នគរបាលរាជធានីភ្នំពេញបានចុះបង្ក្រាបអគារខុនដូមួយកន្លែង បន្ទាប់ពីធ្វើការស៊ើបអង្កេតអស់រយៈពេលប្រមាណមួយសប្ដាហ៍ ហើយបានឃាត់ខ្លួនមនុស្សជាង៦០នាក់ ដែលក្នុងនោះមានទាំងជនជាតិខ្មែរ និងចិន ដែលត្រូវបានសង្ស័យថាជាប់ពាក់ព័ន្ធនឹងការលួងលោមដាក់ប្រាក់ឱ្យវិនិយោគក្លែងកា្លយដោយផ្ដោតលើជនរងគ្រោះនៅអឺរ៉ុប។
លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ «យើងបានឆ្មក់ចូលទីតាំងនេះកាលពីយប់មិញ បន្ទាប់ពីធ្វើការស៊ើបអង្កេតប្រហែលមួយសប្តាហ៍ ព្រោះមនុស្សទាំងនេះធ្វើការ[ឆបោកតាមអនឡាញ]នៅពេលយប់»។ លោកបានបដិសេធមិនបញ្ជាក់ព័ត៌មានលម្អិតបន្ថែមឡើយ ប៉ុន្តែឱ្យអ្នកសារព័ត៌មានខេមបូចាទៅមើលសេចក្តីរាយការណ៍របស់សារព័ត៌មានផ្សេង ដែលបានបញ្ជាក់ពីការចុះបង្ក្រាប និងការឃាត់ខ្លួននេះថាបានធ្វើឡើងនៅជាន់ទី៣០ នៃអគារ Golden One Service Apartment ក្នុងខណ្ឌបឹងកេងកង ដោយមានជនជាតិចិន ៨នាក់ និងជនជាតិខ្មែរ ៥៧នាក់ ត្រូវបានឃាត់ខ្លួន។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានឱ្យដឹងថា អាជ្ញាធរបានត្រួតពិនិត្យអគារប្រហែល ៤ ០០០ទីតាំង ដែលសង្ស័យថាត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងរាជធានីភ្នំពេញ។
លោកបានថ្លែងថា៖ «បទល្មើសទាំងនេះជារឿយៗត្រូវបានប្រព្រឹត្តដោយសម្ងាត់ អ៊ីចឹងយើងត្រូវបន្តបង្ក្រាប។ រឿងហ្នឹងត្រូវបោសសម្អាតឱ្យបាននៅពាក់កណ្តាលខែមីនា ស្របតាមយុទ្ធនាការរបស់យើងក្នុងការត្រួតពិនិត្យអគារទាំងអស់»។
លោកបន្ថែមថា៖ «អគារប្រហែល ៤ ០០០ទីតាំង ដែលសង្ស័យថាមានប្រតិបត្តិការឆបោកតាមអនឡាញ ត្រូវបានត្រួតពិនិត្យរួចហើយ» ប៉ុន្តែលោកមិនបានបង្ហាញព័ត៌មានលម្អិតបន្ថែមឡើយ។
ទោះបីជាយុទ្ធនាការអនុវត្តច្បាប់នេះត្រូវបានរាយការណ៍ថា បានកាត់បន្ថយប្រតិបត្តិការនៅតាមទីតាំងបោកប្រាស់មួយចំនួនក៏ដោយ ក៏អ្នកវិភាគនៅតែបារម្ភពីការស៊ើបអង្កេតដែលមានកម្រិត ទាក់ទងនឹងមនុស្សមានឥទ្ធិពល ដែលត្រូវបានចោទប្រកាន់ថាពាក់ព័ន្ធនឹងបណ្ដាញបោកប្រាស់ទាំងនេះ។ ខណៈដែលអ្នកវិភាគខ្លះបានពិពណ៌នាបញ្ហានេះថាជា «វិបត្តិមនុស្សធម៌» បន្ទាប់ពីជនរងគ្រោះដែលត្រូវបានជួញដូរ បានរត់គេចខ្លួនមុនពេលមានការឆ្មក់បង្ក្រាប ហើយទទួលបានជំនួយតិចតួចក្នុងការត្រឡប់ទៅប្រទេសដើមវិញ។
យុទ្ធនាការបង្ក្រាបទូទាំងប្រទេស ដែលមានគោលបំណង «លុបបំបាត់» បណ្ដាញបោកប្រាស់ត្រឹមខែមេសា ត្រូវបានពង្រីកនៅខែមករា បន្ទាប់ពីមានសម្ពាធអន្តរជាតិកាន់តែខ្លាំងលើកម្ពុជា និងការបញ្ជូនខ្លួនលោក ចេន ហ្ស៊ី ដែលត្រូវបានគេបោទប្រកាន់ថាជាមេក្លោងបោកប្រាស់ ដែលជាអតីតទីប្រឹក្សានាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសចិន។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីសប្ដាហ៍មុន នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋាភិបាលប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាផ្នែកមួយនៃយុទ្ធនាការដើម្បីបង្ហាញពីសុឆន្ទៈការជំរុញរួមគ្នាធ្វើពីគ្រប់ក្រសួងស្ថាប័នក្នុងការដោះស្រាយបញ្ហានេះ។ លោកថ្លែងថា យុទ្ធនាការណ៍នេះមានគោលដៅយ៉ាងច្បាស់គឺ «លុបបំបាត់សេដ្ឋកិច្ចខ្មៅ» ក៏ដូចជា «ថែរក្សា និងបង្កើនសេដ្ឋកិច្ចសឱ្យបានច្រើន»។
លោកបានមានប្រសាសន៍ថា៖ «ការប្តេជ្ញាចិត្តរបស់យើងគឺអនុវត្តជាប្រចាំគឺដើម្បីកុំឱ្យបញ្ហានេះវាប៉ះពាល់ទៅដល់មុខមាត់ប្រទេសជាតិយើង។ ប៉ះពាល់ទៅដល់ការយល់ខុសពីប្រទេសរបស់កម្ពុជា»។
លោកបានបន្តថា៖ «ប៉ុន្តែយើងទទួលមិនមែនថាយើងអត់កំហុសទេ។ យើងត្រូវពង្រឹងច្បាប់ ពង្រឹងការអនុវត្តកុំឱ្យគេមកផ្ទះយើងទៀត»។
លោកបានពន្យល់ថា បញ្ហានេះជាបញ្ហាប្រទាក់ក្រឡាគ្នា ព្រោះសកម្មភាពបោកប្រាស់ដែលត្រូវបានចោទប្រកាន់នៅកម្ពុជា មានផលប៉ះពាល់ដល់ជនរងគ្រោះនៅក្រៅប្រទេស។ លោកបានបន្ថែមថា កម្ពុជាត្រូវបានប្រើប្រាស់ដោយជនបរទេសមួយចំនួន ដើម្បីបោកប្រាស់ជនបរទេសដទៃទៀត ដែលធ្វើឱ្យកម្ពុជាត្រូវបានពាក់ព័ន្ធជាមួយបញ្ហាទាំងនេះផងដែរ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
ស្ថានទូតសហភាពអឺរ៉ុបប្រចាំរាជធានីភ្នំពេញ ក៏មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយ នៅពេលអត្ថបទនេះត្រូវបានចេញផ្សាយដែរ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Phnom Penh Police Bust Alleged Scam Ring Targeting European Victims









