សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
ពាណិជ្ជកម្ម

កម្ពុជានិង​កូរ៉េ​ខាង​ត្បូង នឹង​បង្កើត​ក្រុម​ការងារចម្រុះ ​ដើម្បី​ដោះស្រាយ​​ឧក្រិដ្ឋ​កម្មដែល​កំពុង​កើន​ឡើង

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត និង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Lee Jae-Myung ជួបពិភាក្សាការងារទ្វេភាគី អំពី​ការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ។ (​ហ្វេ​ស​ប៊ុ​ក​របស់​លោក ហ៊ុន ម៉ា​ណែ​ត​)
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត និង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Lee Jae-Myung ជួបពិភាក្សាការងារទ្វេភាគី អំពី​ការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ។ (​ហ្វេ​ស​ប៊ុ​ក​របស់​លោក ហ៊ុន ម៉ា​ណែ​ត​)

​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ា​ណែ​ត និង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លោក Lee Jae Myung បាន​ព្រមព្រៀង​កាលពី​ថ្ងៃ​ចន្ទ​ថា នឹង​បង្កើត​ក្រុមការងារចំពោះកិច្ចចម្រុះកម្ពុជា-កូរ៉េ នៅ​ខែ​ក្រោយ ដើម្បី​ដោះស្រាយ​បទ​ឧក្រិដ្ឋ​ដែល​ពាក់ព័ន្ធ​នឹង​ជនជាតិ​កូរ៉េ នៅ​កម្ពុជា ក្រោយ​ពី​មាន​ជំនួប​ពិភាក្សា​ទ្វេភាគីក្រៅ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅ​ទីក្រុង​កូឡាឡាំពួ។

​កិច្ចព្រមព្រៀងនេះធ្វើឡើងបន្ទាប់ពីករណីនិស្សិតកូរ៉េម្នាក់បានស្លាប់នៅកម្ពុជា ដោយមានការចោទប្រកាន់ថា និស្សិតនោះត្រូវបានធ្វើទារុណកម្មរហូតដល់ស្លាប់ ដែលបណ្តាលឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីរដ្ឋាភិបាលកូរ៉េខាងត្បូង រួចមានទាំងការបញ្ជូនក្រុមអធិការកិច្ចមកកម្ពុជានៅខែនេះផងដែរ ក៏ដូចជាការចេញសេចក្តីប្រកាសណែនាំអំពីការធ្វើដំណើរនៅក្នុងតំបន់មួយចំនួន។

​តាម​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ប្រទេស​ទាំង​ពីរ​បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ទប់ស្កាត់ បង្ក្រាប និង​ប្រយុទ្ធ​ប្រឆាំង​នឹង​បទ​ឧក្រិដ្ឋ ជា​ពិសេស​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន និង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​ពាក់ព័ន្ធ​នឹង​ជនជាតិ​កូរ៉េ នៅ​កម្ពុជា ក្នុង​គោល​បំណង​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​។ មេដឹកនាំប្រទេសទាំងពីរ​ក៏​បាន​ពិភាក្សា​អំពី​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ និង​វិនិយោគិន រួម​ទាំង​ជនជាតិ​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅ​កូរ៉េ និង​ជនជាតិ​កូរ៉េ​ដែល​កំពុង​រស់នៅ​កម្ពុជា​ផង​ដែរ​។

Both sides further pledged to enhance information sharing and public communication to prevent misunderstandings and ease public concerns related to travel and safety.

​ភាគី​ទាំង​ពីរ​ក៏​បាន​សន្យា​បន្ថែម​ទៀត​ក្នុង​ការ​បង្កើន​ការ​ចែករំលែក​ព័ត៌មាន និង​ការ​ទំនាក់ទំនង​ជា​សាធារណៈ ដើម្បី​ទប់ស្កាត់​ការ​យល់​ច្រឡំ និង​បន្ធូរបន្ថយ​ការ​ព្រួយ​បារម្ភ​របស់​សាធារណជន​ដែល​ទាក់ទង​នឹង​ការ​ធ្វើ​ដំណើរ និង​សុវត្ថិភាព​។

លោក ហ៊ុន ម៉ា​ណែ​ត បានសង្កត់ធ្ងន់ថា៖ «ការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ គឺជាអាទិភាពរបស់រាជរដ្ឋាភិបាល តាំងពីអាណត្តិកន្លងទៅ និងបន្តរហូតមកទល់នឹងពេលបច្ចុប្បន្ន ហើយកម្ពុជាជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងផ្ដល់ជាកម្លាំងដ៏មុតស្រួច និងមានប្រសិទ្ធភាព ដែលនឹងធានាបាននូវសុវត្ថិភាពជូនប្រជាជននៃប្រទេសទាំងពីរ»។ 

​អ្នកនាំពាក្យ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោកស្រី Kang Yu-jung បាន​ថ្លែង​ថា ក្រុម​ការងារចំពោះកិច្ចចម្រុះកម្ពុជា-កូរ៉េ ​ដែល​គ្រោង​នឹង​បង្កើត​ឡើង​ក្នុង​ពេល​ឆាប់ៗ​នេះ នឹង​មាន​ការ​បញ្ជូន​មន្ត្រី​ប៉ូលិស​កូរ៉េ​មក​កាន់​កម្ពុជា​ផង​ដែរ ដោយ​ទំហំ​នៃ​កងកម្លាំង​និង​ព័ត៌មាន​លម្អិត​ផ្សេងៗ​ទៀត​នៃ​ប្រតិបត្តិការ​នឹង​ត្រូវ​បាន​សម្រេច​ក្នុង​ពេល​ឆាប់ៗ​នេះ​។​

​ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​កំពូល​របស់​កូរ៉េ​ខាង​ត្បូង​ជាមួយ​អាស៊ាន ប្រធានាធិបតី លី បាន​បញ្ជាក់​ជា​ថ្មី​ថា រដ្ឋាភិបាល​របស់​លោក​នឹង​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្លុក​នេះ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៅ​អាស៊ី​អាគ្នេយ៍​។

​លោកបានកត់សម្គាល់ថា មជ្ឈមណ្ឌលឆបោកបានរីករាលដាលនៅតាមតំបន់ព្រំដែន «ដែលអនុវត្តច្បាប់មានភាពធូររលុង ការកេងប្រវ័ញ្ចនិងធ្វើបាបយុវជន»។ ដើម្បីដោះស្រាយបញ្ហានេះ ភ្នាក់ងារនគរបាលជាតិកូរ៉េគ្រោងនឹងសហការយ៉ាងជិតស្និទ្ធជាមួយប្រធាននគរបាលអាស៊ាន (ASEANAPOL) ដើម្បីកម្ចាត់បណ្តាញឧក្រិដ្ឋកម្មទាំងនោះ។

​អាជ្ញាធរ​កូរ៉េ​ខាង​ត្បូង​ប៉ាន់​ប្រមាណ​ថា ប្រជាជន​របស់​ខ្លួន​ប្រហែល ១ ០០០ នាក់​បាន​ចូលរួម ទាំង​ការ​ជួញដូរ ឬ​ដោយ​ស្ម័គ្រ​ចិត្ត ក្នុង​ប្រតិបត្តិការ​ឧក្រិដ្ឋកម្ម​ដែល​បាន​រៀបចំ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ ទីតាំង​បោក​បញ្ឆោត​រាប់​រយ​កន្លែង ដែល​ភាគ​ច្រើន​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​ដំណើរការ​ដោយ​ក្រុម​ឧក្រិដ្ឋជន​ចិន ត្រូវ​បាន​គេ​ជឿ​ថា​បាន​ជួញដូរ​មនុស្ស​ជាង ១៥០ ០០០ នាក់​មក​ពី​ប្រទេស​ផ្សេងៗ​។

អាជ្ញាធរ​កម្ពុជា​ធ្វើ​មាតុភូមិ​និវត្តន៍​ជនជាតិ​កូរ៉េ ៦៤​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​បោក​ឆបោកតាម​ប្រព័ន្ធអ៊ិនធឺណិត​។ រូបថត​នៅ​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០២៥​។ (AKP)

កាលពី​ថ្ងៃ​ទី​១៨ ខែ​តុលា ជនជាតិ​កូរ៉េ​ខាង​ត្បូង​ចំនួន ៦៤ នាក់​ដែល​ត្រូវ​បាន​ឃុំខ្លួន​នៅ​កម្ពុជា​ពី​បទ​សង្ស័យ​ថា​បាន​ប្រព្រឹត្ត​ការ​ឆបោក​​តាម​អន​ឡាញ ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​កូរ៉េ​វិញ ជា​កន្លែង​ពួកគេ​ភាគ​ច្រើន​កំពុង​ប្រឈម​មុខ​នឹង​ការ​ស៊ើប​អង្កេត​ឧក្រិដ្ឋកម្ម​។ ការ​វិល​ត្រឡប់​របស់​ពួក​គេ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​បញ្ជូន​ក្រុម​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​ដើម្បី​ជួយ​ជនជាតិខ្លួន​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ប្រតិបត្តិការ​បោក​បញ្ឆោត​តាម​អន​ឡាញ​ដែល​ដំណើរការ​ដោយ​ក្រុម​ឧក្រិដ្ឋជន​ក្នុង​ស្រុក​។

​ជាមួយគ្នានេះ ក្នុងកិច្ចប្រជុំកំពូលនេះ ក៏មានការឯកភាពគ្នារវាងប្រធានាធិបតី ដូណាល់ ត្រាំ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការជួញដូរគ្រឿងញៀន និងការឆបោកតាមអនឡាញ ដែលបានធ្វើឱ្យជនជាតិអាមេរិកខាតបង់អស់ជាង ១០ពាន់លានដុល្លារ។

​ការ​ណ៍​នេះ​កើតមានឡើង​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុនព្រីនស៍របស់​កម្ពុជា ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អង្គភាព​ចំនួន ១៤៦ ត្រូវ​បាន​បង្កក​ទ្រព្យ​សម្បត្តិ​។

​អាជ្ញាធរ​អង់គ្លេស​បាន​រឹបអូស​ទ្រព្យ​សម្បត្តិ​ជាង ១៧២លាន​ដុល្លារ ខណៈ​ដែល​រដ្ឋអាជ្ញា​សហរដ្ឋ​អាមេរិក​បាន​រឹបអូស​ប្រាក់​ Bitcoin មានតម្លៃ ១៥ពាន់​លាន​ដុល្លារ ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ និង​ថ្នាក់​ដឹកនាំ​របស់ក្រុមហ៊ុននេះ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ប្រតិបត្តិការ​ឆបោក​ប្រើប្រាស់​ទាសភាព​សម័យទំនើប ដោយ​កំណត់​គោលដៅ​លើ​ជនរងគ្រោះ​នៅ​ទូទាំង​ពិភពលោក។

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការ លីកាដូ បាន​ស្វាគមន៍​ចំពោះ​ការ​បង្កើត​ក្រុម​ការងារ​នេះ ដោយ​ហៅ​វា​ថា ​ជា​ការ​ចាំបាច់​សម្រាប់​កម្ពុជា​ចំពេល​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​អន្តរជាតិ​ជុំវិញ​សកម្មភាព​ឆបោក ដែល​ប៉ះពាល់​ដល់វស័យ​ទេសចរណ៍ វិនិយោគ និង​សណ្តាប់ធ្នាប់​សង្គមផងដែរ​។

​លោក អំ សំអាត ​បាន​ថ្លែងថា ប្រទេស​កម្ពុជា​ត្រូវ​តែ​ប្រើប្រាស់​ឱកាស​នេះ​ដើម្បី​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​ការ​ជួញដូរ​មនុស្ស ជា​ពិសេស​តាមរយៈ​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជិត​ខាង និង​ក្នុង​តំបន់​។

លោកបានលើកឡើងថា៖ «​ដើម្បី​កសាង​ទំនុក​ចិត្ត និង​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ដោះស្រាយ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន និង​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត កម្ពុជា​ត្រូវ​តែ​លុប​បំបាត់​អំពើ​ពុក​រលួយ និង​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព​ដោយ​មាន​តម្លាភាព​អំពី​លទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការ​»​៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia and South Korea to Set Up Joint Task Force to Tackle Rising Crimes

223 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម