ស្ថានទូតឥណ្ឌូនេស៊ីប្រចាំរាជធានីភ្នំពេញ បានប្រកាសកាលពីថ្ងៃចន្ទសប្ដាហ៍នេះថា នៅក្នុងខែមុន ស្ថានទូតបានបញ្ជូនពលរដ្ឋឥណ្ឌូនេស៊ី ៤១នាក់ ត្រឡប់ទៅប្រទេសកំណើតវិញ ទាក់ទិនទៅនឹងប្រតិបត្តិការឆបោកតាមអនឡាញ ប៉ុន្តែមន្ត្រីនគរបាលកម្ពុជានិយាយថា មនុស្សទាំងនេះមិនមែនជាជនរងគ្រោះនោះទេ ។
សេចក្ដីប្រកាសរបស់ស្ថានទូតឥណ្ឌូនេស៊ី ថ្លែងថា កម្លាំងនគរបាលជាតិកម្ពុជាបានរំដោះជនរងគ្រោះពីខេត្តបន្ទាយមានជ័យ ស្វាយរៀង និងរាជធានីភ្នំពេញ ចន្លោះពីថ្ងៃទី៥ ដល់ថ្ងៃទី១៤ ខែមិថុនា ។ ជនរងគ្រោះរួមមានកម្មករឥណ្ឌូនេស៊ីមួយក្រុមដែលមានទីតាំងស្ថិតនៅក្នុងក្រុងបាវិត ដែលបានថតវីដេអូអំពាវនាវសុំការជួយពីប្រធានាធិបតី Joko Widodo ដែលបានចុះផ្សាយដោយសារព័ត៌មានឥណ្ឌូនេស៊ី ឈ្មោះ Detik News ។ បុរសដែលនិយាយនៅក្នុងវីដេអូនោះ បាននិយាយថា ក្រុមខ្លួនមានអារម្មណ៍គិតថាត្រូវបានគេបោកប្រាស់។ ពួកគេត្រូវបានគេបំភ័ន្តឱ្យជឿថាពួកគេនឹងធ្វើការនៅក្នុងការិយាល័យបម្រើសេវាអតិថិជនតាមទូរសព្ទ (call center) ប៉ុន្តែ នៅពេលដែលពួកគេបានមកដល់ប្រទេសកម្ពុជា ពួកគេត្រូវបានបង្ខំឱ្យធ្វើការជាអ្នកឆបោកទៅវិញ ។
ខេមបូចា បានសម្ភាសជាមួយមន្ត្រីនគរបាលដែលពាក់ព័ន្ធនៅក្នុងសំណុំរឿងនេះ ដែលបាននិយាយថា នេះមិនមែនជាប្រតិបត្តិការជួយសង្គ្រោះរបស់នគរបាលទេ ហើយអ្នកទាំងនេះក៏មិនមែនជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស ឬការឆបោកតាមអនឡាញ នោះដែរ ដោយលើកហេតុផលបញ្ជាក់ថា ពលរដ្ឋឥណ្ឌូនេស៊ីមិនត្រូវបានឃុំខ្លួន ឬវាយដំអ្វីនោះឡើយ ។
យោងតាមអង្គការសហប្រជាជាតិ ការប្រើកម្លាំងគឺគ្រាន់តែជាមធ្យោបាយមួយប៉ុណ្ណោះនៃអំពើជួញដូរមនុស្ស ហើយជនល្មើសក៏អាចប្រើប្រាស់ការឆបោក ការបង្ខិតបង្ខំ ការរំលោភបំពានអំណាច ឬការគំរាមប្រើប្រាស់អំពើហិង្សា ដើម្បីធ្វើអាជីវកម្មលើមនុស្សសម្រាប់ផលចំណេញ ។ ជាមួយគ្នានេះដែរ ជារឿយៗ ជនល្មើសជួញដូរមនុស្សតែងតែប្រើប្រាស់«ការសន្យាខ្យល់អំពីឱកាសអប់រំនិងឱកាសការងារ ដើម្បីបោកបញ្ឆោតនិងបង្ខំជនរងគ្រោះរបស់ខ្លួន» ។
មន្ត្រីនគរបាលខេត្តស្វាយរៀងមួយរូបដែលសុំមិនបញ្ចេញឈ្មោះដល់ ខេមបូចា បានបញ្ជាក់ថា នគរបាលពិតជាបាននាំពលរដ្ឋឥណ្ឌូនេស៊ីចាកចេញពីកាស៊ីណូ Moc Bai ដែលស្ថិតក្នុងក្រុងបាវិត កាលពីខែមិថុនា តាមការស្នើសុំរបស់ស្ថានទូតឥណ្ឌេនេស៊ី ។ ប៉ុន្តែ លោកជំទាស់នឹងការពណ៌នាស្ថានការណ៍នេះថាជាការរំដោះ ។ មន្ត្រីនគរបាលដដែល និយាយដូច្នេះថា៖ «ការនិយាយពាក្យថា«សង្គ្រោះ» គឺមិនត្រូវទេ ពីព្រោះឯកអគ្គរដ្ឋទូតរបស់ពួកគេស្នើឱ្យយើងទៅ ដូច្នេះយើងក៏បានទៅយកពួកគេត្រឡប់មកវិញ ។ ពួកគេមិនត្រូវបានឃុំឃាំង ឬវាយដំអ្វីទេ ហើយពួកគេបាននិយាយថា ពួកគេគ្រាន់តែចង់ត្រឡប់ទៅផ្ទះវិញប៉ុណ្ណោះ» ។
មន្ត្រីនគរបាលខេត្តស្វាយរៀងដដែល បាននិយាយថា នៅពេលដែលកម្លាំងនគរបាលបានទៅដល់
ទីតាំងកាស៊ីណូ ពួកគេបានឃើញជនបរទេសផ្សេងទៀតកំពុងដើរតាមផ្លូវ ហើយពលរដ្ឋឥណ្ឌូនេស៊ីខ្លះដែលបានស្នើសុំជំនួយពីស្ថានទូតក៏កំពុងដើរនៅខាងក្រៅអគារ ផងដែរ ។ លោកនិយាយថា ដោយសារតែពួកគេមិនត្រូវបានក្រុមហ៊ុនឃុំឃាំងនៅក្នុងអគារ ដូច្នេះ មិនគួរហៅពួកគេថាជា«ជនរងគ្រោះ»ឡើយ ។
លោកក៏បានអះអាងផងដែរថា ពុំមានករណីជួញដូរមនុស្ស ការឆបោកតាមអនឡាញ ឬការឃុំឃាំងមនុស្សនៅកាស៊ីណូ Moc Bai នេះទេ ។
លោកនិយាយថា៖ «សារព័ត៌មានតែងតែផ្សាយអ្វីដែលពួកគេចង់ផ្សាយ ។ យើងមិនអាចបញ្ឈប់ពួកគេបានទេ» ។
យោងតាម VOD កាលពីខែកញ្ញា ឆ្នាំ២០២២ ពលរដ្ឋវៀតណាមជាង ៦០នាក់ បានរត់គេចចេញពីកាស៊ីណូ Moc Bai ប៉ុន្តែ មន្ត្រីបានបដិសេធថា ពួកគេទាំងនោះមិនត្រូវបានបង្ខំឱ្យធ្វើការ ឬឃុំឃាំងខ្លួននោះទេ ។
សារព័ត៌មានក្នុងស្រុកនិងអន្តរជាតិបានរាយការណ៍ពីករណីផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងកម្មករនិយោជិតជាជនបរទេសនៅឯកាស៊ីណូ Moc Bai នេះ យ៉ាងហោច ចាប់តាំងពីឆ្នាំ២០១៧មកម្ល៉េះ ។
ខេមបូចា បានផ្សាយព័ត៌មានកាលពីខែកក្កដា ដោយផ្អែកលើរបាយការណ៍មួយរបស់នគរបាលជាតិ ដែលចេញផ្សាយជាសាធារណៈអំពីកម្លាំងនគរបាលបានយកបុគ្គលិកជនជាតិវៀតណាម ៣៥នាក់ ចេញពីកាស៊ីណូ Oriental Paris Casino ដែលជាកាស៊ីណូផ្សេងមួយទៀត ស្ថិតនៅក្នុងក្រុងបាវិត ។ នៅខែមេសា ខេមបូចា បានរាយការណ៍ថា នគរបាលបាននិងកំពុងស៊ើបអង្កេតករណីឃាតកម្មលើស្ត្រីមួយរូបដែលធ្វើការនៅឯ Dynasty Entertainment ជាកាស៊ីណូដែលនៅទល់មុខគ្នានឹងកាស៊ីណូ Moc Bai ដែលបានផ្សាយប្រកាសជ្រើសរើសតំណែងសម្រាប់«call center» ។ ស្ត្រីរូបនេះត្រូវបានរកឃើញត្រូវគេសម្លាប់ដោយកាត់ក្បាលនៅក្នុងបន្ទប់ជួលរបស់គាត់ ។
អធិការនគរបាលក្រុងបាវិត លោក ឯម សុវណ្ណារិទ្ធ បានអះអាងកាលពីថ្ងៃពុធ ថា កន្លងមក ពុំធ្លាប់មានករណីនៃការបង្ខាំងមនុស្សដោយខុសច្បាប់ណាមួយ នៅក្នុងកាស៊ីណូ Moc Bai នេះទេ ។ កាលពីពេលកន្លងមក លោក សុវណ្ណារិទ្ធ និងអាជ្ញាធរកម្ពុជាផ្សេងទៀត បានបដិសេធថាពុំមានករណីពលកម្មដោយបង្ខិតបង្ខំ និងករណីឃុំឃាំងមនុស្សខុសច្បាប់នោះទេ នៅក្រោយនាំកម្មករនិយោជិតបរទេសចេញពីសណ្ឋាគារនោះម្ដងៗ ។
លោក សុវណ្ណារិទ្ធ បាននិយាយថា កម្លាំងនគរបាលបានល្បាតតំបន់នេះ ហើយ«ប្រជាជនដើរលេងពេញទូទាំងក្រុងបាវិត ហើយជនជាតិឥណ្ឌូនេស៊ីខ្លះចេញមកខាងក្រៅ រីឯខ្លះទៀតជិះម៉ូតូ ដោយកត់សម្គាល់ថា ម៉ូតូរបស់ពួកគេលាន់សំឡេងឮខ្លាំង ។ លោកថា៖ «គ្មានអ្នកណាម្នាក់ត្រូវបាន[ថៅកែ]ឃុំឃាំងទេ» ។
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក សិទ្ធ ឡោះ បានអះអាងថា ពុំដែលមានករណីឆបោក ឬជួញដូរមនុស្សឡើយ នៅក្នុងខេត្តរបស់លោក ។
លោកបាននិយាយយ៉ាងដូច្នេះថា៖ «កន្លងមក ពុំដែលមានរឿងបែបនេះទេ [ការជួញដូរមនុស្សនៅក្នុងខេត្ត] ។ ព័ត៌មានដែលគេនិយាយថាមានអំពើជួញដូរមនុស្សនៅខេត្តបន្ទាយមានជ័យ គឺពុំមានរឿងនេះកើតឡើងនៅឡើយទេ» ។
លោកនិយាយថា នៅពេលកម្មករនិយាយថា ពួកគេត្រូវបានថៅកែឃុំឃាំងខ្លួន ដែលលោកស្នងការអះអាងថាពុំដែលមានករណីបែបនេះកើតឡើងនៅក្នុងខេត្តនេះទេ គឺដោយសារតែថៅកែដកហូតយកលិខិតឆ្លងដែនរបស់ពួកគេទុក បន្ទាប់ពីពួកគេអត់សងបំណុល ។ លោកបានបន្ថែមថា កម្មករនៅក្នុងស្ថានការណ៍នេះបានអះអាងដោយមិនពិតថា ពួកគេត្រូវបានគេឃុំឃាំង ដើម្បីឱ្យនគរបាលជួយ ។
លោកស្នងការបាននិយាយថា៖ «ករណីជាច្រើនដែលបានកើតឡើងនៅខេត្តបន្ទាយមានជ័យ គឺករណីដែលអ្នកធ្វើការហើយជំពាក់លុយគេ ឬពាក់ព័ន្ធនៅក្នុងការខ្ចីលុយ ត្រូវបានថៅកែដកហូតយកលិខិតឆ្លងដែនជាថ្នូរនឹងការខ្ចីលុយ ។ នៅពេលដែលអត់មានលុយសងគេ វាក្លាយទៅជាករណីបង្ខាំងមនុស្ស »។
ការបញ្ចាំខ្លួនដោះបំណុល ដែលមនុស្សត្រូវបានគេបង្ខំឱ្យធ្វើការឱ្យគេដើម្បីសងបំណុល អាចជាធាតុផ្សំមួយនៃករណីជួញដូរមនុស្ស ឬករណីពលកម្មដោយបង្ខិតបង្ខំ ។ នេះបើយោងតាមអង្គការ ពលកម្មអន្តរជាតិ (ILO) និង UN ។ ការដកហូតឯកសារគឺជាសូចនាករមួយនៃការជួញដូរមនុស្សផងដែរ ។
យោងតាម Detik News, អង្គភាពសារព័ត៌មាននេះបានទទួលព័ត៌មានអំពីជនរងគ្រោះនៅក្នុងវីដេអូ នៅថ្ងៃទី២៩ ខែឧសភា ហើយបន្ទាប់មក ក៏បានទាក់ទងទៅអាជ្ញាធរឥណ្ឌូនេស៊ី ។ Detik News បានបញ្ចេញអត្តសញ្ញាណរបស់បុរសដែលនិយាយនៅក្នុងវីដេអូដែលថតនៅថ្ងៃទី៦ ខែមិថុនា ថាមានឈ្មោះ Herri អាយុ ៣៨ឆ្នាំ មកពី Medan ប្រទេសឥណ្ឌូនេស៊ី ។ បុរសនេះនិយាយថា គាត់និងពលរដ្ឋឥណ្ឌូនេស៊ីមួយក្រុមទៀតស្ថិតនៅក្នុង«Moc Bai បាវិត» ប៉ុន្តែ វីដេអូនេះ គេមិនប្រាកដច្បាស់ទេថាតើបុរសរូបនេះនិយាយសំដៅតំបន់ទូទៅដែលនៅក្បែរច្រកព្រំដែន Moc Bai-បាវិត ដែលជាច្រកឆ្លងទៅកាន់ប្រទេសវៀតណាម ឬសំដៅកាស៊ីណូ Moc Bai ជាក់លាក់ ឬយ៉ាងណា ។
សមាជិកមួយរូបនៃក្រុមនេះ ដែលមានឈ្មោះថា Steven បានប្រាប់ Detik News ថា លោកត្រូវបានជ្រើសរើសឱ្យធ្វើការតាមរយៈតេឡេក្រាម ហើយក្រុមលោកបានជិះយន្តហោះទៅកាន់វៀតណាម រួចហើយទើបបន្តដំណើរចូលមកប្រទេសកម្ពុជា ។ លោកបាននិយាយថា ពួកគេបានមកដល់តំបន់«Moc Bai» នៅថ្ងៃទី២៨ ខែមីនា និងបានចូលក្នុងអគារដែលនៅជិតកាស៊ីណូមួយ ។
ប៉ុន្តែ នៅពេលចូលដល់កន្លែងធ្វើការ ពួកគេត្រូវបានណែនាំឱ្យធ្វើការជាមួយកុំព្យូទ័រ និងអនុវត្តការឆបោកតាមរយៈទំនាក់ទំនងស្នេហា (romance scams) ។ ពួកគេត្រូវបានណែនាំឱ្យឆបោកជនជាតិឥណ្ឌូនេស៊ីដទៃទៀត តាមរយៈកម្មវិធីណាត់ជួបគ្នាបែបស្នេហា (dating app) ឈ្មោះ TanTan ហើយបន្ទាប់មក ឱ្យពួកគេដាក់បញ្ចូលលុយទៅក្នុងកម្មវិធីជម្រើសគូ ដែលមានឈ្មោះថា Mekri ។ លោក Steven បាននិយាយថា ជនជាតិឥណ្ឌានិងវៀតណាមក៏កំពុងធ្វើការនៅក្នុងបន្ទប់ផ្សេងទៀតនៅក្នុងអគារនោះដែរ ។
មន្ត្រីឥណ្ឌូនេស៊ីបានរាយការណ៍ថា រដ្ឋាភិបាលកម្ពុជាបានសន្និដ្ឋានថា ពលរដ្ឋឥណ្ឌូនេស៊ីទាំងនេះមិនមែនជាជនរងគ្រោះនៃការជួញដូរមនុស្សទេ ហើយពួកគេត្រូវបានឃុំឃាំងនៅមណ្ឌលអន្តោប្រវេសន៍ដោយសារតែការស្នាក់នៅផុតកំណត់រយៈពេលអនុញ្ញាត ។ ក្រុមនេះត្រូវបានឃុំឃាំងអស់រយៈពេលជាង ១ខែកន្លះ នៅមុនពេលវិលត្រឡប់ទៅកាន់ប្រទេសឥណ្ឌូនេស៊ីវិញ ។
លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ ខេមបូចា ឱ្យផ្ញើសំណួរទៅកាន់អគ្គស្នងការនគរបាលជាតិ ។ លោក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ មិនបានឆ្លើយតបនឹងសំណើសុំអត្ថាធិប្បាយតាមតេឡេក្រាមឡើយ ។
លោក កែវ វណ្ណថន អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានប្រាប់ ខេមបូចា ថា ពលរដ្ឋឥណ្ឌូនេស៊ីទាំង ៤១នាក់ ជាប់ពាក់ព័ន្ធនឹងករណីស្នាក់នៅលើសរយៈពេលកំណត់នៅកម្ពុជា ។ ពួកគេត្រូវបានបញ្ជូនត្រឡប់ទៅវិញ ហើយបានធ្វើដំណើរតាមជើងយន្តហោះទៅកាន់ឥណ្ឌូនេស៊ីវិញ តាមព្រលានយន្តហោះអន្តរជាតិភ្នំពេញចន្លោះពីថ្ងៃទី១៤ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា បន្ទាប់ពីទទួលបានបញ្ជាឱ្យចាកចេញពីប្រទេសកម្ពុជាពីក្រសួងមហាផ្ទៃ ។ ពលរដ្ឋឥណ្ឌូនេស៊ី ៥រូប គឺជាស្ត្រី ។
អនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស លោកស្រី ជូ ប៊ុនអេង បាននិយាយថា លោកស្រីមិនទាន់ទទួលបានព័ត៌មានណាមួយជុំវិញករណីដែលពាក់ព័ន្ធនឹងពលរដ្ឋឥណ្ឌូនេស៊ីនេះ នៅឡើយទេ ។ លោកស្រីធ្លាប់បានទទួលរបាយការណ៍ពីអាជ្ញាធរអំពីកាស៊ីណូ Moc Bai កាលពីពេលកន្លងមក ប៉ុន្តែ លោកស្រីមិនច្បាស់ទេថាតើបទល្មើសអ្វីដែលបានប្រព្រឹត្តនៅលើទីតាំងនេះ ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodian Police Contradict Indonesian Officials, Claim Repatriated Indonesians Are Not Victims