សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ខណៈតម្លៃប្រេងហក់ឡើងខ្លាំង ស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួនប្រកាសដាច់ស្តុក

ស្ថានីយ៍ប្រេងឥន្ធនៈមួយនៅភ្នំពេញសរសេរស្លាកបិទថា «សាំងធម្មតាដាច់ស្តុក»។ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។ ខេមបូចា ស៊ន/សារ៉ាត
ស្ថានីយ៍ប្រេងឥន្ធនៈមួយនៅភ្នំពេញសរសេរស្លាកបិទថា «សាំងធម្មតាដាច់ស្តុក»។ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។ ខេមបូចា ស៊ន/សារ៉ាត

តម្លៃសាំង ហ្គាស និងប្រេងឥន្ធនៈមួយចំនួនទៀតបានហក់ឡើងថ្លៃខ្លាំងក្នុងប្រទេសកម្ពុជា បន្ទាប់ពីមានការឈ្លានពានរបស់ប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន ខណៈដែលស្ថានីយប្រេងមួយចំនួនក្នុងរាជធានីភ្នំពេញបានប្រកាសថាសាំងធម្មតាក្នុងស្ថានីយ៍របស់ពួកគេបានដាច់ស្តុកហើយ។

ការហក់ឡើងយ៉ាងខ្ពស់នៃតម្លៃប្រេងឥន្ធនៈ បាន​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ជាពិសេស​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​មាន​ចំណូល​ទាប​ដែលកំពុង​ប្រឈម​រួចហើយនឹង​វិបត្តិ​ហិរញ្ញវត្ថុ​​ដោយ​សារ​ជំងឺ​រាតត្បាតសកល។

តម្លៃលក់រាយបច្ចុប្បន្នត្រូវបានកំណត់នៅតម្លៃ៥៣០០ រៀល ក្នុងមួយលីត្រ សម្រាប់សាំងធម្មតា និងម៉ាស៊ូត បើធៀបនឹងមួយខែមុន មានតម្លៃតែ៤៧០០ប៉ុណ្ណោះ។ តម្លៃ​លក់​រាយ​ប្រេងស៊ុបពែ​មាន​តម្លៃ ៥ ៨៥០ រៀលក្នុង​មួយ​លីត្រ។ តម្លៃទាំងនេះ​នឹង​ប្រែប្រួលទៀត ​ក្រោយ​ថ្ងៃ​ទី ៣១ ខែ​មីនា។

លោក ឡាច ពន្លក អ្នក​រត់​រ៉ឺម៉ក​កង់​បី​នៅ​រាជធានីភ្នំពេញ​បាន​និយាយ​ថា​តម្លៃ​សាំង​ឡើង​ថ្លៃ​ ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់​ចំណូល​ប្រចាំ​ថ្ងៃ​របស់​លោក។

លោក​បាន​បន្ត​ថា​៖ «​វា​ពិត​ជា​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ​របស់​ខ្ញុំ ដោយសារ​ប្រាក់​ចំណូល​ធ្លាក់​ចុះ ហើយ​ស្ទើរតែ​មិន​គ្រប់គ្រាន់​សម្រាប់​ការ​ចំណាយផង​»​។

លោករកបានជាមធ្យម ៨០ ០០០ រៀលក្នុងមួយថ្ងៃក្នុងរយៈពេល២ខែចុងក្រោយនេះ ប៉ុន្តែតម្លៃហ្គាសហក់ឡើង បានបណ្តាលឱ្យប្រាក់ចំណូលប្រចាំថ្ងៃរបស់លោកធ្លាក់ចុះមកនៅប្រហែល ៥០ ០០០ រៀល ប៉ុណ្ណោះ។

លោក​បាន​មាន​ប្រសាសន៍​ថា៖«ខ្ញុំ​ចង់​ឱ្យ​រដ្ឋាភិបាលជួយ​​ផ្តល់ការគាំទ្រ មួយ​ចំនួន​ដើម្បី​ជួយ​ជន​ងាយ​រងគ្រោះ​បំផុត។ ខ្ញុំ​មិន​អាច​រក​ប្រាក់​បាន​គ្រប់​គ្រាន់​ទេ ហើយ​ត្រូវ​ការ​សងបំណុល​​គេទៀត»។

អ្នកបើករ៉ឺម៉កកង់បីម្នាក់ទៀតឈ្មោះ អ៊ាម សារិន អាយុ ៥២ ឆ្នាំ បាននិយាយថា លោករកចំណូលបានប្រហែល ៥ម៉ឺនរៀលក្នុងមួយថ្ងៃ ហើយចំណាយយ៉ាងតិច ២ម៉ឺនរៀលក្នុងមួយថ្ងៃសម្រាប់ថ្លៃហ្គាស ។ បញ្ហានេះបានបន្ថែមការលំបាកដល់រូបលោកទៀត ខណៈដែលចំនួនភ្ញៀវជិះរ៉ឺម៉កកង់បីរបស់លោកមានការធ្លាក់ចុះប្រមាណជា៨០ភាគរយ បើប្រៀបធៀបទៅនឹងចំនួនភ្ញៀវមុនផ្ទុះកូវីដ-១៩។

លោក សារិន ដែលត្រូវបានចុះឈ្មោះរ៉ឺម៉កកង់បីរបស់លោកជាមួយក្រុមហ៊ុនក្នុងស្រុក Passapp បានជំរុញឱ្យក្រុមហ៊ុនកាត់បន្ថយថ្លៃសេវាពីអ្នកបើកបរ ដើម្បីសម្រាលបន្ទុកអំឡុងពេលមានវិបត្តិតម្លៃឥន្ធនៈបែបនេះ។

លោក​បាន​បន្ត​ថា៖ «ខ្ញុំ​គ្រាន់​តែ​ចង់​សុំ​ឱ្យ​ក្រុមហ៊ុន​កាត់​បន្ថយ​ថ្លៃ​សេវា​ពី ១៥ ភាគរយ​មកត្រឹម១០ ភាគរយ។ ឥឡូវ​នេះ យើងរក​បាន​ដោយ​គ្រាន់​តែឱ្យថ្លៃ​​ហ្គាស​ប៉ុណ្ណោះ»។

អ្នកបើកបរម៉ូតូ ចាក់សាំងនៅស្ថានីយ៍ប្រេងឥន្ធនៈមួយនៅរាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង
អ្នកបើកបរម៉ូតូ ចាក់សាំងនៅស្ថានីយ៍ប្រេងឥន្ធនៈមួយនៅរាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

ថ្លែងនៅស្ថានីយ៍ប្រេងឥន្ធនៈមួយ ខណៈចូលចាក់សាំងម៉ូតូ លោក គង់ សុត្រា ដេវីត រស់នៅរាជធានីភ្នំពេញ យល់ថានេះជាបញ្ហាសកល  មិនមែនសម្រាប់កម្ពុជាទេ ប៉ុន្តែលោកកត់សម្គាល់ថាការឡើងថ្លៃបែបនេះនឹងធ្វើមានការប៉ះពាល់ដល់ជីវភាព។

លោក​បន្តថា៖ «កន្លែង​ធ្វើ​ការ​ខ្ញុំ​នៅ​ឆ្ងាយ ដូច្នេះ​ខ្ញុំ​ត្រូវ​ចំណាយ​ថ្លៃ​សាំង​ច្រើនទៀត»។ [ខ្ញុំ] បារម្ភថា ស្ថានីយ៍ប្រេងមួយចំនួនកំពុងអស់ស្តុក ដែលនាំឱ្យតម្លៃកាន់តែឡើងខ្ពស់»។

ជាមួយនឹងការកើនឡើងតម្លៃប្រេងឥន្ធនៈជាបន្តបន្ទាប់ ក្រសួងពាណិជ្ជកម្មកម្ពុជាបានប្រកាសថានឹងចាប់ផ្តើមកែសម្រួលគោលការណ៍ណែនាំតម្លៃដោយធ្វើបច្ចុប្បន្នភាពរៀងរាល់១០ថ្ងៃម្តង។

យោងតាមការប្រកាសក្រសួងពាណិជ្ជកម្មដែលចេញនៅថ្ងៃទី១៦ ខែមីនាដដែលនេះ រដ្ឋាភិបាលកំពុងឧបត្ថម្ភធនដោយជួយ៤សេនក្នុងមួយលីត្រ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងសុន្ទរកថានៅខេត្តព្រៃវែងកាលពីថ្ងៃព្រហស្បតិ៍ថា ការកើនឡើងតម្លៃប្រេងឥន្ធនៈគឺដោយសារតែបរិបទពិភពលោក ហើយដំណោះស្រាយតែមួយគត់គឺកាត់បន្ថយការធ្វើដំណើរ។

លោ​ក ហ៊ុន សែន ថ្លែងថា​៖ «​សូ​​មកុំ​ជេ​រ​ ហ៊ុ​ន សែន​ អី​! រឿង​ហ្នឹង វា​​​ជារឿ​ងស​​ភាព​កា​រណ៍​អន្តរជា​តិ  សង្គ្រាមរវាងរុស្ស៊ី​និង​អ៊ុយ​ក្រែ​ន ​​បាន​បង្កើ​តជា​បញ្ហាសម្រា​ប់សេ​ដ្ឋកិ​ច្ចសក​លហើ​យ »។

អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ មានប្រសាសន៍ថា ការកើនឡើងនៃតម្លៃប្រេងក្នុងទីផ្សាអន្តរជាតិបានធ្វើឱ្យតម្លៃលក់រាយនៅកម្ពុជាកើនឡើងដែរ។ ប៉ុន្តែ​លោក​បាន​កត់​សម្គាល់​ថា ស្ថានីយ៍ប្រេងឥន្ធនៈ​នានា​មិន​គួរ​អស់​សាំង​ទេ ដោយ​លោក​ថា​ប្រកាស​អន្តរក្រសួង​បញ្ជាក់​យ៉ាង​ច្បាស់​ថា ស្ថានីយ៍​ប្រេង​ទាំង​អស់​ត្រូវ​តែ​ផ្តល់​ជម្រើស​ផ្សេង​ៗ។

លោក​បាន​បន្ត​ថា​៖ «​គ្រប់​ស្ថានីយ៍ប្រេងទាំងអស់​ គឺតម្រូវឱ្យ​លក់មិនត្រឹមតែ​សាំង​ស៊ុបពែ​ទេ ​ត្រូវតែ​មានលក់ទាំង សាំងស៊ុបពែ ​សាំង​ធម្មតា និងម៉ាស៊ូត​»។ លោកបន្ថែមថា៖​ «យើង​នឹង​ពិនិត្យ​ស្ថានីយ៍ណា​ដែល​ប្រកាស​ថា​អស់​ស្តុក ហើយ​ប្រសិន​បើ​យើង​រក​ឃើញ​ថា​ពួកគេ​មាន​ចេតនា​​មិន​លក់​សាំង​ធម្មតា​ឱ្យ​អតិថិជន​ដោយ​ផ្អែក​លើ​ហេតុផល​ណា​មួយ​ នោះក្រសួង​នឹង​ចាត់​វិធាន​ការ​លើ​ស្ថានីយ៍ទាំងនោះដោយពិន័យជាប្រាក់»។

បើតាមអនុរដ្ឋលេខាធិការរូបនេះ អ្នក​នាំ​ចូល​ប្រេង​ទាំង​អស់​ត្រូវ​មាន​ស្តុក​ទុក​យ៉ាង​ហោច​ណាស់​មួយ​ខែ។

អ្នកបើកបរម៉ូតូ ចាក់សាំងនៅស្ថានីយ៍ប្រេងឥន្ធនៈមួយនៅរាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង
អ្នកបើកបរម៉ូតូ ចាក់សាំងនៅស្ថានីយ៍ប្រេងឥន្ធនៈមួយនៅរាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

លោក វន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) មានថ្លែងថា​រដ្ឋាភិបាលអាចជួយពលរដ្ឋតាម​រយៈកាត់បន្ថយពន្ធនាំចូលប្រេង ដើម្បីឲ្យតម្លៃប្រេងក្នុងស្រុកចុះថោកដែរ។

លោក​បាន​បន្ត​ថា​៖ «​រដ្ឋាភិបាល​ត្រូវ​ដំឡើង​ពន្ធ​លើ​គ្រឿង​ស្រវឹង និង​ផលិតផល​ដែល​មិន​ចាំបាច់ផ្សេងទៀត​ ហើយ​ខ្ញុំ​គិត​ថា​រដ្ឋ​អាច​ប្រើ​យន្តការ​នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​»​។

លោកបាន​បន្ត​ថា នៅ​ពេល​ដែល​តម្លៃ​សាំង​ឡើង​ថ្លៃ វា​ប៉ះ​ពាល់​ដល់​ប្រជាជន​កម្ពុជា​ដែល​មាន​ប្រាក់​ចំណូល​ទាប​បំផុត ជាពិសេស​កម្មករ​ក្រៅ​ប្រព័ន្ធ។

លោកបានមានប្រសាសន៍ថា៖« កូវីដ-១៩ នៅតែជាក្តីបារម្ភ ហើយតម្លៃសាំងកើនឡើងខ្ពស់ កំពុងធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗ ដោយសារតែប្រេងសាំង និងហ្គាស គឺជាទំនិញសំខាន់ ហើយប្រសិនបើតម្លៃកើនឡើង វាក៏ជំរុញឱ្យទំនិញផ្សេងទៀតឡើងថ្លៃតាមហ្នឹងដែរ»។

ប្រេងឥន្ធនៈទាំងអស់របស់កម្ពុជាត្រូវបាននាំចូល។ កិច្ចខិតខំប្រឹងប្រែងដើម្បីផលិតប្រេងនៅឈូងសមុទ្រកាលពីឆ្នាំមុនបានផ្អាក ប៉ុន្មានខែបន្ទាប់ពីក្រុមហ៊ុនប្រេងនិងឧស្ម័ន KrisEnergy ដែលមានមូលដ្ឋាននៅសិង្ហបុរី បានក្ស័យធន។

ការឡើងថ្លៃប្រេងឥន្ធនៈ ក៏បានធ្វើឱ្យប៉ះពាល់ដល់វិស័យដឹកជញ្ជូនទាំងមូលផងដែរ។

ប្រធានសមាគមភស្តុភារកម្មកម្ពុជា ​លោក ស៊ិន​ ចន្ធី មានប្រសាសន៍ថាក្រោយពីរងការវាយប្រហារដោយជំងឺកូវីដ-១៩ បញ្ហាប្រេងសាំងឡើងថ្លៃកំពុងដាក់បន្ទុកបន្ថែមដល់វិស័យភស្តុភារ។

លោក​បន្ត​ថា​៖ «​តម្លៃ​ថាមពល​មាន​សារៈសំខាន់​សម្រាប់​វិស័យដឹកជញ្ជូន ហើយ​វា​កំពុង​ប៉ះពាល់​ដល់​វិស័យ​នេះ​។ បច្ចុប្បន្ន​យើង​កំពុង​ពិភាក្សា​រក​វិធី​កាត់​បន្ថយ​ផល​ប៉ះ​ពាល់ ខណៈ​ក្រុមហ៊ុន​មួយ​ចំនួន​ស្នើ​សុំ​ដំឡើង​ថ្លៃ​ដឹក​ជញ្ជូន»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ As gas price skyrockets, some stations announce they are out of stock

624 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម