ជនបរទេសរាប់ពាន់នាក់ត្រូវបានចាប់ខ្លួននៅក្នុងការបង្រ្កាបទូទាំងប្រទេសលើប្រតិបត្តិការឆបោកតាមអ៊ីនធឺណិតនៅក្នុងខែកក្កដា ដោយបច្ចុប្បន្នពួកគេទាំងនោះ ខ្លះត្រូវបាននិរទេស ខណៈអ្នកផ្សេងទៀតកំពុងរង់ចាំការនិរទេស ហើយជាច្រើននាក់ទៀតកំពុងឃុំខ្លួននៅមណ្ឌលរបស់ខេត្ត និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍(GDI)។
អគ្គនាយករងអន្តោប្រវេសន៍ លោក អ៊ុក ហៃសីឡា មានប្រសាសន៍ថា ជនបរទេសប្រមាណ ១០០នាក់ ត្រូវបាននគរបាលរាជធានីភ្នំពេញ បញ្ចូនមកកាន់អង្គភាពរបស់លោក។ តែយ៉ាងណា លោកថាខេត្តមួយចំនួននៅមិនទាន់ផ្ទេរអ្នកជាប់ឃុំ ឬចាប់ផ្តើមនីតិវិធីអន្តោប្រវេសន៍ទាក់ទងនឹងការបង្ក្រាបនោះទេ។
លោក ហៃសីឡា បាននិយាយថា៖ «បច្ចុប្បន្នយើងមានជនបរទេសប្រមាណ ៤០០ ទៅ ៥០០នាក់ត្រៀមខ្លួនសម្រាប់ការនិរទេស»។ លោកបន្តថា៖ «យើងកំពុងធ្វើការលើនីតិវិធីចាំបាច់ ហើយនឹងធ្វើការប្រកាសអំពីការនិរទេសនៅពេលដែលយើងទទួលបានការណែនាំ [ឱ្យនិរទេស] ពីក្រសួងមហាផ្ទៃ»។
លោកបន្ថែមថា ខេត្តខ្លះមិនបានផ្ទេរអ្នកជាប់ឃុំទៅឃុំខ្លួននៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ទេ ដោយសារកន្លែងពេញ ដូច្នេះអាជ្ញាធរខេត្តកំពុងឃុំខ្លួនពួកគេ និងរង់ចាំការណែនាំបន្ថែម។
លោកបានបន្ថែមថា៖ «នៅពេលនេះមិនទាន់មានការណែនាំក្នុងការអនុវត្តនៅឡើយទេ ជាមូលដ្ឋានយើងកំពុងធ្វើឱ្យអស់ពីសមត្ថភាព ហើយពេលខ្លះបញ្ជូនមនុស្ស ១០នាក់ក្នុងពេលមួយតាមដែលអាចធ្វើបាន»។
យោងតាមរបាយការណ៍របស់ប៉ូលិស ជនបរទេសដែលត្រូវបានចាប់ខ្លួន រួមមានជនជាតិចិន វៀតណាម ថៃ ឥណ្ឌូនេស៊ី បង់ក្លាដេស តៃវ៉ាន់ កូរ៉េខាងត្បូង ប៉ាគីស្ថាន ឥណ្ឌា នេប៉ាល់ ហ្វីលីពីន ឡាវ និងមីយ៉ាន់ម៉ា។
លោក ហៃសីឡា បន្តថា អ្នកជាប់ឃុំមួយចំនួនតូចត្រូវបានបញ្ជូនមករាជធានីភ្នំពេញ។ ចំពោះករណីធំៗ នាយកដ្ឋានបានស្នើឱ្យអាជ្ញាធរមូលដ្ឋានបំពេញនីតិវិធីនិរទេសដោយខ្លួនឯង ដោយកត់សម្គាល់ថា ជនជាតិវៀតណាម និងថៃអាចនិរទេសដោយផ្ទាល់តាមព្រំដែនគោក។
លោកបានឱ្យដឹងថា មណ្ឌលឃុំឃាំងត្រូវបានកំណត់តាមតំបន់៖ អ្នកជាប់ឃុំនៅខេត្តភាគខាងកើតនៃប្រទេសត្រូវបញ្ជូនមកភ្នំពេញ ខេត្តនៅភាគខាងជើងត្រូវបញ្ជូនទៅខេត្តសៀមរាប និងខេត្តនៅភាគខាងលិចត្រូវបញ្ជូនទៅខេត្តព្រះសីហនុ។
ទោះជាយ៉ាងណា នាយកដ្ឋានកំពុងប្រឈមនឹងឧបសគ្គ។ ការពិនិត្យរកអ្នកជាប់ឃុំដែលត្រូវបានគេជួញដូរមកគឺនៅមានកម្រិត បើទោះបីជាឧស្សាហកម្មឆបោកនេះជាទូទៅ «ប្រើប្រាស់សកម្មភាព» បង្ខិតបង្ខំក៏ដោយ។ ក្រុមសិទ្ធិមនុស្សបានប៉ាន់ប្រមាណថាមនុស្សប្រហែល ១៥០,០០០ នាក់មកពីយ៉ាងហោចណាស់ ២២ ប្រទេសត្រូវបានបង្ខំឱ្យធ្វើការនៅក្នុងទីតាំងប្រតិបត្តិការឆបោកមានមូលដ្ឋាននៅប្រទេសកម្ពុជា និងមនុស្សសរុបចំនួនសរុប ៣៥០ ០០០ នាក់ កំពុងបង្ខំឱ្យធ្វើការនៅតាមបណ្ដាប្រទេសក្នុងតំបន់ ដូចជាប្រទេសឡាវ និងមីយ៉ាន់ម៉ាជាដើម។
ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ លោក សុខ សំបូរ មានប្រសាសន៍ថា អ្នកដែលចាប់ខ្លួនពាក់ព័ន្ធនឹងប្រតិបត្តិការឆបោក មិនត្រូវបានបញ្ជូនទៅអង្គភាពរបស់លោកនោះទេ ដោយឡែកជនទាំងនោះត្រូវបានបញ្ជូនទៅនាយកដ្ឋានកណ្តាលសន្តិសុខវិញ។
អភិបាលខេត្តក្រចេះ លោក វ៉ា ថន មានប្រសាសន៍ថា ជនបរទេសចំនួន ៣១២នាក់ ក្នុងនោះស្រី ៥៦នាក់ ដែលត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបករណីឆបោកតាមបច្ចេកវិទ្យា ដែលដឹកនាំដោយគណៈបញ្ជាការឯកភាពខេត្ត ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍(GDI) នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកក្កដា។
លោកបានមានប្រសាសន៍ថា៖ «អ្នកជាប់ឃុំជាជនជាតិចិន មីយ៉ាន់ម៉ា និងឡាវ [ត្រូវបានបញ្ជូន] ទៅនាយកដ្ឋានអន្តោប្រវេសន៍ ខណៈដែលជនជាតិថៃត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត»។ រីឯ អ្នកជាប់ឃុំជនជាតិឥណ្ឌូនេស៊ី លោកថាកំពុងស្ថិតនៅក្នុងខេត្តក្រចេះតាមសំណើរបស់ GDI ។
លោកបន្តថា៖ «ចំណែកឯជនជាតិវៀតណាមវិញ គឺពួកយើងបានស្នើឱ្យនិរទេសពួកគេទៅតាមច្រកព្រំដែនខេត្តក្រចេះ»។
លោកបានចង្អុលបង្ហាញថា ការចុះបង្រ្កាបទីតាំងដែលពាក់ព័ន្ធនឹងការឆបោកកំពុងបន្ត បើទោះបីជាមានភាពតានតឹងនៅតាមព្រំដែនក៏ដោយ ដោយកងកម្លាំងសន្តិសុខកំពុងបន្តសកម្មភាពយ៉ាងសកម្មក្នុងការបង្រ្កាបទីតាំងសង្ស័យជាច្រើនកន្លែងទៀត។
ស្នងការនគរបាលខេត្តស្វាយរៀង លោក ពេជ្រ វីរៈ និងស្នងការនគរបាលខេត្តក្រចេះ លោក អ៊ូ សុប៊ុណ្ណា មិនអាចទាក់ទងសុំការបំភ្លឺបានទេ។
ស្នងការរងនគរបាលខេត្តឧត្តរមានជ័យ លោក ឡុង សុគន្ធ មានប្រសាសន៍ថា ជនបរទេសប្រមាណ ១០០នាក់ ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅវិញ បន្ទាប់ពីសមត្ថកិច្ចសាកសួរ ដើម្បីផ្ទៀងផ្ទាត់ឯកសារស្របច្បាប់របស់ពួកគេ។
លោកបានឱ្យដឹងថា៖ «យើងបានអនុញ្ញាតឱ្យពួកគេត្រឡប់ទៅវិញដោយសារពួកគេមានឯកសារគ្រប់គ្រាន់ រួមទាំងលិខិតឆ្លងដែន និងលិខិតអនុញ្ញាតការងារដែលមានសុពលភាព»។
លោកបានមានប្រសាសន៍ថា៖ «យើងមិនបានធ្វើប្រតិបត្តិការនៅក្នុង [បរិវេណអាគារ] ទេ។ សកម្មភាពរបស់យើងផ្តោតលើផ្ទះសំណាក់ និងផ្ទះជួល»។ លោកបន្ថែមថា៖ «ពួកគេគ្រាន់តែស្នាក់នៅផ្ទះសំណាក់ សណ្ឋាគារ និងផ្ទះជួល នេះមិនទាក់ទងនឹងការឆបោកតាមអ៊ីនធឺណិតទេ»។
បើតាមលោក សុគន្ធ អ្នកដែលត្រូវបានដោះលែងនោះ មានជនជាតិចិន ៧២នាក់ ក្នុងនោះស្រី ១៧នាក់ និងជនជាតិវៀតណាម ២០នាក់ ក្នុងនោះស្រី ១៧នាក់។ អ្នកទាំងអស់នោះត្រូវបានណែនាំឱ្យត្រឡប់ទៅកន្លែងស្នាក់នៅរបស់ពួកគេវិញ។
ស្ថានទូតនៃប្រទេសកូរ៉េខាងត្បូងប្រចាំទីក្រុងភ្នំពេញ បានប្រាប់ សារព័ត៌មានខេមបូចា តាមរយៈអ៊ីម៉ែល ថា បញ្ហានេះកំពុងត្រូវបានស៊ើបអង្កេតដោយអាជ្ញាធរកម្ពុជា ហើយអង្គភាពមិនមានសិទ្ធិក្នុងការធ្វើអត្ថាធិប្បាយបន្ថែមនោះទេ។
ស្ថានទូតផ្សេងទៀតដែលតំណាងឱ្យពលរដ្ឋរបស់ពួកគេដែលត្រូវបានចាប់ខ្លួនក៏មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយដូចគ្នានៅមុនការចេញផ្សាយ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ទូច សុខៈ និងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន មិនអាចទាក់ទងសុំការអត្ថាធិប្បាយនោះទេ។
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ស្វាយរៀង និងពោធិ៍សាត់ ក៏មិនអាចសុំការបំភ្លឺបានដែរ៕
(រាយការណ៍បន្ថែមដោយ ឡុង សំនៀង)
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Online Scam Crackdown: Thousands Held, Deportations Underway









