អំពើហិង្សាលើពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃបានកើនឡើងចំពេលមានការប៉ះទង្គិចគ្នាតាមព្រំដែនក្នុងខេត្តឧត្ដរមានជ័យ និងខេត្តព្រះវិហារ ដែលក្រុមសិទ្ធិមនុស្សបានចេញថ្កោលទោសលើការវាយប្រហារនេះនិងចាត់ទុកថាជាទង្វើអមនុស្សធម៌ និងមិនអាចទទួលយកបាន។
យោងតាមការចេញផ្សាយរបស់សារព័ត៌មានថៃ ឱ្យដឹងថា ពលករខ្មែរម្នាក់ត្រូវបានវាយដំ បន្ទាប់ពីគាត់បានឆ្លើយថាបាទនៅពេលត្រូវបាន «ក្រុមក្មេងទំនើងថៃ» ចូលទៅជិត ហើយសួរថា «តើអ្នកជាជនជាតិខ្មែរមែនទេ?»។
មន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករចំណាកស្រុកប្រចាំប្រទេសថៃនៃអង្គការសង់ត្រាល់ លោក ឡឹង សុផុន បានបញ្ជាក់ប្រាប់សារព័ត៌មានខេមបូចា ថា ពលករខ្មែរមួយចំនួនត្រូវបានក្រុមក្មេងទំនើងថៃកំណត់គោលដៅ ដោយបានទៅតាមរកនៅតាមកន្លែងស្នាក់នៅរបស់ពួកគេ។
លោក សុផុន បាននិយាយថា៖ «ថ្មីៗនេះមានពលករជាច្រើននាក់បានទាក់ទងមកខ្ញុំ ដោយបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងបន្ទាប់ពីត្រូវបានក្រុមក្មេងទំនើងថៃវាយធ្វើបាប»។ លោកបន្តថា៖ «ពួកជ្រុលនិយមថៃនៅតែស្វែងរកយ៉ាងសកម្មនូវកន្លែងដែលពលករខ្មែររស់នៅ ដែលបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពរបស់ពួកគេ»។
លោកក៏បានសង្កត់ធ្ងន់ដែរថា៖ «អំពើហិង្សាលើប្រជាជនខ្មែរស្លូតត្រង់នៅប្រទេសថៃ គឺជាអំពើអមនុស្សធម៌ និងជាការរំលោភសិទ្ធិមនុស្ស»។
លោកបានបន្ថែមថា ដោយសារស្ថានទូតកម្ពុជាដកខ្លួនចេញពីប្រទេសថៃ ឥឡូវនេះ ពលករជាច្រើនមានអារម្មណ៍ថាពួកគេមិនដឹងទៅស្វែងរកជំនួយពីសំណាក់អាជ្ញាធរនៅទីណាឡើយ។ យ៉ាងណាក៏ដោយ ក្រសួងការងារថៃបានប្រកាសថា ពលរដ្ឋខ្មែរដែលប្រឈមនឹងអំពើហិង្សាអាចរាយការណ៍ពីករណីគំរាមកំហែងនានាមកក្រសួងដោយផ្ទាល់។
បើយោងតាមអង្គការសង់ត្រាល់ ពលរដ្ឋខ្មែរនៅថៃយ៉ាងតិច១៥នាក់រងអំពើហិង្សាពីក្រុមជ្រុលនិយមថៃ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃអង្គារ បានលើកឡើងនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកពីភាពតានតឹងដែលកំពុងកើនឡើង ដោយលោកបានអំពាវនាវឱ្យពលរដ្ឋកម្ពុជារក្សាភាពស្ងប់ស្ងាត់ និងការគោរព ទោះបីជាមានជម្លោះក៏ដោយ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំសូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែររក្សានូវសីលធម៌ សេចក្ដីថ្លៃថ្នូរ ជៀសវាងការរើសអើង ឬធ្វើសកម្មភាពណាមួយដែលប៉ះពាល់ដល់ស្ថានទូតថៃនៅកម្ពុជា ក្រុមហ៊ុនថៃ និងប្រជាពលរដ្ឋថៃដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា»។
លោកក៏បានជំរុញដល់ពលរដ្ឋខ្មែរនៅក្នុងប្រទេសថៃដែលប្រឈមមុខនឹងការរើសអើង ឬការគំរាមកំហែង ហើយមានបំណងចង់ត្រឡប់ទៅប្រទេសកំណើតវិញ ឱ្យទាក់ទងស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក ឬស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ នៅប្រទេសថៃ។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានប្រាប់សារព័ត៌មានខេមបូចា ថា មន្ត្រីបានបញ្ជាក់ថាពលករខ្មែរ ពិតជាបានទទួលរងការវាយប្រហារដោយ «ពួកជ្រុលនិយម» របស់ថៃពិតប្រាកដមែន។ លោកបន្ថែមថា ជម្លោះនៅព្រំដែនមិនគួរនាំឱ្យមានការរើសអើងហួសពីតំបន់ជម្លោះនោះទេ ដោយលោកកត់សម្គាល់ថា ពលរដ្ឋថៃដែលរស់នៅ និងធ្វើការនៅកម្ពុជា គឺមានសុវត្ថិភាព។
អ្នកនាំពាក្យរូបនេះ មានប្រសាសន៍ថា៖ «យើងជំរុញឱ្យអាជ្ញាធរថៃកំណត់អត្តសញ្ញាណ និងឃុំខ្លួនជនល្មើសឱ្យទទួលខុសត្រូវតាមច្បាប់ និងធានាយុត្តិធម៌សម្រាប់ជនរងគ្រោះ»។ លោកក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរនៅប្រទេសថៃឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងចៀសវាងការចេញក្រៅបើពុំចាំបាច់។
លោក សុផុន បានបន្ថែមថា ជាការឆ្លើយតបនឹងការកើនឡើងនៃការភ័យខ្លាច ពលករខ្មែរបានចាប់ផ្ដើមភៀសខ្លួនចេញពីប្រទេសថៃ។ លោកថា កាលពីថ្ងៃអង្គារ ពលករខ្មែររាប់ពាន់នាក់បានត្រឡប់មកប្រទេសកម្ពុជាវិញតាមច្រកទ្វារព្រំដែនអន្តរជាតិដូង។
គិតត្រឹមថ្ងៃទី១៩ ខែកក្កដានេះ ពលករខ្មែរប្រមាណ ៥០,០០០ នាក់បានត្រឡប់មកប្រទេសកម្ពុជាវិញហើយក្នុងនោះមានប្រមាណ ១០,០០០ នាក់បានចុះឈ្មោះសម្រាប់ធ្វើការងារក្នុងស្រុក៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodian Workers Assaulted, Threatened by Thai Gangs As Conflict Intensifies









