គណៈកម្មាធិការស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទនៃអង្គការសហប្រជាជាតិ(CEDAW) បានសម្រេចកាលពីថ្ងៃអង្គារថា ប្រទេសកម្ពុជាបានរំលោភសិទ្ធិកុមារីម្នាក់ដែលត្រូវបានមន្ត្រីនគរបាលម្នាក់ចាប់រំលោភម្តងហើយម្តងទៀត និងបានបរាជ័យក្នុងការផ្តល់យុត្តិធម៌ដល់នាងអស់រយៈពេលជាង ១៦ ឆ្នាំ។
ការសម្រេចចិត្តនេះ ត្រូវបានកត់ចំណាំថាជាករណីលើកដំបូងបង្អស់ដែលគណៈកម្មាធិការនេះបានសម្រេចលើករណីបុគ្គល ពាក់ព័ន្ធនឹងប្រទេសកម្ពុជា។
ករណីនេះពាក់ព័ន្ធនឹងមន្ត្រីនគរបាលម្នាក់ ដែលបានចាប់រំលោភកុមារីមានពិការភាពអាយុ ១១ ឆ្នាំម្នាក់ ម្តងហើយម្តងទៀតក្នុងឆ្នាំ ២០១០។ ទោះបីជាជនល្មើសត្រូវបានតុលាការកំពូលផ្តន្ទាទោសក្នុងឆ្នាំ ២០១៦ ក៏ដោយ ក៏ជននេះមិនទាន់បានអនុវត្តទោសជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ ឬបង់ប្រាក់សំណងតាមការបង្គាប់របស់តុលាការទៅឱ្យជនរងគ្រោះនៅឡើយ ហើយត្រូវបានរាយការណ៍ថា កំពុងរត់គេចខ្លួន។
CEDAW បានរកឃើញថា នីតិវិធីច្បាប់មានភាពយឺតយ៉ាវខ្លាំង ទោសទណ្ឌដែលបានកំណត់មិនទាន់សមស្រប ហើយសាលដីការបស់តុលាការកំពូលមិនត្រូវបានអនុវត្តឡើយ។ គណៈកម្មាធិការនេះបានបន្តថា អាជ្ញាធរបានបរាជ័យក្នុងការផ្តល់ការការពារ និងដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដែលបង្កឱ្យមាន «និទណ្ឌភាព និងការរើសអើង» បណ្តាលឱ្យជនរងគ្រោះប្រឈមនឹងការយាយី និងការបំភិតបំភ័យជាច្រើនឆ្នាំ និងបង្កផលប៉ះពាល់ផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ អង្គការសង្គមស៊ីវិលកម្ពុជាជាង ៦០ ស្ថាប័នបានសម្តែងការស្វាគមន៍ចំពោះការសម្រេចនេះ និងបានអំពាវនាវដល់រដ្ឋាភិបាលឱ្យពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ការអំពើហិង្សាផ្អែកលើយេនឌ័រ និងធានាថាជនរងគ្រោះទទួលបានយុត្តិធម៌ទាន់ពេលវេលា និងមានប្រសិទ្ធភាព ដោយគ្មានការរើសអើង។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ដែលបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍នោះ បានមានប្រសាសន៍ថា៖ «ទោះបីជាតុលាការកំពូលបានចេញសាលដីកាស្ថាពរហើយក៏ដោយ ប្រសិនបើជនល្មើសមិនអនុវត្តទោសតាមច្បាប់កំណត់ទេ វាស្មើនឹងការមិនបានជាប់ពន្ធនាគារតាមចំណាត់ការច្បាប់ទាល់តែសោះ»។
CEDAW បាននិយាយថា អាជ្ញាធរកម្ពុជាបានបរាជ័យក្នុងការសហការជាមួយគណៈកម្មាធិការនេះ ឬផ្តល់ព័ត៌មាន បើទោះបីជាមានការស្នើសុំចំនួនបីលើកក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះក៏ដោយ។ យោងតាមសេចក្តីថ្លែងការណ៍ បច្ចុប្បន្នកម្ពុជាមានពេល ៦ ខែ ដើម្បីដាក់លិខិតឆ្លើយតបជាលាយលក្ខណ៍អក្សរ។
ក្រុមអង្គការខាងលើនេះ បានកត់សម្គាល់ថា ប្រទេសកម្ពុជាបានទទួលស្គាល់សមត្ថកិច្ចរបស់គណៈកម្មាធិការនេះ ក្រោមពិធីសារបន្ថែមលើអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់រើសអើងប្រឆាំងនឹងនារីភេទ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ។ ចំណែកអ្នកនាំពាក្យក្រសួងយុត្តិធម៌ អ្នកស្រី ប៉ែន ប៉ុណ្ណិកា និងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ មិនអាចសុំការបំភ្លឺភ្លាមៗជុំវិញករណីនេះបានទេ។
ក្រុមសិទ្ធិមនុស្សបាននិយាយថា ការសម្រេចនេះបានគូសបញ្ជាក់ពីការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរអំពីអំពើហិង្សាលើស្ត្រី និងកុមារនៅក្នុងប្រទេសកម្ពុជា។
អង្គការលីកាដូបានឱ្យដឹងថា ខ្លួនបានស៊ើបអង្កេតករណីហិង្សាក្នុងគ្រួសារចំនួន ១៣៩ ករណីនៅក្នុងប្រទេសក្នុងឆ្នាំ ២០២៤។ ការស្ទង់មតិថ្នាក់ជាតិមួយដែលបានធ្វើឡើងចន្លោះឆ្នាំ ២០២១ ដល់ ២០២២ បានរកឃើញថា ២១ភាគរយ នៃស្ត្រីធ្លាប់ជួបប្រទះអំពើហិង្សាពីដៃគូស្និទ្ធស្នាល ខណៈដែលកុមារម្នាក់ក្នុងចំណោមដប់នាក់ធ្លាប់រងគ្រោះតាមប្រព័ន្ធអ៊ីនធឺណិត។
យោងតាមទិន្នន័យពីក្រសួងកិច្ចការនារី និងមូលនិធិសហប្រជាជាតិសម្រាប់កុមារ (UNICEF) កុមារកម្ពុជាប្រមាណ ១៦០,០០០ នាក់ ដែលស្មើនឹង ១១ភាគរយ នៃអ្នកប្រើប្រាស់អ៊ីនធឺណិតដែលមានអាយុចន្លោះពី ១២ ដល់ ១៧ ឆ្នាំ ធ្លាប់បានជួបប្រទះការរំលោភបំពានផ្លូវភេទ ឬការកេងប្រវ័ញ្ចតាមប្រព័ន្ធអ៊ីនធឺណិត៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ UN Finds Cambodia Violated Girl’s Rights in Rape Case










