សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

កម្មករសំណង់ទើបត្រឡប់ពីថៃមួយចំនួន ទើបបាន​ចូល​ធ្វើការដើម្បី​សងបំណុល ខណៈអ្នកខ្លៈមិនទាន់បានការងារធ្វើ

កម្មករសំណង់ធ្វើការនៅការដ្ឋានសំណង់មួយកន្លែង ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)
កម្មករសំណង់ធ្វើការនៅការដ្ឋានសំណង់មួយកន្លែង ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

ចំណាប់ ​​គឺ​ជាកម្មករសំណង់ខ្មែរម្នាក់ក្នុង​ចំណោម​កម្មករខ្មែរ​រាប់​សិបនាក់ដែល​បាន​រួច​​ជីវិតពីការ​ដួល​​រលំអគារ​ដែល​កំពុង​សាង​សង់មួយកន្លែងមានកម្ពស់៣០ជាន់ដោយ​សារ​គ្រោះ​រញ្ជួយ​​​​ដីនៅក្នុង​ទីក្រុង​បាងកក កាលពីខែមីនា ​ឆ្នាំ២០២៥​​។ ​បន្ទាប់ពីហេតុការណ៍រលំអគារ ​បុរស​វ័យ​២៩​ឆ្នាំ​រូបនេះមិនទាន់ត្រឡប់មកស្រុកកំណើតភ្លាមទេ ព្រោះនៅធ្វើការបន្តនៅថៃ ដើម្បីយកប្រាក់​សងបំណុលគេ ប៉ុន្តែគាត់បានត្រឡប់មកកម្ពុជាវិញអំឡុងពេលផ្ទុះ​សង្គ្រាមរវាងកងទ័ពកម្ពុជា និងថៃ ក្នុងខែកក្កដា។

ហេតុការណ៍ដែល​រត់​ប្រជ្រៀតគ្នា​ចុះចេញពីអគារ​​រង្គើ​ញ័រ​នៅមុ​នពេល​ដួល​រលំដែល​​ធ្វើឱ្យ​មាន​ការ​ភ័យ​តក់ស្លុត​យ៉ាងខ្លាំងនោះ បាន​ដក់ជាប់​នៅក្នុង​ចិត្ត ​ចំណាប់ ​ជានិច្ច។ នៅក្រោយ​ហេតុ​ការ​ណ៍​ដ៏អាក្រក់​នេះ បើ​ទោះបីជាចិត្តមួយ​ចង់​វិល​ត្រឡប់​មក​ស្រុក​កំណើតដើម្បី​បាន​​រស់នៅ​ជួប​ជុំ​ប្រពន្ធកូន​​វិញ​ក្តី​ក៏​បុរសដែល​ជាឪពុកមានកូន២នាក់​​ក្នុង​បន្ទុករូបនេះ មិន​អាច​វិល​ត្រឡប់​មក​បាន​ដែរ ដោយ​សារ​​តែ​នៅ​ជំពាក់ប្រាក់ធនាគារ​ប្រមាណ​ជិត​១ម៉ឺន​ដុល្លារ​ទៀត​ដែល​ខ្ចី​​ទិញ​​ដីស្រែ​​ជិត​១ហិកតា​កាលពី​ជាង​៣ឆ្នាំមុន។

ក៏ប៉ុន្តែ​នៅពេល​មានការ​ផ្ទុះ​សង្គ្រាមដ៏ក្តៅគគុក​រវាងកម្ពុជា និង​ថៃ ចំណាប់​ និង​បង​ប្រុសជីដូន​មួយ ព្រម​ទាំង​អ្នក​​​រស់នៅ​ក្នុង​ភូមិជាមួយគ្នា​ម្នាក់​​ទៀតបាន​សម្រេចចិត្ត​វិល​ត្រឡប់​មក​កម្ពុជា​វិញ​កាលពីថ្ងៃទី​២៦​ខែកក្កដា​គឺបន្ទាប់​ពីសង្គ្រាម​បាន​ផ្ទុះ​ឡើង​២ថ្ងៃ ដោយសារ​តែបារម្ភ​ខ្លាច​សង្គ្រាម​រវាង​ប្រទេស​ជិតខាង​ទាំងពីរ​រីក​រាលដាល​កាន់តែខ្លាំង​ថែម​​ទាំង​ចរន្តនៃ​ការរើស​អើង​ជាតិសាសន៍​រវាងកម្ពុជា​ថៃ​ហាក់​មានការ​រីករាលដាល​កាន់​តែខ្លាំង​ផងដែរ។​

ការ​វិល​ត្រឡប់​របស់ ​ចំណាប់ ​និងពលករខ្មែរ​ប្រមាណ៩២ម៉ឺន​នាក់​ពីប្រទេសថៃ​ចាប់​តាំងពី​មានការ​ផ្ទុះ​សង្គ្រាម​រវាងប្រទេសទាំងពីរ​ធ្វើឱ្យ​មាន​ក្តី​បារម្ភ​ពីវិបត្តិគ្មាន​ការងារធ្វើនៅកម្ពុជា​ខណៈក្នុង​ចំណោម​ពលករទាំងនោះ​​មួយ​ចំនួន​នៅ​ជំពាក់​បំណុលធនាគារ។ ប៉ុន្តែ​យ៉ាងណា​ក្តី​​​ក្រសួង​ការងារ​​អះអាងថា កម្ពុជា​មាន​ឱកាសការ​ងារ​សមល្មម​សម្រាប់​ពលករ​ដែល​ទើប​វិល​ត្រឡប់​មក​ពីថៃ។

លោក​ សេង ចំណាប់ ​​រស់នៅឃុំច​ន្ត្រី ស្រុក​រមាសហែក ខេត្ត​ស្វាយ​រៀង។ ក្រៅពីធ្វើស្រែ​លើ​ផ្ទៃ​ដីជាង​១ហិកតា ភរិយា​របស់​លោក​នៅផ្ទះក៏បាន​​ប្រកបរបរបិតស្រាចិញ្ចឹមជ្រូក និង​មើល​ថែ​កូន២នាក់​ កូនស្រីច្បង​អាយុ១៦​ឆ្នាំ និង​កូនប្រុសពៅ​អាយុ៩​ឆ្នាំឱ្យរៀនសូត្រ។ បុរសដែល​មានសម្បុររាង​ស្រអាប់​ដោយសារ​តែ​ធ្វើការ​ងារ​សំណង់​ហាល​ក្តៅ​ហាល​ខ្យល់​នៅ​ថៃ​ជិត​១០​ឆ្នាំ​រូបនេះ​ បាន​និយាយ​រៀប​រាប់​ប្រាប់ អ្នកសារព័ត៌​ខេមបូចា នៅ​ពេល​កំពុង​ស្ពាយសាក់កាដូនិង​ដៃយួរ​កញ្ចប់អីវ៉ាន់ជាមួយ​បុរស៣​នាក់​ផ្សេង​ទៀត​មក​ពី​ភូមិ​ជា​មួយ​គ្នា​ឈរហៅ​រ៉ឺម៉កកង់បី​នៅ​លើ​ចិញ្ចើម​ផ្លូវជាតិលេខមួយ ​ដើម្បីជិះ​ទៅកាន់ការដ្ឋាន​សំណង់​មួយ​នៅក្នុង​បុរីប៉េងហួត បឹងស្នោ ស្ថិត​ក្នុង​សង្កាត់​និរោធ​ ខណ្ឌច្បារអំពៅ​ រាជ​ធានី​ភ្នំពេញ កាលពីថ្ងៃទី​៣​ ខែកញ្ញា​ ឆ្នាំ២០២៥។

លោក ចំណាប់​ បានលើកឡើងថា៖ «កាលពីមិន​ទាន់​ទៅថៃ​ខ្ញុំក៏ធ្វើសំណង់​នៅភ្នំពេញ​យើងដែរ ក៏ប៉ុន្តែ​ដោយសារ​តែមេជាង​ និងមេការបោកញឹកពេក​ធ្វើ​ការ​ហើយ​អត់​បើក​លុយ​ឱ្យទេ។ ដល់ចឹងបង​ជីដូនមួយខ្ញុំបាន​ហៅ​ឱ្យ​ទៅ​ធ្វើការ​នៅថៃ​ជាមួយ​គាត់ក៏ទៅ​ធ្វើការនៅ​ថៃ​រហូតទៅ​។ បើកុំ​តែមាន​សង្គ្រាម​កុំ​អី​ពួកខ្ញុំ​មិន​ទាន់​មក​វិញទេ»។លោកបន្តថា៖ «ខ្ញុំ​ធ្វើការ​នៅថៃបាន​ប្រាក់ខែជាង៤០០​អីទេបង តែបើ​ថែម​​ម៉ោងច្រើន​បានដល់​​៥០០​-៦០០ដុល្លារ ហើយ​គេឱ្យបាយយើងហូប១ថ្ងៃ៣ពេល និង​កន្លែងស្នាក់នៅអីអត់អស់លុយទេ»។​

លោក ចំណាប់​ បាន​ឱ្យដឹង​ទៀតថា ឥឡូវមាន​អ្នក​ស្គាល់គ្នា​បាន​ហៅ​ទៅ​​ធ្វើសំណង់​​ជាមួយ​គាត់​នៅ​ក្នុង​បុរីប៉េងហួត​បឹងស្នោនេះ។ គាត់ប្រាប់ថា ១ខែ​អាចរកប្រាក់បាន​ជាង៣០០​​ដុល្លារ​អីដែរ​តែ​ការហូបចុក ​និងស្នាក់នៅគឺត្រូវរ៉ាប់រង​ខ្លួន​ឯង។

កម្មករសំណង់ធ្វើការនៅការដ្ឋានសំណង់មួយកន្លែង ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

ចំណែក​លោក ផន ផាណា រស់នៅឃុំបុស្បូវស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ​ក៏ធ្លាប់​​បាន​ទៅ​ធ្វើការនៅប្រទេស​ថៃ​ជាង​១០ឆ្នាំផងដែរ​​។ លោក​ទើប​តែវិលត្រឡប់​មក​កម្ពុជា​វិញ​បាន​ជាង​១ខែ​​បន្ទាប់​ពីសង្គ្រាម​ខ្មែរថៃ​បាន​ផ្ទុះឡើង​។

លោក ​ផាណា​ ឱ្យដឹង​ថា៖ «ចំណែកប្រាក់ចំណូលប្រចាំខែខ្ញុំ​អាច​រកបានពី៥ទៅ៦​ម៉ឺន​បាត​គឺ​ស្មើ​នឹង​១៤០០ឬ១៥០០ដុល្លារក្នុងមួយខែ។ ខ្ញុំធ្វើការនៅថៃម៉ៅរៀបឥដ្ឋ បូក និងម៉ៅបិទការ៉ូ ។​ មូល​ហេតុដែលចុះមកខ្មែរ ពេលខ្លះមានអារម្មណ៍ឈឺចាប់ដែរ ពេលដែលឃើញគេមើល​ងាយ​ជាតិ​សាសន៍យើង។ ខ្ញុំអាចស្ដាប់ និងអាចអានភាសាថៃ​បាន​ខ្លះៗ​ពេលឃើញខំមិន ឬ​និយាយមិន​ល្អពីប្រទេសយើង»

លោក ផាណា​ បានត្អូញត្អែរថា នៅពេល​មក​រស់នៅស្រុកខ្មែរ​ជាង​១ខែមក​នេះ លោក​ជួប​ការ​លំបាកដោយ​សារ​តែរក​ការងារ​មិន​ទាន់​បានធ្វើគ្មាន​ប្រាក់ចំណូល។

ជាមួយគ្នា​នេះ លោក ​ប៊ុន សេន រស់នៅឃុំដូនកឹង ស្រុកកំចាយមារ ខេត្ត​ព្រៃ​វែង ដែល​បច្ចុប្បន្ន​​បាន​នាំ​ប្រពន្ធ​​ទៅ​ធ្វើសំណង់​នៅ​ខេត្ត​មណ្ឌលគិរី​​​និយាយថា ការ​ងារ​សំណង់​​មិន​ងាយ​ស្រួល​ទេ ត្រូវ​ធ្វើការ​ហាលក្តៅ​ហាលភ្លៀង​តែ​ប្រាក់ចំណូល​បានតិចមិន​គ្រប់គ្រាន់​សម្រាប់​ការចាយ​វាយ​ក្នុង​គ្រួសារ​នោះ​ទេ។​ ប្រាក់ដែល​លោក​ និង​ប្រពន្ធ​របស់លោក​រក​បាន​ពីការ​ធ្វើ​សំណង់ ​​ទីមួយ ត្រូវ​បង់សង​បំណុលធនាគារ ទីពីរ ត្រូវចាយ​វាយ​លើ​ការ​រៀន​សូត្រ​របស់កូន ​និ​ង​បន្ទុកផ្សេងៗ​ក្នុង​គ្រួសាររួម​ទាំង​ការ​ព្យា​បាល​ជំងឺផងដែរ​។

​បុរសវ័យ​ជា​ង​៤០​ឆ្នាំ និង​ប្រពន្ធមាន​វ័យ​៤០​ឆ្នាំ​​រូបនេះ​និយាយ​ថា៖ «ក្នុង​១ថ្ងៃខ្ញុំ​ធ្វើការ​បាន​៥​ម៉ឺនប្រពន្ធ​ខ្ញុំ​គាត់​បាន​៣ម៉ឺន​​រៀល។ ប៉ុន្តែគ្រាន់​តែថា​ការងារសំណង់​​ឥឡូវ​ពិបាក​រកធ្វើ​ការងារ​មាន​តែនៅ​ឆ្ងាយៗ​ក្នុង​ព្រៃ។​ ខ្ញុំធ្វើ​ការ​រាល់ថ្ងៃនៅមណ្ឌលគិរី។​ ពេលខ្លះថៅកែមិនបើកប្រាក់​ឈ្នួល​​​ឱ្យ​ក៏​មានដែរ​ ជីវិតកម្មករ​ដូច​ពួកខ្ញុំ​លំបាកណាស់»

បុរសអ្នកខេត្ត​ព្រៃវែង​ដែល​ជាឪពុក​ត្រូវ​ចិញ្ចឹម​កូន​២នាក់ កូនទី១​រៀន​ថ្នាក់​ទី​៣ និង​កូន​ទី​២​រៀន​ថ្នាក់​ទី​១ផ្ញើឱ្យរស់នៅជាមួយម្តាយ​ចាស់នៅឯស្រុកកំណើតបាន​ត្អូញត្អែរថា ​បច្ចុប្បន្ន​ជីវភាពគ្រួសារ​របស់លោក​មិនសូវល្អប្រសើទេ ​ខណៈ​​នៅ​ជំពាក់​បំណុលគេជិត១ម៉ឺនដុល្លារ​ទៀត។

លោក ​យ៉ាន់ ធី អគ្គលេខាធិការសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើ​កម្ពុជា(BW​TUC) បាន​លើកឡើងថា ជាទូទៅ​សម្រាប់​កម្មករសំណង់នៅកម្ពុជា​បច្ចុប្បន្ន​អាចទទួល​បាន​ប្រាក់​ឈ្នួល​ពី៣ម៉ឺន​ទៅ​៤ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​។ ចំណែក​មេជាង​ទទួលបាន​ប្រាក់​ឈ្នួល​​​​ពី​៦ម៉ឺន​ទៅ​៨ម៉ឺន​រៀលក្នុង​មួយថ្ងៃ។

លោក​បានបន្តថា៖ «នៅក្នុងវិស័យ​សំណង់​បើគិតពី​ប្រាក់ឈ្នួល​ប្រចាំថ្ងៃ​ដូច​ទទួលបាន​រាងគួរ​សម​ដែរប៉ុន្តែបើគិតជាខែវិញ​គឺនៅមាន​ចំនួន​តិច​នៅឡើយ​ ដោយ​សារ​ក្នុង​១ខែ​ពួក​គាត់​មិន​អាច​ធ្វើការ​ពេញ​បាន​៣០ថ្ងៃឬក៏២៦ថ្ងៃឡើយ»

សម្រាប់​លោក ​យ៉ាន់ ធី ពលករខ្មែរ​ដែល​ទៅធ្វើការផ្នែកសំណង់នៅក្នុងប្រទេសថៃមិន​ទទួល​បាន​​​ប្រាក់ឈ្នួល​ច្រើនលើសពីកម្មករ​សំណង់នៅក្នុង​ប្រទេសកម្ពុជា​ប៉ុន្មាន​នោះទេ​ ក៏ប៉ុន្តែ​ដោយ​សារ​តែពលករទាំង​នោះអាច​​ស៊ាំទៅ​នឹងបរិបទ​​រស់នៅ​ និងធ្វើ​ការនៅក្នុង​ប្រទេសថៃ​ទើប​ពួកគាត់​​នៅ​តែបន្តធ្វើការ​នៅក្នុង​ប្រទេសថៃ​ទៀត​បើទោះបីជាប្រទេស​ទាំង​២កំពុង​កើត​មាន​សង្គ្រាមច្បាំងគ្នាក្តី។

យ៉ាងណាក្តី លោក លឹង សុផុន មន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករចំណាកប្រចាំ​ប្រទេស​ថៃ នៃ​អង្គការសង់​ត្រាល់ ​បានថ្លែងថា បើគិតនៅក្នុង​ឆ្នាំ២០២៤ ​និង​ដើម​ឆ្នាំ២០២៥​គឺនៅមុន​ពេល​ផ្ទុះសង្គ្រាម​ តាមទិន្នន័យ​ដែល​អង្គការសង់ត្រាល់ទទួលបាន គឺ​មាន​ពលករ​ខ្មែរ​ទៅធ្វើ​ការ​​និង​រស់នៅ​ក្នុងប្រទេសថៃមានចំនួនច្រើនដល់ប្រមាណជាង២លាន​នាក់។ ពលករខ្មែរ​​ធ្វើការ​លើវិស័យមួយចំនួនដូចជាវិស័យកសិកម្ម ឧស្សាហកម្ម​រោងចក្រ ​ខាងសេវាកម្ម និង​វិស័យ​​សំណង់ជាដើម។ ​ក្នុង​ចំណោម​ពលករ​ខ្មែរ​ទាំងនោះ​មាន​​អ្នក​ធ្វើការ​ក្នុង​វិស័យ​សំណង់​ជាង៣៦ភាគរយនៅក្នុង​ខេត្ត​ចំនួន​១០​នៅប្រទេស​ថៃ។

លោកបានឱ្យដឹងថា៖ «បើគិតជាមធ្យម​កម្មករសំណង់ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​ក្នុង​១ថ្ងៃ​ធ្វើការ​​៨ម៉ោង​នៅខេត្តខ្លះ​អាច​ទទួល​បាន​ប្រាក់ឈ្នួល​ជាមធ្យម​៤០០​បាត​ស្មើប្រមាណជិត១៥​ដុល្លារ​ក្នុង​​១ថ្ងៃ។ ជាទូទៅ​អ្នក​ធ្វើ​សំណង់​ត្រូវ​បើក​ប្រាក់ឈ្នួលក្នុង​រយៈ​ពេល​កន្លះ​ខែម្តងហើយ​ប្រសិន​បើនៅ​ក្នុង​ខែ​​​ដែល​មានការ​​ងារ​ថែម​ម៉ោង​ច្រើនកន្លះខែបើកបាន​​ប្រមាណពី​ ១២ ០០០​ ឬ​ ១៣ ០០០​​បាតស្មើ​នឹងប្រមាណ៤-៥រយដុល្លារ។ ​ប៉ុន្តែនៅក្នុង​ខេត្ត​ខ្លះ​ទទួលបាន​តិចជាង​នេះ។ ​ឯអ្នកម៉ៅការគម្រោង​អាចរកប្រាក់បានច្រើនជាងនេះ»។

ពលករខ្មែរសម្រុកមកប្រទេសកំណើតរបស់ខ្លួនវិញ តាមច្រកដូងនៃខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា/សុខ ភារុណ)
ពលករខ្មែរសម្រុកមកប្រទេសកំណើតរបស់ខ្លួនវិញ តាមច្រកដូងនៃខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា/សុខ ភារុណ)

លោក ស៊ុន មេសា​អ្នក​នាំពាក្យ​ក្រសួងការ​ងារ​ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ ​មិន​បាន​ឆ្លើយ​តប​ទៅនឹង​សំណួរ​របស់ អ្នកសារព័ត៌មាន​ខេមបូចា នោះទេ។ ប៉ុន្តែ​លោក ​ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បាន​ថ្លែង​កាល​ពីថ្ងៃទី១០ ខែកញ្ញាថា អតីតពលករខ្មែរត្រឡប់មកពីថៃប្រមាណ ២២ម៉ឺននាក់ បាន​ទទួល​ឱកាស​ការងារធ្វើក្នុងស្រុក តាមរយៈយន្ដការរបស់ក្រសួងការងារ និងតាមរយៈ​ការ​ជួយសម្របសម្រួលពីវិស័យឯកជន ក៏ដូចជាមេដឹកនាំសហជីព។

 លោក​រដ្ឋមន្ត្រី មាន​ប្រសាសន៍ថា «គិតត្រឹមព្រឹកថ្ងៃទី១០ ខែកញ្ញានេះ គឺយើងមានឱកាសការងារប្រមាណជា ២២ម៉ឺនកន្លែង ដែលបានផ្ដល់ជូនអតីតប្រជាពលកររបស់យើង»។ ​ក្នុងចំណោមអតីត​ពលករ​ទាំង ២២ម៉ឺននាក់នោះ គឺប្រមាណ ១២ម៉ឺននាក់ ទទួលបាន​ឱកាសការងារតាមរយៈយន្ដការ​នានារបស់ក្រសួងការងារ និងប្រមាណ ១០ម៉ឺននាក់ផ្សេងទៀត បានទទួលការងារធ្វើ តាម​រយៈ​ការសម្របសម្រួលពីរោងចក្រ និងមេដឹកនាំសហជីព។ នេះបើយោងតាម​ការបង្ហោះ​នៅ​លើបណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក ​ស៊ុន មេសា ​នៅថ្ងៃទី​១២ ខែកញ្ញា។

អ្នកនាំពាក្យក្រសួងការងារ​ក៏បានសរសេរបញ្ជាក់បន្ថែមថា អតីតពលករដែលទទួលបាន​ការ​ងារទាំង ២២ម៉ឺននាក់នោះ គឺជាការងារស្ថិតនៅក្នុងរោងចក្រ សហគ្រាស ដែលស្ថិតនៅ​ក្នុង​ប្រព័ន្ធ។ ប៉ុន្តែនៅមានអតីតពលកររាប់ម៉ឺន រាប់សែននាក់ផ្សេងទៀត បានទទួល​ឱកាស​ការ​ងារធ្វើនៅតាមសិប្បកម្ម, អាជីវកម្ម, ការដ្ឋានសំណង់, កសិដ្ឋាន និងអាហារដ្ឋានជាដើម ដែល​មិនស្ថិតនៅក្នុងប្រព័ន្ធ។

បន្ថែមពីនេះលោកបាន​បញ្ជាក់ថា នាពេលបច្ចុប្បន្ន នៅមានឱកាសការងារជិត៩ម៉ឺនកន្លែងផ្សេង​ទៀត នៅ២៥រាជធានី-ខេត្ត ទូទាំងប្រទេស សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាអតីតពលករ ដែល​ទើបត្រឡប់មកពីប្រទេសថៃវិញ ដែលជាការងារស្ថិតនៅក្នុងប្រព័ន្ធ។

ដោយ​សារតែអ្នកម៉ៅការសំណង់ជាច្រើន​មិន​បានចុះបញ្ជីកានៅក្រសួង ​ដូច្នេះមិនអាចស្វែង​រក​​ទិន្នន័យ​ជាក់​លាក់​ពីចំនួន​​អ្នក​ធ្វើការ​នៅក្នុង​វិស័យ​សំណង់​នោះបាន​​ទេ។ ប៉ុន្តែ​​លោក ហេង សុផាន់ណារិទ្ធ អគ្គនា​យក​រង ប.ស.ស. និងជាអ្នកនាំពាក្យក្រសួងការងារត្រូវបាន​សារព័ត៌​មាន​កម្ពុជាថ្មី​ស្រង់សម្តី​ចុះផ្សាយ​​កាលពីចុង​ខែឧសភាថា បច្ចុប្បន្ននេះមានកម្មករចំនួន​៤២១៦៤​នាក់ ស្រី ៧៦៤៩នាក់កំពុងបម្រើការងារនៅតាម​សហគ្រាស​ក្នុងវិស័យ​សំណង់​​ចំនួន​៨៣៤​សហ​គ្រាស​បានចុះឈ្មោះចូលជាសមាជិក ប.ស.ស.ដែលបានជួយលើក​កម្ពស់​សុខភាព និងជីវ​ភាព​រស់នៅកាន់តែប្រសើរ។

លោកបានបន្តថា ក្រៅពីនេះ ប.ស.ស.កំពុង​ដំណើរ​​ការការចុះបញ្ជីសហគ្រាសចំនួន៦២២​បន្ថែម​ទៀតដែលមានកម្មករសរុប ១៨៥១៧​នាក់ ស្រី ៣៩០៤នាក់។

ទាក់​ទង​នឹងជំនាញ​របស់​ជាងសំណង់​លោក យ៉ាន់ ធី បានកត់សម្គាល់ថា ជាង​សំណង់​ភាគ​​ច្រើន​នៅ​កម្ពុជា ​គឺពុំបាន​ឆ្លងកាត់​ការ​រៀនសូត្រ​បណ្តុះបណ្តាល​ពីសាលា​ត្រឹម​ត្រូវ ​ឬក៏​ទទួលបាន​សញ្ញា​បត្រលើ​ជំនាញនេះ​ទេ គឺ​ពួកគាត់​រៀន​ធ្វើការ​ចេះតៗគ្នា។ យ៉ាងណាក្តី​បច្ចុប្បន្ន ​បើ​ក្រុមហ៊ុន​​សំណង់​​មាន​ថៅកែជា​ខ្មែរ គឺ​ប្រើប្រាស់​កម្លាំងពលកម្ម​ និងអ្នកជំនាញ​ជាវិស្វករខ្មែរ ​​លើក​លែង​តែក្រុមហ៊ុន​បរទេស​ដូចជាក្រុមហ៊ុន​ចិន​ជាដើម​គេ​យកកម្មករ​ ឬក៏វិស្វករគេមក។

លោក​បានបញ្ជាក់​ថា៖«កម្មករខ្មែរយើង ជាង ​ឬក៏មេការអីគាត់មានចំណេះជំនាញជាប់​ខ្លួន​ហ្នឹង​ច្រើនហើយ ​ប៉ុន្តែ​គាត់​អត់មានការ​ទទួលស្គាល់​ដូចជាសញ្ញាបត្រ ឬ​ក៏កម្រិតគុណ​វុឌ្ឍិអី​ពី​ស្ថាប័ន​រដ្ឋ​។ ប្រសិនបើមាន​អាហ្នឹង​ជាប់ខ្លួនទៅ​ គឺងាយស្រួលក្នុងការ​រកការងារធ្វើ»

មួយ​ទៀត​ការមិន​ទាន់​មានការ​កំណត់ប្រាក់​ឈ្នួល​គោល​ក្នុង​វិស័យ​សំណង់ក៏ជាបញ្ហា​ប្រឈម​​មួយ​ផងដែរ ដោយ​លោក ​យ៉ាន់​ ធី បាន​លើកឡើងទៀតថា ការណ៍នេះធ្វើឱ្យមេជាង​ ឬកម្មករ​សំណង់អា​ច​ទទួល​បាន​ប្រាក់​ឈ្នួលគឺអាស្រ័យទៅ​លើក្រុមហ៊ុន​ ឬក៏មេការ​ជាអ្នក​កំណត់ឱ្យ​តាម​ចិត្ត​មិន​មានការស្មើភាពគ្នា​ជា​ពិសេស​គម្លាត​ខុសគ្នា​រវាងប្រាក់​ឈ្នួល​កម្មករ​ស្ត្រី និង​បុរស​​បើ​ទោះបីជា​មាន​តួនាទី​ដូចគ្នា​ធ្វើការ​ងារ​ដូចគ្នាក្តី​។ បើតាម​លោក ​យ៉ាន់ ធី​ បច្ចុប្ប​ន្ន​កម្មករក្នុ​ងវិស័យ​សំណង់មានបញ្ហាប្រឈមច្រើនទាក់​ទង​នឹង​ប្រាក់ឈ្នួល ​ទាក់ទង​នឹង​សុខ​ភាព​សុវត្ថិភាព​ និង​លក្ខណ្ឌការងារ​។

ចំណែក​ទាក់ទង​ទៅនឹងសំណួរថាតើមានកក្តាអ្វីខ្លះដែល​ពលរដ្ឋខ្មែរ​មួយចំនួន​ត្រឡប់​មក​កម្ពុជា​វិញ​ហើយ​បែជាវិល​ត្រឡប់​ទៅ​ថៃវិញ​ទាំង​ប្រថុយ​ប្រថាន ? លោក ​លឹង សុផុន មន្ត្រី​គម្រោងផ្នែកការពារសិទ្ធិពលករចំណាកប្រចាំប្រទេសថៃ​នៃ​អង្គ​ការសង់ត្រាល់ ​​បាន​ពន្យល់​បន្ថែម​​ថា វាមានកក្តាច្រើន ​បើ​រៀបរាប់ទៅ​ គឺគិត​តាំងពីការ​រស់នៅ ​ការហូបចុក​ ការចាយវាយ​ គិតតាំង​ពី​ប្រាក់​ចំណូល គុណភាពជីវិត ​គឺវាខុសគ្នា​បាត់​ហើយ។ នៅ​ថៃ​វាមាន​លក្ខណៈ​វិជ្ជមានច្រើន​ សម្បូរការងារ​ធ្វើ។

បើតាម​លោក សុផុន ក្នុង​កំឡុង​មានសង្គ្រាមក្តៅគគុកកន្លងមកនេះ​មាន​ពលរដ្ឋ​ខ្មែរ​ប្រមាណ​​​​៨០ភាគរយ​ក្នុង​ចំណោមប្រមាណ​ជាង២លាន​នាក់​ដែល​ធ្វើការ​ និងរស់នៅក្នុង​ប្រទេស​ថៃ​បាន​​វិល​ត្រឡប់ទៅកម្ពុជា​វិញ ប៉ុន្តែ​មាន​​​មួយ​ចំនួន​ដែល​បាន​ទៅដល់​កម្ពុជា​ហើយ ក៏បាន​វិល​ត្រឡប់​មក​ថៃវិញដែរ​។

លោកបាន​បញ្ជាក់ថា គ្រាន់​តែក្នុង​រយៈ​ពេលជាង​ពីរខែ ​គឺចាប់​ពី​ខែកក្កដា​ដល់​ដើម​ខែ​កញ្ញា​នេះ​ មាន​​ពលករខ្មែរ៧១៣នាក់​ត្រូវអាជ្ញាធរថៃ​ចាប់ឃាត់ខ្លួន​ក្នុងនោះមានស្ត្រី១២០​នាក់​និងកុមារ​១៨នាក់​នៅ​ពេល​ពួក​គេ​វិល​ទៅ​​រកការងារ​ធ្វើនៅក្នុង​ប្រទេស​ថៃវិញ​។ ​នេះជាចំនួន​ដែល​​អាជ្ញាធរថៃចាប់​បាន ចុះអ្នក​ដែល​អាជ្ញាធរថៃ​ចាប់មិន​បាន ​គឺ​អាច​មាន​ច្រើនទៀត។

កម្មករធ្វើការនៅសំណង់នៅការដ្ឋានមួយ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

សម្រាប់​លោក ​សេង ចំណាប់ ក្នុង​ស្ថានភាពជម្លោះ​ព្រំដែន​កម្ពុជា​ថៃ​មិនទាន់​ធូរស្រាល​លោក​ត្រូវ​សម្រប​ខ្លួន​ធ្វើការ​នៅក្នុង​ប្រទេសកម្ពុជាសិន​ ប៉ុន្តែ​នៅ​ពេល​ជម្លោះ​ព្រំដែន​ត្រូវ​បាន​​ដោះ​ស្រាយលោក​នឹងទៅ​រកការងារធ្វើនៅ​ប្រទេសថៃវិញហើយ។

លោក​បានបន្ថែម​ថា៖ «គ្មាន​អ្នក​ណា​ចង់ទៅធ្វើការ​នៅស្រុកគេបែកប្រពន្ធ​បែកកូនទេបង តែធ្វើ​ម៉េច​បើនៅ​ស្រុកយើង​វា​ពិបាករកការងារ​ ពេលខ្លះធ្វើការ​ហើយ​បើកប្រាក់​មិន​បាន​​ទៀត​។ វ័យ​យើងវ័យ​រក​ប្រាក់​ កសាង​គ្រួសារ​ចិញ្ចឹមកូនឱ្យរៀនសូត្រ ឱ្យ​តែទីណា​អាច​រកប្រាក់​បានច្រើន​ គឺ​ត្រូវទៅ​ទីនោះ​ហើយបង​»៕​

ព័ត៌មានថ្មី

អត្ថបទពេញនិយម