សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អង្គការសហប្រជាជាតិបើកយុទ្ធនាការថ្នាក់តំបន់នៅភ្នំពេញ ផ្តោតលើការជួញដូរមនុស្សតាមរយៈឧក្រិដ្ឋកម្មឆបោក

យុទ្ធនាការ «ធ្លាក់ក្នុងអន្ទាក់ឧក្រិដ្ឋកម្មឆបោក» របស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) នៅរាជធានីភ្នំពេញ តាំងបង្ហាញឯកសារដែលទទួលបានពីជនរងគ្រោះ ដែលត្រូវបានបង្ខំឱ្យចូលរួមក្នុងប្រតិបត្តិការឆបោក។ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។ (ខេមបូចា/ស៊ើង និមល់)
យុទ្ធនាការ «ធ្លាក់ក្នុងអន្ទាក់ឧក្រិដ្ឋកម្មឆបោក» របស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) នៅរាជធានីភ្នំពេញ តាំងបង្ហាញឯកសារដែលទទួលបានពីជនរងគ្រោះ ដែលត្រូវបានបង្ខំឱ្យចូលរួមក្នុងប្រតិបត្តិការឆបោក។ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។ (ខេមបូចា/ស៊ើង និមល់)

ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC)កាលពីថ្ងៃព្រហស្បតិ៍ បានចាប់ផ្តើមយុទ្ធនាការថ្នាក់តំបន់មួយនៅរាជធានីភ្នំពេញ ដើម្បីបង្កើនការយល់ដឹងក្នុងចំណោមយុវជនកម្ពុជា និងសាធារណជនទូទៅ អំពីហានិភ័យនៃការជួញដូរមនុស្ស ដែលកើតឡើងពីការជ្រើសរើសចូលរួមក្នុងប្រតិបត្តិការបោកប្រាស់តាមអនឡាញ។

ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) សហការជាមួយអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ (IJM)​ ដោយទទួលបានជំនួយពីក្រសួងការបរទេសសហរដ្ឋអាមេរិក បានដាក់ចេញយុទ្ធនាការក្នុងតំបន់ដែលមានឈ្មោះថា«ធ្លាក់ក្នុងអន្ទាក់ឧក្រិដ្ឋកម្មឆបោក» ដោយមានគោលបំណងផ្តល់ចំណេះដឹងនិងឧបករណ៍អនុវត្តជាក់ស្តែងដល់សាធារណជន ដើម្បីទប់ស្កាត់ការជួញដូរមនុស្សឱ្យធ្លាក់ក្នុងឧក្រិដ្ឋកម្មដោយបង្ខំនៅទូទាំងតំបន់។

មនុស្សប្រមាណ១៣០នាក់ បានចូលរួមក្នុងពិធីបើកយុទ្ធនាការណ៏នេះ ដែលក្នុងនោះរួមមាន មន្ត្រីរដ្ឋាភិបាល មន្រ្តីទូត អង្គការសង្គមស៊ីវិល តំណាងវិស័យឯកជន ដៃគូអន្តរជាតិ និងក្រុមយុវជន។ ព្រឹត្តិការណ៍នេះធ្វើឡើង ខណៈដែលអាជ្ញាធរកំពុងបន្តយុទ្ធនាការបង្ក្រាបនៅទូទាំងប្រទេស ដែលអះអាងថានឹងអាច«លុបបំបាត់» បណ្តាញឧក្រិដ្ឋកម្មឆបោកឱ្យអស់នៅខែមេសា​។

លោកស្រី Rebecca Miller អ្នកសម្របសម្រួលថ្នាក់តំបន់របស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក (ROSEAP) មានប្រសាសន៍ថា យុទ្ធនាការនេះកំពុងត្រូវបានអនុវត្តនៅទូទាំងតំបន់។

លោកស្រី បាននិយាយថា៖ «ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្ម អញ្ជើញអង្គការសង្គមស៊ីវិល វេទិកាឌីជីថល មេដឹកនាំយុវជន និងរដ្ឋាភិបាល ឱ្យចូលរួមពង្រីកយុទ្ធនាការ ‘ធ្លាក់ក្នុងអន្ទាក់ឧក្រិដ្ឋកម្មឆបោក’ នេះ»

លោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេស បានថ្លែងថា លំនាំនៃការជួញដូរមនុស្សកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយក្រុមឧក្រិដ្ឋកម្មរៀបចំប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងភាពងាយរងគ្រោះផ្នែកសង្គម ដើម្បីបង្ខំមនុស្សរាប់ពាន់នាក់ឱ្យចូលរួមក្នុងប្រតិបត្តិការឆបោក។

