សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធនឹងករណីឆបោក និងការជួញដូរ​មនុស្ស ត្រូវបានដកចេញពីកម្មវិធីពានរង្វាន់អចលនទ្រព្យ

រូបភាពពីក្រុមហ៊ុន Zheng Heng Group នៃការអភិវឌ្ឍន៍ Long Bay របស់ខ្លួន នៅសួនតារាសាគរ ក្នុងខេត្តកោះកុង។ (គេហទំព័ររបស់ Zheng Heng Group)
រូបភាពពីក្រុមហ៊ុន Zheng Heng Group នៃការអភិវឌ្ឍន៍ Long Bay របស់ខ្លួន នៅសួនតារាសាគរ ក្នុងខេត្តកោះកុង។ (គេហទំព័ររបស់ Zheng Heng Group)

ក្រុមហ៊ុនមួយដែលមានជាប់ទាក់ទង​នឹងការឆបោកនិង​ការជួញដូរមនុស្ស​នៅ​កម្ពុជា​ដោយមាន ឯកសារគាំទ្រច្បាស់លាស់ ត្រូវបានដកចេញពី​ពិធី​ពានរង្វាន់​អចលនទ្រព្យថ្នាក់តំបន់មួយ ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន PropertyGuru Group បន្ទាប់ពី​មានការសាកសួរព័ត៌មាន​ពី​ ខេមបូចា។

របាយការណ៍​នានាពី​សារព័ត៌មាន អង្គការប្រឆាំងការជួញដូរមនុស្ស និងស្ថានទូត ​បាន​ភ្ជាប់​ទំនាក់​ទំនងក្រុមហ៊ុន Zheng Heng Group ទៅនឹង​ប្រតិបត្តិការ​ជួញដូរមនុស្ស ​និង​ឆបោក​តាម​រយៈ​គម្រោង​អភិវឌ្ឍន៍​ឈូងសមុទ្រ​វែង (Long Bay) របស់ខ្លួន​នៅក្នុង​តំបន់​សេដ្ឋកិច្ចពិសេស​តារាសាគរនៃខេត្តកោះកុង។ ​​

ប៉ុន្តែ កម្មវិធីពានរង្វាន់​អលចនទ្រព្យ​កម្ពុជា​របស់​ក្រុមហ៊ុន PropertyGuru បានប្រកាស​កាលពី​ថ្ងៃទី៧ ខែកក្កដា ថា ក្រុមហ៊ុន Zheng Heng (Cambodia) Co., Ltd. ដែលជាបុត្រ​សម្ព័ន្ធ​របស់​ Zheng Heng Group បានជាប់នៅក្នុង​បញ្ជី​តែងតាំង​សម្រាប់​ពានរង្វាន់​៨ប្រភេទខុសៗគ្នា ដែល​​ជាចំនួនច្រើន​បំផុត​គ្មាន​ក្រុមហ៊ុនណា​ទទួលបានដូច្នេះ នៅក្នុងការប្រកួតប្រជែង​ពាន​រង្វាន់​អចលនទ្រព្យ​កម្ពុជា ។ អ្នកឈ្នះ​ពានរង្វាន់​ពី​ពិធីប្រកាសពានរង្វាន់​នៅថ្ងៃទី១៨ ខែសីហា នឹងបន្តទៅចូលរួម​កម្មវិធីពានរង្វាន់​អចលនទ្រព្យ​អាស៊ី ជាបន្តទៀត ។

ក្រុមហ៊ុនអចលនទ្រព្យ​អនឡាញ​ PropertyGuru ដែលមានមូលដ្ឋាននៅប្រទេស​ម៉ាឡេស៊ី បានពណ៌នា​ព្រឹត្តិការណ៍របស់ខ្លួននេះ​ថាជា​«កម្មវិធីពានរង្វាន់​អចលនទ្រព្យ​ដ៏ធំបំផុត​និងទទួលបានការគោរព​ច្រើន​បំផុត​នៅក្នុងតំបន់» ។

គម្រោង​អភិវឌ្ឍន៍ Long Bay របស់​ក្រុមហ៊ុន Zheng Heng ត្រូវបាន​ជ្រើសរើស​សម្រាប់​ពាន​រង្វាន់«ការអភិវឌ្ឍទីក្រុងឆ្នើម» និង«ការអភិវឌ្ឍ​ប្រើប្រាស់​ចម្រុះ​ឆ្នើម»។ សណ្ឋាគារ Long Bay Century និង​សណ្ឋាគារ​-កាស៊ីណូ Long Bay ក៏ត្រូវបានតែងតាំង​សម្រាប់ពានរង្វាន់​«ការ​អភិវឌ្ឍ​រមណីយដ្ឋាន​ឆ្នើម» និង​«ការអភិវឌ្ឍ​វិស័យកម្សាន្តឆ្នើម» ផងដែរ ។ ក្រុមហ៊ុន Zheng Heng ដដែល ទទួលបាន​ការតែងតាំង​សម្រាប់ពានរង្វាន់៤ប្រភេទទៀត​សម្រាប់​គម្រោង​ Villa One របស់ខ្លួន ។

គណនី Twitter ឈ្មោះ Cyber Scam Monitor ដែលជាក្រុមតាមដាន​ឧក្រិដ្ឋកម្ម​ឆបោក បាន​រំលេច​ការចាប់អារម្មណ៍ជាថ្មីម្ដងទៀត​ទៅលើ​ការជាប់ពាក់ព័ន្ធ​របស់​ក្រុមហ៊ុន Zheng Heng ទៅ​នឹង​ឧក្រិដ្ឋកម្ម​ចាត់តាំង បន្ទាប់ពីដំណឹងនៃការផ្ដល់​ពានរង្វាន់ដល់ក្រុមហ៊ុន​មួយនេះ ។

«វាជារឿងគួរឱ្យភ្ញាក់ផ្អើល» នេះ​ជាប្រសាសន៍របស់​ Richard Allan Aquino ប្រធានផ្នែក​ម៉ាកយី​ហោ ​និងសេវាកម្ម​ទីផ្សាររបស់ PropertyGuru ដែល​បានធ្វើឡើងកាលពីថ្ងៃទី១៧ ខែកក្កដា នៅ​ខណៈ​ដែល​សារ​ព័ត៌មាន ខេមបូចា បានជូនដំណឹង​ដល់រូបលោក​អំពី​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ជាសាធារណៈ​អំពី​ករណី​ជួញដូរមនុស្ស​នៅក្នុង​គម្រោង Long Bay។ 

«គណៈកម្មាធិការឯករាជ្យមួយ»​ ដែលរួមមានចៅក្រមផ្ដល់ពិន្ទុ ១០រូប ជាអ្នកកំណត់​លើ​បេក្ខជន​​ដែល​ត្រូវបានតែងតាំងជាជ័យលាភី ​ដោយគណៈកម្មាធិការនេះ​ដឹកនាំដោយ​លោក សន សៀប ដែលជា​ប្រធាន​នៃពិធីពានរង្វាន់ និង​ជា​ប្រធាន​សមាគម​អ្នកវាយតម្លៃ​និងភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ។ ចៅក្រម​ផ្ដល់​ពិន្ទុ​រួមមានសមាសភាព​មេធាវី អ្នកអភិវឌ្ឍអចលនទ្រព្យ​ ស្ថាបត្យករ និង​នាយកក្រុមហ៊ុន​ ទាំងជនជាតិ​ខ្មែរ និង​ទាំងបរទេស​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ល្បាញ ។ ពុំមានចៅក្រមផ្ដល់ពិន្ទុណាម្នាក់​បាន​ឆ្លើយតបនឹង​សំណើ​សុំ​ការអធិប្បាយ​នោះ​ឡើយ ។

ដំណើរការនៃការផ្ដល់ពិន្ទុ រួមបញ្ចូលទាំងការចុះទៅទស្សនកិច្ច​«ដើម្បីពិនិត្យមើលដល់ទីតាំង»​នៃគម្រោង​អភិវឌ្ឍន៍នីមួយៗ ។ ក្រុមហ៊ុន HLB International Real Estate Group ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុងឡុងដ៍ «បានដឹកនាំនិងពិនិត្យមើលទៅលើ​ដំណើរការនៃការផ្ដល់ពិន្ទុ»​ នេះ ដើម្បី​ធានា​នូវ​«ភាពត្រឹមត្រូវយុត្តិធម៌ តម្លាភាព និង​ភាពអាចជឿទុកចិត្តបាន»។ នេះបើតាម​ការលើកឡើង​នៅ​លើ​គេហ​ទំព័រ​នៃកម្មវិធីពានរង្វាន់អចលនទ្រព្យ​អាស៊ី (Asia Property Awards) ។ ក្រុមហ៊ុន​ HLB មិនបាន​ឆ្លើយតប​នឹង​សំណើ​សុំ​អត្ថាធិប្បាយទេ ។

លោក Aquino បាននិយាយថា៖ «ចំពោះចៅក្រម​ផ្ដល់ពិន្ទុ ពួកគេពិនិត្យទៅលើ​គុណសម្បត្តិ​នៃ​គម្រោង​អចលនទ្រព្យ ពួកគេពិនិត្យទៅលើ​គុណភាពនៃគម្រោង មិនមែន​ទៅលើ​ក្រុមហ៊ុន​ដែល​​ជាប្រតិបត្តិករ​អាជីវកម្មណាមួយនោះទេ»។ ប៉ុន្តែ លោកបាននិយាយបន្ថែមថា ក្រុមហ៊ុន PropertyGuru នឹង​ពិនិត្យឡើងវិញ​ចំពោះការជាប់ពាក់ព័ន្ធ​របស់​ក្រុមហ៊ុន Zheng Heng Group ទៅនឹង​សកម្មភាព​ឧក្រិដ្ឋកម្ម។

ប្រាំបីថ្ងៃក្រោយមក ក្រុមហ៊ុន​បាន​ចេញ​សេចក្ដីថ្លែងការណ៍​បែបនេះ កាលពីថ្ងៃអង្គារ៖ «កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា នឹងមិនដាក់បញ្ចូល​សណ្ឋាគារ-កាស៊ីណូ Long Bay Century និង​ក្រុមហ៊ុន Zheng Heng Co., Ltd. នៅក្នុង​បញ្ជីតែងតាំង​សម្រាប់ពានរង្វាន់គ្រប់ប្រភេទ​នៃកម្មវិធីនៅឆ្នាំនេះ នោះទេ»

រូបភាពផ្សព្វផ្សាយអំពី Long Bay នៅតារាសាគរដែលបង្ហាញនៅលើទំព័រ​ហ្វេសប៊ុក​របស់ Long Bay។

ប្រធានក្រុមហ៊ុន Zheng Heng បដិសេធ​ថា ពុំមានជាប់ពាក់ព័ន្ធ​នឹង​ករណីឆបោក-ជួញដូរ​មនុស្ស​ទេ

ឈូងសមុទ្រ​វែង ឬ Long Bay គឺជា​គម្រោង​រមណីយដ្ឋាន​និង​ការកម្សាន្ត​ប្រណីតមួយ ដែល​បាន​​បើក​សម្ពោធកាលពីឆ្នាំ២០១៨ នៅក្នុង​តំបន់​សម្បទានសេដ្ឋកិច្ចតារាសាគរដែលមានទំហំ ៤៥ ០០០ហិកតារបស់​ក្រុមហ៊ុន​ Union Development នៅក្នុង​ខេត្តកោះកុង។

នៅលើគេហទំព័ររបស់​ក្រុមហ៊ុន Zheng Heng Group ក្រុមហ៊ុនសរសេរ​ថា៖ «ក្រុមហ៊ុន Zheng Heng Group… ជាម្ចាស់​នៃ​គម្រោងអចលនទ្រព្យ​មួយ​ដ៏ល្អ​បំផុត…ដែលមានឈ្មោះថា ឈូងសមុទ្រ​វែង នៅ​ក្នុង​តំបន់​តារាសាគរ»

សារព័ត៌មានអន្តរជាតិ Al Jazeera បានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្ស​ ៥០នាក់ ត្រូវបាន​ជួយសង្គ្រោះ​ចេញពីតំបន់​​រមណីយដ្ឋាន​ Long Bay នេះ កាលពីឆ្នាំ២០២២ ។ គណនី Twitter ឈ្មោះ Cyber Scam Monitor បាន​សរសេរ​អំពី​ Long Bay និង​បាន​កត់សម្គាល់​ពី​ការផ្សាយពាណិជ្ជកម្ម​ជ្រើសរើស​បុគ្គលិកតាមអនឡាញ ដែល​ស្វែងរក​ជ្រើសរើស​បុគ្គលិក​«ផ្នែក​បម្រើអតិថិជន» និង​ផ្ដល់​សំបុត្រ​យន្តហោះ​ និង​ទិដ្ឋាការដោយ​ឥតគិតថ្លៃ។

នៅពេលត្រូវបានទាក់ទងសួរតាមទូរសព្ទ​ ប្រធានក្រុមហ៊ុន Zheng Heng Group លោក Deng Pibing ដែលមានសញ្ជាតិខ្មែរ​ និង​ត្រូវបានចុះបញ្ជីជា​នាយកតែម្នាក់គត់​នៃ​ក្រុមហ៊ុន Zheng Heng Co., Ltd. នៅក្នុង​បញ្ជីពាណិជ្ជកម្ម បាន​ថ្លែង​ទទួលស្គាល់ថា ក្រុមហ៊ុនរបស់​លោក​«ជាអ្នកទទួលខុសត្រូវ»លើ​គម្រោង​រមណីយដ្ឋាន Long Bay ប៉ុន្តែ បាន​បដិសេធថា លោក​ពុំបានដឹង​ ឬ​ទទួលខុសត្រូវ​លើ​ប្រតិបត្តិការ​ជួញដូរមនុស្ស ឬឆបោកណាមួយនៅក្នុង​តំបន់​អភិវឌ្ឍន៍នេះ​ឡើយ។

លោកឧកញ៉ា Deng Pibing (ឆ្វេង) ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង រូបថតមួយសន្លឹកកាលពីឆ្នាំ២០២១ នៅលើទំព័រហ្វេសប៊ុករបស់ Long Bay។
គេហទំព័ររបស់ Zheng Heng Group គិតត្រឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។

លោក Pibing បានបន្ថែម​នៅក្នុង​សារ​អ៊ីម៉ែលរបស់​លោកថា គម្រោង​អចលនទ្រព្យ​លំនៅដ្ឋាន Long Bay ដែល​ស្ថិតនៅជាប់នឹង​សណ្ឋាគារ Long Bay ត្រូវបាន​លក់​កាលពីដើម​ឆ្នាំ២០២២ ហើយ​ក្រុមហ៊ុន​របស់​លោក​គ្រាន់តែជាអ្នកគ្រប់គ្រង«ការធ្វើប្លង់ទេសភាព» និង​«ពុំមាន​សិទ្ធិ​គ្រប់គ្រង​ទៅលើ​សកម្មភាព​នានានៅក្នុង​គម្រោងអចលនទ្រព្យនេះឡើយ»

រដ្ឋាភិបាល​កោះតៃវ៉ាន់​បាន​ផ្ញើលិខិតមួយ​ កាលពីខែមិថុនាឆ្នាំទៅមិញ មកកាន់​អភិបាល​រាជធានីភ្នំពេញ ដោយ​លើកឡើង​ថា ជនជាតិតៃវ៉ាន់ម្នាក់​បានត្រូវ«ឃុំឃាំង…នៅក្នុង​តំបន់​ Long Bay តារាសាគរ» និង«ត្រូវបានបង្ខំ…ឱ្យធ្វើការងារ​ឆបោក​តាមអនឡាញ» ហើយ​«រូបគេកំពុង​ភ័យខ្លាចពីអាយុជីវិតរបស់ខ្លួន»

កាលពីខែសីហា ឆ្នាំមុន ស្ថានទូត​ហ្វ៊ីលីពីនបានផ្ញើ​លិខិតមួយច្បាប់​មកកាន់អាជ្ញាធរ​កម្ពុជា ដោយបាន​លើកឡើង​ថា ពលរដ្ឋ​ហ្វ៊ីលីពីន«កំពុងត្រូវបាន​បង្ខំ​ឱ្យធ្វើការជាអ្នកឆបោក​តាម​អនឡាញ» និង​«មិនត្រូវបាន​អនុញ្ញាត​ឱ្យ​ចាកចេញពី​បរិវេណ​ក្រុមហ៊ុន»នៅក្នុង​«កាស៊ីណូ Long Bay» ឡើយ ។

លិខិត​របស់​ស្ថានទូត​ហ្វីលីពីន​ស្នើ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ជួយ​សង្គ្រោះ​ជនជាតិ​ហ្វីលីពីន​ដែល​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ទីក្រុង Long Bay។ (Cyber Scam Monitor)
លិខិតមួយច្បាប់ពីការិយាល័យកុងស៊ុលតៃវ៉ាន់ប្រចាំប្រទេសវៀតណាម ស្នើសុំជំនួយ ដើម្បីជួយសង្គ្រោះពលរដ្ឋតៃវ៉ាន់ម្នាក់ «ដោយភ័យខ្លាចដល់អាយុជីវិតរបស់គាត់» នៅឯ Long Bay។ (Global Anti-Scam Org)

ស្ថានទូត​ហ្វ៊ីលីពីន​មិនបានឆ្លើយតបនឹង​សំណើ​សុំ​អត្ថាធិប្បាយ​ទេ។ រីឯ​ការិយាល័យ​សេដ្ឋកិច្ច​និង​វប្បធម៌​តៃវ៉ាន់​ប្រចាំទីក្រុង​ហូជីមិញ ដែលបានចេញ​លិខិតខាងលើ បាននិយាយថា ខ្លួនមិន​អាចធ្វើការអធិប្បាយបានឡើយ ។

លោក Pibing ដែលជាប្រធានក្រុមហ៊ុន Zheng Heng បានប្រាប់​ ខេមបូចា តាមទូរសព្ទ​ថា លោក​​ទម្លាក់​ការទទួលខុសត្រូវ​ចំពោះ​សកម្មភាព​ឧក្រិដ្ឋកម្ម​ដែលទាក់ទងនឹង​កាស៊ីណូ Long Bay ទៅលើ​លោក សោម ចន្ទមុនី (Som Chanmony) ជានាយកក្រុមហ៊ុន Long Bay Entertainment ដែល​បានទទួល​អាជ្ញាបណ្ណប្រតិបត្តិការអាជីវកម្ម​កាស៊ីណូ កាលពីខែ​កញ្ញា ឆ្នាំ២០២២ ។

លោក Pibing បាននិយាយ​នៅក្នុង​សារអ៊ីម៉ែលថា ក្រុមហ៊ុន Long Bay Entertainment ជួល​ផ្នែក​ខ្លះ​នៃ​គម្រោងអចលនទ្រព្យ​ពីក្រុមហ៊ុន Zheng Heng Group និង​«ជាអ្នកប្រតិបត្តិ​សកម្មភាព​​កម្សាន្ត​នៅក្នុង​សណ្ឋាគារ​និងកាស៊ីណូ»

នៅពេលសារព័ត៌មានបានទាក់ទងទៅ​លេខ​ទូរសព្ទ​របស់​លោក ចន្ទមុនី ដែល​ផ្ដល់​ដោយ​លោក Pibing បុរសម្នាក់​ដែល​ពុំព្រមប្រាប់អត្តសញ្ញាណខ្លួន បាន​និយាយថា៖ «ខ្ញុំ​មិនដឹង​អំពី​ករណី[ឆបោកនិង​ជួញដូរមនុស្ស]ដែល​កើតឡើងនោះទេ ។ វាគ្រាន់តែជាការ​ចោទប្រកាន់​ប៉ុណ្ណោះ។ រឿងនេះមិនធ្លាប់កើតមានពីមុនមកឡើយ ដូច្នេះ ខ្ញុំមិនអាចនិយាយអ្វីច្រើនជាងនេះ​បានទេ ខ្ញុំ​រវល់»។ រួចហើយ​បុរសនោះ​ក៏បាន​ទម្លាក់ទូរសព្ទ​ចុះលែងនិយាយ។

នៅពេល​ ខេមបូចា ទាក់ទងទៅលោក ចន្ទមុនី ដោយ​ប្រើ​លេខទូរសព្ទ​ផ្សេងមួយទៀត លោក​បាន​ណែនាំប្រាប់អត្តសញ្ញាណរបស់លោក និង​បានទទួលស្គាល់ថា លោកជា​នាយកកាស៊ីណូ​ ប៉ុន្តែជាថ្មីម្ដងទៀត លោក​បានបដិសេធថា ពុំមាន​សកម្មភាព​ខុសច្បាប់ណាមួយ​បានកើត​ឡើង​នោះ​ទេ។

លោកនិយាយថា៖ «ទេ ទេ ទេ ទេ»។ លោក ចន្ទមុនីបន្តថា៖ «ខ្ញុំមិនដឹងទេ»

លោក សោម ច័ន្ទមុន្នី នាយកក្រុមហ៊ុន LongBay Entertainment ក្នុងជំនួបជាមួយ រដ្ឋបាល​ខេត្តកោះកុង។ (គេហទំព័ររដ្ឋបាលខេត្តកោះកុង)

ក្រុមហ៊ុន Long Bay Entertainment របស់ ចន្ទមុនី បានជួលសិទ្ធិបន្តលើ​សេវាកម្ម​ល្បែង​ស៊ីសងជាច្រើន​នៅក្នុង​កាស៊ីណូ Long Bay ទៅឱ្យ​ក្រុមហ៊ុន​មួយទៀត​ឈ្មោះ Century Entertainment International Holdings Limited ដែលមានមូលដ្ឋាន​នៅទីក្រុងហុងកុង និង​គ្រប់គ្រង​ដោយ​មេកាស៊ីណូ​ម៉ាកាវ ឈ្មោះ Ng Man Sun ដែលគេស្គាល់ថាជា «Street Market Wai» ជាបុគ្គលដែលជាប់ពាក់ព័ន្ធនឹង​អង្គការចាត់តាំងឧក្រិដ្ឋកម្មរបស់ចិន ។

កាលពីពេលមុន ក្រុមហ៊ុន Zheng Heng បានគំរាម​ប្ដឹង​អង្គការ​ប្រឆាំងការជួញដូរមនុស្ស​ពីបទ​ផ្សាយ​ព័ត៌មានអំពីរចនាសម្ព័ន្ធអាជីវកម្មរបស់ក្រុមហ៊ុននៅក្រោយ​ប្រតិបត្តិការជួយសង្គ្រោះ​មនុស្ស​ចេញពី​តំបន់​អភិវឌ្ឍន៍ Long Bay កាលពីឆ្នាំមុន ។

ក្រោយមកទៀត មន្ត្រីផ្នែកទំនាក់ទំនង​សាធារណៈ​មួយរូប​បាន​ស្នើសុំ​ផ្ដល់​លុយ​កាក់​ទៅ​ឱ្យ​សារព័ត៌មាន​​ក្នុងស្រុក សំឡេងប្រជាធិបតេយ្យ (VOD) ជាថ្នូរ​នឹងការលុបចេញ​នូវព័ត៌មាន​ដែល​ផ្សារភ្ជាប់ក្រុមហ៊ុន Zheng Heng ទៅនឹង​ករណីឆបោក ​និង​ជួញដូរមនុស្ស​នៅឯ Long Bay និងបន្ទាប់មកទៀត បាន​គំរាម​ប្រើប្រាស់​«អាវុធផ្លូវច្បាប់»ប្រឆាំងនឹង​សារព័ត៌មាន VOD។

អចលនទ្រព្យ​មួយកន្លែង​ទៀត​ដែល​កាន់កាប់ដោយ​ក្រុមហ៊ុន Zheng Heng នៅក្នុងខេត្ត​ព្រះសីហនុ ត្រូវបាន​បង្ក្រាបកាលពីខែកញ្ញា ឆ្នាំមុន ហើយនគរបាល​បានរកឃើញ​ភ័ស្តុតាង​នៃការបង្ខាំងមនុស្ស​ដោយ​ខុសច្បាប់ ។

នៅក្នុង​សេចក្ដីថ្លែងការណ៍​តាមអ៊ីម៉ែលរបស់លោក លោក Pibing បានពណ៌នា​ក្រុមហ៊ុន Zheng Heng ថាជា«ក្រុមហ៊ុនអាជីវកម្មស្របច្បាប់» ដែល​«គាំទ្រ​ជាខ្លាំង»ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​​ឧក្រិដ្ឋកម្ម ។

ការឆ្លើយតបរបស់រដ្ឋាភិបាលកម្ពុជា​ចំពោះករណី Long Bay

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាស្ថាប័នគ្រប់គ្រង​កងកម្លាំងនគរបាលជាតិ និង​គ្រប់គ្រង​ខ្សែទូរសព្ទពិសេស​សម្រាប់ជនរងគ្រោះដោយសារអំពើជួញដូរមនុស្ស បាន​ចុះផ្សាយ​នៅលើ​គេហ​ទំព័រ​របស់​លោកកាលពីថ្ងៃទី២៦ ខែមេសា នូវ​អត្ថបទមួយដែលអមដោយរូបភាព​នៃរបាយការណ៍​អំពី​ជនរងគ្រោះដោយសារការជួញដូរ។ រូបភាពទាំងនោះ​ រួមមាន​របាយការណ៍​​យ៉ាង​ហោចចំនួន៣ដែល​បញ្ជាក់អត្តសញ្ញាណ Long Bay ​នៅក្នុងឧទ្យាន​តារា​សាគរ​នៃខេត្តកោះកុង ជាភាសាចិន ។

