សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

កម្ពុជា​ទាមទារ​ឱ្យ​ថៃដកទ័ពចេញពីទឹកដីកម្ពុជា នៅក្នុង​កិច្ចប្រជុំនៅអង្គការសហប្រជាជាតិ

កងទ័ព​ថៃ​បាន​រាយបន្លាលួស និង​ទូកុងទីន័រ​នៅ​ក្នុង​តំបន់​ដែកលកម្ពុជា​អះអាងថាស្ថិត​នៅ​ក្នុង​ភូមិ​បឹង​ត្រកួន ខេត្ត​បន្ទាយមានជ័យ​។ រូបភាព​ថតថ្ងៃទី​៣ ខែមករា ឆ្នាំ២០២៦​។​(ខេមបូចា/ យ៉ន សូវៀត)
កងទ័ព​ថៃ​បាន​រាយបន្លាលួស និង​ទូកុងទីន័រ​នៅ​ក្នុង​តំបន់​ដែកលកម្ពុជា​អះអាងថាស្ថិត​នៅ​ក្នុង​ភូមិ​បឹង​ត្រកួន ខេត្ត​បន្ទាយមានជ័យ​។ រូបភាព​ថតថ្ងៃទី​៣ ខែមករា ឆ្នាំ២០២៦​។​(ខេមបូចា/ យ៉ន សូវៀត)

រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​កាលពី​ថ្ងៃអង្គារ​បាន​ទាមទារ​ឱ្យ​ថៃ​ដកទ័ព​របស់​ខ្លួន​ចេញពី​​ទឹក​ដី​របស់​កម្ពុជា ដោយ​លោក​ប្រមុខ​ការទូត​បញ្ជាក់​​ប្រាប់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​​នៅទីក្រុង​ហ្សឺណែវ​ ថា​ វត្ត​មាន​​កងទ័ព​ថៃ​លើទឹក​ដី​កម្ពុជា បាន​បង្ក​ជា​ឧបសគ្គ​ដល់​ការ​វិល​ត្រឡប់​​របស់ជន​ភៀស​សឹក​កម្ពុជាទៅ​កាន់លំនៅ​ឋាន​វិញ​។​

សេចក្ដី​ថ្លែង​ការ​ណ៍​របស់​រដ្ឋមន្ត្រីការបរទេស ​លោក ប្រាក់ សុខុន បាន​បញ្ជាក់​បន្ថែម​លើ​ការ​លើក​ឡើង​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែល​បាន​ចោទ​ប្រកាន់​ភាគីថៃ​ថា​ បាន​ចូលកាន់​កាប់​ទឹក​ដី​កម្ពុជា​ដោយ​ខុស​ច្បាប់​នៅ​តាម​ទីប្រជុំជន​ជាប់ព្រំដែន ក្រោយ​មានការ​ប៉ះទង្គិច​គ្នា​នៅ​តាម​បន្ទាត់​ព្រំដែន​កាលពី​ឆ្នាំ​មុន​។ ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​បែបនេះ គឺ​ធ្វើ​ឡើង​ក្នុង​អំឡុងពេល​លោក​ធ្វើទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក និង​អ៊ឺរ៉ុប​នៅ​ខែកុម្ភៈ នេះ​​។​

ក្នុង​សេចក្ដី​ថ្លែងការណ៍​ចេញ​ផ្សាយ​កាលពី​ថ្ងៃព្រហសស្បតិ៍ លោក​ ប្រាក់ សុខុន ឡើកឡើងថា​៖ «កម្ពុជាសូមអំពាវនាវ​ឲ្យ​មានការគោរព​ឲ្យ​បាន​ពេញ​លេញ​ និង​អនុវត្ត​ដោយ​ស្មោះត្រង់​នូវ​រាល់​កិច្ចព្រមព្រៀងដែល​មា​នស្រាប់​ [និង] ដក​កងកម្លាំងយោធា​​ថៃចេញពី​ទឹក​ដី​កម្ពុជា»។​

កម្ពុជា-ថៃ បាន​ប៉ះទង្គិច​គ្នា​នៅ​តាមព្រំដែន​ចំនួន​​ពីរ​លើក​ក្នុង​ឆ្នាំ​២០២៥ គឺ​ក្នុង​ខែកក្កដា និង​ខែធ្នូ​ ដែល​បាន​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់​ជាង​១០០​នាក់ និង​មានជនភៀសសឹក​ជិត​១លាន​នាក់​​ទាំង​សងខាង មុន​មានបទឈប់បាញ់​។ រដ្ឋាភិបាល​អះអាង​ថា ប្រជាពល​រដ្ឋ​រាប់ម៉ឺន​នាក់​នៅ​មិន​ទាន់អាចវិលទៅ​លំនៅ​ឋាន​វិញ​បាន ដោយថា​លំនៅ​ឋាន​​របស់​ប្រជាពល​រដ្ឋ​ទាំង​នោះ​ស្ថិត​ក្នុង​តំបន់​ជម្លោះ​រួម​មាន​ភូមិព្រៃចាន់ និង​ភូមិជោគជ័យ​​ នៅ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​។​

រដ្ឋាភិបាល​ថៃ​បាន​បដិសេធថា ​ខ្លួន​ទន្ទ្រាន​ចូល​កាន់​កាប់​ទឹក​ដី​កម្ពុជា​តាំងពី​មាន​បទឈប់បាញ់​ ដោយថា​ទាហាន​របស់​ខ្លួន​បាន​ឈរជើង​នៅ​ទីតាំង​ដដែល​បន្ទាប់ពីបទ​ឈប់បាញ់ចូលជា​ធរមាន​​។ អាជ្ញាធរ​ថៃ​នៅ​តែអះអាង​ថា ​ប្រជាពល​រដ្ឋ​ខ្មែរទៅវិញ​ទេ​ដែល​បាន​ចូលទន្រ្ទាន​​កាន់​កាប់​​ទឹក​ដីថៃ តាំង​ពីមាន​ការ​​ភៀស​ខ្លួនក្នុង​សម័យ​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​កាលពី​ច្រើន​ទសវត្សរ៍​មុន​។​

លោក​​ ប្រាក់​​ សុខុន បាន​បញ្ជាក់​ប្រាប់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ថា ការ​ពន្យារពេល​ក្នុង​ការ​វិល​ត្រឡប់​ទៅ​លំនៅឋាន​របស់​ជនភៀស​សឹក គឺ​បង្កជា​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​លើ​ការ​រំលោភ​​ច្បាប់​ស្ដីពី​សិទ្ធិ​មនុស្ស​អន្តរជាតិ ទាក់ទង​នឹង​សិទ្ធិ​រស់រានមានជីវិត​ សិទ្ធិ​សន្តិសុខបុគ្គល សេរីភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ សិទ្ធិ​ទទួល​បាន​ជម្រក​​សមរម្យ និង​សេរីភាព​ទទួល​បាន​នូវ​វប្បធម៌ និង​សាសនា​។​

រដ្ឋមន្ត្រីការបរទេស​ថៃ​​លោក Sihasak Phuangketkeow បាន​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​គ្នា​នោះដែរថា ជន្លោះ​ព្រំ​ដែន​កាល​ពី​ឆ្នាំ​កន្លង​ទៅ​​គឺ​កើត​ចេញ​ពី «ការទន្ទ្រាន​ដី និង​ការ​បង្កហេតុ​ម្ដងហើយ​ម្ដងទៀត» រួម​ទាំង​ថា​កម្ពុជា​បាន​ជ្រៀតជ្រែក​នយោបាយយ​ផ្ទៃក្នុង​របស់ថៃ និង​បាន​ចោទថា ​ទាហាន​កម្ពុជា​បាន​វាយ​ប្រហារ​ដោយ​មិន​រើស​មុខ ដែល​បង្ក​ឲ្យ​មានជនស៊ីវិល​ថៃ​ស្លាប់​ជា​ច្រើន​នាក់​។​

លោក​បន្ត​ថា ​ទាហាន​កម្ពុជា​បាន​បន្ត​បង្ក​ហេតុ​ជា​បន្ត​បន្ទាប់​នៅ​តាម​បន្ទាត់​ព្រំដែន និង​បាន​ចោទ​​ថា ​កម្ពុជា​បាន​យក​ប្រាសាទព្រះ​វិហារ​ធ្វើ​ជាទីតាំង​ឈរជើង​របស់​យោធា​នៅ​អំឡុង​ពេល​មានការ​ប្រយុទ្ធគ្នានៅតាម​ព្រំដែន ដែល​ការ​លើកឡើងនេះ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ច្រាន​ចោល​។​ កម្ពុជា​បាន​ឈ្នះ​ក្ដី​ជាមួយ​ថៃលើ​ប្រាសាទ​ព្រះ​វិហារ​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​កាល​ពី​ច្រើន​ទសវតស្សរ៍​មុន​។​

កម្ពុជា​-ថៃ គ្រោង​បញ្ជូន​ក្រុម​ការងារ​វាស់វែង​បន្ទាត់ព្រំដែន​ទៅ​កាន់​តំបន់ជម្លោះ​នៅ​ខែ​មីនា តាម​រយៈ​គណៈកម្មការចម្រុះខណ្ឌសីមា​​ព្រំដែន​គោក​។​

លោក អៀ​ សុផល សាស្រ្តាចារ្យ​វិទ្យាសាស្រ្ត​នយោបាយ​នៅ​សាកលវិទ្យាល័យ​ Arizona State University មាន​ប្រសាសន៍​ថា​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ទំនង​ជា​ជ្រើស​យក​វេទិកាក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ដើម្បីបំពង​សំឡេង​អំពី​បញ្ហាជម្លោះព្រំដែន​ជាមួយថៃ ដោយថា​វេទិកានោះ​អាច​ឲ្យ​អន្តរជាតិ​​បាន​ឃើញ​ច្បាស់ និងអនុញ្ញាត​ឲ្យ​កម្ពុជា​​​មិន​ត្រឹមតែអាច​លើក​ពី​បញ្ហា​ជម្លោះដែនដីនោះទេ តែ​អាច​លើក​ពី​ផល​ប៉ះពាល់​លើ​សិទ្ធិ​ប្រជា​ពល​រដ្ឋ​ទៀត​ផង​។​

លោក​បន្ថែម​ថា៖ «វាគឺជា​មធ្យោបាយ​មួយដើម្បី​ធ្វើ​ឲ្យ​អន្តរជាតិបានដឹងពី​បញ្ហា និង​ដាក់សម្ពាធ​លើ​ប្រទេស​ថៃ ដោយ​មិនចាំបាច់​ត្រូវ​ប្រើ​កម្លាំង​ឡើង​វិញ​។ តាមរយៈវេទិកានេះអាចថាមិន​បានដោះស្រាយ​បញ្ហា​ដោយ​ផ្ទាល់ ប៉ុន្តែវា​អាច​ទាក់ទាញចំណាប់អារម្មណ៍​ផ្នែក​ការទូត​មក​លើ​ជំហរ​របស់កម្ពុជា​»​។​​

លោក​បន្ត​​ថា ​ការដែល​កម្ពុជា​លើក​យក​បញ្ហា​ទៅ​កាន់វេទិកាអន្តរជាតិ ក៏ព្រោះ​កម្ពុជា​មើល​ឃើញ​ថា​ស្ថាន​ភាព​គឺ​មិន​អាចទទួល​យក​បាន ហើយ​ការស្វែង​រក​ការគាំទ្រ​ពី​ប្រទេសជាមិត្ត​គឺជា​រឿង​សំខាន់​។ លោក​ឲ្យ​ដឹងទៀត​ថា ​យុទ្ធសាស្រ្ត​នេះ​ជួយ​ឲ្យ​កម្ពុជា​មាន​តុល្យ​ភាព​​ជា​មួយ​ថៃ​ដែល​មាន​កម្លាំង​យោធាខ្លាំង និង​បង្កើន​សម្ពាធការទូត​​ទាក់ទង​នឹង​តំបន់ជម្លោះ​៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia Calls for Thai Troop Pullback at UN, Cites Displacement

ព័ត៌មានថ្មី

អត្ថបទពេញនិយម