លោកស្រីបានបន្តថា បញ្ហានេះមិនមែនជាបញ្ហាផ្នែកអនុវត្តច្បាប់តែប៉ុណ្ណោះទេ ប៉ុន្តែជាវិបត្តិសិទ្ធិមនុស្សធ្ងន់ធ្ងរ ដោយបានសង្កត់ធ្ងន់ថា ជនរងគ្រោះគួរត្រូវបានចាត់ទុកថាជា ជនរងគ្រោះនៃការជួញដូរមនុស្ស មិនមែនជាអ្នកប្រព្រឹត្តបទល្មើសឡើយ។

ខណៈការបង្ក្រាបត្រូវបានពង្រីកនៅឆ្នាំនេះ អាជ្ញាធរបានអះអាងថា ទីតាំងឧក្រិដ្ឋកម្មឆបោកប្រហែល ២៥០កន្លែង និងកាស៊ីណូជាង៩០កន្លែង ត្រូវបានបិទ។ មនុស្សជាង ២០០ ០០០ នាក់បានរត់គេចចេញពីទីតាំងទាំងនោះ ហើយប្រហែល ១០ ០០០ នាក់ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសដើមវិញ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងអ្នកជំនាញប្រឆាំងការជួញដូរមនុស្ស បានពិពណ៌នាផលវិបាកបន្ទាប់ពីហេតុការណ៍នេះថា ជា «វិបត្តិមនុស្សធម៌» ខណៈដែលអ្នករត់គេចខ្លួនជាច្រើនត្រូវបានទុកឱ្យជាប់គាំង ដោយគ្មានលិខិតឆ្លងដែន ឬថវិកាសម្រាប់ត្រឡប់ទៅប្រទេសកំណើតវិញ។

ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និង ឧក្រិដ្ឋកម្ម ក៏បានដកស្រង់ទិន្នន័យពីប៉ូលិសអាំងទែរប៉ូល  ដែលបង្ហាញថា ចន្លោះឆ្នាំ២០២០ ដល់ ២០២៥ ប្រហែល ៧៤% នៃជនរងគ្រោះដែលត្រូវបានជួញដូរចូលមជ្ឈមណ្ឌលឧក្រិដ្ឋកម្មឆបោកនៅទូទាំងពិភពលោក ត្រូវបាននាំមកតំបន់អាស៊ីអាគ្នេយ៍។

ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និង ឧក្រិដ្ឋកម្ម (UNODC) បានចាប់ផ្តើមយុទ្ធនាការថ្នាក់តំបន់នៅរាជធានីភ្នំពេញ ដើម្បីបង្កើនការយល់ដឹងអំពីហានិភ័យនៃការជួញដូរមនុស្ស ដែលកើតចេញពីការជ្រើសរើសចូលរួមឱ្យចូលធ្វើការក្នុងប្រតិបត្តិការឧក្រិដ្ឋកម្មឆបោក នាថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២៦។ (ខេមបូចា/ស៊ើង និមល់)

លោកស្រី Andreeva បានបន្ថែមថា យុទ្ធនាការនេះអនុវត្តវិធីសាស្រ្ត ផ្តោតលើជនរងគ្រោះ ដោយផ្អែកលើបទពិសោធន៍ពិតរបស់ពួកគេ។ មាតិកានៃយុទ្ធនាការណ៍នេះនឹងមានជា ៩ ភាសា រួមទាំងភាសាខ្មែរ ហើយនឹងផ្សព្វផ្សាយតាមសាលារៀន សាកលវិទ្យាល័យ បណ្តាញ​សង្គម និងបណ្តាញសហគមន៍ដែលគួរឱ្យទុកចិត្ត។

លោកស្រី បានបន្ថែមថា៖ «ការការពារក៏ត្រូវការកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនបច្ចេកវិទ្យា និងវេទិកាអនឡាញផងដែរ ដូចជា ការសហការជាមួយក្រុមហ៊ុន Meta ជាដើម»។​ លោកស្រីបានបន្ថែមថា ក្រុមជួញដូរមនុស្សជាញឹកញាប់ប្រើប្រាស់បណ្តាញសង្គម ដើម្បីជ្រើសរើសជនរងគ្រោះ ឬផ្សព្វផ្សាយអំពីឧក្រិដ្ឋកម្មឆបោក។

តាមរយៈបង្ហាញតាមប្រព័ន្ធអនឡាញ លោកស្រី Malina Enlund ប្រធានគោលនយោបាយសុវត្ថិភាពរបស់ក្រុមហ៊ុន Meta ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានលើកឡើងថា ក្រុមហ៊ុនបានលុបគណនី Facebook និង Instagram ជិត ១១ លានគណនី ក្នុងឆ្នាំ២០២៥ ដោយសារបំពានលើគោលនយោបាយទាក់ទងនឹងការក្លែងបន្លំ។

ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកដ៏ធំ ដែលមានតម្លៃលើស ១ទ្រីលានដុល្លារ មួយនេះ បានទទួលការត្រួតពិនិត្យយ៉ាងតឹងរឹងកាលពីឆ្នាំមុន បន្ទាប់ Reuters បានចេញផ្សាយព័ត៌មានមួយថាប្រហែល ១០% នៃចំណូលឆ្នាំ២០២៤ របស់ក្រុមហ៊ុន បានមកពីការផ្សាយពាណិជ្ជកម្មដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោក និងទំនិញហាមឃាត់។ ទោះជាយ៉ាងណា ក្រុមហ៊ុនបានអះអាងថា ការប៉ាន់ស្មាននោះ «មិនច្បាស់លាស់ និងទូលំទូលាយពេក»

កាលពីខែមុន ការស៊ើបអង្កេតរបស់ខេមបូចាបានរកឃើញថាការជ្រើសរើសបុគ្គលិកដែលសង្ស័យថាឱ្យចូលធ្វើការក្នុងប្រតិបត្តិការឧក្រិដ្ឋកម្មឆបោកនៅកម្ពុជា តាមបណ្តាញសង្គមដូចជា Telegram និង TikTok នៅតែបន្តកើតមាន។

Kelly Geoghegan មន្ត្រីនយោបាយនៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំរាជធានីភ្នំពេញ បាននិយាយថា សហរដ្ឋអាមេរិកគាំទ្រយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមរបស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និង ឧក្រិដ្ឋកម្ម ដោយបានបញ្ជាក់ថា ការជួញដូរមនុស្សសម្រាប់ឧក្រិដ្ឋកម្មដោយបង្ខំក្នុងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មឆបោក គំរាមកំហែងដល់សេចក្តី​ថ្លៃថ្នូរ និងសុវត្ថិភាពរបស់បុគ្គល គ្រួសារ និងសហគមន៍ រួមទាំងពលរដ្ឋអាមេរិកផងដែរ។

រដ្ឋាភិបាលកម្ពុជា ក៏បានស្វាគមន៍យុទ្ធនាការនេះផងដែរ។ លោក ម៉ុក​ ច័ន្ទសុធា អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានឱ្យថា អាជ្ញាធរកំពុងផ្តោតអាទិភាពលើការទប់ស្កាត់ ការអនុវត្តច្បាប់ និងការបង្កើនការយល់ដឹងសាធារណៈ ដើម្បីអប់រំប្រជាពលរដ្ឋអំពីឧក្រិដ្ឋកម្មឆបោកតាមអនឡាញនេះ។

លោកបានបញ្ជាក់ថា អ្នកប្រព្រឹត្តបទល្មើសតាមអនឡាញត្រូវតែ «ទទួលទោសដោយគ្មានការលើកលែង» ហើយបានយោងទៅលើសេចក្តីព្រាងច្បាប់មួយ ដែលមានគោលបំណងបង្រ្កាបប្រតិបត្តិការឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។

ខណៈដែលមជ្ឈមណ្ឌលឧក្រិដ្ឋកម្មឆបោកនៅកម្ពុជា និងនៅទូទាំងតំបន់ ត្រូវបានរកឃើញថាពឹងផ្អែកយ៉ាងខ្លាំងលើកម្លាំងពលកម្មបរទេសដែលត្រូវបានបង្ខំ ឬបង្ខិតបង្ខំ ក្តីព្រួយបារម្ភក៏កំពុងកើនឡើងផងដែរ ចំពោះការជ្រើសរើសប្រជាពលរដ្ឋកម្ពុជាចូលរួមក្នុងឧក្រិដ្ឋកម្មនេះ។

ហេង សុខលាប និស្សិតនៅសាកលវិទ្យាល័យកម្ពុជា ដែលបានចូលរួមព្រឹត្តិការណ៍នេះ បានឱ្យដឹងថា កញ្ញាធ្លាប់ឮពីការងារដែលសន្យាផ្តល់ប្រាក់ខែខ្ពស់ ប៉ុន្តែមិនទាន់យល់ច្បាស់ថាតើដំណើរការ និងហានិភ័យនៃការជួញដូរមនុស្សដែលពាក់ព័ន្ធនោះបែបណាទេ។

កញ្ញាបានបន្តថា យុទ្ធនាការនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យុវជនកម្ពុជា ជាពិសេស​នៅតំបន់ជនបទ ដើម្បីជួយឱ្យពួកគេស្គាល់ និងជៀសវាងអន្ទាក់ឧក្រិដ្ឋកម្មឆបោក។ កញ្ញាក៏បានស្នើឱ្យរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល រៀបចំសិក្ខាសាលាតាមមូលដ្ឋាន ដើម្បីបង្កើនការយល់ដឹងផងដែរ។

ទោះជាយ៉ាងណា កញ្ញាបានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ នឹងមានប្រសិទ្ធភាពកាន់តែខ្លាំង ប្រសិនបើបញ្ហាអំពើពុករលួយត្រូវបានដោះស្រាយ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ UN Launches Regional Campaign in Phnom Penh Targeting Scam Trafficking

ព័ត៌មានថ្មី

អត្ថបទពេញនិយម