រដ្ឋាភិបាលបានបញ្ជាឱ្យក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតបិទគេហទំព័រ និងទំព័របណ្តាញសង្គមរបស់បណ្តាញផ្សព្វផ្សាយព័ត៌មានឯករាជ្យមួយចំនួន និងមូលដ្ឋានទិន្នន័យសាធារណៈមួយ នេះបើតាមឯកសារចុះកាលបរិច្ឆេទថ្ងៃទី១២ ខែកក្កដា ដែលខេមបូចាទើបទទួលបាននៅថ្ងៃចន្ទនេះ។
និយ័តករទូរគមនាគមន៍កម្ពុជាបានចេញលិខិតមួយដោយស្វះស្វែងរកការកាត់ផ្តាច់ការចូលទៅកាន់គេហទំព័រកាសែត ឌឹ ខេមបូឌា ដេលី វិទ្យុអាស៊ីសេរី និងមូលដ្ឋានទិន្នន័យសាធារណៈកំណត់ត្រា (Kamnotra) ដែលទើបបើកដំណើរការថ្មីៗ ដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)។
លិខិតរបស់និយ័តករទូរគមនាគមន៍កម្ពុជាបានសរសេរថា៖ «ការចាត់វិធានការបិទខ្ទប់ឈ្មោះដែនរបស់អង្គភាពសារព័ត៌មានដែលផ្សព្វផ្សាយព័ត៌មានធ្វើឱ្យមានការភាន់ច្រឡំ ប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលនិងមិនបានបំពេញលក្ខខណ្ឌក្នុងការធ្វើអាជីវកម្មនៅក្រសួងព័ត៌មាន» ។
ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតត្រូវបានប្រាប់ឱ្យបិទខ្ទប់ការចូលទៅកាន់គណនី Instagram និង Twitter របស់សារព័ត៌មាន ឌឹខេមបូឌា ដេលី គណនី Twitter របស់កំណត់ត្រា និងយូធូបរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី។
លិខិតនេះក៏បានយោងទៅលើលិខិតចុះថ្ងៃទី១១ ខែកក្កដា របស់ក្រសួងព័ត៌មានដែលលោក មាស សោភ័ណ្ឌ ជាអ្នកនាំពាក្យក្រសួងនេះបានបញ្ជាក់ប្រាប់ខេមបូចាតាមរយៈតេឡេក្រាមថា ក្រសួងបានផ្តួចផ្តើមបទបញ្ជានេះ។
ទាក់ទងនឹងមូលដ្ឋានទិន្នន័យកំណត់ត្រា លោក សោភ័ណ្ឌ បានបញ្ជាក់ថា៖ «ពាក់ព័ន្ធនឹងការស្នើបិទគេហទំព័រកំណត់ត្រានេះ ដោយសារតែខាងអគ្គនាយកដ្ឋានជំនាញរប់សក្រសួងព័ត៌មាន ពិនិត្យឃើញថា គេហទំព័រនេះ បានធ្វើប្រតិបត្តិការជាសារព័ត៌មានមួយ ប៉ុន្តែមិនបានបំពេញកាតព្វកិច្ចឱ្យបានត្រឹមត្រូវ ទៅតាមនីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ក្នុងនាមជាភ្នាក់ងារសារព័ត៌មានមួយ ដែលត្រូវបានទទួលថាស្របច្បាប់នោះទេ» ។ ដោយលោកបន្ថែមថា៖ «ហើយក៍កំពុងផ្សាយព័ត៌មានដែលធ្វើឱ្យសាធារណៈជនមានការភាន់ច្រឡំផងដែរ ហេតុដូច្នេះហើយទើបខាងអគ្គនាយកដ្ឋានជំនាញរបស់ក្រសួងស្នើទៅកាន់ស្ថាប័នពាក់ព័ន្ធដើម្បីមានវិធានការ ក្នុងការធានាការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ» ។
បន្ទាប់ពីការដាក់ឲ្យដំណើរការមូលដ្ឋានទិន្នន័យកំណត់ត្រា ក្រសួងព័ត៌មានបានអះអាងថា កំណត់ត្រាគ្មានអាជ្ញាបណ្ណផ្សព្វផ្សាយព័ត៌មានដែលត្រូវបានអនុញ្ញាតនោះទេ។
លោក អ៊ិត សូធឿត នាយកប្រព័ន្ធផ្សព្វផ្សាយ CCIM បានអះអាងថា មូលដ្ឋានទិន្នន័យនេះមិនមែនជាបណ្តាញផ្សព្វផ្សាយសារព័ត៌មានទេ ដោយពន្យល់ថា មូលដ្ឋានទិន្នន័យនេះមានបំណងចងក្រងព័ត៌មានសាធារណៈដែលមានស្រាប់ ដូចជាឯកសារដែលចេញផ្សាយនៅក្នុងសៀវភៅរាជកិច្ច ដូចជាការផ្តល់ដី ការផ្តល់គោរមងារ និងការវិភាគលើទិន្នន័យនៃការបោះឆ្នោតជាដើម។
លោក សូធឿត បានមានប្រសាសន៍ថា៖ «តាមរយៈការសង្កេតរបស់យើង គេហទំព័រព័ត៌មានមួយចំនួន ដែលរិះគន់រដ្ឋាភិបាលត្រូវបានបិទសម្រាប់ការបោះឆ្នោត ប៉ុន្តែគួរឲ្យស្តាយ ទោះបីជាគោលបំណងទាំងស្រុងរបស់កំណត់ត្រា គឺដើម្បីចងក្រងឯកសារសាធារណៈទាំងអស់សម្រាប់ឲ្យអ្នកគ្រប់គ្នាចូលប្រើប្រាស់ក៏ដោយ ក៏វានៅតែត្រូវបានបិទ។ វាជាការខាតបង់ប្រយោជន៍សាធារណៈ»។
កំណត់ត្រាបានបញ្ជាក់នៅលើគេហទំព័ររបស់ខ្លួនថា «គោលដៅរបស់យើងនៅ CCIM គឺផ្តល់ឱ្យប្រជាជនកម្ពុជានូវព័ត៌មាន ដែលពួកគាត់ត្រូវការ ដើម្បីធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង»។
កាលពីថ្ងៃចន្ទ កំណត់ត្រាបានចេញសេចក្តីថ្លែងការណ៍មួយនៅលើ Twitter របស់ខ្លួន ដោយបញ្ជាក់ថា អ្នកប្រើប្រាស់មួយចំនួនមិនអាចចូលមើលមូលដ្ឋានទិន្នន័យនេះបានទេ ដោយកត់សម្គាល់ថា ស្ថាប័នកំពុង «ពិនិត្យមើលបញ្ហា និងកំពុងស្វែងរកមធ្យោបាយ ដើម្បីឲ្យលោកអ្នកទទួលបានទិន្នន័យ និងការវិភាគនៅក្នុងកំណត់ត្រាក្នុងពេលឆាប់ៗនេះ»។
CCIM បានដាក់ឲ្យដំណើរការមូលដ្ឋាននិទ្ធន័យកំណត់ត្រាកាលពីចុងខែមិថុនា បន្ទាប់ពីសារព័ត៌មានជាភាសាខ្មែរ និងអង់គ្លេសវីអូឌីរបស់ CCIM ត្រូវបានលុបអាជ្ញាបណ្ណកាលពីខែកុម្ភៈ។
បន្ទាប់ពីការបិទវីអូឌីកាលពីខែកុម្ភៈ និយ័តករទូរគមនាគមន៍កម្ពុជាបានបញ្ជាភ្លាមៗទៅក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតទាំងអស់ឱ្យបិទការចូលមើលគេហទំព័រជាភាសាអង់គ្លេស និងភាសាខ្មែររបស់វីអូឌី។
ប៉ុន្តែក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតយឺតយ៉ាវក្នុងការអនុវត្តតាមបទបញ្ជា ដែលធ្វើឲ្យគេអាចចូលទៅមើលម្តងម្កាលអាស្រ័យលើក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត។ រឿងនេះហាក់ដូចជាពិត ជុំវិញនឹងការអាចចូលមើលមូលដ្ឋានទិន្នន័យកំណត់ត្រា និងគេហទំព័រផ្សេងទៀតគិតត្រឹមរសៀលថ្ងៃចន្ទនេះ។
កាលពីខែមីនា គេហទំព័រព័ត៌មានជាភាសាខ្មែរចំនួនបីក៏ត្រូវបានលុបចោលអាជ្ញាបណ្ណផងដែរ ដោយសារសរសេរចោទប្រកាន់ករណីឆបោកដីធ្លីជាប់ពាក់ព័ន្ធនឹងមន្ត្រីរដ្ឋាភិបាល។
ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតធំៗដូចជា Metfone, Sinet, Cellcard, WiCam និង Smart មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ។
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ប្រាប់ខេមបូចាថា លោកជាប់រវល់មិនអាចឆ្លើយសំណួរបានទេ។
លោក សៀង សិទ្ធី អ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជាមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Government Orders Internet Providers to Block Media Outlets, Kamnotra Database