នាក់ប្រឆាំងនឹងគម្រោង CLV-DTA ប្រឈមមុខនឹងការពន្យារពេល​ជំនុំជម្រះ ក្រោយជាប់ឃុំ​អស់មួយឆ្នាំ​

រថយន្តនគរបាល​ដឹក​សកម្មជន​រិះគន់​តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) និង​អ្នក​ជាប់ឃុំ​ផ្សេងទៀត​មក​កាន់សាលាដំបូង​រាជធានីភ្នំពេញ​ដើម្បី​ចូលរួមសវនាការ នៅ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ២០២៥​។ (ខេមបូចា/​ ព្រីង សំរាំង)

សកម្មជនជិត៤០​នាក់ដែល​បាន​ជាប់​ឃុំ​ជាង​មួយ​ឆ្នាំ​​ក្រោម​បទ​ចោទ​ញុះញង់ នៅ​ឆាប់ៗ​នេះ​នឹង​ត្រូវ​បំបែកសំណុំរឿងដាច់ដោយ​ឡែកពីគ្នា​​​ដើម្បី​ជំនុំជម្រះ​ ដែល​នេះជា​របត់​ថ្មី​មួយ​ទៀត​ក្នុង​សំណុំរឿង​ដែលបាន​អូសបន្លាយ​ពេល​ដ៏យូរ​មួយ​នេះ។​ អ្នក​ទាំង​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​រៀប​ចំ​ឲ្យ​មានការ​តវ៉ាមួយ​កាល​ពី​ឆ្នាំ​មុន​ដើម្បី​ជំទាស់​នឹង​​គម្រោង​តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែល​ក្រោយ​មក​រដ្ឋាភិបាល​បាន​សម្រេច​លុប​ចោល​វិញ​។​​

សកម្មជនមួយ​ចំនួន​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​បាន​ជាប់​ឃុំបណ្ដោះអាសន្ន​អស់ពេល​ជាង​ពាក់កណ្ដាល​នៃ​កម្រិត​ទោស​អតិបរមា​រួច​ទៅ​ហើយ​នៅពន្ធនាគារ​តាមបណ្ដាខេត្ត​។​

អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា​ការ​ចាប់​ខ្លួន​នេះ ដែល​ដំបូង​ឡើង​មាន​ជិត​១០០​នាក់​រួម​ទាំង​កូន​ក្មេង​ផង គឺជា​ការ​ចាប់​ឃាត់​ខ្លួន​តាមតែអំពើចិត្ត​ និង​មិន​ស្របតាមច្បាប់។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ទម្លាក់​ចោល​បទ​ចោទ​លើ​សកម្ម​ជន​ទាំង​នោះ​។​

សកម្មជន​ដែល​កំពុង​ជាប់​ឃុំ​ទាំង​៣៧​នាក់ ដែល​មាន​ខ្លះ​ជា​សកម្មជន​​កិច្ចព្រមព្រៀងសន្តិភាព​ក្រុង​បារីស នឹង​ត្រូវ​បែង​ចែក​ចេញ​ជា​ប្រាំក្រុម​សម្រាប់​សវនាការ​ដែល​ចាប់​ផ្ដើម​នៅ​សប្ដាហ៍​ក្រោយ​។ សវនាការ​នឹង​ត្រូវ​ធ្វើ​ឡើង​រាល់សប្ដាហ៍ ប៉ុន្តែ​តុលាការ​នឹង​មិន​បន្ត​សវនាការ​លើ​ក្រុម​បន្ទាប់​ទេ​រហូត​មានសាលក្រមសម្រាប់​ក្រុម​មុនៗសិន។ នេះ​បើ​តាមការ​ឲ្យ​ដឹង​របស់​​អ្នកនាំពាក្យ​សាលាដំបូងរាជធានីភ្នំពេញ​​​នៅ​ថ្ងៃពុធនេះ។​

នៅ​ថ្ងៃពុធនេះ មេធាវីការ​ពារក្ដី​ឲ្យ​ជនជាប់​ចោទ​ដែល​ជា​សម្ម​ជន​១១​នាក់​បាន​​ស្នើ​ជា​ថ្មី​ឲ្យ​កូន​ក្ដី​របស់​ខ្លួន​បាន​នៅ​ក្រៅ​ឃុំ ដែល​សំណើនេះ​ត្រូវ​បាន​ច្រាន​ចោល​រួច​ម្ដង​ហើយ​។ មេធាវី​ម្នាក់​ឲ្យ​ដឹង​ថា​ការ​ប្រកាស​សាលក្រម​សង្ឃឹមថា​អាច​ធ្វើ​ឡើង​នៅ​ថ្ងៃទី​៣ ខែកញ្ញា​។​

លោក ឡោ ជុនធី មេធាវីការពារក្ដី​ឲ្យ​សកម្មជនជាង​១០​នាក់​រួម​ទាំង​លោក ស្រ៊ុន ស្រ៊ន ផង មាន​ប្រសាសន៍​ថា៖ «កូន​ក្ដី​របស់​ខ្ញុំ​បាន​ជាប់​ឃុំបណ្ដោះ​អាសន្ន​មួយ​ឆ្នាំ​ ពីរ​ខែ និង​បី​ថ្ងៃ​មក​ហើយ ដែល​រយៈពេល​នេះ​លើស​ពី​ពាក់​កណ្ដាល​នៃ​កម្រិត​ទោស​អតិបរមា​ចំពោះ​បទ​ចោទ​ទៅ​ហើយ»។​

លោក​បន្ថែមថា៖ «មិនមានអ្វី​ត្រូវ​បន្ត​ឃុំ​ខ្លួន​ពួក​គាត់​ទៀត​នោះ​ទេ»។ លោកបានបន្ត​ថា ​កូន​ក្ដី​​​របស់​លោក​ខ្លះ​​កំពុង​មាន​បញ្ហា​សុខភាព ហើយ​គ្រួ​សារ​អ្នក​ទាំង​នោះ​កំពុង​ប្រឈម​នឹង​បញ្ហា​ផ្លួវ​ចិត្ត និង​ហិរញ្ញវត្ថុ​​។​

បទ​ចោទ​ញុះញង់​នេះត្រូវ​បានរងការ​រិះគន់​ជាខ្លាំងពី​សំណាក់​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ ដោយថា​បទ​ចោទ​នេះ​ច្រើន​ប្រើ​សម្ដៅ​លើ​ក្រុម​អ្នក​រិះគន់ ក្រុម​អ្នក​ប្រឆាំង អ្នកសារព័ត៌មាន​ និង​ក្រុម​សកម្ម​ជន​។​

ព្រះរាជអាជ្ញារង​ លោក សេង ហៀង បាន​ជំទាស់​នឹង​សំណើសុំនៅក្រៅឃុំ​របស់​មេធាវីជនជាប់ចោទ ដោយ​លោក​បាន​ជំរុញ​ឲ្យ​ចៅក្រម​បន្ត​ឃុំ​ខ្លួន​ជនជាប់ចោទ​ដដែល​។ លោក​អះអាង​ថា​ អ្នក​ទាំង​នោះបាន​ប្រព្រឹត្ត​ទង្វើ «ប្រឆាំង​នឹង​រដ្ឋាភិបាល» ដែល​ «បង្ក​ឲ្យ​ប៉ះពាល់ធ្ងន់ធ្ងរដល់​សណ្ដាប់ធ្នាប់សង្គម និង​សន្ដិសុខ​ជាតិ»។​​

ក្នុង​សវនាការសុំនៅក្រៅឃុំ​នេះ លោក ស្រ៊ុន ស្រ៊ន លើក​ឡើងថា​សកម្មភាព​រិះគន់​របស់​លោក​ទៅ​លើ​គម្រោង​តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម គឺ​ «ជាការអនុវត្តសិទ្ធិ​សេរីភាព​នៃការ​បញ្ចេញមតិ ក្នុង​នាម​ជា​ប្រជា​ពល​រដ្ឋ​កម្ពុជាម្នាក់​ដែល​ព្រួយបារម្ភពី​បូរណភាពទឹកដី និង​ការអភិវឌ្ឍជាតិ»។​

សកម្មជន និង​អ្នក​គាំទ្រ​ដល់​អ្នក​ជាប់​ឃុំ​ព្រោះរិះគន់​គម្រោង​តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ​មួយ​ចំនួន​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃបើកសវនាការថ្ងៃទី​២៧ ខែសីហា ឆ្នាំ២០២៥​។ (ខេមបូចា/ ព្រីង សំរាំង)

ក្រុម​អ្នក​គាំទ្រ និង​សាច់​ញាតិ​សកម្មជនជាប់ឃុំ​កំពុង​ប្រមូល​ផ្ដុំ​គ្នា​នៅមុខសាលាដំបូង​រាជធានី​ភ្នំពេញ​នៅព្រឹក​ថ្ងៃពុធ ដើម្បី​ទាម​ទារ​ឲ្យ​មានការ​ដោះ​លែង​អ្នក​ទាំង​នោះ​។​

លោក សេង សុវឌ្ឍនា ​នាយក​ប្រតិបត្តិ​​មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា បាន​រិះគន់​ទៅ​នឹង​ភាព​យឺតយាវ​នៃ​នីតិវិធី​របស់​តុលាការ​ ដោយ​ថា​ការពន្យារពេល​ឃុំខ្លួន​បណ្ដោះអាសន្នគឺ​បំពាន​នឹង​សិទ្ធិ​ដែលជនជាប់ចោទ​​ត្រូវទទួល​បាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌​។​

លោក​មាន​ប្រសាសន៍ថា​៖ «ជនជាប់ចោទមានសិទ្ធិសេរីភាពស្របតាមច្បាប់» ដោយលោក​កត់សម្គាល់ថា តាមច្បាប់ជាតិ ការឃុំខ្លួនបណ្តោះអាសន្នសម្រាប់បទល្មើសកម្រិតមធ្យមមិនអាចលើសពីប្រាំមួយខែបន្ទាប់ពីការស៊ើបអង្កេតនោះទេ​ ហើយការពន្យារពេលណាមួយលើសពីនេះគឺ​គួរតែ​ត្រូវ​បាន​ដោះលែងដោយស្វ័យប្រវត្តិ៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖  Nearly 40 Activists From Blocked CLV-DTA Protest Face Staggered Trial After Year in Jail

ព័ត៌មានថ្មី

អត្ថបទពេញនិយម