ទាហានកម្ពុជាចំនួន១៨នាក់នៅបន្តស្ថិតនៅក្រោមការឃុំខ្លួនរបស់ទាហានថៃនៅឡើយ បើទោះបីជាមានការអំពាវនាវពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឱ្យកម្ពុជា-ថៃអនុវត្តនូវលក្ខខណ្ឌដែលមានចែងនៅក្នុងសេចក្ដីថ្លែងការណ៍រួមដើម្បីបញ្ចប់ជម្លោះព្រំដែន ខណៈអ្នកវិភាគនយោបាយមើលឃើញថាកិច្ចព្រមព្រៀងសន្តិភាពនេះហាក់មានភាពផុយស្រួយនៅឡើយ។
គិតមកដល់ពេលនេះ ទាហានកម្ពុជាទាំង១៨រូបត្រូវទាហានថៃចាប់ឃុំខ្លួនអស់រយៈពេល៩៤ថ្ងៃហើយ ចាប់តាំងពីមានបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
សារព័ត៌មានថៃ Bangkok Post បានដកស្រង់សម្ដីមេទាហានថៃលោក Winthai Suraree ថាទាហានកម្ពុជានឹងត្រូវដោះលែងដរាបណារដ្ឋាភិបាលកម្ពុជាអនុវត្តលក្ខខណ្ឌទាំងបួនដែលភាគីថៃបានដាក់ ក្នុងនោះរួមមាន ការដកអាវុធធន់ធ្ងន់ បោសសម្អាតមីនតាមព្រំដែន បង្ក្រាបបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែន និងកិច្ចសហការលើបញ្ហាប៉ះពាល់ដល់តំបន់ព្រំដែន។
ក្រុមគ្រួសារទាហានទាំង១៨រូបកំពុងទន្ទឹងរង់ចាំការវិលត្រឡប់របស់សាច់ញ្ញាតិខ្លួន ក្រោយមានសេចក្ដីថ្លែងការណ៍រួមសន្តិភាព ដែលកាលនោះនាយករដ្ឋមន្ត្រីថៃបានអះអាងនីតិវិធីនៃការដោះលែងបានចាប់ផ្ដើមរៀបចំធ្វើហើយ។ ការណ៍នេះកើតឡើងក្រោយមានការចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមរវាងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងកូឡាឡាំពួ ដោយមានទាំងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ធ្វើជាសាក្សី។
សមាជិកក្រុមគ្រួសារទាហានទាំង១៨រូបភាគច្រើនបដិសេធនិយាយជាមួយអ្នកសារព័ត៌មាន។ ស្រ្តីជាភរិយារបស់ទាហានម្នាក់ក្នុងចំណោម១៨នាក់ ឈ្មោះ ភេក ថន បាននិយាយដោយខ្លីថាគ្រប់គ្នាកំពុងរង់ចាំការវិលត្រឡប់របស់ស្វាមី។ អ្នកស្រីឲ្យដឹងថា៖ «យើងទាំងអស់គ្នាកំពុងអង្គុយចាំព័ត៌មាន[ការដោះលែង]ក្នុងបន្ទប់របស់ពួកយើង។ យើងមិនបានទទួលព័ត៌មានអ្វីថ្មីទេ»។
អ្នកវិភាគបញ្ហាភូមិសាស្រ្តនយោបាយលោក សេង វ៉ាន់លី មានប្រសាសន៍ថា កម្ពុជាប្រឈមមុខនឹង «ការលំបាកពិតប្រាកដមួយ» ទោះបីជានាយករដ្ឋមន្ត្រីថៃបានទទួលស្គាល់កិច្ចព្រមព្រៀងជាសាធារណៈក៏ដោយ ក៏យោធាថៃបង្កការលំបាក ដោយបដិសេធអនុវត្តតាម។
លោកមានប្រសាសន៍ថា៖ «ក្នុងក្រសែភ្នែករបស់កម្ពុជា បញ្ហាសំខាន់មិនស្ថិតនៅលើកិច្ចព្រមព្រៀងនោះទេ ប៉ុន្តែវាស្ថិតនៅលើរដ្ឋាភិបាលស៊ីវិលថៃ និងទាហានថៃដែលទំនងជាមិនសហការគ្នាលើបទបញ្ជាតែមួយ»។
លោកលើកឡើងថា៖ «សម្រាប់កម្ពុជា ការបដិសេធដោះលែងទាហានខ្មែរទាំង១៨រូប គឺមិនមែនជារឿងមិនយល់គ្នានោះទេ។ វាគឺជាសារនយោបាយមួយ»។ លោកបន្តថាទាហានថៃចង់«រំឭក» គ្រប់គ្នាថាពួកគេជាអ្នកគ្រប់គ្រងសន្តិសុខនៅតាមព្រំដែន និងកន្លែងឃុំឃាំង រួមទាំងបទបញ្ជាប្រតិបត្តិការនៅតំបន់មានជម្លោះផងដែរ។
លោកបន្ថែមថា៖ «នេះជាស្ថានភាពដែលមិនអាចទទួលយកបាន។ វាបានបំពានទៅនឹងគោលការណ៍មនុស្សធម៌ បំផ្លាញទំនុកចិត្តរវាងភាគីទាំងពីរ និងផ្ទុយពីសេចក្ដីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រី[Anutin Charnvirakul]»។ លោកឲ្យដឹងទៀតថា បើថៃមិនអាចអនុវត្តកិច្ចព្រមព្រៀងមនុស្សធម៌បានទេ នោះមន្ត្រីទូតអាស៊ាន និងដៃគូរអន្តរជាតិផ្សេងទៀតនឹងបាត់ទំនុកចិត្តលើរដ្ឋាភិបាលក្រុងបាងកក។
លោក Anutin Charnvirakul ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីថៃកាលពីខែកញ្ញា ឆ្នាំ២០២៥ ដោយបានដឹកនាំរដ្ឋាភិបាលមួយដែលមានការគាំទ្រមានកម្រិតនៅរដ្ឋសភា និងមានការគាំទ្រតិចតួចពីខាងយោធា។ កងកម្លាំងយោធាថៃនៅតែមានឥទ្ធិពល និងឯករាជ្យ ហើយបន្តមានឥទ្ធិពលលើគោលនយោបាយសន្តិសុខជាតិ គ្រប់គ្រងព្រំដែន ឆ្លើយតបការតវ៉ា និងគោលនយោបាយផ្ទៃក្នុង។ នេះបើតាមលោក វ៉ាន់លី។
បើតាមទាហានថៃ ទាហានដែលត្រូវចាប់ខ្លួន និងទាហានពីរនាក់បានស្លាប់ គឺកើតឡើងនៅថ្ងៃទី២៩ ខែកក្កដា ពេលដែលការប្រយុទ្ធបានផ្ទុះឡើងនៅជិតតំបន់ Sam Tae ក្នុងខេត្តស្រះកែវ ប្រទេសថៃ ជាប់ព្រំដែនខេត្តព្រះវិហាររបស់កម្ពុជា។ ដំបូងឡើងទាហានដែលថៃចាប់ខ្លួនមាន២០នាក់ ប៉ុន្តែពីរនាក់ត្រូវបានដោះលែងមកវិញ ហើយសាកសពទាហានខ្មែរម្នាក់ក៏ថៃបានប្រគល់មកវិញដែរ។
នៅថ្ងៃទី៣១ ខែកក្កដា លោក ច័ន្ទ សុភក្រ្ដា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បាននិយាយទៅកាន់តំណាងមកពីប្រទេសជាសមាជិកអាស៊ានថាភាគីថៃជាអ្នកផ្ដើមផ្ទុះអាវុធមុន និងបានចោទប្រកាន់ថាការចាប់ខ្លួននេះកើតក្រោយពីទាហានកម្ពុជា និងថៃបានឯកភាពគ្នាថតរូបទុកជាអនុស្សាវរីយ៍ក្រោយបទឈប់បាញ់។
អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរី និងអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា មិនបានឆ្លើយតបពេលអ្នកសារព័ត៌មានសុំការអត្ថាធិប្បាយនោះទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Thailand Yet to Release Captured Cambodian Soldiers Despite Peace Declaration










