សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អង្គការសហប្រជាជាតិប៉ាន់ស្មានថា មនុស្ស ១០០ ០០០នាក់ត្រូវគេជួញដូរទៅក្នុងប្រតិបត្តិការឆបោកនៅកម្ពុជា, មន្ត្រីសួរថា«តើពួកគេនៅឯណា?»

ផែនទីនៃមជ្ឈមណ្ឌលឆបោកដែលគេបានដាក់បញ្ចូលនៅក្នុងរបាយការណ៍អង្គការសហប្រជាជាតិមួយដែលមានចំណងជើងថា ប្រតិបត្តិការឆបោកតាមអនឡាញ និងការជួញដូរទៅក្នុងអំពើឧក្រិដ្ឋដោយបង្ខំនៅអាស៊ីអាគ្នេយ៍៖ អនុសាសន៍សម្រាប់ការឆ្លើយតបផ្នែកសិទ្ធិមនុស្ស ។ (UN OHCHR)
ផែនទីនៃមជ្ឈមណ្ឌលឆបោកដែលគេបានដាក់បញ្ចូលនៅក្នុងរបាយការណ៍អង្គការសហប្រជាជាតិមួយដែលមានចំណងជើងថា ប្រតិបត្តិការឆបោកតាមអនឡាញ និងការជួញដូរទៅក្នុងអំពើឧក្រិដ្ឋដោយបង្ខំនៅអាស៊ីអាគ្នេយ៍៖ អនុសាសន៍សម្រាប់ការឆ្លើយតបផ្នែកសិទ្ធិមនុស្ស ។ (UN OHCHR)

មនុស្សយ៉ាងហោចណាស់ ១០០.០០០នាក់​ត្រូវបាន​បង្ខំ​ឱ្យធ្វើប្រតិបត្តិការឆបោកតាម​អនឡាញ​​​នៅក្នុង​ប្រទេស​កម្ពុជា នេះបើយោងតាម​របាយការណ៍​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃអង្គារ​កន្លង​ទៅនេះ ប៉ុន្តែ មន្ត្រីរដ្ឋាភិបាល​កម្ពុជា​និយាយថា ពួកគេ​ចង់​ឃើញភ័ស្តុតាង​បន្ថែម​ទៀត​ដែលបញ្ជាក់ពីតួលេខ​ប៉ាន់ស្មាននេះ។

លោកស្រី ជូ ប៊ុនអេង អនុប្រធាន​គណៈកម្មាធិការជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរមនុស្ស (NCCT) បាន​និយាយ​យ៉ាងដូច្នេះថា៖ «យើងយល់ថាវាពិបាក​ក្នុងការទទួលយកដែលថា នៅក្នុង​ប្រទេស​កម្ពុជា មាន​មនុស្ស​ប្រហែល ១០០.០០០នាក់​អាចត្រូវបានជាប់នៅក្នុង​បណ្ដាញ​​ឧក្រិដ្ឋជន ដែលត្រូវបាន​បង្ខិត​បង្ខំ​ឱ្យ​ធ្វើការឆបោកតាមអនឡាញ»។ អ្នកស្រីបន្តថា៖ «កម្ពុជា​មិនធំប៉ុន្មានទេ មានប្រជាជន ១៦លាននាក់ ដូច្នេះ ប្រសិន​បើ​មានអ្នកឆបោក​ ១០០.០០០នាក់ តើពួកគេ​នៅ​ឯណា?»

របាយការណ៍និយាយថា គេទាញ​សន្និដ្ឋានដោយ​ផ្អែក​លើ​ការស្រាវជ្រាវ​ចម្បង​និង​បន្ទាប់បន្សំ​ដែល​ធ្វើ​ឡើង​ដោយ​ការិយាល័យ​សិទ្ធិមនុស្ស​របស់អង្គការសហប្រជាជាតិ ក្នុងនោះរាប់​បញ្ចូល​ទាំង​សក្ខីកម្ម​ពី​ជនរងគ្រោះផ្ទាល់ផងដែរ ។ កិច្ច​សម្ភាសន៍​និង​ការពិគ្រោះយោបល់​ទាំងអស់​សម្រាប់​របាយការណ៍នេះ ត្រូវបាន​ធ្វើឡើងដោយ​ការិយាល័យ​ឧត្ដមស្នងការទទួល​បន្ទុក​សិទ្ធិ​មនុស្ស (OHCHR) «ស្របទៅតាម​បទដ្ឋានអនុវត្តន៍​និង​វិធីសាស្ត្រ​របស់ខ្លួន» ដែលអនុវត្ត​«គោលការណ៍​​មិន​បង្ក​គ្រោះថ្នាក់ និង​វិធីសាស្ត្រ​ផ្ដោតលើ​ជនរងគ្រោះ/អ្នករស់រានមានជីវិត»

តួលេខប្រហាក់ប្រហែល​នៃ​ជនរងគ្រោះដោយសារការឆបោកតាមអនឡាញ​នៅកម្ពុជា គឺ​ជា​លទ្ធផល​នៃ​«ការប៉ាន់ស្មានដែលអាចជឿជាក់បាន»ដោយផ្អែកលើ​ព័ត៌មាន​ដែលមាននៅ OHCHR។ តំណាង​ OHCHR ពុំទាន់បានឆ្លើយតបនឹងសំណើ​សុំ​អត្ថាធិប្បាយ​នៅឡើយទេ។

រដ្ឋាភិបាលកម្ពុជា​បាននិយាយជាដដែលៗថា ខ្លួន​កំពុងអនុវត្ត​ការបង្ក្រាបទៅលើ​អំពើ​ជួញដូរ​មនុស្ស បន្ទាប់ពីការបដិសេធពីដំបូងទីថាពុំមានការកើនឡើងនូវ​កន្លែងធ្វើប្រតិបត្តិការឆបោក​នៅក្នុង​ប្រទេស​នោះ​ទេ ។ កាលពីខែមិថុនា សម្រាប់ពីរឆ្នាំជាប់គ្នា របាយការណ៍​អំពីការជួញដូរ​មនុស្ស​​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​ចាត់កម្ពុជាទៅ​ក្នុងប្រទេស​ចំណាត់​ថ្នាក់​ទី៣ ដែល​ជា​ចំណាត់ថ្នាក់​ទាប​ជាងគេ​បំផុត ដោយសារតែ​មិនបាន​អនុវត្ត​«កិច្ច​ប្រឹងប្រែង​ហ្មត់​ចត់ ​និង​មាននិរន្តរភាព»ដើម្បី​លុបបំបាត់​ទម្រង់ធ្ងន់ធ្ងរនៃអំពើជួញដូរ។

លោកស្រី ប៊ុនអេង បាននិយាយថា របាយការណ៍របស់អង្គការសហប្រជាជាតិ​ដែលចេញ​ផ្សាយ​​កាលពីថ្ងៃអង្គារ ដាក់បញ្ចូលតួលេខ​ដោយ​គ្មាន​ភ័ស្តុតាង និងថា រដ្ឋាភិបាល​ចង់​ដឹង​«សំអាងជាក់លាក់»នៅពីក្រោយ​តួលេខប៉ាន់ស្មាននេះ។

លោកស្រីបានអះអាងថា មនុស្សខ្លះដែលរដ្ឋាភិបាលបានជួយរំដោះចេញពីកន្លែងធ្វើការ​របស់​ពួកគេ​មិនមែនជាជនរងគ្រោះនៃអំពើជួញដូរមនុស្សទេ ។ លោកស្រី​បាន​បន្ថែម​ថា កម្មករទាំង​នេះ​​គ្រាន់តែស្នើសុំ​ជំនួយពីរដ្ឋាភិបាល​នៅពេលពួកគេ​ចង់ផ្លាស់ប្ដូរ​ការងារ​នៅមុនពេល​បញ្ចប់​កិច្ច​សន្យា​ការងារ​ប៉ុណ្ណោះ ដែល​នេះ​ជាការបន្ទរការបដិសេធ​កន្លងមក​ថាមិនមែន​ជា​ករណី​ពលកម្ម​​ដោយបង្ខំ ដែល​អាជ្ញាធរ​តែង​បដិសេធដូច្នេះនៅក្រោយ​ការរំដោះ​កម្មករ​។ 

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាន​និយាយថា រដ្ឋាភិបាល​«កំពុងខិតខំ​បង្ក្រាប»​ប្រតិបត្តិការ​ឆបោក​តាមអនឡាញ។

លោក​បាននិយាយថា៖ «ប្រសិនបើ​ពួកគេ​និយាយថា មាន ១០០.០០០នាក់ សូម​បង្ហាញ​ភ័ស្តុតាង​មក»។ និយាយដូច្នេះហើយ លោកក៏ដាក់ទូរសព្ទចុះ​ឈប់និយាយ។

នេះមិនមែនជាលើកទីមួយទេដែល​មន្ត្រីរដ្ឋាភិបាល​បាន​ចោទសួរ​ចំពោះ​ការប៉ាន់ស្មានរបស់​ អ.ស.ប ពីចំនួនជនរងគ្រោះ​ដោយសារអំពើជួញដូរមនុស្សនៅក្នុងប្រទេស​កម្ពុជា ។

លិខិត អ.ស.ប កាលពីខែកញ្ញា ឆ្នាំ២០២២ បានលើកឡើងថា ចំនួនជនដែលត្រូវគេជួញដូរ​នៅកម្ពុជា​អាចមាន​ខ្ពស់រហូតដល់ទៅ ១០០.០០០នាក់ ដោយផ្អែកតាម​របាយការណ៍​ដែល​ការិយាល័យ​ អ.ស.ប បានទទួល ។​ លិខិតដដែលបានសម្ដែង«ការបារម្ភ​យ៉ាងខ្លាំង»ថា រដ្ឋាភិបាលកម្ពុជា​អាចនឹងខកខាន​មិន​បាន​ចាត់វិធានការ​ដើម្បី​ទប់ស្កាត់​ការជួញដូរមនុស្ស ឡើយ និងថា កិច្ចប្រឹងប្រែងដែលរដ្ឋាភិបាលបានធ្វើ​មិនឆ្លើយតបគ្រប់គ្រាន់ទៅនឹង​«កាតព្វ​កិច្ចនៅ​ក្រោម​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ»របស់​កម្ពុជា​ទេ ។ 

នៅក្នុង​លិខិតឆ្លើយតប​របស់ NCCT កាលពីខែវិច្ឆិកា លោកស្រី ប៊ុនអេង បាន​សរសេរ​ថា រដ្ឋាភិបាល​«មានការភ្ញាក់ផ្អើល»ចំពោះ«ការចោទប្រកាន់»ថាមាន​ជនត្រូវគេជួញដូរ ១០០ ០០០នាក់នៅក្នុង​ប្រទេស​កម្ពុជា​ គិតត្រឹមដំណាច់ឆ្នាំ២០២១ ។ លិខិតរបស់រដ្ឋាភិបាល​បាន​លើក​ឡើងថា បទល្មើសជួញដូរមនុស្ស​ដែលកំពុងកើតឡើង​នៅក្នុង​ប្រទេស​គឺជា​«បទ​ពិសោធន៍​​ថ្មី​ដែល​កម្ពុជា​ត្រូវដោះស្រាយ»

របាយការណ៍របស់ អ.ស.ប កត់ត្រាប្រវត្តិដើមទង​នៃ​ប្រតិបត្តិការ​ឆបោក​តាមអនឡាញ​នៅក្នុង​តំបន់ ដែល​កើតឡើងទន្ទឹមគ្នានឹង​ប្រជាប្រិយភាពកើនឡើង​នៃ​ល្បែងស៊ីសងតាម​អនឡាញ និងកាស៊ីណូ​នៅក្នុង​តំបន់អាស៊ីអាគ្នេយ៍។ របាយការណ៍ដដែល​លើកឡើងថា ចំនួន​កាស៊ីណូ​នៅកម្ពុជា​កើនឡើង​ស្ទើរតែ​៣ដង​ គឺកើនពី៥៧កន្លែងនៅឆ្នាំ២០១៤ដល់​១៥០កន្លែង​នៅក្នុង​ឆ្នាំ២០១៩ ។

កន្លែងជាច្រើន​នៅក្នុងតំបន់ដែល​មនុស្ស​ត្រូវបានគេបង្ខំ​ឱ្យ​ធ្លាក់ទៅក្នុងសកម្មភាពឧក្រិដ្ឋកម្ម​អនឡាញ គឺជាកន្លែង​ដែលមាន​អភិបាលកិច្ច​និងនីតិរដ្ឋ​ខ្សោយ ។ វិបត្តិជំងឺឆ្លងរាលដាល​បាន​នាំឱ្យ​ឧក្រិដ្ឋជន​ផ្ដោត​គោលដៅទៅលើ​ពលករ​ចំណាកស្រុកដែល​គ្មានការងារធ្វើ​និង​ធ្វើដំណើរ​ទៅណាមិនរួច ដើម្បី​ឱ្យ​ធ្វើការ​នៅក្នុង​អគារប្រតិបត្តិការការឆបោក។

គិតត្រឹមខែកក្កដា ឆ្នាំ២០២៣ មជ្ឈមណ្ឌល​ប្រតិបត្តិការឆបោកតាមអនឡាញ​ត្រូវបាន​គេ​រាយការណ៍ថា​កើតឡើងនៅក្នុង​រាជធានីភ្នំពេញ, ខេត្តកណ្ដាល ពោធិ៍សាត់ កោះកុង ព្រះសីហនុ ឧត្ដរមានជ័យ ស្វាយរៀង ក្នុងនោះរាប់ទាំង​ក្រុងបាវិត និង​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស តារាសាគរ (SEZ) និង​ Henge Thmorda SEZ ផងដែរ ។

ប្រទេសកម្ពុជា​បាន​ផ្លាស់ប្ដូរ​ពី​ប្រទេសប្រភព​សម្រាប់ជនរងគ្រោះនៃអំពើជួញដូរ ទៅជា​ប្រទេស​​​គោលដៅដែល​ជនរងគ្រោះជាជនជាតិបរទេស​ត្រូវបានគេ​ជួញដូរ​ចូលមក​ក្នុង​ប្រទេស​នេះ។ នេះ​បើយោងតាម​របាយការណ៍ខាងលើ។ របាយការណ៍ដដែល​ក៏លើកឡើង​ផងដែរ​អំពី​ការព្រួយបារម្ភ​ថា​កម្ពុជា​ខ្វះ​សេវាកម្មការពារ​សម្រាប់ជនរងគ្រោះដែល​ជា​បុរស ពីព្រោះ​បុរស​មានចំនួនលើសលប់នៅក្នុង​ចំណោម​ប្រជាជន​ដែលត្រូវគេជួញដូរ​ឱ្យចូលក្នុង​ប្រតិបត្តិការ​ឆបោកតាម​អនឡាញ ។

លោក អំ សំអាត នាយកចាត់ការទូទៅនៃ​អង្គការ​សិទ្ធិមនុស្ស លីកាដូ បាន​និយាយថា លោកមានការជឿ​ជាក់លើ​ទិន្នន័យ​ដែលបង្ហាញនៅក្នុង​របាយការណ៍របស់ អ.ស.ប ។

លោកនិយាយយ៉ាងដូច្នេះ «អ.ស.ប គឺជា​អង្គការអន្តរជាតិដ៏ធំមួយ​ដែលផ្ដោត​លើ​សិទ្ធិមនុស្ស ដូច្នេះ មុនពេលពួកគេ​ធ្វើរបាយការណ៍អ្វីមួយ ពួកគេប្រមូលព័ត៌មាន​ដែលមាន​សំអាង​គ្រប់គ្រាន់​ដើម្បី​ផ្សព្វផ្សាយ​ជាសាធារណៈ»។ លោកបន្តថា៖ «ខ្ញុំជឿជាក់ថា អ្វីដែលពួកគេ​ធ្វើរបាយការណ៍ គឺមាន​[ទិន្នន័យ]គ្រប់គ្រាន់​ដើម្បី​បញ្ជាក់​អំណះអំណាងរបស់ខ្លួន»។  

លោកបានថ្លែងថា កម្ពុជា​គួរ​ពិចារណា​អនុសាសន៍ដែលបានដាក់បញ្ចូល​នៅក្នុង​របាយការណ៍ ហើយ​រដ្ឋាភិបាល​គួរតែផ្ដល់​ការបណ្ដុះបណ្ដាល​បច្ចេកទេស​ដល់​មន្ត្រីរបស់ខ្លួន​ដើម្បី​អនុវត្ត​ការងារ​ឱ្យ​បាន​កាន់តែប្រសើរឡើង​ក្នុង​ការ​បង្ក្រាប​ឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ដែលពាក់ព័ន្ធនឹង​ការប្រើប្រាស់បច្ចេកវិទ្យា​ទំនើប។​

លោកបានលើកឡើងថា៖ «កម្ពុជា​គួរពិនិត្យនូវអ្វីដែល​យើងខ្វះខាត​នៅពេល​កន្លងមក ពិនិត្យ​មើលត្រឡប់ក្រោយវិញថាតើអ្វីខ្លះដែលយើងមិនទាន់បានធ្វើ និង​ខិតខំ​ឱ្យអស់ពីសមត្ថភាព​ ដើម្បី​​ទប់ស្កាត់​និង​បង្ក្រាប​អំពើជួញដូរមនុស្ស​និង​ការឆបោក​តាមអនឡាញ»។​ លោកបន្ថែម​ថា៖​ «វាប្រសើរជាងការ​ច្រានចោល​ដោយ​មិនបាន​ពិនិត្យមើលឡើងវិញនូវអ្វីដែល​យើង​ខ្វះខាតកន្លងមក»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ UN Estimates 100,000 Trafficked Into Cambodian Scam Operations, Officials Ask “Where Are They?”

379 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម