សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

រដ្ឋាភិបាលផ្ដល់ដី ៩ ៩៦៨ហិកតានៅឧទ្យានជាតិបទុមសាគរទៅឱ្យក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប

ដីសម្បទាន ៩ ៩៦៨ហិកតា ដែលត្រូវបានផ្ដល់ឱ្យក្រុមហ៊ុន Royal Group នៅខែមករា នៅក្នុងឧទ្យានជាតិបទុមសាគរ រួមជាមួយនឹងដីសម្បទានមុន ។ (លីកាដូ)
ដីសម្បទាន ៩ ៩៦៨ហិកតា ដែលត្រូវបានផ្ដល់ឱ្យក្រុមហ៊ុន Royal Group នៅខែមករា នៅក្នុងឧទ្យានជាតិបទុមសាគរ រួមជាមួយនឹងដីសម្បទានមុន ។ (លីកាដូ)

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់មហាសេដ្ឋី​ គិត ម៉េង បានទទួលដីសម្បទាន ៩ ៩៦៨​ហិកតា​នៅក្នុង​ឧទ្យាន​ជាតិបទុមសាគរ នៅក្នុង​ខេត្តកោះកុង ។ នេះ​បើយោងតាម​អនុក្រឹត្យ​មួយ​ចុះថ្ងៃទី២៥ ខែមករា ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន និងដែលបាន ផ្សព្វផ្សាយ​កាលពីដើមខែនេះ។

នេះជាការផ្ដល់​ដីសម្បទានថ្មីបំផុតមួយទៀត​នៅក្នុង​ឧទ្យានជាតិបទុមសាគរ ដែល​នៅក្នុង​ឧទ្យានជាតិ​នេះ​ ផ្ទៃដី​ជាង ៦០% នៃតំបន់​ការពារពីដើមត្រូវបានផ្ដល់ទៅឱ្យឯកជនតាមរយៈ​ការផ្ដល់​សម្បទាន ។ នេះ​បើយោងតាម​ទិន្នន័យពី​អង្គការសិទ្ធិមនុស្ស លីកាដូ ។ ក្នុងន័យ​បច្ចេកទេស ប្រទេស​កម្ពុជា​បាន​សម្រេច​ផ្អាកចាប់តាំងពីឆ្នាំ២០១២មក នូវ​ការផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​ (ELC) សម្រាប់​កសិឧស្សាហកម្ម ប៉ុន្តែនៅក្នុងឆ្នាំនេះតែមួយ មានការផ្ដល់​ដី​សម្បទាន​​សេដ្ឋកិច្ច​ទំហំធំៗជាច្រើន​ដែលត្រូវបាន​បញ្ចេញ​ព័ត៌មានឱ្យដឹង។ នេះបើតាម​ប្រសាសន៍​របស់លោកស្រី Naly Pilorge នាយិកា​ផ្នែក​ផ្សព្វផ្សាយ​របស់​អង្គការ លីកាដូ ។​

លោកស្រី Pilorge បានកត់សម្គាល់ថា ដីសម្បទានរបស់ក្រុមហ៊ុន​ រ៉ូយ៉ាល់គ្រុប ដែល​ផ្ដល់​ឱ្យ​តាមរយៈ​ក្រសួងបរិស្ថាននេះ មិនត្រូវបានកំណត់​ជាផ្លូវការថាជាដីសម្បទាន​សេដ្ឋកិច្ច​នោះទេ ប៉ុន្តែភាពខុសគ្នា​គឺ​ខុសគ្នាតែឈ្មោះ​ប៉ុណ្ណោះ ។

លោកស្រី Pilorge បានថ្លែង​យ៉ាងដូច្នេះថា៖ «ទោះបីជាគេដាក់ឈ្មោះថាជា ELC ឬមិនមែន​ក៏ដោយ ការដែលរដ្ឋកាត់ដីជាច្រើនហិកតា​ទៅឱ្យ​តួអង្គ​ឯកជននេះ នឹងជំរុញ​ឱ្យមានរលកថ្មី​នៃ​ការ​បាត់បង់​កម្មសិទ្ធិដីធ្លី​នៅទូទាំងប្រទេស»។ 

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានទទួលដីសម្បទាន ៨ ៦៣១ហិកតា ដើម្បីបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​​មួយ​នៅក្នុង​ឧទ្យានជាតិនេះ កាលពីឆ្នាំ២០២១ ដែលបាននាំឱ្យមាន​ការកាប់​បំផ្លាញ​ព្រៃឈើ​និង​ការ​បាត់បង់​ទីជម្រក​របស់​ប្រជាជនជាង ១០០គ្រួសារ ។ នេះបើតាមការរកឃើញ​នៅក្នុង​ការស៊ើបអង្កេតរបស់ Mongabay ។

កាលពីខែមុន មានព័ត៌មានបញ្ចេញ​ឱ្យដឹងថា ក្រុមហ៊ុន Koh Kong Rubber ដែលជាប់ទាក់ទង​នឹង​ឈ្មោះ Ly Phoonrat ដែលជាកូនប្រុសរបស់​មហាសេដ្ឋី លី យ៉ុងផាត់ បានទទួលដី​សម្បទាន​ ៦ ២៣៤​ហិកតា នៅក្នុង​ឧទ្យានជាតិបទុមសាគរ តាមរយៈ​អនុក្រឹត្យ​មួយ​ដែលចេញ​កាលពីខែមករា ។

ខណៈដែល​ក្រសួងបរិស្ថាន​ត្រួតត្រា​ការពង្រីក​​តំបន់អភិរក្ស ឧទ្យានជាតិបទុមសាគរ គឺជា​ឧទ្យានជាតិមួយ​ក្នុងចំណោមឧទ្យានជាតិមួយចំនួនដែល​បានរួញទំហំកាន់តែតូច។ ឧទ្យានជាតិ​​ដែលមាន​ផ្ទៃក្រឡា ១៧១ ២៥០ហិកតា​ ត្រូវបាន​កាត់ចេញ​ ២៧ ៣៥៥ហិកតា​ដែល​ភាគច្រើន​ជាដី​ត្រួតលើ​ដីសម្បទាន​ ៣៦ ០០០ហិកតារបស់​ក្រុមហ៊ុន Union Development Group ។

កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម ដែល​ជាស្ថាប័នមើលខុសត្រូវលើ​ដីសម្បទាន​សេដ្ឋកិច្ច​ បាន​និយាយថា រាជរដ្ឋាភិបាលបានបញ្ឈប់លែងផ្ដល់ដីសម្បទានសេដ្ឋកិច្ចតាំងពីឆ្នាំ 2012 មកម៉្លេះ  បើទោះបីជារដ្ឋាភិបាល​បានផ្ដល់ដីសម្បទាន​​សេដ្ឋកិច្ច​ ៥០០០ហិកតា កាលពី​ឆ្នាំ​កន្លង​ទៅក្ដី ។ កញ្ញា រចនា បាន​ឱ្យ​បង្វែរ​សំណួរទាំងឡាយ​អំពីដីសម្បទាន​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ទៅ​ក្រសួង​បរិស្ថាន ។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា និង​អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង ពុំបាន​ឆ្លើយតបនឹងសំណើ​សុំ​ការអត្ថាធិប្បាយ​ឡើយ។

លោក ឆាយ រតនៈ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ បាននិយាយថា លោក​មិនបាន​ដឹង​ទេថា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប​កំពុងធ្វើអ្វី​នៅក្នុង​ឧទ្យានជាតិបទុមសាគរ​នោះ ហើយ​លោក​ក៏បាន​និយាយ​ផងដែរថា ប្រធានបទនេះ​មិនទាក់ទងនឹង​ក្រសួង​របស់​លោកទេ បើទោះបីជា​អនុក្រឹត្យ​បាន​ចែង​ថា ដីសម្បទាន​នេះ​ត្រូវបាន​ផ្ដល់​«ដោយសហការ»ជាមួយក្រសួងរបស់​លោកក្ដី ។

លោកស្រី Suwanna Gauntlett ស្ថាបនិក ​និង​ជា​នាយិកាប្រតិបត្តិ​នៃ​អង្គការសម្ព័ន្ធ​មិត្តសត្វព្រៃ (Wildlife Alliance) ជាអង្គការអភិរក្ស​ធម្មជាតិមួយ​ដែល​ធ្វើការយូរឆ្នាំមកហើយ​នៅក្នុង​តំបន់​បទុមសាគរ ពុំ​បាន​ឆ្លើយតបនឹងសំណើសុំ​អត្ថាធិប្បាយ​ទេ ។

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប មិនបានឆ្លើយតបនឹងការស្នើសុំ​អត្ថាធិប្បាយឡើយ ។

ខណៈដែល​ភាគច្រើន​បំផុត​នៃដីសម្បទាន​សេដ្ឋកិច្ចឆ្នាំ២០២១របស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នៅពុំទាន់​មានការអភិវឌ្ឍ​ក្ដី ចំណែក​ខ្លះនៃដីសម្បទាននេះ​ត្រូវបានគ្រោង​សម្រាប់​ការអភិវឌ្ឍ​រោងចក្រ​ថាមពល​ដើរ​ដោយ​ធ្យូងថ្មដែលមានកម្លាំង ៧០០មេហ្គាវ៉ាត់ ។

ប្រជាជន​មួយចំនួន​ដែលទទួលរងផល​ប៉ះពាល់​ពី​ដីសម្បទាននេះ​បានប្រាប់ ខេមបូចា ថា ពួកគេ​នៅ​ពុំទាន់រកឃើញដំណោះស្រាយណាមួយ​នៅឡើយទេ បើទោះបីជា​មានការសន្យា​ពី​អាជ្ញាធរ​ឃុំ​របស់ខ្លួន​ក្ដី។

ពលរដ្ឋអ្នករស់នៅខេត្តកោះកុងមួយរូបដែលសុំ​មិន​បញ្ចេញឈ្មោះ​ដោយសារបារម្ភពីសុវត្ថិភាព បាន​និយាយថា ដីចម្ការរបស់គាត់ទំហំ៥ហិកតាបានត្រូវគេកាត់យកនិង​ប្រគល់ទៅឱ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នៅក្រោយពេលដែល​ដីសម្បទានឆ្នាំ២០២១ត្រូវបាន​ប្រកាស ។ គាត់​និយាយថា គាត់​​បាន​កាន់កាប់​និង​អាស្រ័យផល​នៅលើដីនេះ​អស់​រយៈពេលប្រហែល១០ឆ្នាំ ហើយវាជា​ប្រភព​ចំណូលចម្បងរបស់គាត់។​

គាត់បាននិយាយថា គាត់បាន​ផ្ញើ​ញត្តិតវ៉ាជាច្រើនលើកច្រើនសា​ទៅ​កាន់​រដ្ឋបាល​ខេត្តកោះកុង ក្រសួង​បរិស្ថាន ក្រសួង​រៀបចំ​ដែនដី និងក្រសួងមហាផ្ទៃ ប៉ុន្តែពុំមានដំណោះស្រាយអ្វីឡើយ ហើយ​លោកស្រី​ចង់​បានសំណង​ពី​អាជ្ញាធរ​ ។ លោកស្រីបាននិយាយថា លោកស្រីសង្ឃឹមថា​នឹងទទួលបានដីថ្មី​សម្រាប់​ការប្រើប្រាស់ ។

លោកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា៖ «អាជ្ញាធរបាននិយាយថា ពួកគេនឹងដោះស្រាយ​បញ្ហា​ដីធ្លី​​ឱ្យ​ប្រជាជនបន្ទាប់ពីបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២រួច ប៉ុន្តែរហូតមកដល់ពេលនេះ គ្មាន​ដំណោះស្រាយ​នៅឡើយទេ​»។ លោកស្រីបន្តថា៖ «ពួកគេគ្រាន់តែធ្វើឱ្យពលរដ្ឋក្នុង​មូលដ្ឋាន​ស្ងប់ចិត្តបន្តិច​ប៉ុណ្ណោះ បន្ទាប់មក ពួកគេ​មិនបានធ្វើតាមពាក្យសន្យាឡើយ ។ ខ្ញុំបានបាត់បង់​ការងារជាកសិករបន្ទាប់ពីបាត់បង់ដីចម្ការរបស់ខ្ញុំ ដែល​ជា​ប្រភពចំណូលតែមួយគត់​សម្រាប់​គ្រួសារខ្ញុំ​និង​បាន​ជួយ​ទ្រទ្រង់​ដល់​ការសិក្សារបស់កូនៗខ្ញុំ»

មេឃុំថ្មស លោក អិក កួន បានប្រាប់ ខេមបូចា កាលពីថ្ងៃព្រហស្បតិ៍ថា លោក​មិនបានដឹង​អំពី​ផែនការ​របស់​ក្រុមហ៊ុន​ រ៉ូយ៉ាល់គ្រុប សម្រាប់​ដីសម្បទានរបស់ខ្លួន​ នោះទេ ។

លោក កួន បាននិយាយថា ភូមិចំនួន​៣នៅក្នុង​ឃុំរបស់លោក​ត្រូវបាន​ទទួលរងផល​ប៉ះពាល់​ដោយសារ​​ដីសម្បទាន​ដែលផ្ដល់​ឱ្យក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប កាលពីឆ្នាំ២០២១ ប៉ុន្តែ លោកមិន​បានដឹងទេថា​មាន​ប្រជាជន​ប៉ុន្មាននាក់ដែលបានទទួលសំណងរួចហើយនោះ ។ អតីតអ្នក​រស់​នៅតំបន់នោះមួយរូប ដែលមាន​បណ្ណកម្មសិទ្ធិកាន់កាប់ដីតាំងពីឆ្នាំ២០១០មក អាចទទួល​សំណង​​ដោយផ្អែកទៅតាម​ទំហំ​ដី​និង​ផ្ទះ​របស់ខ្លួន ប៉ុន្តែ ប្រជាជនដែល​យកដីរដ្ឋ​នៅក្នុង​រយៈ​ពេល​​​ប៉ុន្មានឆ្នាំចុងក្រោយនេះ មិនអាចទទួលបាន​កម្មសិទ្ធិ ឬសំណង​អ្វីឡើយ។

លោក ង៉ែត ស៊ីណាប់ មន្ត្រីសម្របសម្រួល​អង្គការ​ អាដហុក ប្រចាំខេត្តកោះកុង បានលើក​ឡើង​ថា មុនពេល​ផ្ដល់​ដី​ទៅ​ឱ្យ​គម្រោងអភិវឌ្ឍន៍អ្វីមួយ ការវិភាគហ្មត់ចត់​អំពី​ផលប៉ះពាល់​ដែល​អាចកើតមានពីគម្រោងនោះ​ទៅលើ​ប្រជាជននៅក្នុងមូលដ្ឋាន ទៅលើបរិស្ថាន សុខភាព​សាធារណៈ និងគុណភាពទឹក គួរត្រូវបាន​ធ្វើឡើង។

លោកបានបន្ថែមថា៖ «វាជាចំណុចសំខាន់​ដែល​គេ​ត្រូវពិចារណា​ឱ្យបានត្រឹមត្រូវទៅលើ​ផល​ប៉ះពាល់​លើ​ប្រជាជន​និងបរិស្ថាន»​៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Government Gives 9,968 Hectares in Botum Sakor National Park to Royal Group

359 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម