សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អំពើឆបោក ការជួញដូរមនុស្សកើតមាននៅភ្នំបូកគោក្រោយសណ្ឋាគារប្រណិតរបស់ឧកញ៉ាម្នាក់

អគារទាំងប្រាំបួនដែលជាកម្មសិទ្ធិរបស់ប្រធានក្រុមហ៊ុនសូគីម៉ិច អ៊ិនវេសមេន គ្រុប លោក សុខ គង់ ត្រូវបានគេចោទប្រកាន់ថាជាជម្រកសម្រាប់ជនបរទេសដែលពួកគេមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីបរិវេណអគារទាំងនោះ និងត្រូវបង្ខំឱ្យធ្វើប្រតិបត្តិការឆបោក។ (Jack Brook/ខេមបូចា)
អគារទាំងប្រាំបួនដែលជាកម្មសិទ្ធិរបស់ប្រធានក្រុមហ៊ុនសូគីម៉ិច អ៊ិនវេសមេន គ្រុប លោក សុខ គង់ ត្រូវបានគេចោទប្រកាន់ថាជាជម្រកសម្រាប់ជនបរទេសដែលពួកគេមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីបរិវេណអគារទាំងនោះ និងត្រូវបង្ខំឱ្យធ្វើប្រតិបត្តិការឆបោក។ (Jack Brook/ខេមបូចា)

Updated: ក្រុមហ៊ុន Sokha Hotels និង Resorts, និង Sokimex Group របស់លោកឧកញ៉ា សុខ គង់ បានបដិសេធថា ក្រុមហ៊ុនពុំបានដឹង និងពុំដែលឮទាល់តែសោះថាមានការជួញដូរមនុស្សនៅលើភ្នំបូកគោដូចការចុះផ្សាយរបស់ខេមបូចា ដែលមានចំណងជើងថា «អំពើឆបោក ការជួញដូរមនុស្សកើតមាននៅភ្នំបូកគោក្រោយសណ្ឋាគារប្រណិតរបស់ឧកញ៉ាម្នាក់»។ ក្រុមហ៊ុនបានបន្ថែមថា៖ «ដោយឡែក អ្នកដែលជួលទីតាំងនោះទៀតសោត ក៏បានឈប់ជួលតាំងពីមុនពាក់កណ្តាលឆ្នាំ២០២៣ មកម្លេះ»។

ក្រុមហ៊ុនបានផ្ញើលិខិតមកខេមបូចា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ គឺជាងមួយឆ្នាំក្រោយពីការចុះផ្សាយអត្ថបទ គឺនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។ មុនការផ្សាយ ខេមបូចាបានព្យាយាមទាក់ទងទៅក្រុមហ៊ុនជាច្រើដងតាមទូរសព្ទ និងដាក់លិខិតនៅក្រុមហ៊ុន ប៉ុន្តែពុំមានការឆ្លើយតបនៅពេលនោះ។

ជារៀងរាល់ថ្ងៃក្រុមទេសចរទៅលេងកន្លែងកម្សាន្តដ៏ពេញនិយមមួយក្បែរសណ្ឋាគារឋានសួគ៌សុខា ដែលជាសណ្ឋាគារលំដាប់ផ្កាយប្រាំ ក៏ដូចជាកាស៊ីណូនៅលើភ្នំបូកគោ ដើម្បីថតរូបប្រាសាទ សំណង់អគារសល់ពីសម័យអាណានិគម និងឆ្នេរសមុទ្រខេត្តកំពត។

ប៉ុន្តែយោងតាមសមត្ថកិច្ចតៃវ៉ាន់ ភស្តុតាងពីជនរងគ្រោះដែលត្រូវបានឃុំខ្លួន និងក្រុមតស៊ូមតិដែលពាក់ព័ន្ធនឹងការជួយសង្រ្គោះជនរងគ្រោះ អគារដែលមានទីតាំងនៅខាងក្រោយអគារដ៏ធំនៃសណ្ឋាគារដែលគ្រប់គ្រងដោយក្រុមហ៊ុនសូគីម៉ិច Investment Group របស់ឧកញ៉ា សុខ គង់ ត្រូវបានបណ្តាញក្រុមហ៊ុនឆបោកយាមកាមយ៉ាងតឹងរ៉ឹងហើយប្រើប្រាស់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស។​

មន្ត្រីម្នាក់នៃការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់ទីភ្នាក់ងារប៉ូលិសជាតិតៃវ៉ាន់ (CIB) បាននិយាយថា បរិវេណភ្នំបូកគោគឺជា «ទីតាំងដ៏រឹងមាំ» សម្រាប់ក្រុមហ៊ុនឆបោកតាមអ៊ីនធឺណិត និងជួញដូរមនុស្ស។ មន្ត្រីដែលទទួលបន្ទុក​​ជួយ​សង្គ្រោះ​ជនជាតិ​តៃវ៉ាន់​ដែល​ជាប់​នៅ​ក្នុង​ប្រទេស​កម្ពុជារូប​នោះ​បាន​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​ការពារ​សុវត្ថិភាព​របស់​គាត់។

នៅចន្លោះខែសីហា ដល់ខែធ្នូ ឆ្នាំ ២០២២ សមត្ថកិច្ចអនុវត្តច្បាប់របស់តៃវ៉ាន់បានចាប់ខ្លួនមនុស្សចំនួន ១២ នាក់នៅតៃវ៉ាន់ ដែលជាប់ពាក់ព័ន្ធនឹងក្រុម «បងធំម៉ាប់» ដែលត្រូវចោទប្រកាន់ថាបានជួញដូរជនជាតិតៃវ៉ាន់ ៣១ នាក់ ។ មន្ត្រី CIB បាននិយាយថា មនុស្សទាំង៣១នាក់ស្ថិតក្នុងចំណោមជនជាតិតៃវ៉ាន់ជាង ៤៣០ នាក់ដែលត្រូវបានជួយសង្គ្រោះពីទូទាំងប្រទេសកម្ពុជាក្នុងឆ្នាំ ២០២២ ។

មន្ត្រី CIB ពីររូបបញ្ជាក់ប្រាប់ ខេមបូចា ថាក្រុមបងធំម៉ាប់ បានជួញដូរជនរងគ្រោះដល់បរិវេណឧទ្យានជាតិព្រះមុនីវង្សបូកគោ។

ខណៈដែលព័ត៌មានពីក្រុមជួញដូរមនុស្សនៅក្នុងក្រុងព្រះសីហនុដែលនៅជិតនោះត្រូវបានផ្សព្វផ្សាយយ៉ាងច្រើនក៏ដោយ ប៉ុន្តែព័ត៌មាននៃការឆបោកនៅស្ថិតក្នុងបរិវេណអគារនៅភ្នំបូកគោបានមិនសូវមានការចាប់អារម្មណ៍ពីមហាជនឡើយ លើកលែងតែក្នុងក្នុងប្រព័ន្ធផ្សព្វផ្សាយជាភាសាចិន ជាពិសេសនៅតៃវ៉ាន់ និងសេចក្តីរាយការណ៍ជាភាសាខ្មែរខែធ្នូនៅក្នុងវិទ្យុអាស៊ីសេរី។ ទោះជាយ៉ាងណាក៏ដោយទីតាំងអគារដែលនៅភ្នំបូកគោក៏ស្ថិតក្នុងចំណោមទីតាំងក្នុងប្រទេសកម្ពុជាដែលមានមនុស្សប្រមាណ១០០​​ ០០០​ ត្រូវបានជួញដូរតាមរយៈ ហើយត្រូវបានគេដឹងថាជាកន្លែងដែលក្រុមឆបោកប្រើប្រាស់តាំងពីនៅដើមឆ្នាំ២០១៨ នៅពេលដែលប៉ូលិសចិនបានចាប់ខ្លួនជនជាតិចិនចំនួន៩១នាក់ដែលពាក់ព័ន្ធនឹងការឆបោកតាមអ៊ីនធឺណិត។

ទីតាំង​ឆបោក​ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​សូគីម៉ិច អ៊ិនវេសមេន គ្រុប ដែល​មាន​ពណ៌​ក្រហម​នៅ​ភ្នំ​បូកគោ ជាប់​សណ្ឋាគារ​ឋានសួគ៌ សុខា។ (Jack Brook/Google Earth)

មន្ត្រី CIB ពីររូបបានប្រាប់ ខេមបូចា ថា បន្ទាប់ពីមានការបង្រ្កាបនៅខេត្តព្រះសីហនុកាលពីឆ្នាំមុន សកម្មភាពជួញដូរ និងឆបោកមួយចំនួនហាក់ដូចជាបានបង្វែរទៅភ្នំបូកគោក្នុងខេត្តកំពត ហើយបានដំណើរការនៅក្នុងប្រទេសកម្ពុជាតាំងពីពេលនោះមក។

ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធរិទ្ធ បានទទួលស្គាល់ថា បានទទួលពាក្យបណ្តឹងមួយចំនួនកាលពីឆ្នាំមុន ពីជនបរទេស រួមទាំងជនជាតិតៃវ៉ាន់ ដោយនិយាយថា ពួកគេកំពុងត្រូវបានឃុំខ្លួន និងធ្វើទារុណកម្មនៅបូកគោ។ លោកបានអះអាងថា ប៉ូលិសបានទៅមើលបរិវេណនេះ រាល់ពេលដែលពួកគេបានទទួលពាក្យបណ្តឹង ប៉ុន្តែមិនដែលបានរកឃើញករណីនៃការបង្ខាំងដោយបង្ខំ ការរំលោភបំពាន ឬការបោកប្រាស់តាមអ៊ីនធឺណិតទេ។ លោក​ថាបណ្តឹង​នេះ​គ្រាន់​តែ​ជា​លេស​របស់​កម្មករ​ដែល​មិន​ពេញ​ចិត្ត​នឹង​ប្រាក់​ខែ​របស់​ខ្លួនប៉ុណ្ណោះ។

ជនរងគ្រោះជនជាតិតៃវ៉ាន់រាប់សិបនាក់​ដែលត្រូវបានឃុំខ្លួននៅបរិវេណអគារនៅភ្នំបូកគោ ត្រូវបានជួញដូរនៅទីនោះដោយពួកគេមិនបានដឹងមុននោះទេ ហើយពួកគេក៏ត្រូវបានឃុំឃាំង វាយដំយ៉ាងឃោរឃៅ ហើយក្នុងករណីខ្លះជនរងគ្រោះដែលត្រូវបានជួយសង្គ្រោះមួយចំនួន ត្រូវបានគេគំរាមកំហែងថានឹងស្លាប់ ប្រសិនបើពួកគេនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ។ នេះបើតាមអ្នកតស៊ូមតិដែលរស់រានមានជីវិតពីការជួញដូរជនជាតិតៃវ៉ាន់ លោក Yu Tang និងនាយកក្រុមប្រឹក្សាធនធានមនុស្សធម៌(HRC) Mina Chiang ប្រាប់ខេមបូចា។​ ពួកគេនិយាយថាពួកគេបានជួយក្នុងប្រតិបត្តិការជួយសង្គ្រោះមនុស្សប្រាំនាក់ពីបរិវេណនោះកាលពីឆ្នាំមុន។

 Chiang បានលើកឡើងថាក្នុងអគារនៅបរិវេណកំពូលភ្នំដែលហ៊ុំព័ទ្ធដោយព្រៃឈើចំនួន១៤០​០០០ហិកតានោះ៖ «ជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់អ្នកជួញដូរលាក់ជនរងគ្រោះ»។ «​ដោយ​សារ​​ធម្មជាតិ​រារាំង​ពួកគេ​មិន​ឲ្យ​ចេញ​ឆ្ងាយ»

ទីតាំងឆបោកដ៏មាំក្នុងបរិវេណកម្មសិទ្ធិក្រុមហ៊ុនសូគីម៉ិច

សន្តិសុខឋានសួគ៌សុខា យាមច្រកចូលផ្លូវតែមួយ ឡើងភ្នំបូកគោ ជាកន្លែងដែលពួកឥស្សរជននៅសម័យអាណានិគមបារាំងធ្លាប់ទៅកម្សាន្ត ដើម្បីគេចពីកំដៅនៅទីក្រុង។

លោក សុខ គង់ ប្រធានក្រុមហ៊ុនសូគីម៉ិច ដែលបានបង្កើតទ្រព្យសម្បត្តិរបស់គាត់ក្នុងវិស័យប្រេងឥន្ធនៈ និងបានសាងសង់អាណាចក្រប្រព័ន្ធផ្សព្វផ្សាយ សេវាកម្សាន្ត និងសណ្ឋាគារ បានទទួលសម្បទានរយៈពេល៩៩ឆ្នាំ ដើម្បីអភិវឌ្ឍឧទ្យានជាតិព្រះមុនីវង្សបូកគោក្នុងឆ្នាំ២០០៧។

សន្តិសុខម្នាក់ពាក់មួកដែលមានស្លាកសញ្ញាក្រុមហ៊ុន សុខា អូតែល ឈរនៅច្រកចូលបរិវេណបូកគោ ហើយបញ្ជាឱ្យអ្នកសារព័ត៌មានចាកចេញ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។ (Jack Brook/ខេមបូចា)

បិទបាំងដោយទិដ្ឋភាពនៃសណ្ឋាគារសុខាដែលមានបន្ទប់ចំនួន៥៦៤ របស់លោក សុខ គង់ អគារចំនួនប្រាំបួនជាកន្លែងសម្រាប់ស្នាក់នៅដែលភាគច្រើនជាជនជាតិចិន ប៉ុន្តែក៏មានជនជាតិវៀតណាម ថៃ អារ៉ាប៊ីសាអូឌីត ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ពួកគេទាំងអស់ត្រូវបានបង្ខាំងនៅខាងក្នុងបរិវេណដើម្បីធ្វើ ការងារ «អនឡាញ»។​ នេះបើយោងតាមបុគ្គលិកសណ្ឋាគារ និងអ្នកលក់នៅក្នុងតំបន់នោះ។

បុគ្គលិកសណ្ឋាគារម្នាក់បានប្រាប់ខេមបូចា ថា៖«កម្មករនៅទីនោះមិនអាចចាកចេញបានទេ។ ខ្ញុំពិតជាមិនដឹងថាហេតុអ្វីឡើយ»។​

របងលួសបន្លាព័ទ្ធជុំវិញបរិវេណនិងឆ្កែមួយយាមទ្វារព្រុសយ៉ាងខ្លាំងនៅពេលចូលទៅជិតចូលអ្នកទស្សនា។ សន្តិសុខ​ឈរ​មើល​នៅ​គ្រប់​ច្រក​ចេញ​ដោយ​ស្លៀក​ឯកសណ្ឋាន​មាន​រូប​ផ្កា​ឈូក​ក្រហម​របស់​សណ្ឋាគារ​ឋានសួគ៌​សុខា​ដាក់​លើ​អ្នក​រាំ​អប្សរា​ពណ៌​ស។

របង​លួស​បន្លា​ព័ទ្ធ​ជុំវិញ​អគារ​ទាំង​ប្រាំបួន​ដែល​គេ​ចោទ​ថា​ជា​កន្លែង​ជួញដូរ​មនុស្ស​និង​ប្រតិបត្តិការ​ឆបោក។ (Jack Brook/CamboJA)

ទាក់​ទង​តាម​ទូរសព្ទ លោក សារិន សៅ ប្រធាន​គ្រប់​គ្រង​ទូទៅ​សណ្ឋាគារ​បាន​ថ្លែង​ថា លោក​មិន​បាន​ដឹង​អំពី​សកម្មភាព​នៅ​ក្នុង​បរិវេណ​អគារ​ដែល​មាន​ចម្ងាយ ១០០ ម៉ែត្រ​ពី​សណ្ឋាគារ សុខា ទេ។

លោក សៅបាន​និយាយ​ថា៖ «ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​សណ្ឋាគារ​ប៉ុណ្ណោះ។ អគារមួយនេះ គ្រប់គ្រងដោយក្រុមហ៊ុនសូគីម៉ិច ក្រោមក្រុមហ៊ុនវិនិយោគសូគីម៉ិច»។

លោក សៅ បន្ត​ថា ប្រធាន​សន្តិសុខ​សូគីម៉ិច ទទួល​បន្ទុក​គ្រប់គ្រង​សន្តិសុខ​យាម​បរិវេណ​នោះ។ យោងតាមការបង្ហោះលើបណ្តាញទំនាក់ទំនងLinkedIn លោក វណ្ណ ចន្ថា ជាប្រធានសន្តិសុខនៅសណ្ឋាគារ សុខា រីសត និងសូគីម៉ិចគ្រុប ប៉ុន្តែមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។ លោក សៅ បដិសេធ​មិន​ផ្តល់​ព័ត៌មាន​បន្ថែម​ទេ។

លោក សារិន សៅ អ្នកគ្រប់គ្រងទូទៅសណ្ឋាគារឋានសួគ៌សុខាដែលជាផ្នែកមួយនៃក្រុមហ៊ុនសុខាអូតែល បានអះអាងថា លោកមិនបានដឹងពីករណីជួញដូរមនុស្ស និងក្រុមឆបោក ដែលស្នាក់នៅក្នុងអគារទាំងប្រាំបួន ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប ស្ថិតនៅចម្ងាយ១០០ម៉ែត្រពីសណ្ឋាគារ ឋានសួគ៌ សុខា នោះទេ។ (រូបភាពីតេឡាក្រាមរបស់គាត់)

សណ្ឋាគារ ឋានសួគ៌ សុខា គឺជាផ្នែកមួយនៃក្រុមហ៊ុន សុខា អូតែល ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់សូគីម៉ិច។ ក្រសួង​ពាណិជ្ជកម្ម​ចុះ​បញ្ជី​កូន​ស្រី​របស់​លោក សុខ គង់ ឈ្មោះ សុខ ចន្ថា ជា​នាយិកា​ជាមួយ​ឪពុក។ អ្នកស្រីក៏ជានាយកក្រុមហ៊ុនសូគីម៉ិចផងដែរ។

ខេមបូចា បានព្យាយាម​ទាក់ទង​លោក សុខ គង់ និង អ្នកស្រី សុខ ចន្ថា ម្តង​ហើយ​ម្តង​ទៀត​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​តាម​រយៈ​ទូរសព្ទ និង​អ៊ីមែល។ នៅពេលហៅចូល​ទៅ​កាន់​លេខ​ទូរសព្ទ​របស់លោក សុខ គង់ និង សុខ ចន្ថា​ ​ជំនួយការ​របស់​ពួក​គេ​បដិសេធ​មិន​បង្ហាញ​អត្តសញ្ញាណ ឬ​អះអាង​ថា​មិន​ពាក់ព័ន្ធ​នឹង​លោក សុខ គង់ ឬ​សណ្ឋាគារ សុខា ទេ។

លោក ស្វាយ វុទ្ធី ប្រធានផ្នែកច្បាប់ និងកិច្ចការសាជីវកម្មនៅសូគីម៉ិច បានបដិសេធនិយាយជាមួយខេមបូចា នៅពេលទាក់ទងតាមទូរសព្ទ ហើយមិនអើពើនឹងសារ Telegram ជាបន្តបន្ទាប់។ លិខិត​សំណួរ​លម្អិត​ដែល​ផ្ញើ​ទៅទីស្នាក់ការ​កណ្តាល​សូគីម៉ិច​ក្នុង​រាជធានី​ភ្នំពេញក៏​មិន​មាន​​ការឆ្លើយតបដែរ។​

ឧកញ៉ា សុខ គង់ បាន​បង្កើត​ទ្រព្យសម្បត្តិ​ក្នុង​អាជីវកម្ម​ប្រេងឥន្ធនៈ ហើយ​បាន​ពង្រីក​ទៅ​សណ្ឋាគារ និង​កន្លែង​កម្សាន្ត​ក្រោម​ក្រុមហ៊ុន​សូគីម៉ិច អ៊ិនវេសមេន គ្រុប។ (ហ្វេសប៊ុករបស់សណ្ឋាគារសុខា)
អ្នកស្រី សុខ ចន្ថា ដែលជាកូនស្រី​របស់​លោក សុខ គង់ មានតួនាទីជា​អនុប្រធាន​ក្រុម​ហ៊ុនវិនិយោគ​សូគីម៉ិច និង​ជា​នាយក​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ សុខា អូតែល ​ដែលគ្រប់គ្រងសណ្ឋាគារ​ឋានសួគ៌ សុខា។ (រូបភាពពីហ្វេសប៊ុករបស់​ក្រុម​ហ៊ុនវិនិយោគ​សូគីម៉ិច)

ឧត្តមសេនីយ៍ទោ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រាប់ខេមបូចាថា មិនមានករណីនរណាម្នាក់ត្រូវបានឃុំខ្លួន ឬធ្វើទារុណកម្មនៅលើភ្នំបូកគោទេ ប៉ុន្តែលោកបានទទួលស្គាល់ថា លោកបានជួយជនជាតិតៃវ៉ាន់ចេញពីទីតាំងនោះមែនកាលពីឆ្នាំមុន។ លោក​ថាប៉ូលិស​ទទួល​ពាក្យ​បណ្ដឹង​ពាក់ព័ន្ធភ្នំ​បូកគោ ពួកគេ​តែង​តែ​ទាក់ទង​ម្ចាស់អគារ​មុន​ពេល​ចុះ​ទៅ​ពិនិត្យ។

លោកបានមានប្រសាសន៍ថា៖ ​«ពួកគេ [មនុស្សនៅក្នុងបរិវេណ] បានដាក់ពាក្យបណ្តឹងដោយសារតែពួកគេគ្រាន់តែចង់ផ្លាស់ប្តូរការងារទៅកន្លែងផ្សេងទេ ហើយមិនមានការឃុំឃាំង ឬធ្វើទារុណកម្មអីទេ ហើយនៅឆ្នាំ ២០២២ យើងក៏បានទៅពិនិត្យអគារទាំង ៩ នោះ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនសូគីម៉ិចហ្នឹងដែរ»។

លោក​បន្ត​ថា​៖ «​នៅ​ទីនោះ​ពួកគេ​ជា​ជនជាតិ​ថៃ និង​ជនជាតិ​បង់ក្លាដែស​។ ពួកគេ​ទាំងអស់​ហ្នឹងបាន​ដាក់​ពាក្យ​បណ្ដឹង​ថា ពួកគេ​ត្រូវ​បាន​គេ​ឃុំ​ខ្លួន និង​ធ្វើ​ទារុណកម្ម។ ហើយ​ពេល​យើង​ទៅ​ពិនិត្យ​នៅ​ទីនោះ យើង​រក​មិន​ឃើញ​អ្វី​ទេ គ្រាន់តែ​ពួកគេ​ចង់​ប្ដូរ​ការងារ​ដើម្បី​បាន​ប្រាក់​ខែ​ខ្ពស់»

ច្រកចូលដែលមានការយាមកាមតឹងតែងមិនបានធ្វើឱ្យលោកច័ន្ទមធុរិទ្ធ ព្រួយបារម្ភនោះឡើយ ដោយលោកថា«ជារឿងធម្មតា»ប៉ុណ្ណោះសម្រាប់កន្លែងការងារ ហើយលោកបានបន្ថែមថាក្រុមហ៊ុនក្នុងបរិវេណអគារនោះជាក្រុមហ៊ុនល្បែងស្របច្បាប់។​

លោកបានបន្ថែមថា៖ «ប្រសិនបើកន្លែងនោះមានការឃុំឃាំង ឬធ្វើទារុណកម្ម ហេតុអ្វីបានជា [ជនរងគ្រោះ] អាចទូរសព្ទមកខ្ញុំបាន? ពួកគេ[ក្រុមហ៊ុន]នឹងមិនអនុញ្ញាតឱ្យពួកគេប្រើទូរសព្ទទេ ប្រសិនបើវាជាករណីនៃការឃុំឃាំង គ្មាននរណាម្នាក់អាចប្រើទូរសព្ទ និងទូរសព្ទមកប៉ូលិសបានទេ»។

ខាង​ក្រោយ​សណ្ឋាគារ​ឋានសួគ៌ សុខា របស់​ឧកញ៉ា សុខ គង់ ដែល​មាន​ចម្ងាយ​ប្រហែល ១០០ ម៉ែត្រ​ពី​ទីតាំង​ដែល​គេ​ចោទ​ថា​ឆបោក កាល​ពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២២។ (Jack Brook/CamboJA)

ជនរងគ្រោះម្នាក់ដែលត្រូវបានជួញដូរនៅភ្នំបូកគោបានប្រាប់ខេមបូចាថា ខណៈពេលដែលគាត់ត្រូវបានប្រគល់ទូរសព្ទរបស់គាត់មកវិញ គាត់ឃើញថាអ្នកផ្សេងទៀតដែលទាក់ទងប៉ូលសត្រូវបានពិន័យដោយឆក់ខ្សែភ្លើង ឬលក់ទៅកន្លែងផ្សេង។ លោក​បាន​អះអាង​ថា ប៉ូលិស​មូលដ្ឋាន​បាន​ធ្វើ​ការ​ជាមួយ​នឹង​ថៅកែ​ឆបោក ដែល​ការអះអាងរបស់លោកត្រូវបានគាំទ្រដោយ​សេចក្តីថ្លែងការណ៍​មួយ​ដែលចេញដោយ​មន្ត្រី CIB និង​អ្នក​តស៊ូ​មតិ​ដែល​ធ្វើការ​នៅ​កម្ពុជា។

មន្ត្រី CIB តៃវ៉ាន់បាននិយាយថា ប៉ូលិសកម្ពុជា និងមន្ត្រីមូលដ្ឋានត្រូវបានគេដឹងថាមិនអើពើ ឬច្រានចោលករណីជួញដូរមនុស្សពាក់ព័ន្ធនឹងការឆបោក ហើយថែមទាំងបានឃុបឃិតជាមួយសមាសធាតុឆបោក ដើម្បីជួយក្រុមឧក្រិដ្ឋជនឱ្យគេចពីការរកឃើញ។ កាលពីឆ្នាំមុន នៅក្នុងរបាយការណ៍ស្តីពីការជួញដូរមនុស្សឆ្នាំ២០២២របស់ខ្លួន ក្រសួងការបរទេសសហរដ្ឋអាមេរិកបានទម្លាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជាទៅកម្រិតទាបបំផុត ដោយកត់សម្គាល់ថា«អាជ្ញាធរមិនបានស៊ើបអង្កេត ឬទទួលខុសត្រូវព្រហ្មទណ្ឌចំពោះមន្ត្រីណាដែលពាក់ព័ន្ធនឹងរបាយការណ៍ដែលគួរឱ្យទុកចិត្តភាគច្រើននោះទេ» ។

មន្ត្រី CIB បានរំឮកថា ការប្រជុំសម្ងាត់ជាមួយក្រុមថៅកែឆបោកនៅក្រុងព្រះសីហនុ ហើយសាក្សីថាពួកគេបានទទួលទូរសព្ទពីប៉ូលិសជូនដំណឹងដល់ពួកគេនៅថ្ងៃបន្ទាប់ថានឹងមានការបង្ក្រាបនៅក្នុងបរិវេណរបស់ពួកគេ។

លោក Chiang នៃក្រុមសង្គ្រោះ HRC បាននិយាយថា ប៉ូលិសមានភាពស៊ាំនឹងការជួយសង្គ្រោះជនរងគ្រោះនៅបូកគោ។

លោក Chiang បាននិយាយថា៖ «ទោះបីជាយើងដឹងថាមានជនរងគ្រោះច្រើននៅទីនោះក៏ដោយ វាពិតជាលំបាកណាស់ក្នុងការជួយសង្គ្រោះពួកគេនៅទីនោះដោយគ្មានព័ត៌មានលម្អិត ទាំងឈ្មោះ លេខអត្តសញ្ញាណ ព្រោះវាតែងតែត្រូវឆ្លងកាត់ការទំនាក់ទំនងខ្លះជាមួយភាគីកម្ពុជា។ ហើយ​វា​មិន​អាច​កៀរគរ​ប៉ូលិស​កម្ពុជា​ដើម្បី​បង្ក្រាប​អគារ​ទាំង​មូល​បាន​នោះ​ទេ វា​អាស្រ័យ​លើ​ព័ត៌មាន​បុគ្គល​ច្រើន»

ប្រាក់លោះត្រូវបានទាមទារជាញឹកញាប់សម្រាប់ការដោះលែងជនរងគ្រោះ។ បើមិនដូច្នេះទេ ពួកគេអាចនឹងត្រូវលក់ទៅឱ្យក្រុមហ៊ុនផ្សេង។ សូម្បីតែបន្ទាប់ពីការជួយសង្គ្រោះក៏ដោយ ផលប៉ះពាល់ និងការគំរាមកំហែងនៃអំពើហិង្សាអាចលងបន្លាចជនរងគ្រោះជានិច្ច។

Tang បាននិយាយថា ស្ត្រីវ័យក្មេងតៃវ៉ាន់ម្នាក់ក្នុងចំណោមស្ត្រីតៃវ៉ាន់ពីរនាក់ដែល HRC ជួយសង្គ្រោះពីបូកគោត្រូវបានវាយដំយ៉ាងធ្ងន់ធ្ងរដែលធ្វើឱ្យនាងស្ទើរតែពិការភ្នែក។

Tang បាននិយាយថា៖ «មុនពេលដែលក្មេងស្រីទាំងពីរនាក់នោះចាកចេញ ក្រុមហ៊ុនឆបោកនៅភ្នំបូកគោបានប្រាប់ពួកគេយ៉ាងច្បាស់ថា ពួកគេមិនអាចនិយាយអ្វីបាននៅពេលដែលពួកគេត្រឡប់ទៅតៃវ៉ាន់វិញ បើមិនដូច្នេះទេ ពួកគេ [ក្រុមឆបោក]នឹងស្វែងរកនរណាម្នាក់សម្លាប់ពួកគេនៅតៃវ៉ាន់»។

មន្រ្តី CIB បានបង្ហាញរូបថតពីអេក្រង់ទូរសព្ទដល់ខេមបូចាពាក់ព័ន្ធសារជាមួយជនរងគ្រោះជាច្រើននាក់ផ្សេងទៀត និងក្រុមគ្រួសាររបស់ពួកគេ ដែលបានផ្ញើវីដេអូ រូបថត និងទីតាំងដែលបង្ហាញថាពួកគេត្រូវបានគេឃុំខ្លួននៅបរិវេណភ្នំបូកគោ។

សារជាអក្សរបានផ្ញើទៅមន្ត្រីម្នាក់នៃការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់តៃវ៉ាន់ដែលចែករំលែកព័ត៌មានលម្អិតនៃការបង្ខាំងជនរងគ្រោះ ដូចជាលេខបន្ទប់ និងទីតាំងអគារក្នុងបរិវេណភ្នំបូកគោខាងក្រោយសណ្ឋាគារឋានសួគ៌ សុខា នៅលើភ្នំបូកគោ។ សារត្រូវធ្វើមិនឱ្យច្បាស់ដើម្បីការពារអត្តសញ្ញាណជនរងគ្រោះ។ (ការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មតៃវ៉ាន់)
ជនរងគ្រោះនៃការជួញដូរម្នាក់បញ្ជូនទីតាំងរបស់ពួកគេដោយកំណត់អត្តសញ្ញាណយ៉ាងច្បាស់នូវបរិវេណក្រុមហ៊ុនសូគីម៉ិចខាងក្រោយសណ្ឋាគារឋានសួគ៌សុខានៅលើភ្នំបូកគោក្នុងខេត្តកំពត។ សារត្រូវបានធ្វើឱ្យព្រិលដើម្បីការពារអត្តសញ្ញាណជនរងគ្រោះ។ (ការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មតៃវ៉ាន់)

លោកបានបន្ថែមថាដើម្បីជួយសង្គ្រោះជនរងគ្រោះទាំងនេះលោកត្រូវផ្ញើសារតាមហ្វេសប៊ុកផ្ទាល់ទៅកាន់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានក្រុមការងារខិតខំប្រឹងប្រែងជួយសង្គ្រោះជនរងគ្រោះដោយសារអំពើឆបោក។

រូបថតលើអេក្រង់ទូរសព្ទបង្ហាញសារពីជនរងគ្រោះនៅបូកគោដែលត្រូវបានផ្ញើដោយមន្ត្រី CIB ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ទៅកាន់ក្រុមងារងាររបស់លោក ស ខេង ដែលក្នុងរយៈពេលមួយម៉ោងបានឆ្លើយតបថា «យល់ព្រម»​ ជាភាសាចិន។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា លោកមិនមាន«យោបល់» ជុំវិញទីតាំងឆបោកនៅភ្នំបូកគោទេ ហើយអះអាងថាគ្មានពលរដ្ឋតៃវ៉ាន់ណាបានស្នើសុំជំនួយនៅទីនោះទេ។ នៅ​ពេល​និយាយ​ពី​ការ​ចុះ​ឆែកឆេរ​របស់​ប៉ូលិស​ជា​បន្តបន្ទាប់​លើ​បរិវេណ​ឆបោក​ក្នុង​ខែ​តុលា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង មិន​បាន​លើក​ឡើង​ពី​ខេត្ត​កំពត​ទេ។

អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមឃឿន មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​​អត្ថាធិប្បាយ​ម្តង​ហើយ​ម្តង​ទៀត​ទេ។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស មានប្រសាសន៍ថា លោកស្រីមិនដឹងអំពីករណីនៅភ្នំបូកគោនោះទេ។ ជាជាង​ឆ្លើយ​សំណួរ​អ្នក​សារព័ត៌មាន អ្នកស្រី​បាន​និយាយ​ថាមានពលរដ្ឋតៃវ៉ាន់ក្នុងចំនួនតិចតួចប៉ុណ្ណោះដែលត្រូវបានជួញដូរមកកម្ពុជា ដោយថាមិនដល់៥០០០នាក់ទៀតដូចការផ្សព្វផ្សាយរបស់បណ្តាញសារព័ត៌មានតៃវ៉ាន់នោះឡើយ។​

ក្រុមសន្តិសុខមានបញ្ជីស្លាក​លេខ​សម្រាប់​រថយន្ត​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យចូល​ក្នុង​បរិវេណដែលត្រូវបានគេចោទថាជា​កន្លែងឆបោកនៅភ្នំ​បូកគោ។ រូបថតនៅ​ថ្ងៃ​ទី ១៨ ខែ មករា ឆ្នាំ ២០២៣។ (Jack Brook/ខេមបូចា)

រត់ចេញពីភ្នំបូកគោ

បន្ទាប់ពីទទួលរងការផាកពិន័យចំនួន៦០០០ដុល្លាដោយសារការបើកបរក្នុងស្ថានភាពស្រវឹង និងគ្មានការងារធ្វើ លោក Jiahao ក្នុងវ័យជាង៣០ឆ្នាំ ត្រូវការប្រាក់យ៉ាងច្រើន។ នៅខែមីនា ឆ្នាំ២០២២ ពលរដ្ឋតៃវ៉ាន់រូបនេះបានឃើញការបង្ហោះហ្វេសប៊ុកផ្សាយពាណិជ្ជកម្មការងារដែលមិនច្បាស់លាស់ទាក់ទងនឹងកុំព្យូទ័រ ហើយប្រាក់ខែ៣០០០ដុល្លារក្នុងមួយខែ​ ដែលការងារនេះបានទទួលការចាប់អារម្មណ៍ពីលោក។

ដូចអ្នកផ្សេងទៀតជាច្រើនដែលត្រូវបានបោកបញ្ឆោត និងជួញដូរឱ្យមកកម្ពុជាដែរ លោក Jiahao បានមកដល់បរិវេណអគារក្រុងព្រះសីហនុក្នុងខែមេសា ដែលអគារនោះមើលទៅមិនដូចរូបថតដែលអ្នកជ្រើសរើសបុគ្គលិកបានផ្ញើតាមអ៊ីនធឺណិតទេ ហើយពេលនោះលោកក៏បានដឹងខ្លូនថាលោកចូលរួមបម្រើការងារក្នុងក្រុមហ៊ុនបោកប្រាស់។ លោកលើកឡើងបនុ្តថាលោកត្រូវបានគេប្រាប់ថាមធ្យោបាយតែមួយគត់ដើម្បីចាកចេញពីទីនោះគឺត្រូវបង់លុយលោះខ្លួន។​

លោក​បាន​មាន​ប្រសាសន៍បន្ថែម​ថា៖ «ប្រសិន​បើ​អ្នក​មិន​ធ្វើ​ការ​នោះ​ទេ អ្នក​នឹង​ត្រូវ​បាន​គេ​ឃុំ​ឃាំង​ក្នុង​បន្ទប់​ងងឹត​ដ៏​តូច​មួយ ហើយ​ត្រូវ​បាន​គេ​វាយ​ដំ។ ដូច្នេះ​ខ្ញុំ​អាច​ត្រឹមតែធ្វើអ៊ីចឹង [មនុស្ស​ឆបោក] នៅ​ពេល​នោះ»។

ទោះបីជា Jiahao នៅតែមានទូរសព្ទរបស់លោកជាប់ខ្លួនក៏ដោយ ក៏លោកមិនហ៊ាទាក់ទងទៅប៉ូលិស ឬអ្នកផ្សេងទៀតឱ្យជួយដែរ បន្ទាប់ពីឃើញអ្នកដទៃត្រូវបានគេវាយនឹងដំបងឆក់ ឬលក់នៅកន្លែងផ្សេង។

នៅពាក់កណ្តាលឆ្នាំ២០២២ នៅពេលដែលប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បានចាប់ផ្តើមផ្សព្វផ្សាយពីករណីឆបោកនៅប្រទេសកម្ពុជា ហើយក្រុងព្រះសីហនុទទួលបានការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ការជួយសង្គ្រោះជនជាតិតៃវ៉ាន់កាន់តែងាយស្រួលជាងមុន។ នេះបើតាមការលើកឡើងរបស់ Yu Tang ជនជាតិតៃវ៉ាន់ដែលជាអតីតជនរងគ្រោះនៃការជួញដូរ។ ស្រ្តីជាជនរងគ្រោះរូបនេះបដិសេធមិនបញ្ចេញឈ្មោះពេញដើម្បីសុវត្ថិភាពរបស់ខ្លួន។

ច្រកចូលក្នុងបរិវេណអគារដែលគេចោទថាជាកន្លែងឃុំខ្លួនឱ្យមនុស្សប្រព្រឹត្តអំពើឆបោកនៅភ្នំបូកគោ ត្រូវបានយាមកាមយ៉ាងតឹងរ៉ឹងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។ (Jack Brook/ខេមបូចា)

កាល​ពី​ចុង​ខែ​កញ្ញា លោក Jiahao និង​មនុស្ស ៣០​នាក់​ផ្សេង​ទៀត​ពី​បរិវេណ​អគារ​របស់​លោក​ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​ក្រុង​ទៅ​បរិវេណ​ខាង​ក្រោយ​សណ្ឋាគារ​ឋានសួគ៌​សុខា​លើ​ភ្នំបូកគោ។ លោក​បាន​បន្ត​ថា​ក្រុម​បោកប្រាស់​តាម​អ៊ីនធឺណិត​ជា​ច្រើន​ទៀតដែល​គ្រប់គ្រង​ដោយ​ថៅកែ​មក​ពី​ខេត្ត​ស៊ីឈួន​របស់​ប្រទេស​ចិន​ក៏បាន​ចូល​រួម​ភ្លាមៗដែរ។

Jiahao បានធ្វើការក្នុងសកម្មភាពឆបោកមួយដែលស្គាល់ថាផែនការចិញ្ចឹមជ្រូកឱ្យធាត់ទើបកាប់សាច់ ដែលករណីនេះអ្នកឆបោកត្រូវកសាងទំនាក់ទំនងមនោសញ្ចេតនាជាមួយជនរងគ្រោះតាមរយៈការជជែកតាមTelegram មុនពេលបញ្ចុះបញ្ចូលឱ្យគេវិនិយោគលើទ្រព្យសម្បត្តិរូបិយប័ណ្ណគ្រីបតូ ដោយសន្ទនាជាមួយអ្នកដែលអាចជាជនរងគ្រោះចាប់ពីម៉ោង១០យប់ដល់ថ្ងៃត្រង់នៅថ្ងៃបន្ទាប់។​

រូបសញ្ញាសាជីវកម្មរបស់​ Sokha Hotel Co., Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់Sokimex Investment Group ត្រូវបានដាក់បង្ហាញនៅខាងក្នុងសណ្ឋាគារឋានសួគ៌សុខា ។ ស្លាកសញ្ញាក៏បានបង្ហាញនៅលើឯកសណ្ឋានសន្តិសុខនៅច្រកចូលបរិវេណអគាដែលត្រូវបានចោទប្រកាន់ថាជាកន្លែងដែលមានប្រព្រឹត្តសកម្មភាពឆបោក។ (សណ្ឋាគារ ឋានសុខា/ហ្វេសប៊ុក)

ទាំងនៅក្រុងព្រះសីហនុនិងភ្នំបូកគោ លោកJiahaoនិងកម្មករផ្សេងទៀតទទួលបានថ្ងៃឈប់សម្រាកតែមួយថ្ងៃប៉ុណ្ណោះក្នុងមួយខែ ដែលពួកគេត្រូវបានគេនាំទៅភោជនីយដ្ឋានក្នុងបរិវេណនោះ ហើយអ្នកគ្រប់គ្រងជាន់ខ្ពស់បានចេញលុយឱ្យពួកគេផឹកស៊ី។

លោក Jiahao បានរំលឹកថា គ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីបរិវេណភ្នំបូកគោនោះទេ។​

Jiahao បាននិយាយថាដោយដាក់ការងឿងឆ្ងល់ថាសណ្ឋាគារត្រូវបានភ្ជាប់ទៅនឹងប្រតិបត្តិការរបស់ក្រុមហ៊ុនបោកប្រាស់។

លោកបាននិយាយថា៖ «ពួកគេ [ក្រុមបោកប្រាស់] ហាក់ដូចជាមានទ្រព្យសម្បត្តិនៅក្នុងសណ្ឋាគារនៅពេលពួកគេផ្លាស់ទៅទីនោះជាលើកដំបូង។ ប្រសិនបើពួកគេត្រូវការលុយនៅបរិវេណអគារហ្នឹង ពួកគេគ្រាន់តែទូរស័ព្ទទៅសណ្ឋាគារ ហើយបន្ទាប់មកគេនិយាយថាគេទៅយកលុយ»។

ឆ្កែមួយក្បាលយាមច្រកចូលបរិវេណភ្នំបូកគោ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។ (Jack Brook/ខេមបូចា)

កាលពីខែសីហា Jiahao មានភាពក្លាហានបានទូរសព្ទទៅម្តាយរបស់លោកនៅតៃវ៉ាន់ដោយអង្វរឱ្យម្តាយទូរសព្ទទៅប៉ូលិស។ បន្ទាប់ពីលោក Jiahao ត្រូវបានផ្ទេរទៅបូកគោ លោកអាចទាក់ទងមន្ត្រី CIB ក្នុងខែកញ្ញា ដែលបន្ទាប់មកពួកគេបានទាក់ទងទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង។

Jiahao បានចែករំលែកទីតាំងរបស់លោកនៅភ្នំបូកគោជាមួយមន្រ្តី CIB នៅក្នុងសារដែលខេមបូចាបានអាន។ បីថ្ងៃបន្ទាប់ពីលោក ស ខេង ត្រូវបានទាក់ទង លោក Jiahao និងកម្មករតៃវ៉ាន់ម្នាក់ទៀតត្រូវបានយកចេញពីបរិវេណនោះ។

មុន​ពេល​ឱ្យJiahaoចាកចេញ ថៅកែ​ឆបោក​នៅភ្នំ​បូកគោនោះ​បាន​បង្ហាញ​សារ​ជជែកដែលលោកបានធ្វើ​ជាមួយ​សមត្ថកិច្ច​តៃវ៉ាន់។

ត្រឡប់មកតៃវ៉ាន់វិញ Jiahao រកបានការងារជាអ្នកបើកឡានដឹកទំនិញ។ លោក​បាន​និយាយ​ថាលោកសប្បាយចិត្តណាស់ដែល​បាន​ត្រឡប់​មក​ជាមួយ​ម្តាយ​ដោយសារលោកជា​កូន​តែ​ម្នាក់​​។ ទោះបីជាមានការប្រថុយប្រថានក្នុងការចែករំលែករឿងរ៉ាវរបស់ខ្លួនក៏ដោយ ក៏លោក Jiahao ជឿជាក់អ្នកផ្សេងច្រើនទៀតត្រូវដឹងឱ្យច្រើនទៀតពីភ្នំបូកគោ និងប្រតិបត្តិការរបស់ក្រុមហ៊ុនបោកប្រាស់នៅទីនោះ។​

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​គិត​ថា​រឿង​បែប​នេះ​គួរ​តែ​ត្រូវ​បាន​គេ​ដឹង​ជា​សាធារណៈ។ បើមិនដូច្នេះទេ មនុស្សជាច្រើនទៀតនឹងនៅតែត្រូវបានបោកប្រាស់នាពេលអនាគត»។

ការដួលរលំនៃក្រុមបងធំម៉ាប់ (Big Fatty Gang)

មន្ត្រី CIB ទីពីរដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា នៅរដូវស្លឹកឈើជ្រុះឆ្នាំមុន តម្លៃសម្រាប់អ្នកបោកប្រាស់ដែលនិយាយភាសាចិនបានកើនឡើងពី១០០០០ដុល្លារទៅ២០០០០ដុល្លារ ខណៈដែលការផ្គត់ផ្គង់បានធ្លាក់ចុះ។ លោកបានប៉ាន់ប្រមាណថា ជនរងគ្រោះភាគច្រើនជាជនជាតិតៃវ៉ាន់ត្រូវបានបោកបញ្ឆោតចូលមកប្រទេសកម្ពុជា ខណៈដែលចំនួនតិចតួចបានទទួលយកការងារនៅក្នុងប្រតិបត្តិការបោកប្រាស់ទាំងនោះ។

បុរសម្នាក់ដែលមានរហស្សនាមថាបងធំម៉ាប់ បានមកដល់ភ្នំបូកគោក្នុងខែកុម្ភៈឆ្នាំ២០២២ ហើយបានជ្រើសរើសថៅកែជនជាតិតៃវ៉ាន់ម្នាក់ទៀតដែលគេស្គាល់ថាជា«បងអាន» មកកាន់ប្រទេសកម្ពុជា និងជួយដឹកនាំក្រុមជួញដូរមនុស្ស។ មន្ត្រី CIB បាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ CTWANT បានរាយការណ៍ពីឈ្មោះពិតរបស់បងអានថា Liu Zheyi ហើយបុរសនោះនៅតែមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ ថ្នាក់ដឹកនាំជាន់ខ្ពស់ដែលមកពីចិនដីគោកមិនត្រូវបានប៉ូលិសតៃវ៉ាន់ស្គាល់នោះឡើយ។​

ប៉ូលិស​តៃវ៉ាន់​បាន​និយាយ​ថាការ​កំណត់​ថា​តើ​ជនបរទេស​ជា​ជន​រង​គ្រោះឬ​អ្នក​ចូល​រួម​ដោយ​ស្ម័គ្រ​ចិត្ត​អាច​ជា​ការ​លំបាក​។

នៅចន្លោះខែសីហា ដល់ខែធ្នូ ឆ្នាំ២០២២ ប៉ូលិសតៃវ៉ាន់បានចាប់ខ្លួនជនជាតិតៃវ៉ាន់មិនស្គាល់អត្តសញ្ញាណម្នាក់ ដែលគេស្គាល់ថាឈ្មោះ«បងធំម៉ាប់» រួមនឹងមនុស្ស ១១ នាក់ផ្សេងទៀតនៅក្នុងក្រុមឧក្រិដ្ឋជនដែលត្រូវបានចោទប្រកាន់ពីបទជួញដូរជនជាតិតៃវ៉ាន់ ៣១ នាក់ទៅបរិវេណអគារនៅភ្នំបូកគោ។ (ទីភ្នាក់ងារប៉ូលិសជាតិតៃវ៉ាន់)

បងធំម៉ាប់ដែលអត្តសញ្ញាណមិនត្រូវបានបង្ហាញឱ្យឃើញពេញលេញនោះ បានបោកបញ្ឆោតមនុស្សឱ្យធ្វើដំណើរមកប្រទេសកម្ពុជាដោយប្រើការផ្សាយពាណិជ្ជកម្មតាម Facebook និងលួងលោមជនរងគ្រោះតាមរយៈអ្នកសម្របសម្រួលនៅលើដីនៅតៃវ៉ាន់។ ពួកគេបានរៀបចំលិខិតឆ្លងដែន និងនាំជនរងគ្រោះទៅកាន់អាកាសយានដ្ឋាន ដែលមន្ត្រីបានពិពណ៌នាថាជា«ក្រុមជួញដូរមនុស្សដែលមានការរៀបចំយ៉ាងល្អ» ដែលក្នុងនោះមានមនុស្សចំនួន១២នាក់។ ក្រុមនេះក៏បានលេងរូបិយប័ណ្ណគ្រីបតូពីជនរងគ្រោះបោកប្រាស់តាមរយៈទីផ្សារងងឹតនៅតៃវ៉ាន់ផងដែរ។

មន្ត្រី CIB ទី២ បាននិយាយថាបងធំម៉ាប់ត្រូវបានចាប់ខ្លួននៅពេលត្រឡប់ទៅតៃវ៉ាន់វិញក្នុងខែកញ្ញា ទោះបីជាទូរសព្ទរបស់លោកបានលុបឯកសារអស់ហើយក្តី និងមានព័ត៌មានតិចតួចដើម្បីផ្តល់ឱ្យប៉ូលិសក៏ដោយ ។

មន្ត្រី CIB ទាំងពីរបាននិយាយថា ពួកគេមិនបានទទួលព័ត៌មានថ្មីអំពីជនរងគ្រោះជនជាតិតៃវ៉ាន់ ឬក្រុមឆបោកជនជាតិតៃវ៉ាន់ដែលប្រតិបត្តិការនៅក្នុងបរិវេណអគារនៅភ្នំបូកគោចាប់តាំងពីការចាប់ខ្លួនបងធំម៉ាប់និងក្រុមរបស់បុរសនោះ។

ប៉ុន្តែ​តាមរយៈ​ព័ត៌មានពី​​បុគ្គលិក​សណ្ឋាគារ និង​ការ​ចូល​ទៅ​បរិវេណអគារនៅភ្នំ​បូកគោ​នាពេល​ថ្មីៗ​នេះ​បង្ហាញ​យ៉ាង​ច្បាស់ថា សកម្មភាព​លួចលាក់ និង​ការ​បង្ខាំង​ជនបរទេស​នៅតែ​បន្ត​ដោយស្ងៀមស្ងាត់។

មន្ត្រី CIB ដំបូង​បាន​ប្រាប់ខេមបូចាថា៖ «ខ្ញុំ​មិន​គិត​ថា​ប៉ូលិស​កម្ពុជា​​នឹង​បង្ក្រាប​នោះ​ទេ។ ផ្ទុយទៅវិញ ពួកគេបានជូនដំណឹងយ៉ាងរហ័សដល់មនុស្សរបស់ក្រុមហ៊ុនបោកប្រាស់តាមអ៊ីនធឺណិតឱ្យចាកចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយបង្កើតការចាប់អារម្មណ៍ក្លែងក្លាយថាវាហាក់ដូចជាត្រូវបានដោះស្រាយអស់ហើយ។ បន្ទាប់មករង់ចាំរហូតដល់ពេលវេលាបានកន្លងផុតទៅ ដោយរង់ចាំដល់មន្តី្រជាន់ខ្ពស់បញ្ឈប់ការផ្តោតអារម្មណ៍លើបញ្ហានេះ។ ហើយ​បន្ទាប់​មក មនុស្ស​ទាំង​នេះ​ត្រឡប់​មក​វិញ»

ទិដ្ឋភាពពីលើកំពូលភ្នំបូកគោ ក្បែរទីតាំងនៃបរិវេណអគារដែលប្រើប្រាស់ក្នុងការឆបោក ដែលមានខេត្តព្រះសីហនុ ជាទីតាំងនៃប្រតិបត្តិការឆបោកជាច្រើន អាចមើលឃើញនៅពាសពេញឈូងសមុទ្រ។ (Jack Brook/CamboJA)

កណត់សម្គាល់៖ អត្ថបទនេះបានធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង៤ រសៀល ក្រោយពីបានទទួលលិខិតពីក្រុមហ៊ុន Sokha Hotels និង Resorts, និង Sokimex Group ។

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Scams, Human Trafficking Thrived at Bokor Mountain Behind Tycoon’s Luxury Hotel

1,783 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម