ធ្វើបច្ចុប្បន្នព័ត៌មាន៖ ក្រសួងការពារជាតិកាលពីថ្ងៃទី១៣ ខែកក្កដា បានបង្ហោះសារលើហ្វេសប៊ុករបស់ខ្លួនថាមានឧទ្ធម្ភាគចក្រមួយគ្រឿងបានបាត់បង់ការទាក់ទងជាមួយបញ្ជាការកងទ័ពអាកាស ដោយសារតែអាកាសធាតុមិនល្អ។ការបាត់បង់ទំនាក់ទំនងជាមួយបញ្ជាការកងទ័ពអាកាសនេះ គឺកើតឡើងក្នុងពេលហ្វឹកហាត់នៅជួរភ្នំក្រវាញរវាងខេត្តកោះកុង និងខេត្តពោធិ៍សាត់។ យ៉ាងណា រហូតមកដល់ព្រឹកថ្ងៃទី១៤ ខែកក្កដា ក្រសួងប្រកាសថាមិនទាន់រកឃើញឧទ្ធម្ភាគចក្រនេះនៅឡើយ។
ក្រសួងការពារជាតិឲ្យដឹងថា អង្គភាពពាក់ព័ន្ធកំពុងធ្វើការស្វែងរកឧទ្ធម្ភាគចក្រដែលបាត់ការទាក់ទងនេះតាំងពីព្រឹកថ្ងៃទី១៣ ខែកក្កដា និងថារហូតដល់ព្រឹកថ្ងៃទី១៤ ខែកក្កដា នៅមិនទាន់បានប្រទះ ឬរកឃើញឧទ្ធម្ភាគចក្រនេះនៅឡើយ។
ក្រសួងបន្តទៀតថា៖ «នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នេះ ក្រុមការងារជួយសង្រ្គោះ ដែលមានការចូលរួមពីបណ្តាកងឯកភាពពាក់ព័ន្ធក្នុងភូមិសាស្ត្របាត់បង់ ឧទ្ធម្ភាគចក្រនឹងខិតខំប្រឹងប្រែងបន្តសកម្មភាពស្វែងរកឧទ្ធម្ភាគចក្រដែលបានបាត់បង់បន្តទៀត»។
បើទោះបីជាមិនទាន់មានការបញ្ជាក់ថា មានអ្នកគ្រោះថ្នាក់ក្នុងហេតុការណ៍នេះពីក្រសួងការពារជាតិក្ដី ប៉ុន្តែម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ខេង ស្រីយ៉ា បានអំពាវនាវឲ្យប្រជាពលរដ្ឋបួងសួងឲ្យបងប្រុសរបស់ខ្លួន ខេង ឆៃយុទ្ធ ដែលទំនងជានៅលើឧទ្ធម្ភាគចក្រនោះឲ្យមានសុវត្ថិភាព។
អាជ្ញារធរខេត្តពោធិ៍សាត់ បានបញ្ជាក់ពីការបាត់ឧទ្ធម្ភាគចក្រនៅក្នុងខេត្តរបស់ខ្លួនកាលពីថ្ងៃសុក្រកន្លងទៅ និងថាប្រតិបត្តិការស្វែងរក និងសង្គ្រោះក៏បានចាប់ផ្ដើមធ្វើដែរ។ ព័ត៌មានលម្អិតផ្សេងទៀតមិនទាន់ត្រូវបានទម្លាយនៅឡើយ។
យ៉ាងណា បើតាមលិខិតនៃផែនការហោះហើររបស់ក្រសួងការពារជាតិចុះលេខ៤១៧/២៤ បានឲ្យដឹងថាឧទ្ធម្ភាគចក្រមានផ្លូវហោះហើរភ្នំពេញ ថ្មដា ពោធិ៍សាត់ ភ្នំពេញ និងត្រូវចេញដំណើរនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១១ព្រឹក ហើយត្រូវត្រឡប់វិញនៅម៉ោង២រសៀល។ ភារកិច្ចហោះហើរ គឺ «ហ្វឹកហ្វឺនផ្លូវឆ្ងាយឲ្យអាកាសយានិក»។ បើតាមលិខិតដដែល ប្រធានក្រុមហោះហើរមានឈ្មោះថា ស៊ុន ផ្លា និងអាកាសយានិកឈ្មោះ ខេង ឆៃយុទ្ធ។
ក្រសួងការពារជាតិនៅព្រឹកថ្ងៃសៅរ៍បានបង្ហោះព័ត៌មានពីការបាត់ទំនាក់ទំនងរបស់ឧទ្ធម្ភាគចក្រលើទំព័រហ្វេសប៊ុករបស់ខ្លួន តែក៏បានលុបចេញវិញនៅមួយសន្ទុះក្រោយ។ បើតាមសំណេរដែល ខេមបូចា បានអាន គឺរដ្ឋលេខាធិការក្រសួងការពារជាតិ លោក មឹង សុផាន់ បានបញ្ចេញទ័ពនៅកងពលដឹកជញ្ជូនលេខ៩៩ និងកងពលលេខ៧០ ដើម្បីស្វែងរកឧទ្ធម្ភាគចក្រនោះ។
អភិបាលស្រុកវាលវែង លោក ធាង លេង បានប្រាប់ ខេមបូចា កាលពីព្រឹកថ្ងៃសៅរ៍ថា៖ «ពិតជាមានការបាត់ឧទ្ធម្ភាគចក្រមែន ហើយយើងកំពុងតែស្វែងរកនៅពេលនេះ។ ខ្ញុំបានទទួលព័ត៌មានបន្ទាប់ពីមានហេតុការណ៍នេះ[…]កាលពីយប់មិញ»។
លោកមានប្រសាសន៍ថា៖ «កម្លាំងថ្នាក់ជាតិបានមកដល់ និងបានបែងចែកការងារគ្នា។ ខ្ញុំនឹងសហការដឹកនាំកម្លាំងបញ្ជាការស្រុកក្នុងការស្វែងរក ដូចនេះខ្ញុំមិនមានមានព័ត៌មានលម្អិតពីកិច្ចការនេះទេ»។
លោកបន្តថាទីតាំងឧទ្ធម្ភាគចក្រដែលបាត់ខ្លួននោះប្រហែលនៅជុំម្ដុំភ្នំខ្មោច នៅជាប់ព្រំប្រទល់ឃុំអន្លង់រាប ស្រុកវាលវែង។
អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បញ្ជាក់ដូចគ្នាថាមានឧទ្ធម្ភាគចក្របាត់ខ្លួនមែន ប៉ុន្តែលោកមិនអាចផ្ដល់ព័ត៌មានច្រើនទេ និងបានបង្អែរសំណួរទៅកាន់ក្រសួងការពារជាតិវិញ។ យ៉ាងណា នៅថ្ងៃទី១៣ និងទី១៤ ខែកក្កដា ក្រសួងការពារជាតិបានបង្ហាញព័ត៌មានពីការបាត់ទំនាក់ទំនងរបស់ឧទ្ធម្ភាគចក្រនេះ និងថាក្រុមការងារកំពុងនៅបន្តរុករកនៅឡើយរហូតដល់ព្រឹកថ្ងៃទី១៤។
កាលពីខែកក្កដា ឆ្នាំ២០១៤ ឧទ្ធម្ភាគចក្រយោធាប្រភេទ Z-9 បានធ្លាក់អំឡុងពេលហ្វឹកហ្វឺននៅជាយរាជធានីភ្នំពេញ និងបានបណ្ដាលឲ្យមន្ត្រីយោធាបួនរួបបាត់បង់ជីវិត។
អត្ថបទនេះធ្វើបច្ចុប្បន្នភាពម៉ោង១៖០០ រសៀល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ។