សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានផ្តោតលើវិបត្តិនៅមីយ៉ាន់ម៉ា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថតរូបជាមួយរដ្ឋមន្ត្រីការបរទេសមកពីបណ្តាប្រទេសតំបន់អាស៊ាន ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នៅរាជធានីភ្នំពេញ នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថតរូបជាមួយរដ្ឋមន្ត្រីការបរទេសមកពីបណ្តាប្រទេសតំបន់អាស៊ាន ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នៅរាជធានីភ្នំពេញ នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

រដ្ឋមន្ត្រីការបរទេសក្នុងតំបន់អាស៊ានលើកលែងតែមីយ៉ាន់ម៉ា បានជួបជុំគ្នានៅរាជធានីភ្នំពេញក្នុងសប្តាហ៍នេះ ក្នុងពេលដែលភាពតានតឹងក្នុងសកលលោក និងតំបន់កំពុងកើនឡើង ហើយស្របពេលដែលអំពើហិង្សានៅតែបន្តកើតមានបន្ទាប់ពីយោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារដែលបញ្ហានេះបានធ្វើ​ឱ្យអាស៊ានមានការខកចិត្តសម្រាប់កិច្ចខិតខំប្រឹងរបស់ខ្លួនក្នុងការស្តារស្ថានការណ៍នៅប្រទេសនេះឡើងវិញ។​

ដោយលើកឡើងពីការកាត់ទោសប្រហារជីវិតដ៏ចម្រូងចម្រាសលើអ្នកទោសនយោបាយបួននាក់កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានថាអាស៊ានប្រហែលជាត្រូវគិតឡើងវិញនូវផែនការក្នុងការសម្របសម្រួលជាមួយមីយ៉ាន់ម៉ាក្នុងការបញ្ចប់អំពើហិង្សាយោធា។​

លោកបានថ្លែងក្នុងពេលបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ថា៖ «ក្នុងករណីមានអ្នកទោសដទៃទៀត ដែលនឹងត្រូវកាត់ទោសប្រហារជីវិត យើងនឹងត្រូវបង្ខំចិត្តគិតគូរឡើងវិញអំពីតួនាទីរបស់ យើងចំពោះការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន»។​

ទោះយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការចូលរួមរបស់អាស៊ានបាននាំទៅរកវឌ្ឍនភាពមួយចំនួននៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាពិសេសបញ្ហាជំនួយមនុស្សធម៌។

លោកបានបន្តថា៖ «ចំពោះបញ្ហាមីយ៉ាន់ម៉ា យើងបានចំណាយពេលវេលា និងថាមពលយ៉ាងច្រើន ដោយបានពុះពារការលំបាក និងជំនះការរិះគន់ជាច្រើន ដើម្បីជួយប្រទេសមួយនេះនិងប្រជាជនមីយ៉ាន់ម៉ារកដំណោះស្រាយនយោបាយ។​ យើងនឹងបន្តអនុវត្តការងារនេះ ដោយមិនធ្វើឱ្យប៉ះពាល់ដល់ ឯកភាពអាស៊ាន តាមរូបភាពណាមួយឡើយ»។​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្ថែមថាកម្ពុជាសង្កត់ធ្ងន់ពីគោលជំហររបស់ខ្លួនក្នុង «ឯកភាពដើម្បីកិច្ចសហប្រតិបត្តិការ» មិនមែន «ឯកភាពដើម្បីប្រឈមមុខដាក់គ្នា» នោះទេ ។

លោកបានបន្តទៀតថា៖ «យើងត្រូវព្យាយាមផ្ដោតលើបញ្ហាដែលបង្រួបបង្រួមយើងទាំងអស់គ្នា ជាជាងផ្ដោតលើបញ្ហាដែលនាំឱ្យយើងបែកបាក់គ្នា។ យើងត្រូវតែផ្តល់អាទិភាពដល់សន្តិភាពខ្ពស់ជាងអ្វីទាំងអស់»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នៅរាជធានីភ្នំពេញ នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

ប្រទេសមីយ៉ាន់ម៉ាមិនមានតំណាងនៅក្នុងកិច្ចប្រជុំនៅសប្តាហ៍នេះទេ បន្ទាប់ពីមេដឹកនាំយោធារបស់ខ្លួនបានបដិសេធសំណើរក្នុងការបញ្ជូនអ្នកតំណាងដែលមិនមែនក្រុមយោធាមកចូលរួមជំនួស។

នៅខែមេសា ឆ្នាំ២០២១ មេដឹកនាំអាស៊ានបានយល់គ្នាជាឯកច្ឆន្ទនូវដំណោះស្រាយ៥ចំណុច ដែលអំពាវនាវឱ្យបញ្ចប់ជាបន្ទាន់នូវអំពើហិង្សានៅមីយ៉ាន់ម៉ា និងស្នើឱ្យមានការសន្ទនានយោបាយផងដែរ។ ​ទោះបីជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងទាំងនោះបានបរាជ័យ ហើយសកម្មជនប្រជាធិបតេយ្យចំនួនបួននាក់ត្រូវបានប្រហារជីវិតដោយយោធាមីយ៉ាន់ម៉ាកាលពីសប្តាហ៍មុន។

លោកនាយករដ្ឋមន្រ្តី​ក៏បានកត់សម្គាល់ផងដែរថានៅឆ្នាំនេះគឺខួប២ឆ្នាំនៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្ដាភាគីនៅសមុទ្រចិនខាងត្បូង(DOC)។​ ចុះហត្ថលេខាដោយសមាជិកអាស៊ាន និងប្រទេសចិន សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្ដាភាគីនៅសមុទ្រចិនខាងត្បូង មានគោលដៅគ្រប់គ្រងបញ្ហាពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង។​

ការចចារបញ្ចប់ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូងក្នុងគ្រប់គ្រងជម្លោះដំណើរការទៅដោយយឺតយ៉ាវ បើទោះបីជាលោកនាយករដ្ឋមន្រ្តីហ៊ុន សែន​ បាននិយាយថាអាស៊ានបាននិងកំពុងធ្វើការយ៉ាងស្វិតស្វាញដើម្បីបញ្ចប់ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង​ដែលប្រកបដោយអត្ថន័យ​ និងប្រសិទ្ធភាព ហើយអនុលោមទៅតាមច្បាប់អន្តរជាតិយ៉ាងណាក្តី។​

លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំថារដ្ឋមន្រ្តីការបរទេសអាស៊ានទាំងអស់បានបង្ហាញក្តីបារម្ភពីភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ ដែលបញ្ហានេះបានកើតឡើងនៅពេលដែលប្រធានរដ្ឋសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi បានទៅបំពេញទស្សនៈកិច្ចនៅទីក្រុងតៃប៉ិ។ លោកបានបន្តថា រដ្ឋមន្ត្រីការបទេសអាស៊ានក៏បានជំរុញឱ្យបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ហើយបានអំពាវនាវឱ្យមានការដោះស្រាយដោយសន្តិវិធីជុំវិញជម្លោះសមុទ្រចិនខាងត្បូងផងដែរ។

លោក គង់ ភោគ បានបន្ថែមថាកម្ពុជា​បញ្ជាក់​ជំហរ​ជាថ្មី​លើ​គោលនយោបាយ​ចិន​តែមួយ។

លោក អៀ សុផល អ្នកវិភាគនយោបាយ និងជាសាស្ត្រាចារ្យរងនៅសកលវិទ្យាល័យ Arizona State នៅសហរដ្ឋអាមេរិក មានប្រសាសន៍ថា ខណៈដែលលោក ហ៊ុន សែន អំពាវនាវឱ្យមានឯកភាពអាស៊ានជាការល្អ ប៉ុន្តែសំណួរថាតើប្រទេសណាគួររួបរួមគ្នា។

លោកបានមានប្រសាសន៍ថា៖​ «យើងបានមើលឃើញទស្សនៈរបស់គាត់ចំពោះរឿងមីយ៉ាន់ម៉ា ដែលគាត់ទទួលយករបបហ្នឹង ហើយនៅពេលដែលមនុស្សគ្រប់គ្នាបដិសេធនូវអ្វីដែលគាត់ធ្វើ គាត់បានបោះបង់វាចោល ប៉ុន្តែបន្ទាប់មកគាត់បានស្នើមីយ៉ាន់ម៉ាកុំឱ្យប្រហារជីវិតអ្នកទោសនយោបាយទាំងបួននាក់នោះទៅវិញ»។

កៅអីទំនេរដែលទុកសម្រាប់​រដ្ឋមន្ត្រី​ការ​បរទេស​មីយ៉ាន់ម៉ា (ខាង​ស្ដាំពីមុខ) ត្រូវ​បាន​គេ​ឃើញ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី៥៥ នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០២២។ ខេមបូចា/ព្រីង សំរាំង

សម្រាប់ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង លោក សុផល បាននិយាយដោយដាក់ជាចម្ងល់ថាតើក្រមប្រតិបត្តិនេះមានប្រសិទ្ធិភាពក្នុងការដោះស្រាយជម្លោះដែរឬទេ។

លោកបាននិយាយថា៖ «ប្រទេសដូចជាវៀតណាមកំពុងពិចារណាបោះបង់ចោលដំណើរការដែលគ្មានផ្លែផ្កាច្រើនឆ្នាំនេះ ហើយគេគ្រាន់តែប្តឹងទៅតុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ដូចហ្វីលីពីនបានធ្វើ [ក្រោមអតីតប្រធានាធិបតី Benigno S. Aquino III]»។​

កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា។ កិច្ចប្រជុំនេះនឹងមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony J. Blinken រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi រដ្ឋមន្ត្រីការបរទេសជប៉ុន Hayashi Yoshimasa និង រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី​លោក Sergey Lavrov ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក​ លោក Blinken ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសលោក ប្រាក់ សុខុន ដើម្បីពិភាក្សាអំពីបញ្ហាដែលជាក្តីបារម្ភមួយចំនួន ដែលបញ្ហាទាំងនោះរួមមានវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា ការថ្កោលទោសចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និង«សង្កត់ធ្ងន់លើដោះស្រាយជុំវិញកង្វល់ពីវត្តមានយោធារបស់ចិននៅមូលដ្ឋានទ័ពជើងទឹករាម ការដើរថយក្រោយនៃដំណើរប្រជាធិបតេយ្យការគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារជាដើម»៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ ASEAN Foreign Minister meeting focuses on Myanmar crisis

558 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម