ម្ចាស់អាជីវកម្មអនឡាញតូចៗរាប់រយនាក់បានប្រញាប់ប្រញាល់ទៅចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មក្នុងសប្តាហ៍នេះ ដោយបារម្ភថាពួកគេនឹងប្រឈមមុខនឹងការផាកពិន័យ ប្រសិនបើពួកគេខកខានក្នុងបំពេញកិច្ចការនេះមុនថ្ងៃកំណត់មកដល់។
ក្រសួងពាណិជ្ជកម្មកាលពីខែមីនា បានកំណត់យកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ជាថ្ងៃចុងក្រោយសម្រាប់ការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយថាអាជីវកម្មដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយមិនមានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម នឹងត្រូវទទួលការផាកពិន័យជាប្រាក់រហូតដល់១០លានរៀលដូចមានចែងក្នុងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ទោះយ៉ាងណាក៏ដោយ ក្នុងសេចក្តីជូនដំណឹងដែលចេញកាលពីថ្ងៃទី៣០ ខែមិថុនា ក្រសួងពាណិជ្ជកម្ម នឹងពន្យារកាលបរិច្ឆេទការផាកពិន័យ រហូតដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៧:00 នាទី ដោយសារក្រសួងមើលឃើញថាអាជីវករ សហគ្រាសឯកបុគ្គល និងក្រុមហ៊ុនជាច្រើនលើសលប់ បានមកក្រសួងពាណិជ្ជកម្ម ដើម្បីដាក់ពាក់ស្នើសុំលិខិតអនុញ្ញាត។
អ្នកនាងចាន់ ស្រីរ័ត្ន ដែលជាអ្នកលក់គ្រឿងសម្អាងតាមហ្វេសប៊ុកបានមកចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មកាលពីថ្ងៃពុធ។ អ្នកនាងប្រាប់ថាអ្នកនាងដឹងត្រឹមថាអាចនឹងត្រូវផាកពិន័យប្រសិនបើអាជីវកម្មរបស់គាត់នៅតែមិនចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម។
អ្នកនាងបាននិយាយថា៖ «យើងចង់គោរពច្បាប់តែទាំងអស់គ្នាហ្នឹង ប៉ុន្តែសូមត្រឹមតែជួយណែនាំពួកយើងឱ្យបានត្រឹមត្រូវពីច្បាប់ យើងមិនដឹងអីច្រើនពីច្បាប់នោះទេ»។
អ្នកនាង ស្រីរ័ត្ន បាននិយាយថា អ្នកនាងបារម្ភពីការចុះបញ្ជីដែលអាចនាំឱ្យមានពន្ធបន្ថែម ដែលអ្នកនាងថានឹងប៉ះពាល់ដល់អាជីវកម្មតាមអ៊ីនធឺណិតតូចៗដូចរបស់អ្នកនាង។ អ្នកនាងថាខ្លួនគាត់បានបង់ពន្ធលើតម្លៃបន្ថែម (VAT) ១០ ភាគរយសម្រាប់ការផ្សាយពាណិជ្ជកម្ម និងការលក់ផលិតផលនៅលើទំព័រហ្វេសប៊ុករួចហើយ។
អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ មានប្រសាសន៍ថា បទប្បញ្ញត្តិថ្មីនេះ មានន័យថា អាជីវកម្មអនឡាញដែលមានចំណូលប្រចាំឆ្នាំលើសពី ២៥០លានរៀល (៦១ ៥០០ដុល្លារ) នឹងត្រូវបង់ពន្ធតាមចំណូលរបស់ពួកគេ។
លោកបាននិយាយថា ប្រភេទអាជីវកម្មអនឡាញមួយចំនួន ដូចជាអាជីវកម្មដែលមិនមានកិច្ចសន្យារវាងអ្នកលក់ និងអ្នកទិញ ក៏ដូចជាអាជីវកម្មតាមរដូវកាលដែលជាលក្ខណៈគ្រួសារ ក៏ត្រូវបានលើកលែងការសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដែរ។
ការចុះឈ្មោះសម្រាប់អាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មានតម្លៃចាប់ពី ៥០ ដុល្លារដល់ ២៥០ ដុល្លារ ហើយនឹងមានសុពលភាពរយៈពេល ២ ទៅ ៣ ឆ្នាំ។
កញ្ញា សាន ដាណេ អ្នកលក់គ្រឿងសម្អាងតាមអនឡាញម្នាក់ទៀតបាននិយាយថាកញ្ញាជឿថាការចុះឈ្មោះនេះក៏ជាមធ្យោបាយដើម្បីធានាថាអ្នកលក់មិនលក់ផលិតផលក្លែងបន្លំ។ ទោះយ៉ាងណាក៏ដោយ កញ្ញា មានការព្រួយបារម្ភថាការចុះបញ្ជីអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកអាចនឹងធ្វើឱ្យអាជីវកម្មរបស់កញ្ញាមានការចំណាយបន្ថែម។
កញ្ញាបាននិយាយថា៖ «ឥឡូវនេះយើងកំពុងបង់ [ពន្ធលើតម្លៃបន្ថែម ១០%] ទៅឱ្យហ្វេសប៊ុក នៅពេលយើងប៊ូស(boost) ផ្សព្វផ្សាយផេកយើង ប្រាក់ចំណូលរបស់យើងតិចតួចណាស់ មិនដូចអាជីវកម្មគេលក់ធំៗទេ» ។
ដាណេ បានឮពីការចុះបញ្ជីអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះជាយូរមកហើយ ប៉ុន្តែកញ្ញាគិតថាទំហំអាជីវកម្មតូចតាចដូចរបស់គាត់នឹងលើកលែង។ ប៉ុន្តែក្រោយពីដឹងពីការផាកពិន័យ កញ្ញាក៏បានរួសរាន់មកចុះឱ្យបានមុនកាលកំណត់។
អ្នកស្រី លឹម វិរិយា សហស្ថាបនិក ក្រុមហ៊ុន លឹម លីម៉ា ខ្មែរអង្គរហ្វ៊ូត ដែលជាក្រុមហ៊ុនផលិតចំណីអាហារក្នុងស្រុកមួយ បាននិយាយថាសេចក្តីជូនដំណឹងរបស់ក្រសួងមិនបានផ្តល់និយមន័យឱ្យច្បាស់ថាតើ«អ្វីទៅជាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកទេ»។
អ្នកស្រី មានប្រសាសន៍ថា៖ «ប្រសិនបើអាជីវកម្មតាមបណ្តាញសង្គមដូចជា Facebook, Instagram ឬ Telegram ត្រូវបានកំណត់ថាជាអាជីវកម្មអនឡាញ ខ្ញុំគិតថាវានឹងពិបាកសម្រាប់ក្រសួងក្នុងការគ្រប់គ្រងព័ត៌មាននៅពេលអនាគត ព្រោះអ្វីៗងាយស្រួលបង្កើត ហើយក៏ងាយស្រួលរំលាយដែរ»។
លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាបានមានប្រសាសន៍ថា ដោយសារអាជីវកម្មអនឡាញកំពុងរីកចម្រើន រដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់បន្ថែមទៀតលើការយកពន្ធពីក្រុមហ៊ុនបច្ចេកវិទ្យា ក៏ដូចជាអាជីវកម្មធំៗតាមប្រព័ន្ធអ៊ិនធឺណិត។
ខណៈដែលលោកក៏ទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការប្រមូលចំណូលពន្ធយ៉ាងណាក្តី លោកក៏មិនភ្លេចក្រើនរំលឹកឱ្យក្រសួងត្រូវមានតម្លាភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រងចំណូល។
លោកបានថ្លែងថា៖ «ប្រសិនបើរដ្ឋាភិបាលលើកទឹកចិត្តឱ្យអាជីវកម្មទាំងអស់បង់ពន្ធ រដ្ឋាភិបាលត្រូវតែមានភាពស្មើគ្នា។ ការប្រមូលពន្ធពីអ្នកលក់អនឡាញមិនខុសទេ។ ប៉ុន្តែយើងលើកទឹកចិត្តឱ្យមានការអនុវត្តដោយស្មើភាពគ្នា និងមិនពុករលួយ»។
រដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីកៀរគរចំណូលពន្ធចូលរដ្ឋ សូម្បីតែក្នុងអំឡុងពេលមានជំងឺរីករាតត្បាត តាមរយៈការប្រមូលចាប់ពីពន្ធលើពាណិជ្ជកម្មអេឡិចត្រូនិក និងអាករលើតម្លៃបន្ថែម រហូតដល់ពន្ធលើអចលនទ្រព្យផងដែរ។
ចាប់តាំងពីថ្ងៃទី១ ខែមេសាមក អគ្គនាយកដ្ឋានពន្ធដារ (GDT) តម្រូវឱ្យពាណិជ្ជកម្មអេឡិចត្រូនិកទាំងអស់ត្រូវបង់ពន្ធ១០ភាគរយសម្រាប់ការផ្សាយពាណិជ្ជកម្ម និងលក់ផលិតផលនៅលើទំព័រហ្វេសប៊ុករបស់ពួកគេ។
លោក Anthony Galliano អ្នកជំនាញផ្នែកពន្ធដារ និងជានាយកប្រតិបត្តិក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Cambodian Investment Management Holding បាននិយាយថា វិធានការរបស់រដ្ឋាភិបាលគឺសំដៅលើការធ្វើពិពិធកម្មប្រភេទពន្ធ ខណៈពេលដែលការប្រមូលចំណូលពន្ធលើមូលដ្ឋានដែលមានស្រាប់កំពុងកាត់បន្ថយ។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំសូមសាទរចំពោះអគ្គនាយកដ្ឋានពន្ធដារសម្រាប់ការតម្រូវឱ្យអ្នកផ្តល់សេវាពាណិជ្ជកម្មអេឡិចត្រូនិកដែលជាអនិវាសនជន ក្នុងការចុះបញ្ជីសម្រាប់ពន្ធបន្ថែមនៅកម្ពុជា»។
លោកបានបន្តថា៖ «ក្រុមហ៊ុនទាំងនេះកំពុងធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ដោយទទួលបានប្រាក់ចំណូលនិងចំណេញ ហើយមិនត្រូវបានបង់ពន្ធ ដែលនេះមិនមែនជាទីលានប្រកួតប្រជែងដោយយុត្តិធម៌សម្រាប់ក្រុមហ៊ុនក្នុងស្រុកឡើយ»។
សកម្មភាពពាណិជ្ជកម្មតាមអេឡិចត្រូនិករបស់កម្ពុជា ជាធម្មតាធ្វើឡើងតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដែលជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមបំផុតសម្រាប់ពលរដ្ឋកម្ពុជា។ នៅប្រទេសកម្ពុជា គិតត្រឹមខែមករា ឆ្នាំ២០២២ ចំនួនអ្នកជាវ (internet subscribers) អ៊ិនធឺណិតមានជាង១៧លាន។
ក្នុងរយៈពេលបីខែដំបូងនៅឆ្នាំនេះ កម្ពុជាប្រមូលចំណូលពន្ធបានចំនួន ១,២ ពាន់លានដុល្លារ។
យោងតាម អគ្គនាយកដ្ឋានពន្ធដារ ប្រភពចំណូលសំខាន់ៗគឺបានមកពីពន្ធលើប្រាក់ចំណូល អាករលើតម្លៃបន្ថែម ពន្ធជាក់លាក់ និងពន្ធលើប្រាក់ខែ។ ចំណូលពន្ធនីមួយៗមានការកើនឡើងជាង១០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ខណៈពេលដែលជំរុញឱ្យអាជីវកម្មខ្នាតតូចឱ្យចុះបញ្ជី ដែលជាវិធីមួយដើម្បីកៀងគរចំណូលពន្ធ អាជ្ញាធរពន្ធដារក៏កំពុងជួបការលំបាកក្នុងការប្រមូលពីក្រុមហ៊ុនធំៗ ដែលបានគេចពន្ធអស់រយៈពេលជាច្រើនឆ្នាំផងដែរ។
ថ្មីៗនេះអគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹងដល់ក្រុមហ៊ុនជាច្រើនឱ្យបង់ពន្ធដែលហួសកាលកំណត់របស់ពួកគេ បន្ទាប់ពីរកឃើញថាក្រុមហ៊ុនទាំងនោះមិនបានបង់ពន្ធពេញលេញ។
នៅថ្ងៃទី២៨ ខែមិថុនា អគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតទៅកាន់ម្ចាស់ក្រុមហ៊ុនកាត់ដេរ និងវាយនភណ្ឌចំនួនពីរគឺ Zhong Yin (Cambodia) B textile Co. LtD និង Lucky Ly Sunn Long Garment Co Ltd ដោយជំរុញឱ្យពួកគេបង់ពន្ធដែលបានហួសកាលកំណត់។ អគ្គនាយកដ្ឋានពន្ធដារ ផ្តល់ពេល១៥ថ្ងៃ ឱ្យក្រុមហ៊ុនទាំងពីរនេះ បំពេញកាតព្វកិច្ចពន្ធរបស់ពួកគេ ប្រសិនបើហួសពីពេលកំណត់ពួកគេនឹងត្រូវប្រឈមមុខនឹងផ្លូវច្បាប់៕