សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ពេល​វេលា​បើក​ព្រំ​ដែន​រវាង​កម្ពុជា-ថៃនៅ​មិន​ច្បាស់​លាស់ ខណៈពាណិជ្ជករ​កំពុង​រងទុក្ខ​

ប៉ូលិស​កម្ពុជា​បិទ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត បន្ទាប់​ពី​យោធា​ថៃ​ប្តូរ​កាលវិភាគ​បិទ​ព្រំដែន​នៅ​ម៉ោង​៤​រសៀល។ ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៥។ (ខេមបូចា/ព្រីង សំរាំង)
ប៉ូលិស​កម្ពុជា​បិទ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត បន្ទាប់​ពី​យោធា​ថៃ​ប្តូរ​កាលវិភាគ​បិទ​ព្រំដែន​នៅ​ម៉ោង​៤​រសៀល។ ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៥។ (ខេមបូចា/ព្រីង សំរាំង)

កម្ពុជា​-ថៃ​បាន​យល់​ព្រម​ពិចារណា​បើក​ច្រក​ទ្វារ​ព្រំ​ដែន​ឡើង​វិញ ក្រោ​យពី​បាន​បិទតាំង​ពី​ខែ​មិថុនា មុន​មាន​ការ​ផ្ទុះ​អាវុធដាក់​គ្នា​ចំនួន​ប្រាំ​ថ្ងៃ​កាល​ពី​ចុង​ខែ​កក្កដា។ ភាគី​ទាំង​ពី​រក៏​បានលើក​ពី​ផល​ប៉ះពាល់​នៃការ​បិទព្រំ​ដែន​ចំពោះ​ពាណិជ្ជកម្ម​តាម​ផ្លូវ​គោក​ផង​ដែរ​។​ ទន្ទឹម​នឹង​ការ​ហាម​ឃាត់​នាំ​ចូល​ប្រេង​ឥន្ធនៈ អគ្គិសនី និង​ផលិត​ផល​កសិកម្ម ការ​បិទ​ព្រំ​ដែន​គោក​នេះ​បាន​ធ្វើ​ឲ្យ​កសិករ និង​ពាណិជ្ជករ​​ដែល​​ធ្វើ​អាជីវកម្ម​ឆ្លង​​ដែន​កំពុង​ជួប​ការ​លំបាក​។​

ក្នុង​ជំនួបពិសេសគណៈកម្មាធិការ​ព្រំ​ដែន​ទូទៅ​កម្ពុជា-ថៃ ហៅកាត់​ថា​ GBC នៅ​ខេត្ត​កោះកុង​កាល​ពី​ថ្ងៃទី​១០ ខែកញ្ញា ភាគីទាំងពីរ​ទំនង​ជា​បាន​ពិភាក្សា​គ្នា​ដោយ​សង្កត់ធ្ងន់​លើ​ការ​បើក​ច្រក​ព្រំ​ដែន​ឲ្យ​មាន​សភាព​ធម្មតា​ឡើង​វិញ​។​

ការ​ជជែង​ពី​រឿង​នេះ​ចំពេល​ដែល​មាន​សម្ពាធ​ពី​អ្នក​វិនិយោគ រួម​ទាំង​ក្រុម​ហ៊ុន​ជប៉ុន ដែល​ពឹង​ផ្អែក​លើ​ការ​ដឹកជញ្ជូន​ទំនិញ​របស់​ខ្លួន​ឆ្លង​កាត់ព្រំ​ដែន​គោក។ រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរថ្លឹង​ថ្លែង​លើ​ការ​បើក​ព្រំ​ដែន​ឡើង​នេះ​​សម្រាប់​តែ​ទំនិញ​ចាំបាច់​។​​

ចាប់​តាំង​ពី​ថ្ងៃទី​២៣ ខែ​មិថុនា ច្រក​ព្រំដែន​គោក​ទាំង​១៨ រវាង​កម្ពុជា​-ថៃ ត្រូវ​បាន​ភាគីថៃ​ផ្ដើម​បិទ​មុន ដែល​នេះជា​អ្វី​ធ្វើ​ឡើង​ក្នុង​​ន័យ​ឆ្លើយ​តប​ទៅ​នឹង​ភាព​តាន​តឹង​​រវាង​ប្រទេសជិត​ខាង​​ទាំងពីរ ហើយ​តាំងពី​ពេល​នោះ​មក​ច្រក​ព្រំដែន​គោក​ទាំង​នោះ​មិ​ន​បាន​បើ​សម្រាប់ពាណិជ្ជកម្ម​ទៀត​ទេ។​

បើ​តាម​អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​​ ទំនិញ​ថៃ​នាំ​ចូល​កម្ពុ​ជាបាន​ធ្លាក់​ចុះ​១៧%​ក្នុង​ខែ​មិថុនា ជិត​៤៨​ភាគរយ​ក្នុង​ខែ​កក្កដា និង​៣៣ភាគរយ​ក្នុង​ខែ​សីហា នេះ​បើ​ធៀប​នឹង​ខែ​ឧសភា ដែល​ពេល​នោះ​ការ​ផ្ទុះ​អាវុធ​ឡើង​ដំបូង​បាន​កើត​ឡើង​។​

រដ្ឋាភិបាល​ថៃ​ឲ្យ​ដឹង​ដែរថា ​ពាណិជ្ជកម្ម​ឆ្លង​ដែនរវាង​ប្រទេសទាំងពីរ​បាន​ធ្លាក់​ចុះ​៩៧​%​នៅ​ក្នុង​ខែ​កក្កដា គិត​ជា​ទឹក​ប្រាក់​មាន​ប្រហែល​១១​លាន​ដុល្លារ​។ នេះបើតា​មការ​ចុះ​ផ្សាយ​របស់​ Nikkei Asia​។​

រថយន្ត​កុងតឺន័រ​មួយគ្រឿងរបស់ថៃកំពុង​រង់ចាំ​ឆ្លង​កាត់​ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ពីកម្ពុជា​ទៅថៃ ដែលស្ថិតនៅក្នុងទឹកដីក្រុងប៉ោយប៉ែត ​ខេត្ត​បន្ទាយ​មាន​ជ័យ នា​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២៥។ (ខេមបូចា/ ព្រីង សំរាំង)
រថយន្ត​កុងតឺន័រ​មួយគ្រឿងរបស់ថៃកំពុង​រង់ចាំ​ឆ្លង​កាត់​ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ពីកម្ពុជា​ទៅថៃ ដែលស្ថិតនៅក្នុងទឹកដីក្រុងប៉ោយប៉ែត ​ខេត្ត​បន្ទាយ​មាន​ជ័យ នា​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

ជាមួយ​គ្នា​នេះដែរទំនិញ​ថៃ​ក៏​ប្រឈម​នឹង​ការ​ធ្វើ​ពិហិកាពី​ប្រជាពល​រដ្ឋ​កម្ពុជា ចាប់​តាំង​ពី​ការ​ប៉ះទង្គិច​គ្នា​បាន​កើត​ឡើង​ ហើយ​ផលិត​ផល​របស់​ក្រុម​ហ៊ុន​មាន​យីហោ​ល្បីៗ​មួយ​ចំនួន​ដូច​ជាក្រុម​ហ៊ុន​ប្រេងឥន្ធនៈ​ PTT ក៏​ប្រ​ជាជន​ខ្មែរ​ពហិការ​ប្រើ​ប្រាស់​ដែរ។​

ស្ថាន​នីយប្រេង​ឥន្ធនៈ​PTT  នៅ​កម្ពុជា​មាន​សេចក្ដី​រាយការណ៍​ថា​បាន​ស្វែង​រក​ប្រភព​នាំ​ចូលប្រេង​ពីប្រទេស​វៀតណាម ហើយ​ម្ចាស់​ស្ថានីយ​ខ្លះ​បាន​សម្រេច​ប្ដូរ​ឈ្មោះ​ទៅ​ជា​ «ស្ថានីយប្រេងឥន្ធនៈ​សន្តិភាព​កម្ពុជា ឬ​PPC» វិញ ដើម្បី​បន្ថយ​​កំហឹង​ប្រឆាំង​នឹង​ផលិត​ផល​ថៃ​។​

​យ៉ាងណា​ការ​បើក​ព្រំ​ដែន​ឡើង​វិញ​នៅមិន​ទាន់​ច្បាស់​ថា ​ត្រូវ​ធ្វើ​ពេល​ណា​នោះ​ទេ​។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​គាំទ្រ​ទៅ​នឹង​យន្តការគណៈកម្មាធិការព្រំដែន​ទូទៅ ដោយហៅ​ជំនួប​នាពេល​កន្លងមកនេះថា​​មាន​ «លទ្ធផលវិជ្ជមាន» ខណៈ​មេដឹក​នាំ​យោធាថៃ​​លើក​ឡើងថា​ការ​បើក​ព្រំ​ដែន​នឹង​ត្រូវ​រឹតត្បិត​ដោយ​ផ្ដោត​តែ​លើ​«ការ​ដឹក​ជញ្ជូន​ទំនិញ» ហើយ​ក៏​បាន​ព្រមាន​ដែរថា ​គ្រោងការ​បើក​នេះ​ក៏​អាច​មិន​អនុវត្ត​ដែរ បើ​សិន​ជាមានការ​ជំទាស់ពី​ប្រជាពល​រដ្ឋ។​

គិត​ចាប់តាំងពី​មាន​ភាព​តាន​តឹង​រវាង​ប្រទេសទាំងពីរ ពល​ករ​កម្ពុជា​ជិត​១លាន​នាក់​បាន​ត្រឡប់​ពី​ថៃ​មក​កម្ពុជា​វិញ​។ នេះ​បើតាម​ក្រសួងការងារ​។​ ការ​វិល​ត្រឡប់​យ៉ាង​គំហុក​នេះ​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​អាជីវកម្ម​នៅ​ថៃ និង​បាន​បង្កើន​ភាព​មិន​ច្បាស់​លាស់​នៅ​ស្រុក​កំណើត ពេល​ដែល​ពលករ​ខ្មែរ​​រាប់សែន​នាក់​ទាំង​នោះ​កំពុង​រក​ការងារធ្វើ ជាពិសេស​ការងារ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។​

ស្ថានីយ៍ប្រេងឥន្ធនៈ PTT មួយកន្លែង ក្នុងរាជធានីភ្នំពេញ ត្រូវបានបិទបាំងស្លាកសញ្ញា PTT របស់ខ្លួន ថតនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។ (ខេមបូចា/ ឃី សុវុឌ្ឍី)
ស្ថានីយ៍ប្រេងឥន្ធនៈ PTT មួយកន្លែង ក្នុងរាជធានីភ្នំពេញ ត្រូវបានបិទបាំងស្លាកសញ្ញា PTT របស់ខ្លួន ថតនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។ (ខេមបូចា/ ឃី សុវុឌ្ឍី)

កសិករ​ និង​ពាណិជ្ជករ​ជំរុញ​ឲ្យ​មានការ​បើកព្រំដែន តែ​ថ្នាក់​ដឹក​នាំ​នយោបាយ​នៅ​មិន​ទាន់​រក​ឃើញ​ការ​ឯកភាព​គ្នា​។​

លោក ស្រឺត សារ៉ែម វ័យ​៤៤​ឆ្នាំ រស់នៅ​ស្រុក​ស្វាយ​ចេក ខេត្តបន្ទាយមានជ័យ ស្វាគមន៍​ចំពោះ​ការពិភាក្សា​ឲ្យ​បើក​ព្រំ​ដែន​ឡើង​វិញ ប៉ុន្តែ​លោក​នៅ​មិន​ច្បាស់​ថា ​ព្រំ​ដែន​អាច​បើក​វិញ​មុន​ការ​ប្រមូល​ផល​ដំឡូង​មី​ ឬអត់​។​

លោក​លើក​ឡើង​ថា៖ «ខែនេះ ដំឡូងមី​កំពុង​លូត​លាស់។ បើ​សិន​ជា​ព្រំ​ដែន​បើក វាល្អ ព្រោះ​ថៃ​នឹង​ជួយ​ទិញ​ខ្លះ»។​

លោក អិល ឈិញ ប្រធានសមាគមកសិករ​ដំឡូងមី​ មាន​ប្រសាសន៍ថា ​​ដំឡូង​មី​កម្ពុជា​ភាគ​ច្រើន​នាំទៅ​វៀតណាម ដើម្បីបំពេញ​ចន្លោះខ្វះខាត​របស់ទី​ផ្សារថៃ​គិត​ចាប់ពី​មានការបិទ​ព្រំដែន​​។​ លោក​សង្ឃឹម​ថា ​ការ​បើក​ព្រំដែន​ឡើងវិញ​នឹង​អនុញ្ញាត​ឲ្យ​មានការ​នាំចូលទៅ​ប្រទេស​ថៃ​វិញ ដែល​ជា​ប្រយោជន៍​ដល់​កសិករ បើ​ទោះ​បីជាថៃ​​មិនមាន​តម្រូវ​ការ​ភ្លាមៗ​ក៏​ដោយ ព្រោះ​ថៃ​ក៏​ត្រូវ​ទិញ​ពី​កសិករ​របស់​ខ្លួន​ដែរ។​

អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា បដិសេធផ្ដល់ព័ត៌មាន​លម្អិត​​ទាក់ទង​នឹង​លទ្ធភាព​បើក​ព្រំ​ដែន​វិញ​ ដោយ​បានណែនាំ​អ្នក​សារព័ត៌មានឲ្យ​ពិនិត្យ​លើ​ខ្លឹមសារ​សេចក្ដី​ថ្លែង​ការ​ណ៍​​របស់​ GBC វិញ​។​

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ទៅ​នឹង​ការ​សុំ​អត្ថាធិប្បាយ​លើ​ទំនោរ​ពាណិជ្ជកម្ម​នេះ​ដែរ។​

ទន្ទឹម​នឹង​នេះ អាជ្ញាធរ​ថៃ​បាន​និយាយ​ថា ​ពួក​គេ​នឹង​ចាប់​ផ្ដើម​បើក​ច្រកព្រំដែន​នៅ​ខេត្ត​ចន្ទបុរី និង​ត្រាត​ជាប់​ខេត្ត​បៃលិន បាត់ដំបង ពោធិ៍សាត់ និង​កោះកុង​របស់​កម្ពុជា​។​

ការ​បើកព្រំ​ដែន​វិញ​នេះ​នឹង​ត្រូវ​មានការ​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​គយ និង​ក្រសួង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម ដើម្បី​ដំណើរការ​ឡើងវិញ​សម្មភាព​ពាណិជ្ជកម្ម​ក្រោមវិធានការ​សុវត្ថិភាព។ នេះ​បើ​តាមការ​ចុះ​ផ្សាយ​របស់ព័ត៌មាន​ថៃ។​

រដ្ឋមន្ត្រីស្ដីទី​ក្រសួងការពារជាតិ​ថៃ លោក Nattaphon Narkphanit ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ​ការ​ឆ្លង​កាត់ព្រំ​ដែន​នឹង​ធ្វើ​ឡើង​ដោយមាន​កម្រិត និង​ចំពោះ​តែ​យាន​យន្ត​ជាក់​លាក់​មួយ​ចំនួន​ ដោយ​ផ្ដើម​ពី​ពីរ​ទៅ​បី​ឡាន​ក្នុង​មួយ​ថ្ងៃ ទៅ​ដល់​២០​ទៅ​៣០ឡាន​ក្នុង​មួយ​ថ្ងៃ​។​ លោក​មិន​បាន​បញ្ជាក់​ច្បាស់​ទេថា ​រថយន្ត​ដឹក​ទំនិញ​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ឆ្លង​កាត់ ឬអត់។ លោក​ថ្លែង​ថា​ការ​បើក​ឡើង​វិញ​នេះ​កើត​ចេញ​ពី​ការ​ស្នើ​សុំ​របស់​ក្រុម​ពាណិជ្ជករ មិន​មែន​កើត​ពី​រដ្ឋាភិបាលថៃ ឬកម្ពុជា​នោះ​ទេ​៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Timeline for Reopening Border With Thailand Unclear; Traders Bare the Brunt

ព័ត៌មានថ្មី

អត្ថបទពេញនិយម