ជនជាតិថៃបួនរូបដែលរងការចោទប្រកាន់ថាបានជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមអនឡាញ និងឃាតកម្មលើមនុស្សបីនាក់ ត្រូវបានចាប់ខ្លួននៅក្រុងប៉ោយប៉ែតកាលពីចុងសប្ដាហ៍នេះ។
បើតាមកាសែតបាងកកប៉ុស្ដិ៍ ជនសង្ស័យមានឈ្មោះ Supol Wongwian, Nisarat Sukasem, Kanokporn Kraisuk និង Kornkanok Singthit ប្រឈមមុខនឹងការចោទប្រកាន់ពីបទសមគំនិតក្នុងអំពើឆបោក ឧក្រិដ្ឋកម្មអនឡាញ និងបានចូលរួមជាមួយក្រុមឧក្រិដ្ឋកម្មឆ្លងដែន។
លោក កែវ វណ្ណថន អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ថាជនសង្ស័យទាំងបួនរូបកំពុងឃុំខ្លួននៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ លោកថា នាយកដ្ឋានរបស់លោកកំពុងរង់ចាំការសម្រេចរបស់ក្រសួងមហាផ្ទៃលើសំណើបញ្ជូនអ្នកទាំងនោះទៅប្រទេសថៃវិញ ហើយថាលោកមិនអាចបញ្ជាក់កាលបរិច្ឆេទនៃការបញ្ជូនអ្នកទាំងនោះបានទេ។
អគ្គស្នងការនរគបាលជាតិកម្ពុជាបានធ្វើការរួមគ្នាជាមួយនគរបាលភូមិន្ទថៃលើការស៊ើបអង្កេត និងឈានទៅដល់ការកំណត់អត្តសញ្ញាណ និងចាប់ខ្លួនជនសង្ស័យ។
បើតាមអគ្គស្នងការនរគបាលជាតិ ជនសង្ស័យដែលបានចាប់ខ្លួននេះមានជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមអនឡាញ ដែលអំពើនេះបានជំរុញឲ្យបុរសជនជាតិថៃម្នាក់ប្រព្រឹត្តអំពើឃាតកម្មលើសមាជិកគ្រួសាររបស់ខ្លួន។ លោក Sanit Dokmai វ័យ៤១ឆ្នាំ ជាប់ចោទពីបទឃាតកម្មលើប្រពន្ធ និងកូនពីរនាក់របស់ខ្លួន មុនពេលលោកព្យាយាមធ្វើអត្តឃាតតាមក្រោយ បន្ទាប់ពីលោកចាញ់បោកគេអស់ប្រាក់ ៤៧ ០០០ដុល្លារ និងធ្វើឲ្យគ្រួសារជាប់បំណុល។
បើតាមការផ្សាយរបស់សារព័ត៌មាន Thai PBS World កាលពីសប្ដាហ៍មុនអគ្គស្នងការនរគបាលជាតិកម្ពុជា លោក ស ថេត និងអគ្គស្នងការរងនរគរបាលភូមិន្ទថៃលោក Surachate Hakparn បានពិភាក្សាគ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកនរគបាលរវាងប្រទេសទាំងពីរ។ លោក Hakparn ក៏បានស្វែងរកកិច្ចសហការចាប់ខ្លួនជនសង្ស័យជនជាតិថៃ និងចិន ដែលជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមអនឡាញ ដែលជាប់ពាក់ព័ន្ធនឹងឃាតកម្មលើមនុស្សបីនាក់ផងដែរ។
អ្នកនាំពាក្យក្រសួងមហារផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា ការចាប់ខ្លួននេះជាលទ្ធផលនៃការចូលរួមសហការគ្នាជាមួយនរគបាលថៃ ហើយលោកបានបន្ថែមថារដ្ឋាភិបាលកម្ពុជា «បានធ្វើការជាច្រើន» ក្នុងការបង្ក្រាបអំពើឆបោកទាំងនេះ។
លោកបន្តថា៖ «ពួកគេ [ប្រព័ន្ធផ្សព្វផ្សាយ]ថាយើងមានមនុស្ស ២ ០០០នាក់ ឥឡូវពួកគេថាយើងមានមនុស្ស ១០០ ០០០នាក់ ស្រេចតែពួកគេថា យើងបានបន្ត [បង្ក្រាប] សម្រាប់ប្រទេសជាតិយើង»។ ការលើកឡើងរបស់លោក ខៀវ សុភ័គ ទំនងសំដៅដល់របាយការណ៍របស់អង្គការសហប្រជាជាតិចេញផ្សាយថ្មីៗនេះថាមានជនរងគ្រោះពីអំពើឆបោកនៅកម្ពុជា ១០០ ០០០នាក់។
ថ្វីបើមានសេចក្ដីរាយការណ៍ជាច្រើនលើកថាប្រតិបត្តិការអំពើឆបោកក្នុងប្រទេសកម្ពុជាមានជាប់ពាក់ព័ន្ធនឹងអ្នកជំនួយ និងអ្នកនយោបាយមានឥទ្ធិពលនៅកម្ពុជា លោក សុភ័គ អះអាងថាប្រជាជនកម្ពុជាមិនប្រព្រឹត្តឧក្រិដ្ឋកម្មបែបនេះទេ។
លោក ខៀវ សុភ័គ បន្ថែមថា៖ «ប្រជាពលរដ្ឋកម្ពុជាមិនប្រព្រឹត្តឧក្រិដ្ឋកម្មបែបនេះទេពីព្រោះថាប្រជាពលរដ្ឋខ្មែរមិនមានចំណេះដឹងក្នុងការប្រើប្រាស់កុំព្យូទ័រសម្រាប់អំពើឆបោកតាមអនឡាញទេ។ មានជនបរទេសដែលប្រើ[កម្ពុជា] ជាទីតាងប្រព្រឹត្តបទល្មើស»។
ក្នុងរបាយការណ៍របស់ខ្លួនចេញផ្សាយកាលពីខែសីហា អង្គការសហប្រជាជាតិបានបង្ហាញថាកម្ពុជាបានប្រែពីប្រទេសដែលមានជនរងគ្រោះនៃអំពើជួញដូរ មកជាប្រទេសគោលដៅដែលជនរងគ្រោះបរទេសត្រូវគេជួយដូរចូលមកវិញ និងបានបង្ហាញទៀតថាទីតាំងជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានការបង្ខំមនុស្សឲ្យប្រព្រឹត្តអំពើឆបោកតាមអនឡាញ គឺជាតំបន់ដែលមានការគ្រប់គ្រងខ្សោយ និងនីតិរដ្ឋខ្សោយ។
មន្ត្រីកម្ពុជាម្ដងហើយម្ដងទៀតបានច្រានចោលថាបុគ្គលិកទាំងនោះជាជនរងគ្រោះនៃការធ្វើការដោយបង្ខំ បន្ទាប់ពីអ្នកទាំងនោះត្រូវបានសមត្ថកិច្ចជួយឲ្យបានរួចខ្លួនពីកន្លែងធ្វើការទាំងនោះ។
លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៃក្រសួងមហាផ្ទៃ និងលោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននរគបាលជាតិបដិសេធអត្ថាធិប្បាយលើរឿងនេះ។
ស្នងការនរគបាលខេត្តបន្ទាយមានជ័យលោក សិទ្ធិ ឡោះ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។ ចំណែកស្ថានទូតថៃប្រចាំទីក្រុងភ្នំពេញក៏មិនបានឆ្លើយតបនឹងសំណើសុំអត្ថាធិប្បាយនេះដែរ។
លោក ស៊ុំ ចាន់គា មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា ប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជាបានក្លាយជាកន្លែងលាក់ខ្លួនរបស់ពួកឆបោកមកពីប្រទេសផ្សេងៗ។
លោក ចាន់គា បន្តថា រដ្ឋាភិបាលគួរតែប្រើលទ្ធភាពរបស់ខ្លួនក្នុងការបិទខ្ទប់វិបសាយទាំងនោះដើម្បីការពារអំពើឆបោកតាមអនឡាញ ហើយថាការមានករណីបែបនេះញឹកញាប់អាចនាំឲ្យចំនួនភ្ញៀវទេសចរពីប្រទេសជិតខាងធ្លាក់ចុះ និងអាចប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា។
លោកបន្ថែមថា៖ «វាជាការសំខាន់ណាស់ដែលរដ្ឋាភិបាលថ្មីត្រូវយកចិត្តទុកដាក់លើបញ្ហាទាំងនេះ ពីព្រោះបើសិនជានៅពន្យារពេល វានឹងបន្តកើតមានឡើង ហើយធ្វើឲ្យកម្ពុជាក្លាយជាកន្លែងសម្រាប់ឧស្សាហកម្មជួញដូរមនុស្ស និងឆបោកតាមអនឡាញ»៕
រាយការណ៍បន្ថែមដោយ ឃួន ណារីម
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Four Thai Citizens Arrested in Cambodia Over Links to Online Scam and Triple Murder