សេចក្ដីរាយការណ៍មួយ​បានកត់សម្គាល់ថា ជនជាតិចិន៣នាក់​បានស្នើសុំ​«ការជួយសង្គ្រោះ»​នៅក្នុង​«ករណីជួញដូរនិងបង្ខាំងមនុស្ស»មួយនៅឯសណ្ឋាគារនិងកាស៊ីណូ Long Bay កាល​ពីថ្ងៃទី៤ ខែធ្នូ ឆ្នាំទៅមិញ។ សេចក្ដីរាយការណ៍​បច្ចុប្បន្នភាពទីពីរ​បាន​កត់សម្គាល់ថា ជនជាតិ​តៃវ៉ាន់​ម្នាក់​ត្រូវបាន​«ឃុំខ្លួន»នៅ«Long Bay» ហើយលិខិតឆ្លងដែនរបស់គាត់ត្រូវបានគេរឹបអូស ខណៈដែល​សេចក្ដីរាយការណ៍​មួយ​​ផ្សេងទៀត​បាន​លើកឡើងថា ជនជាតិចិន៤នាក់​បាន​ស្វែង​រក​«ការជួយសង្គ្រោះ»ពី«Long Bay»

រូបភាពនៃរបាយការណ៍ពាក់ព័ន្ធនឹងករណីជួញដូរមនុស្ស ដែលចែករំលែកដោយ​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី២៦ ខែមេសា។ អក្សរចិន 七星海长湾园区 គូសរង្វង់ខ្មៅដោយ CamboJA សំដៅលើ សួន តារាសាគរឡុងបាយ័ន។ (គេហទំព័រ ស ខេង)

លោក Pibing បានប្រាប់​ ខេមបូចា តាមរយៈ​សារអ៊ីម៉ែល នៅពេល​អ្នកសារព័ត៌មាន​បាន​បង្ហាញ​​របាយការណ៍​របស់​លោក ស ខេង ទៅគាត់ យ៉ាងដូច្នេះថា៖ «យើង​សប្បាយចិត្ត​ដែល​លោករដ្ឋមន្ត្រីបាន​ផ្ដល់​ព័ត៌មាន​ឱ្យ​ពិភពលោក​បានដឹង​តាមរយៈការចុះផ្សាយរបស់លោក»

លោក Pibing ក៏បាន​ផ្ញើឱ្យ​ ខេមបូចា ផងដែរ នូវ link នៃអត្ថបទចុះផ្សាយកាលពីខែកញ្ញា ឆ្នាំ២០២២ ពី​រដ្ឋបាលខេត្តកោះកុង ដែលកត់សម្គាល់ថា ជនជាតិចិន​អាយុ១៨ឆ្នាំមួយរូប នៅក្នុងរមណីយដ្ឋាន Long Bay បានស្នើសុំ​​ឲ្យអាជ្ញាធរជួយ​រូបគាត់​ឱ្យបានត្រឡប់ទៅផ្ទះវិញ ។

អាជ្ញាធរខេត្តកោះកុងបានលើកឡើងថា៖ «ជនជាតិចិនរូបនោះ​បាននិងកំពុងធ្វើការ…ដោយ​គ្មាន​ការគំរាម​កំហែង ការបង្ខិតបង្ខំ ឬ​ការបង្ខាំង ឬទារុណកម្ម​​អ្វីឡើយ ហើយ​ទទួលបាន​ប្រាក់​ខែ​ ១ ៥០០ដុល្លារ​ក្នុងមួយខែ»។ អាជ្ញាធរខេត្តកោះកុងបន្តថា៖ «មូលហេតុដែល​គាត់ប្ដឹង គឺ​ដោយ​សារគាត់​ភ័យខ្លាចពីសុវត្ថិភាពរបស់គាត់នៅពេលអនាគត និង​ចង់​ធ្វើដំណើរត្រឡប់​ទៅ​ស្រុកកំណើតវិញ»

រូបភាពនៃរបាយការណ៍ដែលចែករំលែកដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង និង​គូស​រង្វង់ខ្មៅដោយ ខេមបូចា កំណត់អត្តសញ្ញាណសួនតារាសាគរ Long Bay។ (គេហទំព័រ ស ខេង)។

នៅក្នុងអត្ថបទចុះផ្សាយនោះ បង្ហាញ​រូបភាពរបស់​លោក ចន្ទមុនី នាយកកាស៊ីណូ Long Bay ដែល​ជួបប្រជុំ​ជាមួយអាជ្ញាធរ ។

នៅពេលទាក់ទងតាមទូរសព្ទ​ទៅលោកស្រីកាលពីសប្ដាហ៍មុន លោកស្រី ជូ ប៊ុនអេង អនុ​ប្រធាន​​អចិន្ត្រៃយ៍​នៃគណៈកម្មាធិការជាតិ​ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មិនបានដឹងពីករណី​នៅ​កាស៊ីណូ Long Bay ទេ»

លោកស្រីបានបន្ថែមថា៖ «ជួនកាលម្ចាស់ដី ឬអគារដែលជួល​ឱ្យទៅអ្នកផ្សេង មិនដឹងថា​អ្នក​ជួល​ហ្នុង​កំពុងធ្វើអ្វីខ្លះ និង​ធ្វើក្នុងគោលបំណង​អ្វីឡើយ»

ស្នងការនគរបាល​ខេត្តកោះកុង លោក គង់ មនោ បានប្រាប់ ខេមបូចា ឱ្យទាក់ទងទៅ​មន្ត្រី​អ្នកនាំពាក្យ​របស់លោក។ មន្ត្រីអ្នកនាំពាក្យរូបនោះបាន​បដិសេធ​មិន​ឆ្លើយនឹងសំណួរទេ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានមានប្រសាសន៍ថា ករណីជួញដូរមនុស្ស​បាន​ថយ​ចុះ​នៅក្នុងឆ្នាំនេះ ដោយសារតែ«ការងាររបស់​អាជ្ញាធរ និង​កិច្ចសហ​ប្រតិបត្តិការ​ពី​ភាគី​ពាក់ព័ន្ធ» ប៉ុន្តែ លោក​មិនបាន​ឆ្លើយចំៗចំពោះសំណួរ​ពីសារព័ត៌មាន ខេមបូចា ដែល​សួរ​អំពីករណី Long Bay ឡើយ។

លោកបានប្រាប់ ខេមបូចា ថា Long Bay ត្រូវបានតែងតាំង​សម្រាប់​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា គឺ«ដោយសារ​សេវាកម្មល្អរបស់ពួកគេ»

លោក Pibing គឺជាម្ចាស់ភាគហ៊ុននៅក្នុង​ក្រុមហ៊ុនផ្សេងទៀត​ជាច្រើន ក្នុងនោះរាប់បញ្ចូលទាំង ធនាគារ BIC ផងដែរ និង​ត្រូវបានអញ្ជើញឱ្យចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​សំខាន់ៗជាច្រើន បើ​ទោះបី​ជា​ក្រុមហ៊ុន​របស់​លោក​មាន​ជាប់ពាក់ព័ន្ធច្បាស់ទៅនឹង​សកម្មភាពឧក្រិដ្ឋកម្មក្ដី។

កាលពីខែកុម្ភៈ ឯកអគ្គរាជទូត​ចក្រភពអង់គ្លេស លោក Dominic Williams បាន​បង្ហាញខ្លួន​ជាមួយ​នឹង​លោក Deng Pibing ដែល​ជាប្រធាន​នៃ​សមាគម​ក្រុមប្រឹក្សាវប្បធម៌ឌីជីថល​អង្គរ នៅឯ​ព្រឹត្តិការណ៍​មួយ​ដែល​ផ្សព្វផ្សាយពី«កិច្ចសហប្រតិបត្តិការរវាង​កម្ពុជា និងចក្រភព​អង់គ្លេស​លើវិស័យ​វប្បធម៌​និង​សិល្បៈ» នេះបើយោងតាមសារព័ត៌មាន Khmer Times។

ស្ថានទូត​អង់គ្លេស​បាន​និយាយនៅក្នុង​សេចក្ដីថ្លែងការណ៍តាមអ៊ីម៉ែលថា៖ «ស្ថានទូត​មិនមែន​ជា​ម្ចាស់​នៃព្រឹត្តិការណ៍នោះទេ ហើយ​ក៏មិនពាក់ព័ន្ធនឹង​ការរៀបចំព្រឹត្តិការណ៍នោះដែរ»«ស្ថាន​ទូត​ថ្កោលទោស​យ៉ាងខ្លាំងក្លាទៅលើ​អំពើជួញដូរមនុស្ស និង​ការឆបោក ឬ​ការ​បោក​ប្រាស់តាមអនឡាញ»

ទោះបីជា​រាល់ទំនាក់ទំនង​យោងទៅក្រុមហ៊ុន Zheng Heng ត្រូវបានលុបចេញពី​គេហទំព័រ​នៃកម្មវិធីពានរង្វាន់​អចលនទ្រព្យ​អាស៊ីក្ដី លោក Pibing បានប្រាប់ ខេមបូចា ថា ក្រុមហ៊ុនរបស់​លោក​«ស័ក្ដិសម​នឹង​ទទួលបាន​ការសរសើរនិងការទទួលស្គាល់»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Company Linked to Scams, Human Trafficking Ousted from Cambodia Property Awards

1,365 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម