សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

មួយឆ្នាំក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ ផលប៉ះពាល់នៅតែបន្តមាន

ជន​ភៀស​សឹក​ម្នាក់​ អ្នកស្រី សុខ ហ៊ន មាន​អារម្មណ៍​ក្ដុក​ក្ដួល​​ពេល​រំឭក​ដល់​សកម្មភាព​ទាហាន​ថៃ​ព័ទ្ធ​បន្លា​លួស​យក​ផ្ទះ​អ្នកស្រី​នៅ​តាម​បណ្ដោយ​ព្រំដែន​ខ្មែរ​-ថៃ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​។ រូបភាពថតនៅថ្ងៃទី​២០ ខែឧសភា ឆ្នាំ២០២៦។ (ខេមបូចា/ឃួន​ ណារីម​)​
ជន​ភៀស​សឹក​ម្នាក់​ អ្នកស្រី សុខ ហ៊ន មាន​អារម្មណ៍​ក្ដុក​ក្ដួល​​ពេល​រំឭក​ដល់​សកម្មភាព​ទាហាន​ថៃ​ព័ទ្ធ​បន្លា​លួស​យក​ផ្ទះ​អ្នកស្រី​នៅ​តាម​បណ្ដោយ​ព្រំដែន​ខ្មែរ​-ថៃ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​។ រូបភាពថតនៅថ្ងៃទី​២០ ខែឧសភា ឆ្នាំ២០២៦។ (ខេមបូចា/ឃួន​ ណារីម​)​

ថ្ងៃសុក្រ ទី២៤ ខែកក្កដា ជាខួបគម្រប់មួយឆ្នាំនៃការប៉ះទង្គិចជុំទីមួយនៅតាមព្រំដែនរវាងកម្ពុជា និងថៃ បាន​ផ្ទុះឡើង។ ទោះ​បីជា​បទឈប់​បាញ់ដែលបានព្រមព្រៀងកាលពីខែធ្នូ ឆ្នាំ២០២៥ នៅតែត្រូវបាន​អនុវត្ត​ក៏ដោយ ក្រុមអ្នកវិភាគ​បាន​លើកឡើងថា ផលប៉ះពាល់នៃជម្លោះនេះ​នៅតែបន្តកើតមាន​ចំពោះជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ច។

លោក គី សេរីវឌ្ឍន៍ សេដ្ឋវិទូនៅរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា ជម្លោះ និង​ការ​បិទច្រកព្រំដែន បាន​បង្ក​ផលប៉ះពាល់យ៉ាងខ្លាំងដល់ពាណិជ្ជកម្មទ្វេភាគី បង្កការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ និងបង្ខំឱ្យអាជីវកម្ម​ជាច្រើននៅតាមព្រំដែនផ្អាកប្រតិបត្តិការ។

កម្ពុជាបានហាមឃាត់ការធ្វើពាណិជ្ជកម្មតាមផ្លូវគោកស្ទើរតែទាំងស្រុងជាមួយថៃ មុនពេលការ​ប្រយុទ្ធ​ផ្ទុះឡើង​នៅ​ខែកក្កដា ឆ្នាំ២០២៥។ ទោះជាយ៉ាងណា យោងតាមអគ្គនាយកដ្ឋានគយ និង​រដ្ឋាករកម្ពុជា (GDCE) ការនាំ​ចេញ​របស់កម្ពុជាទៅកាន់ប្រទេសថៃក្នុងឆមាសទី១ ឆ្នាំ២០២៦ មានតម្លៃ ៣៥៧លានដុល្លារអាមេរិក ខណៈ​ការ​នាំចូល​ពីថៃមានប្រមាណ ១ពាន់​លាន​ដុល្លារ។ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ការនាំ​ចេញ​មាន​ប្រមាណ៤៤៨លានដុល្លារ ហើយការនាំចូលលើសពី១,៧ពាន់លានដុល្លារ។

លោក សេរីវឌ្ឍន៍ បានលើកឡើងថា៖ «ទីផ្សារត្រូវនាំទៅថៃត្រូវបានបង្វែរ​ទៅកាន់ទីផ្សារ​វៀតណាម និងចិន» ដោយ​​បន្ថែម​ថាផលិតផលកសិកម្មកម្ពុជាមួយចំនួនបានបាត់​បង់​ទីផ្សារ​នៅថៃដែលធ្លាប់ជាទីផ្សារ​សំខាន់បំផុត​របស់​ខ្លួន។

លោកបានអំពាវនាវឱ្យរដ្ឋាភិបាលលើកទឹកចិត្តការវិនិយោគក្នុងស្រុក ជាពិសេសលើ​សហគ្រាស​ធុនតូច និងមធ្យម។ ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចក៏បានរាលដាលដល់ពលករចំណាកស្រុកកម្ពុជាជិតមួយលាននាក់ ដែលបាន​វិល​ត្រឡប់​ពីប្រទេសថៃ បន្ទាប់ពីការប្រយុទ្ធបានផ្ទុះឡើង។

ធនាគារពិភពលោកបានឱ្យដឹងថា ជម្លោះនេះបានធ្វើឱ្យបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចកាន់តែ​ធ្ងន់ធ្ងរ​ឡើង ដោយ​ប៉ះពាល់​​​ដល់​ទីផ្សារការងារ លំហូរប្រាក់បញ្ញើពីក្រៅប្រទេស និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់។ គួបផ្សំជាមួយនឹង​ការ​ធ្លាក់ចុះ​នៃវិស័យអចលនទ្រព្យ និងកត្តាសម្ពាធផ្សេងៗទៀត ធនាគារពិភពលោកបានបន្ថយការព្យាករណ៍​កំណើនសេដ្ឋកិច្ច (GDP) របស់កម្ពុជាមកនៅត្រឹម ៣,៩ភាគរយ សម្រាប់ឆ្នាំនេះ ដែលកាលពីមុនរំពឹងថា​នឹង​ងើបឡើងដល់ ៤,៩ភាគរយ នៅ​ឆ្នាំ២០២៧​។

ពលករចំណាកស្រុក​បាន​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ​ក្រោយ​ជម្លោះ​ព្រំដែន​ផ្ទុះ​ឡើង​។ រូបភាព​ថតកាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា)
ពលករចំណាកស្រុក​បាន​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ​ក្រោយ​ជម្លោះ​ព្រំដែន​ផ្ទុះ​ឡើង​។ រូបភាព​ថតកាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា)

មន្ត្រីក្រសួងការងារបានអះអាងថា ពលករវិលត្រឡប់មកវិញភាគច្រើនមានការងារធ្វើហើយ។ ប៉ុន្តែអតីត​ពល​ករ​​ចំណាកស្រុក និងអង្គការសិទ្ធិការងារ បានលើកឡើងថា ការងារដែលមាន​ស្ថិរភាព និង​មានសុវត្ថិភាពនៅ​តែមិន​មានគ្រប់សម្រាប់ពួកគេ។

ការលំបាកក្នុងការស្វែងរកការងារមានស្ថិរភាព ក៏បានប៉ះពាល់ដល់ប្រជាពលរដ្ឋជិត ២០ ០០០​នាក់​នៅ​តាម​ព្រំ​ដែន​ ដែលនៅតែរស់នៅក្នុងស្ថានភាពជាជនភៀសសឹក។ ពួកគេអះអាងថា បានប៉ពាល់ទាំងជីវភាព និង​បាត់បង់លំនៅឋាន ខណៈផ្ទះរបស់ពួកគេជាច្រើនស្ថិតនៅ​ពី​ក្រោយ​​របងដែលកងកម្លាំងថៃបានដាក់។

អាជ្ញាធរបានឱ្យដឹងថា បច្ចុប្បន្នមានពលរដ្ឋជិត ៤ ០០០គ្រួសារ កំពុងរស់នៅក្នុងផ្ទះ​បណ្តោះ​អាសន្ន ដែលរដ្ឋាភិបាលបានសាងសង់នៅខេត្តបន្ទាយមានជ័យ និងព្រះវិហារ។

លោក កូម អឿប ប្រជាពលរដ្ឋម្នាក់មកពីភូមិជោគជ័យ ដែលជាតំបន់មានវិវាទតាមព្រំដែន​ខេត្តបន្ទាយ​មាន​ជ័យ​ ហើយបច្ចុប្បន្នស្ថិតក្រោមការកាន់កាប់របស់កងកម្លាំងថៃ បាន​និយាយ​ថា លោកសង្ឃឹមថារដ្ឋាភិបាល​កម្ពុជា​​នឹងអាចទាមទារយកដីដែលថៃបានអះអាងថា​ជាទឹកដី​របស់​ពួកគេត្រឡប់មកកម្ពុជាវិញ។

លោកបាននិយាយថា៖ «ខ្ញុំនៅតែសោកស្តាយចំពោះការបាត់បង់ដី និងផ្ទះរបស់ខ្ញុំ។ ខ្ញុំបាន​បាត់​​បង់អ្វីៗ​ទាំង​អស់​​ដោយសារតែថៃ»។

លោក Surasant Kongsiri អ្នកនាំពាក្យក្រសួងការពារជាតិថៃ បាននិយាយថា កងទ័ពថៃ​កំពុង​ឈរជើង​នៅតាមខ្សែ​ត្រៀម​ជួរមុខដែល​ត្រូវ​កំណត់ស្របតាមលក្ខខណ្ឌនៃបទឈប់បាញ់។

លោកបាននិយាយថា៖ «ទីតាំងឈរជើងទាំងនោះរបស់កងទ័ព ជាញឹកញាប់ស្ថិត​នៅទីតាំង​ដែល​​ព្រំដែនមិន​ទាន់​ត្រូវ​បានភាគីទាំងពីរឯកភាព និងកំណត់ខ្សែព្រំដែនជាផ្លូវការ​នៅ​ឡើយ»​។

លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា មិនបានឆ្លើយតបភ្លាមៗ​ចំពោះ​សំណើ​សុំ​អត្ថា​ធិ​ប្បាយនោះទេ។

ស្របពេលមន្ត្រីជាន់ខ្ពស់កម្ពុជានៅថ្ងៃសុក្របានគោរពវិញ្ញាណក្ខន្ធទាហាន និង​នគរបាល​ការពារ​ព្រំដែន​​ដែល​បានពលីក្នុងការប្រយុទ្ធអស់រយៈពេលបីសប្តាហ៍ ដែលបណ្តាលមក​ពី​វិវាទព្រំដែនរ៉ាំរ៉ៃ និងការតបតគ្នា​ទៅវិញ​ទៅមករវាងភាគីទាំងពីរ ហើយចំនួនអ្នកពលី​មិន​ទាន់​ត្រូវបានប្រកាសជាផ្លូវការនោះ កិច្ចចរចារវាងកម្ពុជានិង​ថៃ ដើម្បីដោះស្រាយបញ្ហាព្រំដែន នៅមិនទាន់មានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅឡើយ។

យោងតាមតួលេខពីមន្ត្រីកម្ពុជា និងថៃ ការប្រយុទ្ធគ្នានេះបានសម្លាប់មនុស្សជាង ១០០នាក់​នៃភាគី​ទាំងសង​ខាង និងធ្វើឱ្យមនុស្សជិតមួយលាននាក់ត្រូវផ្លាស់ទីលំនៅ នៅពេល​ការប៉ះ​ទង្គិច​ឈានដល់ចំណុចកំពូល។

លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បាននិយាយថា៖ «យើងក្នុងនាមជា​រាជរដ្ឋាភិបាល កំពុង​ទាមទារយកដីរបស់យើងមកវិញ តាមរយៈការចរចាការទូត យន្តការ​សន្តិភាពដែលមានស្រាប់ និងច្បាប់​អន្តរ​ជាតិ»។

លោកបានអះអាងថា ការកាន់កាប់តំបន់ព្រំដែនមួយចំនួនដោយកងកម្លាំងថៃ និងការដាក់​កុងតឺន័រ រួមទាំង​លួស​​​បន្លា ដើម្បីធ្វើជារបងបណ្តោះអាសន្ន ជាការរំលោភលើបទឈប់បាញ់​ទ្វេភាគី ដែលភាគីទាំងពីរបានព្រម​ព្រៀង​​គ្នាកាលពីខែធ្នូ បន្ទាប់ពីបទឈប់បាញ់លើកដំបូង​ដែល​សម្របសម្រួលដោយប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក ដូណា​ល់​ ត្រាំ និងប្រទេស​ម៉ាឡេស៊ី កាលពីខែកក្កដា ឆ្នាំ២០២៥ បានដួលរលំ។

រដ្ឋាភិបាលក្រុងបាងកកបានបដិសេធថា ខ្លួនមិនបានរំលោភលើបទឈប់បាញ់នោះទេ ហើយ​មន្ត្រីយោធាថៃ​បាន​និយាយថា ពួកគេមានបំណងពង្រីកការសាងសង់​របងព្រំដែន​អចិន្ត្រៃយ៍។

លោក ប៉ែន បូណា បាននិយាយថា រដ្ឋាភិបាលកំពុងផ្តល់ជំនួយដល់គ្រួសារដែលរង​ផល​ប៉ះពាល់ ហើយទទួល​ស្គាល់​ថាការបិទព្រំដែនបានប៉ះពាល់ដល់ពាណិជ្ជកម្ម និងការធ្វើជំនួញ ប៉ុន្តែលោកបានអះអាងថា សេដ្ឋកិច្ចថៃទទួលរងបន្ទុកធ្ងន់ជាង ដោយសារអតុល្យភាព​ពាណិជ្ជកម្ម​។

គ្រាប់កាំភ្លើងត្បាល់មួយគ្រាប់ផុងជាប់ក្នុងផ្លូវមួយកន្លែងនៅខេត្តបន្ទាយមានជ័យ ដែល​ជាតំបន់​មានការ​ប្រយុទ្ធ​យ៉ាង​ខ្លាំង​ក្នុង​អំឡុងជម្លោះព្រំដែនជាមួយថៃ កាលពីខែធ្នូ ឆ្នាំ២០២៥។ រូបថតនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។ (ខេមបូចា​/Coby Hobbs)

ក្តីបារម្ភមួយទៀតដែលនៅតែបន្តមាន គឺគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតាមព្រំដែន។

លោក លី ធុជ អនុប្រធានទី១ នៃ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះ​ជន​ពិការ​ដោយ​សារ​មីន  បានមានប្រសាសន៍ថា ក្រុមការងាររុករកបានរកឃើញគ្រាប់​យុទ្ធភណ្ឌ​​មិនទាន់ផ្ទុះរាប់សិបគ្រាប់ ដែលនៅសេសសល់ពីការប៉ះទង្គិចនេះ។ សំណល់​យុទ្ធភណ្ឌ​ទាំងនេះបានប៉ះពាល់ដល់ពលរដ្ឋជិត ៣៥០ភូមិ ក្នុងខេត្តជាប់ព្រំដែនចំនួន៧។

លោកបានថ្លែងថា៖ «យើងបានកត់ត្រាឧបទ្ទវហេតុយ៉ាងហោចណាស់ ៥ករណី ដែល​ពាក់​ព័ន្ធ​​នឹង​សំណល់ គ្រាប់បែកចង្កោម ប៉ះពាល់ដល់ជនស៊ីវិល។ ឧបទ្ទវហេតុទាំងនេះបាន​បណ្តាល​​ឱ្យ​ជនស៊ីវិល១០នាក់រងគ្រោះ ក្នុងនោះមានអ្នកស្លាប់៣នាក់។ ជនរងគ្រោះ​ទាំងអស់​​សុទ្ធតែជា​ជនស៊ីវិល»​។

ប្រទេសថៃ ដែលមិនមែនជារដ្ឋភាគីនៃអនុសញ្ញា​អង្គការសហប្រជាជាតិ​ហាមឃាត់​ការប្រើ​ប្រាស់​គ្រាប់បែក ចង្កោម បានទទួលស្គាល់ថា ខ្លួនបានប្រើប្រាស់អាវុធ​ប្រភេទនេះ​ក្នុង​អំឡុង​ពេល​ជម្លោះផ្ទុះឡើង។ កម្ពុជា​ក៏​ត្រូវ​បានចោទប្រកាន់ថាបានដាក់មីនថ្មីដែល​បានធ្វើ​ឱ្យ​ទាហាន​ថៃ​ពិការកាលពីឆ្នាំមុន ប៉ុន្តែកម្ពុជាបានបដិសេធ ការចោទប្រកាន់នេះ។

លោក លី ធុជ បានបញ្ជាក់ថា៖ «ដូចដែលបានឃើញតាមរយៈឧបទ្ទវហេតុថ្មីៗនេះ កុមារ និង​ប្រជាពលរដ្ឋ​មូល​ដ្ឋាន​បាន​ក្លាយ​ជាជនរងគ្រោះ ខណៈពេលដែលពួកគែកំពុងបំពេញ​សកម្មភាព​ប្រចាំថ្ងៃ។ វាមិនត្រឹម​តែប៉ះពាល់ដល់​ការធ្វើកសិកម្ម និងការអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កការភ័យខ្លាចផងដែរ»។

លោក លី ធុជ បានមានប្រសាសន៍ថា លោកជឿថាផ្ទៃដីដែលរងការប៉ះពាល់​ដោយសារគ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់ផ្ទុះ មានទំហំធំជាងតួលេខដែលបានកត់ត្រាបច្ចុប្បន្ន ព្រោះតំបន់មួយចំនួន​ដែល​មានហានិភ័យខ្ពស់និងពិបាក​ចូល​ មិនទាន់អាចឱ្យក្រុមការងារចូលពិនិត្យ និងវាយតម្លៃ​បានពេញលេញនៅឡើយ។ បញ្ហានេះកាន់​តែគួរឱ្យ​ព្រួយ​បារម្ភ ដោយសារកម្ពុជា​ជាប្រទេស​មួយ​ក្នុងចំណោមប្រទេស​ដែនមាន​គ្រាប់យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះច្រើន​បំផុត​នៅលើពិភពលោក ដែលជាកេរដំណែលពីសង្គ្រាមស៊ីវិលដែល​បានអូសបន្លាយ​អស់ជាច្រើនទសវត្សរ៍​ក្នុង​សតវត្សរ៍​ទី២០។

លោក អៀ  សុផល អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយខ្មែរអាមេរិក និងជាសាស្ត្រាចារ្យ​នៅសាកល​វិទ្យា​ល័យ​រដ្ឋអារីហ្សូណា បានលើកឡើងថា ក្តីបារម្ភពីគ្រាប់មីននៅតែ​ជាប្រភព​នៃ​ភាព​តានតឹង ខណៈបញ្ហាដែល​គួរឱ្យព្រួយបារម្ភបំផុត និងមិនទាន់ត្រូវបានដោះស្រាយ គឺភាគី​ទាំងពីរនៅតែមិនទាន់មានការឯកភាពគ្នាថា កងកម្លាំងរបស់ខ្លួនគួរតែឈរជើងនៅទីតាំង​ណា​ខ្លះ​ក្នុងតំបន់មានវិវាទ។

លោកបានថ្លែងថា៖ «ប្រសិនបើបញ្ហាទាំងនេះមិនត្រូវបានដោះស្រាយ​តាមរយៈកិច្ចសន្ទនា​ជាប់លាប់ និងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេសទេ ហានិភ័យនៃការបកស្រាយ​ស្ថានការណ៍​​​ខុស ឬការសម្រេច​ចិត្តខុស​ដោយភាគីណាមួយនឹងនៅតែមាន ទោះបីជា​រដ្ឋាភិបាល​ទាំងពីរមិនមានបំណងចង់ឱ្យ​កើតមាន​ជម្លោះ​ធំម្តង​ទៀតក៏ដោយ»៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ A Year Later, Cambodia-Thailand Border Conflict’s Toll Lingers

ព័ត៌មានថ្មី

អត្ថបទពេញនិយម