សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សមត្ថកិច្ចខេត្តក្រចេះឃាត់ខ្លួនប្រធាន និងសមាជិកសមាគមសម្ព័ន្ធ​សហគមន៍កសិករកម្ពុជាជាច្រើននាក់

ប្រធាន និងមន្ត្រីសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាជាច្រើននាក់ត្រូវបានសមត្ថកិច្ចប៉ូលិសខេត្តក្រចេះឃាត់ខ្លួនសាកសួរកាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ រូបភាពផ្តល់ឱ្យ
ប្រធាន និងមន្ត្រីសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាជាច្រើននាក់ត្រូវបានសមត្ថកិច្ចប៉ូលិសខេត្តក្រចេះឃាត់ខ្លួនសាកសួរកាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ រូបភាពផ្តល់ឱ្យ

សមត្ថកិច្ចប៉ូលិសខេត្តក្រចេះនៅរសៀលថ្ងៃពុធនេះ បានឃាត់ខ្លួនមន្ត្រី និងសមាជិកសមាគមសម្ព័ន្ធ​សហគមន៍កសិករកម្ពុជាជិត៤០នាក់ ដើម្បីសួរនាំជុំវិញករណីឯកសារបើកវគ្គបណ្តុះបណ្តាលមួយ។

មន្ត្រីជាន់ខ្ពស់ម្នាក់នៃសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា សុំមិនបញ្ចេញឈ្មោះដោយព្រួយបារម្ភពីសុវត្ថិភាពផ្តាល់ខ្លួន បាន​ឱ្យដឹងថា រូបលោកនិងអ្នកផ្សេងទៀតធ្វើដំណើរពីខេត្តរតនគិរីទៅភ្នំពេញ តែត្រូវ​សមត្ថកិច្ច​ខេត្ត​ក្រចេះ​ឃាត់នៅម៉ោងប្រមាណជា១រសៀល។ មន្ត្រីម្នាក់នោះបន្តថា ឧបករណ៍អេឡិចត្រូនិច និងឯកសារ​ផ្សេងៗ ត្រូវសមត្ថកិច្ចដកហូតយកទៅត្រួតពិនិត្យ។

មន្ត្រីរូបនោះបញ្ជាក់ថា គឺរហូតដល់ម៉ោង៨និង១០នាទីយប់ថ្ងៃទី១៧ ខែឧសភានេះ សមត្ថកិច្ចនៅបន្តសាកសួរលោកថេង សាវឿន ប្រធានសមាគម លោក ញិល ភាព មន្ត្រីសមាគម លោក មឿន រតនា មន្ត្រីសមាគម រួមទាំងមន្ត្រី១៤នាក់ផ្សេងទៀត។

មន្ត្រីសមាគមរូបនោះបន្ថែមថា រហូតដល់ម៉ោងជាង​៨និង៤០នាទីយប់ថ្ងៃទី១៧ ខែឧសភានេះ សមត្ថកិច្ច​បានបន្ត​នីតិវិធី​សាកសួរលើប្រធានសមាគម និងមន្ត្រីសមាគមចំនួន១៧ និងក្រៅពីនោះ សមត្ថកិច្ច​បាន​អនុញ្ញាត​ឱ្យពួកគាត់ទៅផ្ទះ ប៉ុន្តែពួកគាត់ទាំងនោះនៅបន្តរងចាំមន្ត្រី​សមាគមទាំង​១៧នាក់​​នៅ​ខាងមុខ​ស្នងការ​នគរបាល​ខេត្តក្រចេះ។​

ស្នងការខេត្តក្រចេះ លោក អ៊ូ សុបុណ្ណា ថ្លែងថា សមត្ថកិច្ចកំពុងសាកសួរមន្ត្រីសង្គមស៊ីវិល​ទាំងនេះ ដូច្នេះលោកមិនអាចផ្តល់ព័ត៌មានអ្វីបានទេ។​

ចំណែកអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បញ្ជាក់ថា អង្គការ​លោក និងអង្គការសង្គមស៊ីវិលផ្សេងទៀតកំពុងតាមដានករណីនេះ៕​

ប្រធាន និងមន្ត្រីសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាជាច្រើននាក់ត្រូវបានសមត្ថកិច្ច​ប៉ូលិស​ខេត្តក្រចេះឃាត់ខ្លួនសាកសួរកាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ រូបភាពផ្តល់ឱ្យ
409 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម