សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ការទិញកោះ ៖ មន្ត្រីកម្ពុជាទិញស្ទើរផ្តាច់មុខនៃឆ្នេរក្នុងដែនកោះមួយចំនួននៅខេត្តកោះកុង

  • ការទិញដូរដោយអ្នកធំដែលមានទ្រព្យសម្បត្តិស្ដុកស្ដំនិងមានទំនាក់ទំនងជាមួយនឹងអ្នកនយោបាយជាន់ខ្ពស់របស់កម្ពុជាបានធ្វើឲ្យជោគវាសនានៃកោះតូចៗស្ថិតក្នុងដំណាក់កាលផ្លាស់ប្តូរ ដែលវាធ្វើឲ្យយប៉ះពាល់ដល់ជីវភាពរស់នៅ របស់អ្នកនេសាទក្នុងស្រុក។
  • ការអភិវឌ្ឍ រីសតគំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ីនិងផ្កាថ្មនៃប្រជុំកោះស្តេច ដែលសម្បូរដោយជីវិតសត្វសមុទ្រកម្រ ហើយក៏គំរាមកំហែងដល់ជីវិត របស់សត្វសមុទ្រទាំងនោះ។
  • អ្នកនេសាទក្នុងស្រុកក៏ត្រូវបានក្រុមហ៊ុនអភិវឌ្ឍន៍បានបិទកន្លែងនេសាទជាលក្ខណៈប្រពៃណីរបស់ខ្លួន ដែលនាំឲ្យមានការបាត់បង់ប្រាក់ចំណូល។
  • រឿងនេះត្រូវបានគាំទ្រដោយបណ្តាញស៊ើបអង្កេតព្រៃទឹកភ្លៀងរបស់មជ្ឈមណ្ឌល Pulitzer ដែលលោក Gerald Flynn ជាអ្នកចូលរួមសហការ។

កោះស្តេច ប្រទេសកម្ពុជា ៖ សំបូរទៅដោយផ្កាថ្ម សត្វសមុទ្រ និង ដើមដូង កោះស្តេចដែលស្ថិតនៅលើឆ្នេរសមុទ្រភាគខាងលិច និងនិរតីរបស់ប្រទេសកម្ពុជា ដែលបានទាក់ទាញភ្ញៀវទេសចរណ៍និងអ្នកវិនិយោគឲ្យ លង់ចិត្តជាយូរមកហើយជាមួយនឹងសម្រស់ឆ្នេរខ្សាច់ពណ៌សក្បុសទេរចូលទៅក្នុងទឹកពណ៌ខៀវស្រងាត់នៃឈូង សមុទ្រថៃ។

ក្រៅពីទេសភាពដ៏ទាក់ទាញ  ការអនុវត្តច្បាប់នៅមានកម្រិត និងលទ្ធភាពដែលក្រុមហ៊ុនបរទេសអាចជួលដីបានរហូតដល់៩៩ឆ្នាំបានធ្វើឲ្យ ប្រជុំកោះទាំងនេះក្លាយទៅជាទីកន្លែងដ៏ទាក់ទាញសម្រាប់មហាសេដ្ឋី អ្នកជំនួញទេសចរណ៍ដែលមានអំណាចនិងឥទ្ធិពលក៏ដូចជាឧក្រិដ្ឋជនរួមទាំងមន្រ្តីរដ្ឋាភិបាលរកប្រាក់ពីសក្កានុពលនៃឆ្នេរទាំងនេះតាំងពីទសវត្សរ៍ឆ្នាំ២០០០មក។​

ការ​ទិញ​កោះ​សម្រាប់ទុកយកចំណេញ បានផ្ទុះឡើងខ្លាំង​ខណៈពេលឧស្សាហកម្ម​ទេសចរណ៍​របស់​កម្ពុជា​មាន​ការ​រីកលូតលាស់ ដោយមានការទិញ​​និង​លក់​កោះជាបន្តបន្ទាប់​​ក្នុងអំឡុង​ទសវត្សរ៍ឆ្នាំ២០១០។ទោះជាយ៉ាងណាក្តី ជំងឺរាតត្បាតសកលកូវីដ-១៩ បាននាំឲ្យ ជំនួញនេះត្រូវបញ្ឈប់ភ្លាមៗ។

ប៉ុន្តែនៅពេលដែលជំងឺរាតត្បាតនៅប្រទេសកម្ពុជាបានធូរស្រាល លោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានប្រកាសកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ថា កោះចំនួនប្រាំបួនក្នុងចំណោមកោះ៣៥ក្នុងខេត្តនេះត្រូវស្ថិតក្រោមគម្រោងសម្រាប់ការអភិវឌ្ឍ។ ព័ត៌មានលម្អិតសម្រាប់អនាគតនៃឆ្នេរសមុទ្រប្រវែង២៣៧គីឡូម៉ែត្ររបស់ខេត្តនិងអ្នកស្រុកលើកោះទាំងនេះគឺមានតិចតួចប៉ុណ្ណោះ។

នៅថ្ងៃដដែលនោះ លោក សុខ សុទ្ធី អភិបាលរងខេត្តបានលើកឡើងពីសក្តានុពល នៃព្រលានយន្តហោះអន្តរជាតិតារាសាគរដែលមិនទាន់សាងសង់រួចរាល់នៅឡើយនោះថាវានឹងចូលរួមបម្រើឧស្សាហកម្មទេសចរណ៍របស់ខេត្តកោះកុង បើទោះបីជាអ្នកអភិវឌ្ឍន៍ ព្រលានយន្តហោះដែលជាជនជាតិចិនបានជាប់គាំងក្នុងភាពចម្រូងចម្រាសក៏ដោយក្ដី។

បន្ទាប់មក នៅថ្ងៃទី៦ ខែកុម្ភៈ លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុងម្នាក់ទៀត បានដឹកនាំគណៈប្រតិភូពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅកាន់កោះមួយចំនួនដែលអាជ្ញាបណ្ណវិនិយោគ ត្រូវបានចេញរួចហើយ និងអំពាវនាវឱ្យអ្នកទទួលអាជ្ញាបណ្ណពន្លឿនគម្រោងរបស់ពួកគេ។

ត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ ឆ្នេរសិប្បនិម្មិតតរបស់កោះទទឹងត្រូវបានរួចរាល់ ដោយមានកម្មកររស់នៅលើកោះនេះនិងកាប់ឈើក្នុងព្រៃដែលជាព្រៃហាមឃាត់នោះ។ រូបថតដោយ ៖ Gerald Flynn/Mongabay
ត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ ឆ្នេរសិប្បនិម្មិតតរបស់កោះទទឹងត្រូវបានរួចរាល់ ដោយមានកម្មកររស់នៅលើកោះនេះនិងកាប់ឈើក្នុងព្រៃដែលជាព្រៃហាមឃាត់នោះ។ រូបថតដោយ ៖ Gerald Flynn/Mongabay

ឋានសួគ៌​បាន​បាត់បង់

កោះមួយក្នុងចំណោមកោះទាំងនេះដែលចុះក្នុងបញ្ជីដោយអាជ្ញាធរខេត្តគឺកោះទទឹង ដែលចំណាយពេលធ្វើដំណើរប្រមាណ៣០នាទីពីភាគខាងលិចនៃឆ្នេរសមុទ្រកោះកុងដោយទូកនេសាទ។ វា​ស្ថិត​នៅ​ក្នុង​ប្រជុំ​​កោះ​ស្តេច ជា​កោះ​ដែល​សម្បូរ​ទៅ​ដោយ​ជីវចម្រុះ ហើយ​រហូត​មក​ដល់សព្វថ្ងៃនេះ ​ភាគច្រើន​នៅ​មិន​ទាន់​មាន​ការ​អភិវឌ្ឍទេ។

កោះទំហំ៨០ ហិកតា ពីមុនជាទីតាំងរបស់ Nomad’s Land ដែលជារីសតបែបអេកូទេសចរណ៍ដ៏ជោគជ័យមួយ ហើយជាសណ្ឋាគារតែមួយគត់របស់កោះនេះតាំងពីឆ្នាំ២០០៨ ។

ក្រុមអ្នកគ្រប់គ្រងពីមុនរបស់រីសត Nomad’s Land បានបដិសេធមិននិយាយជាមួយអ្នកសារព័ត៌មានម៉ុងហ្គាបៃ(Mongabay) អំពីជោគវាសនារបស់កោះនេះឡើយ យ៉ាងណាមិញមានការបោះត្រានៅថ្ងៃទី ១៨​ ខែមីនាឆ្នាំ២០២២ របស់អភិបាលខេត្ត អ្នកស្រី មិថុនា ភូថង លុបចោលបណ្ណកម្មសិទ្ធិដីធ្លីទាំងអស់នៅលើកោះទទឹង។

ចំណាត់ការនេះបានធ្វើឡើងមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីអភិបាលខេត្តបានផ្តល់សិទ្ធិអភិវឌ្ឍន៍លើកោះនេះទៅ ឲ្យក្រុមហ៊ុនមួយឈ្មោះថា ដែននគរ ដែលរំពឹងថានឹងសាងសង់រីសតអេកូទេសចរណ៍ថ្មីបន្ទាប់ពីរុះរើ រីសតNomad’s Land នេះ។

ក្រុមហ៊ុន ដែននគរ ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ មានទីតាំងនៅអគារក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដោយមានលោក ហួ កុលវ័ន្ត ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន និង លោក ជូ សុខលីន ជានាយកបច្ចេកទេស។ អ្នកទាំងពីរជាមិត្តនឹងគ្នាតាំងពីកុមារភាព ដោយបានចូលរៀននៅវិទ្យាល័យដូចគ្នា ហើយអ្នកទាំងពីរបានចងសម្ព័ន្ធភាពយ៉ាងរឹងមាំជាមួយរដ្ឋាភិបាលកម្ពុជាក្នុងអាជីពរបស់ពួកគេទាំងពីរនាក់។

លោ កុលវ័ន្ត បានធ្វើការក្នុងរដ្ឋាភិបាលតាំងពីឆ្នាំ ២០០១ មកម្ល៉េះ ហើយបានមកធ្វើការជាមួយក្រសួងរៀបចំដែនដី ចាប់តាំងពីឆ្នាំ២០១៦ ដែលលោកមានដំណែងជាប្រធាននាយកដ្ឋានដីសម្បទានសង្គមកិច្ច។ ចំណែក លោក សុខលីន ដឹកនាំក្រុមហ៊ុនវិស្វកម្ម និងសំណង់ជាច្រើន ហើយក៏បានធ្វើការឲ្យក្រុមហ៊ុន អ័រគីដេ វីឡា ដែលជាគម្រោងលំនៅដ្ឋានដ៏ប្រណិតមួយ ដែលជាប់ពាក់ព័ន្ធក្នុងភាពចម្រូងចម្រាសជុំវិញការចាក់បំពេញបឹងនិងដីសើមក្នុងរាជធានីភ្នំពេញ។ អ្នក​ទាំង​ពីរ​បាន​បដិសេធ​មិន​បកស្រាយលើ​គម្រោង​របស់​ក្រុមហ៊ុន ដែននគរ​ សម្រាប់​កោះ​ទទឹងឡើយ។

ប៉ុន្តែខណៈពេលដែលក្រុមហ៊ុនអភិវឌ្ឍន៍កោះទទឹងនៅស្ងប់ស្ងាត់ ផលប៉ះពាល់នៃគម្រោងនេះអាចមើលឃើញយ៉ាងច្បាស់ពីរូបភាពផ្កាយរណប ដែលបង្ហាញឲ្យឃើញនូវរូបភាពស្រងូតស្រងាត់សម្រាប់កោះមួយនេះក៏ដូចជាប្រព័ន្ធអេកូឡូស៊ីដែលកោះនេះជួយទំនុកបម្រុង។​

ការ​ខូច​ខាត​ដែល​បាន​កើត​ឡើង​លើ​កោះ​ទទឹង​ចន្លោះ​ខែ​មេសា​ដល់​ខែ​ធ្នូ​ឆ្នាំ​នេះ​អាច​មើល​ឃើញ​ក្នុង​រូបភាពពី​ផ្កាយ​រណប។ ប្រភព៖ Planet Labs Inc. រូបភាពដោយ Gerald Flynn/Mongabay

តាមរបាយការណ៍ឆ្នាំ២០២០របស់អង្គការ​សត្វព្រៃ​និង​រុក្ខជាតិ​អន្តរជាតិ (Fauna & Flora International -Cambodia -FFI)បានពណ៌នាអំពីប្រជុំកោះស្តេចថា«ជាជម្រកសមុទ្រដ៏ធំទូលាយ ជាកោះដែលគ្របដណ្តប់ដោយព្រៃទឹកភ្លៀង និងព័ទ្ធជុំវិញដោយថ្មប៉ប្រះទឹក ផ្កាថ្មចម្រុះ វាលស្មៅសមុទ្រដែលជាលំនៅសម្រាប់ប្រភេទសត្វសេះសមុទ្រដែលរងការគំរាមកំហែង និង វត្តមានមួយចំនួននៃអេប៉ុងឬពពុះទឹកដ៏កម្រមិនគួរឲ្យជឿថានៅមាន»។

ក្រៅពីជម្រករបស់សត្វសេះសមុទ្រប្រភេទ Hippocampus kuda និង Hippocampus trimaculatus ដែលជាប្រភេទសត្វដែលត្រូវបានការពារក្រោមច្បាប់កម្ពុជា កោះទទឹងក៏ជា«ទីតាំងដ៏សំខាន់ខ្លាំងមួយដែរ»។ តាម ​​FFI ការវាយតម្លៃរបស់ពួកគេបង្ហាញថាកោះនេះជាវាលស្មៅសមុទ្រធំជាងគេនៅក្នុងប្រជុំកោះ។

ការសិក្សាដែលធ្វើឡើងដោយ FFI បង្ហាញថានៅក្នុងប្រជុំកោះ ថ្មប៉ប្រះទឹកផ្កាថ្មមាននៅកោះភាគច្រើន រួមមាន កោះទទឹង កោះស្មាច់ កោះអំពិល និងកោះស្តេច។ ការសិក្សាកាលពីខែមករា ឆ្នាំ២០២០ បានរកឃើញថាផ្នែកភាគខាងជើងនៃប្រជុំកោះមានគម្របផ្កាថ្មរឹង និងខ្ពស់បំផុតតាមដែលគេធ្លាប់បានឃើញពីមុនមកនៅគ្រប់ទីកន្លែងផ្សេងទៀតក្នុងប្រទេសកម្ពុជា។

រូបភាពពីផ្កាយរណបនាពេលថ្មីៗនេះរបស់កោះទឹងនិងតំបន់ដែលត្រូវបានចាក់បំពេញដី ឲ្យឃើញពីគម្របវាលស្មៅសមុទ្រក្នុងឆ្នាំ២០១៩  និងថ្មប៉ប្រះទឹកផ្កាថ្ម។ ប្រភពទិន្នន័យ៖ ស្មៅសមុទ្រ និងផ្កាថ្មគ្របដណ្ដប់តាមភូមិសាស្ត្រ ដកស្រង់ចេញពីរបាយការណ៍ស្ថានភាពជីវរូបប្រជុំកោះស្តេចកម្ពុជាឆ្នាំ ២០២០ របស់អង្គការ​សត្វព្រៃ​និង​រុក្ខជាតិ អន្តរជាតិ(https://www.researchgate.net/publication/363397281_Koh_Sdach_Biophysical_Report)។ រូបភាពផ្កាយរណបបានមកពី Planet Labs Inc. ផែនទីដោយ Andy Ball/Mongabay
រូបភាពពីផ្កាយរណបនាពេលថ្មីៗនេះរបស់កោះទឹងនិងតំបន់ដែលត្រូវបានចាក់បំពេញដី ឲ្យឃើញពីគម្របវាលស្មៅសមុទ្រក្នុងឆ្នាំ២០១៩  និងថ្មប៉ប្រះទឹកផ្កាថ្ម។ ប្រភពទិន្នន័យ៖ ស្មៅសមុទ្រ និងផ្កាថ្មគ្របដណ្ដប់តាមភូមិសាស្ត្រ ដកស្រង់ចេញពីរបាយការណ៍ស្ថានភាពជីវរូបប្រជុំកោះស្តេចកម្ពុជាឆ្នាំ ២០២០ របស់អង្គការ​សត្វព្រៃ​និង​រុក្ខជាតិ អន្តរជាតិ(https://www.researchgate.net/publication/363397281_Koh_Sdach_Biophysical_Report)។ រូបភាពផ្កាយរណបបានមកពី Planet Labs Inc. ផែនទីដោយ Andy Ball/Mongabay

លោក Jess Kalisiak សហការីនិពន្ធការសិក្សាថ្មីមួយពីសេះសមុទ្រនៅប្រជុំកោះស្តេច បាននិយាយថាកោះទទឹងមានសារៈសំខាន់យ៉ាងពិសេសសម្រាប់ជីវិតសត្វសមុទ្រ ដោយសារវាជាកោះតែមួយគត់នៅក្នុងប្រជុំកោះស្តេចដែលជាជម្រកនៃវាលស្មៅសមុទ្រក្រាស់ល្មម ដែលមិនមានការរំខានដល់សត្វសេះសមុទ្រ ក្នុងការលូតលាស់វា ព្រោះមិនបានប៉ះពាល់ដោយកត្តារដូវនោះឡើយ»។

លោក Kalisiak បាននិយាយថា ៖ «វាត្រូវបានគេគិតថាវាលស្មៅនេះគឺជាកន្លែងតែមួយគត់នៅក្នុងប្រជុំកោះដែលផ្ទុកស្មៅសមុទ្រជាច្រើនប្រភេទ ជាពិសេស Cymodocea serrulata ដែលមានប្រវែងវែងជាងគេ ដែលមិនត្រូវបានរកឃើញនៅកន្លែងណាផ្សេងទៀតក្រៅពីតំបន់នេះ»។  លោក Kalisiak បានបន្តថា ការអភិវឌ្ឍដែលមិនមានការគ្រប់គ្រងអាចបំផ្លិចបំផ្លាញ ប្រព័ន្ធអេកូឡូស៊ីសមុទ្ររួមផ្សំជាមួយនឹងទឹកកខ្វក់ និងដីល្បាប់ដែលធ្វើទុកបុកម្នេញដល់ស្មៅសមុទ្រ។

ក្នុងចំនួនដ៏ច្រើន ស្មៅសមុទ្រត្រូវបានគេជឿថាអាចចាប់យកកាបូនបាន រហូតដល់៣៥ដងលើសព្រៃឈើ ហើយត្រូវបានគេទទួលស្គាល់ថាជាឧបករណ៍ «កាបូនពណ៌ខៀវ»ដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិទ្ធភាពរបស់វាជាកាបូនពណ៌ខៀវប្រែប្រួលអាស្រ័យទៅលើគុណភាពនៃបរិស្ថានដែល វារស់នៅ ហើយមានមនុស្សមួយចំនួនតូច រួមទាំងអ្នកនៅដែននគរ ហាក់ដូចជាទទួលស្គាល់ពីសារៈសំខាន់នៃស្មៅសមុទ្រសម្រាប់បរិស្ថាន។

នៅចន្លោះខែមិថុនា ដល់ខែកញ្ញា ឆ្នាំ២០២២ ក្រុមហ៊ុនដែននគរ បានបង្កើតឆ្នេរសិប្បនិម្មិតតមួយ ដែលមានការប៉ះពាល់ដល់ពពួកផ្កាថ្មដោយការចាក់ខ្សាច់ ក្នុងបរិមាណមិនច្បាស់លាស់មួយ ដែលបណ្ដាល ឲ្យកាត់ផ្តាច់ទំនាក់ទំនងរវាងផ្កាថ្ម និងស្មៅសមុទ្រ។

តំបន់គ្រប់គ្រងជលផលសមុទ្រស្ថិតក្នុងគ្រោះថ្នាក់

លោក Kalisiak បាននិយាយថា ៖ « ការតាមដានការស្រាវជ្រាវពី [ប្រជុំកោះស្តេច] បានបង្ហាញពីប្រភេទសត្វកម្រ និងងាយរងគ្រោះ ដែលមានសារៈសំខាន់ជាសកល។ វារស់នៅលើផ្ទៃសមុទ្រក្នុងប្រជុំកោះ ក៏ដូចជាតំបន់ដែលមានជីវចម្រុះខ្ពស់ ដែលធានាពីការការពារកម្រិតខ្ពស់បំផុត»។

យ៉ាងហោចណាស់សត្វសេះសមុទ្រ Hippocampus ដ៏កម្រចំនួនបួនប្រភេទ ត្រូវបានរកឃើញនៅក្នុងសមុទ្រនៅទីនេះ រួមជាមួយនឹងអេប៉ុងឬពពុះទឹក Neptune (Cliona patera)ប្រភេទពែង ដែលត្រូវបានគេគិតថាបានផុតពូជ អស់រយៈពេលជាងមួយសតវត្សមកហើយ។ ឆ្នេរដែលលាតសន្ធឹង រួមនឹងប្រជុំកោះស្តេច ត្រូវបានគេស្គាល់ថាជាជម្រកនៃប្រភេទថនិកសត្វសមុទ្រ រួមមានសត្វផ្សោតទន្លេមេគង្គ ដែលជិតផុតពូជជាសកល (Orcaella brevirostris) ។

លោក Kalisiak បាននិយាយថា ៖ «ការស្នើរឡើងក្នុងការលុបចោលនៅតំបន់គ្រប់គ្រងជលផលសមុទ្រ( MFMA) អាចបណ្តាលឲ្យបាត់បង់ប្រភេទសត្វ និងការថយចុះមុខងារនៃប្រព័ន្ធអេកូឡូស៊ី ដែលមានផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចក្នុងតំបន់ និងសុខុមាលភាពរបស់ប្រជាជន»។

លោក អ៊ុក វិបុល ជាប្រធាននាយកដ្ឋានអភិរក្សនៃនាយកដ្ឋានរដ្ឋបាលជលផល បានបញ្ជាក់ថា លោកគឺជាមន្ត្រីទទួលបន្ទុកអនុវត្តតំបន់គ្រប់គ្រងជលផលសមុទ្រ ប៉ុន្តែលោកបដិសេធមិនបកស្រាយអំពីការអភិវឌ្ឍដែលកើតមាននៅលើកោះទទឹង ឬ ប្រជុំកោះស្តេចនោះទេ។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មដែលទើបតែងតាំងថ្មី ដែលគ្រប់គ្រងរដ្ឋបាលជលផលបានប្រកាសនៅលើTwitter របស់លោកថាការអភិរក្សតំបន់សមុទ្រ «នឹងក្លាយជាអាទិភាពចម្បងមួយក្នុងចំណោមអាទិភាពផ្សេងទៀតរបស់ខ្ញុំផងដែរ» ។ ប៉ុន្តែ​នៅ​ពេល​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ លោក ទីណា បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​អំពី​ប្រជុំ​កោះ​ស្តេច និង​ជោគវាសនា​របស់តំបន់គ្រប់គ្រងជលផលសមុទ្រទេ។

លោក ទីណា បាន​បង្វែរឲ្យអ្នកសារព័ត៌មាន​សួរ​ទៅ​អ្នក​នាំពាក្យ​ក្រសួងកសិកម្ម គឺ​កញ្ញា អ៊ឹម រចនា ដែលអ្នកនាំពាក្យរូបនេះ​មិន​មានការឆ្លើយ​តបវិញនោះទេ។

អេស្កាវ៉ាទ័រដែលត្រូវបានគេឃើញនៅលើកោះទទឹងនៅខែវិច្ឆិកាកំពុងជីករំលើងព្រៃដើម្បីបើកផ្លូវសម្រាប់សាងសង់«រីសតបែបអេកូទេសចរណ៍»។​ រូបថត ៖ Gerald Flynn/Mongabay
អេស្កាវ៉ាទ័រដែលត្រូវបានគេឃើញនៅលើកោះទទឹងនៅខែវិច្ឆិកាកំពុងជីករំលើងព្រៃដើម្បីបើកផ្លូវសម្រាប់សាងសង់ «រីសតបែបអេកូទេសចរណ៍»។​ រូបថត ៖ Gerald Flynn/Mongabay

សម្រស់របស់កោះបានបាត់បង់

ព្រៃដ៏ច្រើនសន្ធឹកសន្ធាប់របស់កោះទទឹង កំពុងត្រូវបានកាប់បំផ្លាញយ៉ាងឆាប់រហ័ស ដោយកម្មករនៅលើកោះបាននិយាយថា ពួកគេគ្រាន់តែដឹងថាគម្រោងនេះនឹងប្រែក្លាយតំបន់នេះជារីសត ហើយពួកគេត្រូវបានគ្រប់គ្រងដោយផ្ទាល់ពីកងយោធពលខេមរភូមិន្ទ។ គ្មាន​នរណាម្នាក់​ដឹង​ពី​មូលហេតុ​ដែល​កងយោធពល​ខេមរភូមិន្ទ​មាន​វត្តមាន​នៅលើ​កោះ ឬ​មាន​ទាហាន​ប៉ុន្មាន​នាក់​ឈរជើង​នៅ​ទីនោះឡើយ​។

ជាប្រវត្តិសាស្ត្រ អ្នកជំនួញធំៗរបស់កម្ពុជា ដែលគេស្គាល់ថាជាឧកញ៉ា អាចជួលអង្គភាពកងយោធពលខេមរភូមិន្ទ ឬសូម្បីតែកងវរសេនាតូចដើម្បីការពារទីតាំងដែលគេវិនិយោគ។ ទោះបីជាការធ្វើបែបនេះត្រូវបានគេគិតថាជាទង្វើខុសច្បាប់ក៏ដោយ ក៏ទំនាក់ទំនងជាច្រើនរវាងឧកញ៉ានិងកងយោធពលខេមរភូមិន្ទនៅតែមានហើយស្ថិតក្នុងភាពមិនផ្លូវការ។

ដូច្នេះ វត្តមានរបស់កងយោធពលខេមរភូមិន្ទនៅលើកោះនេះ ចោទជាសំណួរអំពីម្ចាស់ពិតប្រាកដនៃគម្រោងអភិវឌ្ឍន៍ដែលធ្វើឡើងនៅលើកោះទទឹងនេះ។

រថយន្តដែលមានស្លាកលេខកងយោធពលខេមរភូមិន្ទត្រូវបានគេឃើញនៅលើកោះទទឹងក្នុងខែវិច្ឆិកាឆ្នាំ ២០២២ យ៉ាងណាមិញកម្មករដែលរស់នៅលើកោះនេះ មិនអាចនិយាយបានទេថាហេតុអ្វីបានជាពួកគេត្រូវបានគ្រប់គ្រងដោយទាហាននោះ។ រូបថតដោយ ៖ Gerald Flynn
រថយន្តដែលមានស្លាកលេខកងយោធពលខេមរភូមិន្ទត្រូវបានគេឃើញនៅលើកោះទទឹងក្នុងខែវិច្ឆិកាឆ្នាំ ២០២២ យ៉ាងណាមិញកម្មករដែលរស់នៅលើកោះនេះ មិនអាចនិយាយបានទេថាហេតុអ្វីបានជាពួកគេត្រូវបានគ្រប់គ្រងដោយទាហាននោះ។ រូបថតដោយ ៖ Gerald Flynn

ប៉ុន្តែខណៈពេលដែលអ្នកទទួលផលពិតប្រាកដនៅទីនោះនៅតែបិទបាំង កោះជិតខាងឈ្មោះថាកោះស្មាច់ ជាកោះធំជាងគេក្នុងប្រជុំកោះធ្លាប់ស្ថិតក្នុងការជួលរយៈពេល៥០ ឆ្នាំដោយក្រុមហ៊ុនមួយ តែដល់ពេលថ្មីៗនេះគឺគ្រប់គ្រង ដោយឬទ្ធី សំណាងដែលបានវិនិយោគចំនួន៦២លានដុល្លារនៅកោះស្មាច់។

លោក សំណាង បានទទួលមរណភាពក្នុងវ័យ ៤១ ឆ្នាំ កាលពីខែឧសភា ឆ្នាំ ២០២២ ហើយភរិយារបស់លោកឈ្មោះ ភូ ឈា​លីន គ្រប់គ្រងបន្ត។ អ្នកស្រី ឈា​លីន ជាកូនស្រីរបស់លោក កុក អាន សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច ដែលធ្លាប់មានងារថាជាបុរសមានបំផុតនៅក្នុងប្រទេស។

មរណភាព​របស់ លោក ​សំណាង ​មិន​បាន​បញ្ឈប់​ការងារ​​គម្រោង​ដែល​គេ​ស្គាល់​ថា​ជា​គម្រោង​អភិវឌ្ឍន៍​រីសត ​កោះ​ស្មាច់ នោះទេ។ ព្រៃឈើដែលធ្លាប់តែគ្របដណ្តប់លើកោះស្មាច់ភាគច្រើនរហូតដល់ចុងឆ្នាំ២០១៩ ត្រូវចន្លោះប្រហោងដោយមានផ្លូវនិងហេដ្ឋារចនាសម្ព័ន្ធ ប្រពន្ឋ័ផ្គត់ផ្គង់ទឹកជំនួសគម្របបៃតងទាំងនោះវិញ។ លើសពីនេះឈូងសមុទ្រសិប្បនិម្មិតដ៏ធំមួយក៏កំពុងសាងសង់ផងដែរ។ ​គំនរ​ខ្សាច់​សមុទ្រ​ធំៗ​ដែល​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​សាងសង់​ឈូង​សមុទ្រនោះត្រូវបានបក់បោក ដោយខ្យល់​សមុទ្រ​ពេញ​កោះ​។

ឆ្នេរសមុទ្រសិប្បនិម្មិតមួយកំពុងត្រូវបានបង្កើតឡើងនៅលើច្រាំងនៃកោះស្មាច់។ រូបថត ៖ Gerald Flynn/Mongabay
ឆ្នេរសមុទ្រសិប្បនិម្មិតមួយកំពុងត្រូវបានបង្កើតឡើងនៅលើច្រាំងនៃកោះស្មាច់។ រូបថត ៖ Gerald Flynn/Mongabay

ក្រុមហ៊ុនអភិវឌ្ឍន៍រីសត កោះស្មាច់ មានអាសយដ្ឋានរួមនឹងអាគារ Pipay Tower ជាមួយនឹងអាជីវកម្មយ៉ាងតិចប្រាំផ្សេងទៀតរបស់លោក កុក អាន ដែលក្នុងនោះរួមទាំងក្រុមហ៊ុន ANCO Brothers គ្រុប ANCO Water Supply និងធនាគារឯកទេស ANCO ។ សម្រាប់ប្រព័ន្ធ​ទឹក​របស់​លោក​គឺកំពុងមាន​ដំណើរការ​រួច​ហើយ​នៅ​ក្នុងស្រុក​គិរីសាគរ ដែល​រួម​មាន​ឃុំ​កោះស្តេច ដែលជាទីតាំង​របស់​កោះ​ស្មាច់។

អ្នកទទួលភ្ញៀវនៅ Pipay Tower បានផ្តល់ព័ត៌មានលម្អិតសម្រាប់ទាក់ទងទៅបុគ្គលិក នៃក្រុមហ៊ុនអភិវឌ្ឍន៍ រីសត កោះស្មាច់ ប៉ុន្តែ​ពេល​ទាក់ទង​ទៅ​បុគ្គលិក​គ្រាន់តែ​បញ្ជាក់​ថា​គម្រោងនៅតែ​ដំណើរការ​ទៅ​មុខ​ទោះ​គ្មានវត្តមាន​របស់លោកសំណាង​ក៏ដោយ។

នាយក​ដែល​នៅ​មាន​តែ​ម្នាក់​គត់នោះ គឺ​លោក Su Zhongjian ហើយលោកក៏មានជាប់​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​កោះពស់ ដែល​ជា​កោះ​មួយ​នៅ​ភាគ​អាគ្នេយ៍ តែមិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ។

គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​មួយ​ទៀត ដែល​អ្នក​រស់នៅ​ប្រជុំកោះ​និយាយ​ថា មាន​ទំនាក់ទំនង​ជាមួសមាជិក​ព្រឹទ្ធសភា កុក អាន ដែលបាន​ប្រែក្លាយ​ទេសភាព​កោះ​ស្មាច់ដែល​ធ្លាប់តែ​មាន​ព្រៃ​ឈើជុំជិត។ រូបថត ៖ Gerald Flynn/Mongabay
គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​មួយ​ទៀត ដែល​អ្នក​រស់នៅ​ប្រជុំកោះ​និយាយ​ថា មាន​ទំនាក់ទំនង​ជាមួសមាជិក​ព្រឹទ្ធសភា កុក អាន ដែលបាន​ប្រែក្លាយ​ទេសភាព​កោះ​ស្មាច់ដែល​ធ្លាប់តែ​មាន​ព្រៃ​ឈើជុំជិត។ រូបថត ៖ Gerald Flynn/Mongabay

គ្រួសារមួយដែលបានរស់នៅលើកោះនេះអស់រយៈពេលជាង២០ ឆ្នាំ បាននិយាយថា ពួកគេត្រូវបាននាំមកលើកោះនេះ «ដោយឧកញ៉ាដ៏មានអំណាចម្នាក់» ហើយពួកគេកំពុងរស់នៅទីនោះក្នុងឋានៈជា «អ្នកយាមដី»—  ជាវិធីទូទៅមួយដែលអ្នកមានស្តុកស្តម្ភរបស់កម្ពុជាប្រើដើម្បីការពារទ្រព្យរបស់ខ្លួនពីជនរំលោភដីធ្លី។

សមាជិក​ម្នាក់​ក្នុង​គ្រួសារ​និយាយ​ថា ​៖ «​គេ​មិន​បើក​ប្រាក់​ខែ​ឲ្យខ្ញុំ​ទេ ប៉ុន្តែ​គេឲ្យ​ខ្ញុំ​រើសស្វាយចន្ទី បេះស្វាយនិងផ្លែ ដូង ហើយ​លើស​ពី​នេះ ខ្ញុំ​ក៏អាច​ទៅ​នេសាទ​បានដែរ។ ពួកយើង​បារម្ភពួកយើងគ្មាន​ដីហើយ​មិន​ដឹង​ថា​​នឹង​ទៅឯ​ណា​នៅ​ពេល​ដែល​ការ​អភិវឌ្ឍនោះ​ត្រូវ​បាន​រួចរាល់»។

ពួកគេបានបន្ថែមថា ៖ «ប្រសិនបើពួកយើងមានដីក្រៅពីលើកោះនោះ យើងនឹងចាកចេញ» ដោយពួកគេកត់សម្គាល់ថាកោះនេះនឹងក្លាយទៅជាកន្លែងមួយផ្សេងទៀតសម្រាប់អ្នកមាននៅពេលដែលគម្រោងនេះត្រូវបានបញ្ចប់។ ប្រភពដដែល​បាន​បន្ត​ថា​៖ «​ការ​អភិវឌ្ឍ​បាន​ចាប់​ផ្តើម​កាល​ពី​ពីរ​ឆ្នាំ​មុន ព្រៃ​ត្រូវ​បាន​កាប់​ឆ្កាហើយ​គេ​សង់​ផ្ទះ​ ឥឡូវ​នេះគ្មាន​ឈើ​ធំ​ទេ​! សម្រស់របស់​កោះ​បាន​បាត់​បង់ទៅ​ហើយ»។

រូបភាពពីផ្កាយរណបបង្ហាញពីកោះស្មាច់ដែលស្ទើរតែមិនមានការប៉ះពាល់រហូតដល់ចុងឆ្នាំ២០១៩។ បន្ទាប់ពីការអភិវឌ្ឍបានផ្ទុះឡើងនៅលើកោះនេះ ដោយធ្វើឲ្យព្រៃឈើត្រូវបានឈូសឆាយ និងគម្រោងចាក់ដីកំពុងដំណើរការក្នុងល្បឿនដ៏លឿនមួយ។ ប្រភព៖ Planet Labs Inc. រូបភាពដោយ៖ Gerald Flynn/Mongabay

ស្រដៀង​គ្នា​នេះ​ដែរ កោះ​អំពិល ដែល​ជា​កោះ​មួយ​ទៀត​ក្នុង​ប្រជុំ​កោះ​ស្តេច ហាក់​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​របស់លោក ឡាយ ព្រហស្ថ អតីត​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ដោយលោកបានដឹកនាំក្រសួងនេះពីឆ្នាំ២០០៤ដល់ឆ្នាំ២០០៧។ រដ្ឋមន្រ្តីរួបនេះមានកូតាមកពីគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច។ លោក ព្រហស្ថ ត្រូវបានដកចេញពីតំណែងដោយមិនដឹងខ្លួន ហើយជំនួសដោយ លោក ថោង ខុន ដែលនៅតែជារដ្ឋមន្ត្រីក្រសួងទេសចរណ៍របស់កម្ពុជារហូតមកដល់សព្វថ្ងៃនេះ។

បើទោះជាគាត់ធ្លាក់ពីដំណែងនយោបាយក៏ដោយ ក៏លោក ព្រហស្ថ នៅតែទទួលបានកិច្ចសន្យាជួលរយៈពេល ៩៩ ឆ្នាំនៅក្នុងឆ្នាំ២០០៨ លើកោះអំពិលដែលគ្មានមនុស្សរស់នៅ ទោះយ៉ាងណាក្តីការអភិវឌ្ឍហាក់ដូចជាជាប់គាំង។ បើទោះការអភិវឌ្ឍដ៏យឺតយ៉ាវរបស់គម្រោងនេះមិនបានរួចរាល់ក្តី ក៏មិនបានបញ្ឈប់ លោក ព្រហស្ថ ពីការស្នើតំបន់ផ្តាច់មុខជុំវិញកោះអំពិលនេះ ក្នុងគោលបំណងការពារអ្នកផ្សេងទៀតពីការចូលទៅក្នុងដែនទឹកនៅក្បែរនោះ។

មន្ត្រី​មូលដ្ឋាន​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា​៖ «​ តំបន់​ផ្តាច់មុខ​១ គីឡូម៉ែត្រ​គឺ​ឆ្ងាយ​ពេក​ហើយ​»​។

ការស្នើសុំរបស់ លោក ព្រហស្ថ មិនឲ្យអ្នកណាម្នាក់ចូលមក ក្នុងចម្ងាយមួយគីឡូម៉ែត្រពីកោះរបស់គាត់ មិនត្រូវបានគេអើពើសោះ ខណៈមិនឃើញមានវត្តមានអតីតអ្នកនយោបាយរូបនេះនោះទេ។ ប៉ុន្តែ​មន្ត្រី​មូលដ្ឋាន​បាន​និយាយ​ថា សំណើ​របស់​លោក​ ​ព្រហស្ថ នឹង​មិន​អាច​អនុវត្ត​បាន​ទេ ព្រោះ​ឆ្នេរ​កោះ​អំពិល​មាន​ចម្ងាយ​មិន​ដល់ ១ គីឡូម៉ែត្រ​ពី​កោះ​ស្តេចឡើយ។

ពួកគេ​បាន​និយាយ​ថា​៖ «​វា​មាន​ន័យ​ថា​មនុស្ស​គឺមិន​អាច​ចាកចេញ​ពី​កោះ​ស្តេច​បាន​ទេ​»​។

ការអភិវឌ្ឍទេសចរណ៍នៅកោះអំពិលបានជាប់គាំងយ៉ាងខ្លាំង ប៉ុន្តែអ្នកអភិវឌ្ឍគម្រោង - អតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ឡាយ ព្រហស្ថ  បានស្នើសុំមិនឲ្យមានទូកចូលមកក្នុងចម្ងាយ១ គីឡូម៉ែត្រពីកោះនោះទេ។ រូបថត ៖ Gerald Flynn/Mongabay
ការអភិវឌ្ឍទេសចរណ៍នៅកោះអំពិលបានជាប់គាំងយ៉ាងខ្លាំង ប៉ុន្តែអ្នកអភិវឌ្ឍគម្រោង – អតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ឡាយ ព្រហស្ថ បានស្នើសុំមិនឲ្យមានទូកចូលមកក្នុងចម្ងាយ១ គីឡូម៉ែត្រពីកោះនោះទេ។ រូបថត ៖ Gerald Flynn/Mongabay

ការប្រកួតប្រជែងជាក្តីបារម្ភសម្រាប់អនាគត

មន្ត្រីបាននិយាយដោយមោះមុតចំពោះការអភិវឌ្ឍតំបន់គ្រប់គ្រងជលផលសមុទ្រ គឺជាមធ្យោបាយមួយដើម្បីការពារស្តុកត្រី និងគាំទ្រដល់ការចិញ្ចឹមជីវិតរបស់អ្នកស្រុក យ៉ាងណាមិញពួកគេបានកត់សម្គាល់ថាអ្នកនេសាទដោយទូកតូចៗគឺពិបាកក្នុងការនេសាទ ឲ្យទៅដល់ដែនទឹកខាងក្រៅតំបន់គ្រប់គ្រងជលផលសមុទ្រដែលបានកំណត់ថាជាកន្លែងដែលពួកគេអាចនេសាទ បានដោយស្របច្បាប់ក៏ដោយក្ដី។

ត្រង់នេះ មន្ត្រីរូបនេះបានស្នើថា ទេសចរណ៍អាចជួយកាត់បន្ថយសេដ្ឋកិច្ចក្នុងតំបន់ពីការនេសាទ ប៉ុន្តែការពិគ្រោះយោបល់ជាសាធារណៈនៅតែបន្ត។

មន្ត្រីរូបនេះបានលើកឡើងថា ៖ «ខ្ញុំសង្ឃឹមថាកោះស្តេចអាចក្លាយជាគំរូសម្រាប់ការអភិវឌ្ឍកោះរបស់ប្រទេសកម្ពុជា ដោយសារសេដ្ឋកិច្ចក្នុងស្រុកអាចផ្លាស់ប្តូរពីការនេសាទ ទៅទាំងការនេសាទនិងទេសចរណ៍»។

ប៉ុន្តែនៅពេលត្រូវបានសួរថា តើការអភិវឌ្ឍកោះទទឹង កោះស្មាច់ និងកោះអំពិលនឹងប៉ះពាល់ដល់ការអនុវត្តតំបន់គ្រប់គ្រងជលផលសមុទ្រ យ៉ាងដូចម្តេចនោះមន្ត្រីរូបនេះបាននិយាយថាគឺមានការព្រួយបារម្ភជាច្រើន។

មន្ត្រី​រូប​នេះបន្តទៀត​ ថា​ ៖ «​សម្រាប់​កោះ​ទាំង​អស់​នេះ សំណួរ​គឺ​ថា​តើ​វា​មាន​ការ​អភិវឌ្ឍ​ដោយ​និរន្តរភាព​ឬ​អត់»។ លោកពន្យល់ថា៖ «អ្នកអភិវឌ្ឍគួរតែដឹងពីរបៀបប្រើប្រាស់ធនធានរបស់កោះ ប្រកបដោយនិរន្តរភាព និងជួយប្រជាជនក្នុងតំបន់រអភិវឌ្ឍន៍នូវជីវភាពរស់នៅរបស់ពួកគេ ប៉ុន្តែវាពិបាកក្នុងការប្រាប់ថាតើនោះជាអ្វីដែលកំពុងកើតឡើងឬយ៉ាងណា ពីព្រោះវាមានតម្លាភាពតិចតួចណាស់»។

បើតាមមន្ត្រីរូបនេះ ការវាយតម្លៃពីផលប៉ះពាល់បរិស្ថានបានធ្វើឡើង សម្រាប់ការអភិវឌ្ឍកោះស្មាច់ ប៉ុន្តែពួកគេមិនបានដឹងអំពីការសិក្សាណាមួយ ដែលត្រូវបានធ្វើឡើងមុនការអភិវឌ្ឍលើកោះទទឹង ឬកោះអំពិលនោះទេ។

ផែនទីនៃប្រជុំកោះស្តេច និងព្រំដែនតំបន់គ្រប់គ្រងជលផលសមុទ្រ (MFMA)ដែលបានស្នើឡើង។ ប្រភពទិន្នន័យ៖ ផែនទីព្រំដែន MFMA ដែលបានស្នើឡើងដោយ Marco J ក្នុងរបាយការណ៍សិក្សាឆ្នាំ២០២១ «នៅក្នុងបណ្តាញនៃបន្ទាត់ដែលប្រសព្វគ្នា៖ ផលប៉ះពាល់នៃការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមនៃការគ្រប់គ្រងនិងការអភិរក្សធនធានសមុទ្រនៅអាស៊ីអាគ្នេយ៍»។(https://www.sciencedirect.com/science/article/pii/S0305750X21001911.) ផែនទីដោយ Andy Ball / Mongabay
ផែនទីនៃប្រជុំកោះស្តេច និងព្រំដែនតំបន់គ្រប់គ្រងជលផលសមុទ្រ (MFMA)ដែលបានស្នើឡើង។ ប្រភពទិន្នន័យ៖ ផែនទីព្រំដែន MFMA ដែលបានស្នើឡើងដោយ Marco J ក្នុងរបាយការណ៍សិក្សាឆ្នាំ២០២១ «នៅក្នុងបណ្តាញនៃបន្ទាត់ដែលប្រសព្វគ្នា៖ ផលប៉ះពាល់នៃការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមនៃការគ្រប់គ្រងនិងការអភិរក្សធនធានសមុទ្រនៅអាស៊ីអាគ្នេយ៍»។(https://www.sciencedirect.com/science/article/pii/S0305750X21001911.) ផែនទីដោយ Andy Ball / Mongabay

មន្ត្រីរូបនេះបានបន្ថែមថា ការអភិវឌ្ឍរបស់កោះទទឹងបង្ហាញពីការគួរឲ្យព្រួយបារម្ភសម្រាប់សហគមន៍ និងសក្តានុពលរបស់តំបន់គ្រប់គ្រងជលផលសមុទ្រ។ ដោយលលោកបន្ថែមថា មន្ត្រីក្រសួងរៀបចំដែនដីគ្រាន់តែចុះមកហើយក៏ចាប់ផ្តើមបូមខ្សាច់ដាក់លើថ្មប៉ប្រះទឹកនិង បំផ្លិចបំផ្លាញព្រៃឈើ។

មន្ត្រី​រូប​នេះ​បាន​និយាយ​ថា៖ «វាមិន​មាន​ការ​ពិភាក្សា​ជា​សាធារណៈ​ទេ មាន​តែ​មន្ត្រី​មូលដ្ឋាន​មួយ​ចំនួន​ប៉ុណ្ណោះដែល​ត្រូវ​បាន​គេ​ប្រាប់ ហើយ​ព័ត៌មាន​នោះ​ត្រូវ​បានស្ងប់ស្ងាត់ទៅ​»។

មិនមែនគ្រប់គ្នានៅលើកោះស្តេចចូលរួមសាទរ​ចំពោះសំណើបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រ ឬការអភិវឌ្ឍន៍ទេសចរណ៍ដែលកំពុងវាយលុកប្រជុំកោះនោះទេ។ នៅក្នុងភូមិនេសាទនៃកោះនេះការអាក់អន់ចិត្តបានកើតឡើងលើអ្នកស្រុកនិយាយថាពួកគេមានការភ័យខ្លាចថាពួកគេនឹងទទួលអត្ថប្រយោជន៍តិចតួចពីការផ្លាស់ប្តូរនៅលើកោះរបស់ពួកគេ។

ស្ត្រី​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយថា ៖ «ខ្ញុំបានរស់នៅទីនេះជិត២០ ឆ្នាំហើយ ខ្ញុំនៅចាំបានថានៅពេលនោះមានគ្រួសារតែមួយចំនួនតូចប៉ុណ្ណោះដែលមានផ្ទះនៅលើកោះ ប៉ុន្តែពេលនេះយើងកំពុងឃើញការអភិវឌ្ឍន៍កាន់តែច្រើននៅលើកោះ ដែលមានប្រជាជនថ្នាក់ខ្ពស់ និងមធ្យមកាន់តែច្រើនកំពុងមកទីនេះ»។​

អ្នកអភិវឌ្ឍន៍ត្រូវបានអ្នកភូមិប្រាប់ថាបានដេញទូកនេសាទតូចៗចេញពីកោះដែលកំពុងអភិវឌ្ឍនោះ ដោយអ្នកនេសាទបានប្រាប់ពីការបាញ់ព្រមានពីកោះទទឹង ខណៈដែលអ្នកនេសាទបានចូលទៅជិតច្រាំងនៃកោះនោះ។ មនុស្សជាច្រើនពឹងផ្អែកលើផ្កាថ្ម និងជម្រកស្មៅសមុទ្ររបស់កោះសម្រាប់ការចាប់ខ្យង ដែលអាចលក់បានដល់ទៅ៨ ដុល្លារក្នុងមួយគីឡូក្រាម និងផ្តល់ប្រាក់ចំណូលបន្ថែមដល់ការនេសាទ។

ស្ត្រីរូបនេះបានប្រាប់ថា ៖ «ខ្ញុំអាចចាប់ខ្យងបានរហូតដល់៤០គីឡូក្រាម ជារៀងរាល់ថ្ងៃដែលចេញទៅកោះទាំងនោះ ប៉ុន្តែឥឡូវនេះការអភិវឌ្ឍន៍រារាំងយើងមិនឱ្យរកទៀតទេ» ។

ស្ត្រីដដែលនេះបន្តប្រាប់ថា ៖ « ពួកយើង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​នៅ​ក្បែរ​កោះ​ស្មាច់ ឬ​កោះ​អំពិល​ទេ។ ពួកយើងក៏មិនត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងតំបន់ ដែលយើងអាចប្រមូលខ្យងបានឡើយ។ យើង​អាច​ទៅ​បាន បើ​គេ​មិន​ឃើញ​យើង ប៉ុន្តែ​បើ​គេ​រក​យើង​ឃើញ គេ​នឹង​ដេញ​យើង​ចេញ»។

អ្នកស្រី​បាន​បន្ត​ថា ការ​រីក​ចម្រើន​វិស័យ​ទេសចរណ៍​មិន​បាន​ឈាន​ដល់​ចំណុច​ដែល​អ្នក​នេសាទ​អាច​បោះបង់​ការប្រកបរបររបស់​ខ្លួន​នោះ​ទេ។ ដូច្នេះ តំបន់គ្រប់គ្រងជលផលសមុទ្រដែលបានស្នើឡើង បូករួមជាមួយនឹងការអភិវឌ្ឍន៍ដ៏គំហុកនៃកោះជិតខាង កំពុងធ្វើឲ្យមនុស្សជាច្រើនស្ថិតក្នុងភាពច្របូកច្របល់។​

អ្នក​ស្រី​បាន​និយាយ​ថា​៖ «វា​ពិបាក​សម្រាប់​យើង ប៉ុន្តែ​សម្រាប់​អ្នក​មាន ពួកគេ​រស់​នៅ​ទី​នេះ​ដោយសប្បាយរីករាយ ខណៈ​ដែលអ្នកក្រនៅលើ​កោះ​នេះ​ជួប​នឹង​ការលំបាក។ ភ្ញៀវ​ទេសចរ​ដែល​មក​មិន​បាន​មក​ទិញ​ពី​តូបខ្ញុំ​ទេ គេ​ទិញ​តែ​ពី​ហាង​ថ្លៃៗនៅ​ទី​នេះ ដូច្នេះ​អតិថិជន​ទាំង​អស់​គឺ​ជា​អ្នក​ជិត​ខាង​របស់​ខ្ញុំ តែពួក​គេ​ក៏ស្ថិត​ក្នុង​ស្ថានភាព​ដូច​ខ្ញុំដែរ»។

អ្នកផ្សេងទៀតនៅក្នុងភូមិនេសាទមិនសូវមានទុទិដ្ឋិនិយមឬ មើលឃើញពីចំណុចវិជ្ជមាននៃរឿងនេះទេ។

អ្នក​ស្រុក​មាន​អារម្មណ៍​លាយឡំ​គ្នា​អំពី​ការ​ផ្លាស់​ប្តូរ​ដែល​រីក​រាល​ដាល​នៅ​លើ​ប្រជុំ​​កោះ​ស្ដេច និង​អនាគត​របស់​កោះ​ទាំង​នោះ។ រូបថត ៖ Gerald Flynn/Mongabay
អ្នក​ស្រុក​មាន​អារម្មណ៍​លាយឡំ​គ្នា​អំពី​ការ​ផ្លាស់​ប្តូរ​ដែល​រីក​រាល​ដាល​នៅ​លើ​ប្រជុំ​​កោះ​ស្ដេច និង​អនាគត​របស់​កោះ​ទាំង​នោះ។ រូបថត ៖ Gerald Flynn/Mongabay

អ្នកនេសាទម្នាក់ដែលរស់នៅលើកោះស្តេចអស់រយៈពេល១៥ ឆ្នាំបាននិយាយថា ៖ «តំបន់គ្រប់គ្រងជលផលសមុទ្រ ជាការឆ្លើយតបទៅនឹងទម្រង់នៃអំពើពុករលួយដែលធ្វើឲ្យយើងខាតបង់ធនធានរបស់យើងយ៉ាងច្រើន។ នៅតំបន់ហាមឃាត់ ទូកធំៗអាចចូលបាន ហើយប្រើអួនធំៗ ដែលអាចប្រមូលអ្វីៗទាំងអស់នៅក្នុងទឹក ទាំងសត្វសមុទ្រតូចនិងធំ ដែលវាបានគំរាមកំហែងដល់ការចិញ្ចឹមជីវិតរបស់អ្នកនេសាទតូចៗ។ ពួក​គេ​មិន​អាច​រស់​បាន​ទេ»។​

ការកើនឡើងយ៉ាងឆាប់រហ័សនៃគម្រោងទេសចរណ៍នៅទូទាំងប្រជុំកោះបានឲ្យឃើញពីការបង្កើនឱកាសការងារនៅលើទឹក។ អ្នកនេសាទកោះស្តេចម្នាក់បានបើកភោជនីយដ្ឋានមួយដើម្បីតៀមខ្លួននិងក្តីសង្ឃឹមគាត់ថានឹងមានសេដ្ឋកិច្ចទេសចរណ៍កាន់តែរស់រវើកនៅក្រោយការផុតរលុតទៅនៃជំងឺរាតត្បាតសកល។ ទោះយ៉ាងណាក៏ដោយ លោកនៅតែសង្ស័យចំពោះសក្តានុពលនៃការផ្លាស់ប្តូរដោយគម្រោងអភិវឌ្ឍន៍នៅលើកោះជិតខាងពិតជាថាអាចនឹងនាំអ្វីមកឲ្យអ្នកស្រុកបាន ។

លោក​បន្ត​ថា​ ៖ «​អ្នក​រស់​នៅ​ទី​នេះ​នឹង​ទទួល​បានតែការងារដូចជា​សន្តិសុខ អ្នក​បោស​សម្អាត ឬ​អ្នក​រត់​តុ ខណៈ​អ្នក​នេសាទ​នៅ​កោះ​នេះ​អាច​ផ្គត់ផ្គង់​ក្តាម​ស្រស់ មឹក និង​ត្រី​ដល់​សណ្ឋាគារ និង​ភោជនីយដ្ឋាន​»។  ដោយលោកបន្ថែមថា៖ «ប៉ុន្តែ​យ៉ាង​ហោច​ណាស់ ឥឡូវ​នេះ​ទេ យើង​មិន​ចាំបាច់​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ​ដើម្បី​ធ្វើ​ការ​ យើង​អាច​ស្នាក់​នៅ​ទី​នេះ​ជា​ក្រុម​គ្រួសារ​បាន»៕​

ជោគវាសនានៃប្រជុំកោះកោះស្តេច និងជីវិតដែលពឹងផ្អែកលើវា ស្ថិតនៅក្នុងដំណាក់កាលផ្លាស់ប្តូរ។ រូបថត ៖ Gerald Flynn/Mongabay
ជោគវាសនានៃប្រជុំកោះកោះស្តេច និងជីវិតដែលពឹងផ្អែកលើវា ស្ថិតនៅក្នុងដំណាក់កាលផ្លាស់ប្តូរ។ រូបថត ៖ Gerald Flynn/Mongabay

អត្ថបទនេះត្រូវបានផលិតជាភាសាអង់គ្លេសដោយ Mongabay និងគាំទ្រដោយ Rainforest Investigations Network របស់មជ្ឈមណ្ឌល Pulitzer ដែលលោក Gerald Flynn ជាអ្នកចូលរួមសហការ។ អត្ថបទនេះត្រូវបានអនុញ្ញាតបកប្រែភាសាអង់គ្លេសដោយ CamboJA News ៖ https://news.mongabay.com/2022/12/island-shopping-cambodian-officials-buy-up-the-cardamoms-coast/

1,590 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម