ប្រព័ន្ធសុខាភិបាលកម្ពុជាបានឈានចូលដល់យុគ្គឌីជីថល ដោយមានក្រុមហ៊ុនឯកជនជាច្រើនបានគាំទ្រដល់ការកើនឡើងនៃសេវាវេជ្ជសាស្រ្ត ប៉ុន្តែអវត្តមាននៃបទបញ្ញត្តិបានធ្វើឲ្យមានជាកង្វល់អំពីសុវត្ថិភាព ការការពារទិន្នន័យអ្នកជំងឺ និងការទទួលខុសត្រូវចំពោះអ្នកជំងឺ។នៅក្នុងសៀវភៅសថ្មីមួយរបស់សភាពណិជ្ជកម្មអឺរ៉ុប បានអំពាវនាវឲ្យមានក្របខណ្ឌច្បាប់ក្នុងការគ្រប់គ្រងវេទិកាសុខភាពឌីជីថល ធានាដល់ទំនុកចិត្តរបស់អ្នកជំងឺ និងលើកទឹកចិត្តដល់នវានុវត្តន៍។
ក្នុងវេទិកាថែទាំសុខភាព និងពិព័រណ៍នវានុវត្តន៍ EuroCham ឆ្នាំ២០២៥ អ្នកស្រី សរ សំណាងវឌ្ឍនា សហប្រធានតំណាងឲ្យអ្នកអនុវត្ត បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអង្គារថា ការអភិវឌ្ឍវិស័យសុខាភិបាលឌីជីថលនៅកម្ពុជា បានដើរមុនក្របខណ្ឌច្បាប់ និងស្ថាប័នដែលកំពុងមាន ដែលការណ៍នេះធ្វើឲ្យមានចម្លោះប្រហោងនៃបទបញ្ញត្តិច្បាប់។
សៀវភៅសស្ដីពីការគ្រប់គ្រងវេទិកាសុខភាពឌីជីថលនៅកម្ពុជា បានគូសបញ្ជាក់ពីហានិភ័យនៃការបែងចែកមិនច្បាស់លាស់អំពីវេទិកាសុខភាពឌីជីថល ថាតើវេទិកាទាំងនោះជារបស់ស្ថាប័នថែទាំវេជ្ជសាស្រ្ត ជាក្រុមហ៊ុនផ្ដល់សេវាវេជ្ជសាស្រ្ត ឬក៏ជាវេទិកាទីផ្សារអេឡិចត្រូនិក។ ខណៈដែលវេទិកាទាំងនោះបានចូលរួមសំខាន់ក្នុងការលើកកម្ពស់ដល់សេវាសុខភាព និងកាត់បន្ថយការចំណាយ ក៏ដូចជាបញ្ហាកង្វះបទបញ្ញត្តិអាចនាំឲ្យមានផលប៉ះពាល់ដល់សុវត្ថិភាព និងការទទួលខុសត្រូវ។
ឯកសារដដែលបានណែនាំឲ្យបង្កើតគណៈកម្មាធិការជាតិសម្របសម្រួលសុខភាពឌីជីថល (NDHCC) ឬក្រុមការងារសុខភាពឌីជីថល ដើម្បីធានាការអនុវត្តការងារឆ្លងក្រសួង ក្រុមប្រឹក្សា និងវិស័យឯកជន។
ឯកសារដដែលនេះក៏បានផ្ដល់អនុសាសន៍ឲ្យប្រើឧបករណ៍ច្បាប់មានលក្ខណៈបត់បែន ដូចជា ការធ្វើតេស្តគោលនយោបាយក្នុងបរិបទសុវត្ថិភាព ការផ្ដល់អាជ្ញាបណ្ណតាមកម្រិតហានិភ័យរបស់វេទិកានីមួយៗ ការរួមបញ្ចូលវេទិកាទាំងនេះចូលក្នុងគម្រោងថវិកាជាតិដូចជាមូលនិធិសមធម៌សុខភាព និងបេឡាសន្តិសុខសង្គម ព្រមទាំងប្រើទិន្នន័យពេលវេលាពិតដោយលាក់អត្តសញ្ញាណ ដើម្បីគាំទ្រដល់ការតាមដានសុខភាពសាធារណៈ ការតាមដានជំងឺ និងផែនការសុខភាពតែមួយ(One Health)។

លោក Elias Engelking សហប្រធាននៃគណៈកម្មាធិការថែទាំសុខភាពសភាពាណិជ្ជកម្មអឺរ៉ុប មានប្រសាសន៍ថា ពេលវេលានេះ គឺសក្ដិសមសម្រាប់កម្ពុជាក្នុងការដឹកនាំជជែកអំពីគោលនយោបាយស្ដីពីសុខភាពឌីជីថល។ លោកកត់សម្គាល់ថា ប្រព័ន្ធឌីជីថលបានកែប្រែពិភពលោកយ៉ាងលឿនរហ័ស ហើយកម្ពុជាក៏នឹងឈានឆ្ពោះទៅកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ផងដែរ ហើយការវិវឌ្ឍផ្នែកហិរញ្ញវត្ថុក៏បានប្រែពីទម្លាប់ទទួលជំនួយទៅជាការវិនិយោគវិញ។ ការកសាងប្រព័ន្ធសុខភាពឌីជីថលរឹងមាំ និងមានភាពធន់ទ្រាំ នឹងតម្រូវឲ្យមានកិច្ចសហការជិតស្និទ្ធរវាងរដ្ឋាភិបាល វិស័យឯកជន និងដៃគូអន្តរជាតិ។
លោកបន្តថា ភាពជឿទុកចិត្ត និងកិច្ចសហការគឺជារឿងចាំបាច់ក្នុងវិស័យសុខភាពឌីជីផល។
លោកបន្ថែមថា៖ «វេទិកាសុខភាពឌីជីផលអាចផ្សារភ្ជាប់អ្នកជំងឺ មន្ទីរពេទ្យ ឱសថស្ថាន មន្ទីរពិសោធន៍ និងអ្នកធានារ៉ាប់រង នៅក្នុងប្រព័ន្ធដែលទុកចិត្តមួយ…វាមិនមែនជាវេទិកាបច្ចេកវិទ្យាទេ។ វាជាកិច្ចសន្ទនាលើការគ្រប់គ្រង ភាពជាដៃគូ និងទំនុកចិត្ត ដោយគាំទ្រដោយឧទាហរណ៍ជាក់ស្ដែង និងការបង្ហាញពីនវានុវត្តន៍នៅលើវេទិកាដូចគ្នា»។
លោកបន្ថែមថា៖ «គោលបំណងគឺសាមញ្ញ៖ កសាងទំនុកចិត្តរវាងវិស័យរដ្ឋ និងឯកជន និងគាំទ្រការគ្របដណ្តប់សុខភាពជាសកល ធានាថា ប្រជាពលរដ្ឋគ្រប់គ្នាក្នុងប្រទេសកម្ពុជាបានទទួលឱកាសស្មើៗគ្នាក្នុងការទទួលបានសេវាថែទាំសុខភាព»។
លោក កុយ វ៉ាន់នី អ្នកនាំពាក្យក្រសួងសុខាភិបាល និងលោក លីវ សុផាណារិទ្ធ អ្នកនាំពាក្យក្រសួងទូរគមនាគមន៍ មិនបានឆ្លើយតបនឹងសំនួរអ្នកសារព័ត៌មានអំពីកិច្ចការរបស់ក្រសួងទាក់ទងនឹងអនុសាស្រ្តរបស់សភាពាណិជ្ជកម្មអឺរ៉ុបនោះទេ គិតមកដល់ម៉ោងផ្សាយនេះ។
ជាង១២៥ប្រទេសរួមទាំងកម្ពុជាផងដែរ បានរៀបចំយុទ្ធសាស្រ្ត និងគោលនយោបាយសុខភាពឌីជីថល។ នេះបើតាមការលើកឡើងរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នាពេលកន្លងមក។
បើតាមសៀវភៅសដដែល កម្ពុជាបាននាំមុខក្នុងវិស័យសុខភាពឌីជីថលតាមរយៈយុទ្ធសាស្រ្តមួយចំនួនដូចជាយុទ្ធសាស្រ្តសុខភាពឌីជីថលឆ្នាំ២០២៤-២០៣៥ ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាសុខាភិបាលឆ្នាំ២០២២ និងផែនការយុទ្ធសាស្រ្តសុខាភិបាលឆ្នាំ២០២៥-២០២៣៤ ដោយផ្ដោតលើសេវាវេជ្ជសាស្រ្តពីចម្ងាយ ប្រព័ន្ធអន្តរប្រតិបត្តិការ និងឧបករណ៍AI សម្រាប់ការគ្របដណ្ដប់សុខភាពជាសកល។
ទោះយ៉ាងណា ឯកសារសរសេរទៀតថា ទោះជាមាននាយកដ្ឋានសុខភាពឌីជីថលថ្មីរបស់ក្រសួងសុខាភិបាល ដែលបង្ហាញពីការតាំងចិត្តរបស់ក្រសួង ក៏នៅមានចម្លោះខ្វះខាត ប្រព័ន្ធដំណើរការមិនទាន់រលូន ការទទូលបានសេវាមិនទាន់ស្មើភាពគ្នា និងចំណេះដឹងផ្នែកឌីជីថលនៅមានកម្រិតទាប៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Clear Rules Needed to Govern Growing Digital Health Platforms in Cambodia, EuroCham Says










