ម្ចាស់អាជីវកម្មនានាបានអះអាងថា ផលិតករខ្នាតតូចនៅកម្ពុជាកំពុងមើលឃើញពីការកើនឡើងខ្លាំងនៃតម្រូវការទំនិញដែលផលិតក្នុងស្រុក ប៉ុន្តែឧបសគ្គផ្នែករដ្ឋបាលកំពុងរារាំងល្បឿននៃការបង្កើនផលិតកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការនេះ។
យោងតាមសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានឱ្យដឹងថា តម្រូវការផលិតផលក្នុងស្រុកបានកើនឡើងប្រមាណ ៣០% ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ដោយសារយុទ្ធនាការជាតិនិយម ក្នុងការធ្វើពហិការទំនិញថៃ បន្ទាប់ពីការប៉ះទង្គិចតាមព្រំដែន និងការរឹតបន្តឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ យីហោផលិតផលកម្ពុជាជាច្រើនបានប្រកាសថា ពួកគេនឹងបញ្ឈប់ការផលិតនៅក្នុងប្រទេសថៃ ហើយបង្វែរការផលិតមកធ្វើនៅស្រុកវិញ។
ប៉ុន្តែម្ចាស់អាជីវកម្មបានប្រាប់សារព័ត៌មានខេមបូចាថា ការពង្រីកផលិតកម្មក្នុងស្រុកត្រូវការពេលវេលា ដើមទុន និងឆ្លងកាត់នីតិវិធីចុះបញ្ជីស្មុគស្មាញ។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឱ្យដឹងថា សហគ្រាសធុនតូច និងមធ្យម (SMEs) និងសិប្បកម្មដែលបានចុះបញ្ជីប្រមាណ ៤៥ ០០០កន្លែង បានរួមចំណែកដល់ទៅ ៥៨ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជាក្នុងឆ្នាំ២០២៥ ដែលនេះបង្ហាញយ៉ាងច្បាស់ពីសារៈសំខាន់របស់អាជីវកម្មទាំងនេះនៅក្នុងវិស័យសេដ្ឋកិច្ច។
ទោះជាយ៉ាងណាក៏ដោយ ការចុះបញ្ជីជាផ្លូវការនៅតែគ្របដណ្តប់លើផ្នែកមួយដ៏តូចប៉ុណ្ណោះ នៃវិស័យនេះ។ ការប៉ាន់ប្រមាណចុងក្រោយរបស់រដ្ឋាភិបាលក្នុងឆ្នាំ២០១៩ បានឱ្យដឹងថា សហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជាប្រមាណ ៩៥ភាគរយ នៅមិនទាន់បានចុះបញ្ជីនៅឡើយទេ នេះបើយោងតាមការបញ្ជាក់ពីក្រសួងឧស្សាហកម្មនិងសិប្បកម្មនាពេលនោះ។
ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលបានដាក់ចេញនូវវិធានការនានា ដើម្បីកាត់បន្ថយគម្លាតនោះ រួមទាំងការបន្ថយពន្ធជាការលើកទឹកចិត្ត និងការដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីតាមឌីជីថលនៅចុងឆ្នាំ២០២៤ ដើម្បីបញ្ចូលអាជីវកម្មក្រៅប្រព័ន្ធឱ្យចូលមកក្នុងបញ្ជីផ្លូវការ។
បញ្ហាយឺតយ៉ាវទាំងនេះទទួលបានការយកចិត្តទុកដាក់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយលោកបានអំពាវនាវឱ្យមានការកែទម្រង់ជាបន្ទាន់ ដើម្បីសម្រួលដល់ការចុះបញ្ជីអាជីវកម្ម និងការផ្តល់អាជ្ញាបណ្ណ។ លោកបានបញ្ជាក់ថា កម្ពុជាត្រូវតែលុបបំបាត់របាំងនានាចំពោះផលិតកម្មក្នុងស្រុក និងប្រែក្លាយការរំខាននៅតាមព្រំដែនឱ្យទៅជាឱកាសក្នុងការជំរុញប្រទេសជាតិឱ្យងាកមកពឹងផ្អែកលើទំនិញក្នុងស្រុកកាន់តែខ្លាំងឡើង។
កំណែទម្រង់មួយក្នុងចំណោមកំណែទម្រង់ទាំងនោះ គឺបទបញ្ជារបស់លោក ហ៊ុន ម៉ាណែត ឱ្យពង្រីកថ្នាលបច្ចេកវិទ្យាផ្លាស់ប្តូរទិន្នន័យ CamDX ដែលជាប្រព័ន្ធឌីជីថលផ្លូវការរបស់រដ្ឋាភិបាល ដែលអនុញ្ញាតឱ្យស្ថាប័ន និងក្រុមហ៊ុនអាជីវកម្មនានាអាចចែករំលែកទិន្នន័យជាមួយគ្នា ដើម្បីកាត់បន្ថយនីតិវិធីរដ្ឋបាលស្មុគស្មាញ។
លោក ហែម ហេម៉ា ម្ចាស់អាជីវកម្មយីហោបោកអ៊ុត យក្សា បាននិយាយថា ការកែទម្រង់មួយចំនួនបានជួយសម្រួលដល់ដំណើរការនេះខ្លះដែរ ប៉ុន្តែបញ្ហាប្រឈមនៅតែមានដដែល ជាក់ស្តែង ការចុះបញ្ជីអាជីវកម្មដូចជារបស់លោកអាចតម្រូវឱ្យមានការសម្របសម្រួលជាមួយក្រសួង និងមន្ទីររបស់រដ្ឋរហូតដល់ជាង១០ឯណោះ។
លោក ហេម៉ា បានលើកឡើងថា៖ «អ្នកខ្លះហាក់ដូចជាមិនសូវពេញចិត្តប៉ុន្មានទេ នៅពេលយើងទៅចុះបញ្ជីអាជីវកម្មរបស់យើងនោះ។ ខ្ញុំមិនដឹងថា តើពួកគេជាមន្ត្រីឬអត់នោះទេ។ ពេលខ្លះ នៅពេលយើងទៅដល់ ពួកគេប្រាប់ឱ្យយើងអង្គុយរង់ចាំនៅហាងកាហ្វេទៅវិញ»។
ទោះជាយ៉ាងណា ការចុះបញ្ជីមិនមែនជាឧបសគ្គតែមួយគត់ ដែលរារាំងអាជីវកម្មខ្នាតតូចពីការទាញយកប្រយោជន៍ពីការកើនឡើងនៃតម្រូវការនាពេលបច្ចុប្បន្ននោះទេ។

ដើមទុននៅតែជាបញ្ហាប្រឈម
សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) ជាច្រើន ការទទួលបានដើមទុនគឺជាឧបសគ្គដ៏ធំមួយចំពោះការរីកចម្រើន។ លោក ហេម៉ា បានឱ្យដឹងថា អាជីវកម្មខ្នាតតូចច្រើនតែមានដើមទុនមានកម្រិត និងជួបការលំបាកក្នុងការស្នើសុំប្រាក់កម្ចីពីធនាគារ ដោយសារគ្រឹះស្ថានផ្តល់កម្ចីជាទូទៅតម្រូវឱ្យមានដីធ្លី ឬទ្រព្យសកម្មផ្សេងទៀតសម្រាប់ដាក់បញ្ចាំធានា។
លោកបានបញ្ជាក់ថា៖ «ក្នុងនាមជាសហគ្រិន យើងមិនមែនជាអ្នករកស៊ីផ្នែកដីធ្លីនោះទេ។ ប្រសិនបើអ្នកគ្មានដីធ្លី អ្នកមិនអាចទទួលបានប្រាក់កម្ចីឡើយ។ ទោះបីជាអ្នកមានសមត្ថភាពខ្លាំងប៉ុណ្ណាក៏ដោយ ប្រសិនបើអ្នកគ្មានទ្រព្យធានាគ្រប់គ្រាន់ វាស្ទើរតែស្មើនឹងគ្មានអ្វីសោះដែរ»។
លោកបានទទូចឱ្យធនាគារ និងនិយ័តករ ពិចារណាលើសមត្ថភាពជាក់ស្តែងរបស់អាជីវកម្ម មិនមែនត្រឹមតែទ្រព្យធានាប៉ុណ្ណោះទេ នៅពេលកំណត់អំពីលទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន និងការផ្តល់ការគាំទ្របន្ថែមទៀតដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ផងដែរ។
លោកស្រី នុត សម្ផស្ស ដែលជាស្ថាបនិកក្រុមហ៊ុន LSV Industry ជាក្រុមហ៊ុនផលិតផលិតផលប្រើប្រាស់ក្នុងផ្ទះ និងផលិតផលអនាម័យ នៅរាជធានីភ្នំពេញ បានឱ្យដឹងថា អាជីវកម្មដូចជាក្រុមហ៊ុនរបស់លោកស្រីត្រូវការទុនបន្ថែម ដើម្បីវិនិយោគឡើងវិញក្នុងក្រុមហ៊ុន នៅពេលអាជីវកម្មកំពុងរីកចម្រើន។
លោកស្រីបានលើកឡើងថា ក្រុមហ៊ុនផលិតត្រូវការដើមទុននៅគ្រប់ដំណាក់កាលទាំងបី គឺដំណាក់កាលមុនការផលិត ដំណាក់កាលផលិត និងដំណាក់កាលក្រោយការផលិត ដោយសារអាជីវកម្មត្រូវចំណាយប្រាក់លើវត្ថុធាតុដើម និងថ្លៃដើមផលិតកម្មជាមុន ខណៈពេលដែលការប្រមូលប្រាក់ទាំងនោះត្រឡប់មកវិញតាមរយៈការលក់ អាចត្រូវចំណាយពេលយូរ។
លោកស្រីបានប្រាប់ថា៖ «នៅពេលយើងចាប់ផ្តើមដំបូង យើងអាចផលិតទៅតាមលទ្ធភាពរបស់យើង ប៉ុន្តែនៅពេលយើងរីកចម្រើន យើងត្រូវសម្របខ្លួនទៅនឹងទីផ្សារ»។
ដូចគ្នានឹងលោក ហេម៉ា ដែរ លោកស្រី សម្ផស្ស បានអំពាវនាវឱ្យធនាគារដែលផ្តោតលើសហគ្រាសធុនតូច និងមធ្យម (SME) ពិចារណាឡើងវិញថា តើលក្ខខណ្ឌនៃការផ្តល់កម្ចីអាចជួយគាំទ្រដល់អាជីវកម្មខ្នាតតូចបានប្រសើរជាងមុនដែរឬទេ ដោយលោកស្រីបានបន្ថែមថា ទោះបីជាអត្រាការប្រាក់មានភាពប្រសើរឡើងជាងមុនបន្តិចក៏ដោយ ក៏អត្រានេះ នៅតែមានកម្រិតខ្ពស់ជាងបណ្តាប្រទេសជិតខាងនៅឡើយ។

យោងតាម ASEAN Briefing ជាទស្សនាវដ្តីជំនួញរបស់ក្រុមហ៊ុនប្រឹក្សាយោបល់ Dezan Shira & Associates ដែលមានប្រតិបត្តិការទូទាំងតំបន់អាស៊ីបានឱ្យដឹងថា សហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជាប្រហែល ៧៤ភាគរយ បានលើកឡើងថា តម្រូវការទ្រព្យបញ្ចាំសម្រាប់ធានាជាឧបសគ្គចម្បងក្នុងការទទួលបានប្រាក់កម្ចីនៅឆ្នាំ២០២៤។ លើសពីនេះ ជាងពាក់កណ្តាលក្នុងចំណោមអាជីវកម្មទាំងនោះក៏ខ្វះខាតឯកសារហិរញ្ញវត្ថុផ្លូវការផងដែរ ដែលធ្វើឱ្យធនាគារកាន់តែពិបាកក្នុងការវាយតម្លៃលើលទ្ធភាពសងប្រាក់កម្ចីរបស់ពួកគេ។
យោងតាមធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SMB Bank) ដែលជាធនាគាររបស់រដ្ឋបានឱ្យដឹងថា កម្ចីសម្រាប់អាជីវកម្មខ្នាតតូចនៅកម្ពុជា ជាទូទៅមានអត្រាការប្រាក់ចន្លោះពី ៦,៥ភាគរយ ទៅ ៨,៥ភាគរយ។
អត្រាការប្រាក់ដែលមានភាពសមរម្យជាងមុន កំពុងត្រូវបានផ្តល់ជូនតាមរយៈមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល ក្នុងទំហំទឹកប្រាក់ ២០លានដុល្លារអាមេរិក ដែលត្រូវបានដាក់ឱ្យដំណើរការកាលពីខែមុន ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា។ គាំទ្រដោយការធានាលើប្រាក់កម្ចីចំនួន ២,៥លានដុល្លារអាមេរិក កម្មវិធីនេះផ្តល់ជូននូវប្រាក់កម្ចីដល់អាជីវកម្មខ្នាតតូចនៅកម្ពុជា ក្នុងអត្រាការប្រាក់រហូតដល់៥,៥ភាគរយ ក្នុងមួយឆ្នាំ និងមានរយៈពេលសងរហូតដល់១០ឆ្នាំ។
ប៉ុន្តែ អាជីវកម្មក្នុងស្រុកខ្នាតតូចក៏កំពុងជួបការលំបាកក្នុងការប្រកួតប្រជែងជាមួយក្រុមហ៊ុនបរទេសធំៗផងដែរ។
ក្រុមហ៊ុនក្នុងស្រុកប្រឈមនឹងការប្រកួតប្រជែងមិនស្មើភាព
ទោះបីជាមានឱកាសដែលកើតចេញពីការបិទព្រំដែនក៏ដោយ ក៏លោកស្រី នុត សម្ផស្ស បានលើកឡើងថា អាជីវកម្មខ្នាតតូចនៅកម្ពុជានៅតែប្រឈមនឹងការប្រកួតប្រជែងខ្លាំងពីផលិតផលនាំចូល ដែលជាញឹកញាប់មានតម្លៃថោកជាង ដោយសារនៅបរទេស ការផលិតមានលក្ខណៈទ្រង់ទ្រាយធំ និងការចំណាយថ្លៃដើមទាប ។

ការបិទព្រំដែនគោកដែលបានអនុវត្តចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥មកនោះ ក៏បានបង្កការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ផងដែរ ជាពិសេសសម្រាប់រោងចក្រដែលមានម្ចាស់ជាជនបរទេស ដែលក្នុងនោះ រោងចក្រមួយចំនួនត្រូវបង្ខំចិត្តបិទទ្វារដោយសារតែផលប៉ះពាល់នេះ។
លោកស្រីបាននិយាយថា៖ «ទំនិញនាំចូលអាចត្រូវបានផលិតនៅកន្លែងដែលមានតម្លៃផលិតកម្មទាបជាង ខណៈដែលការផលិតរបស់យើងនៅទីនេះមានទ្រង់ទ្រាយតូចជាង ដែលធ្វើឱ្យថ្លៃដើមរបស់យើងខ្ពស់ជាង។ ដូច្នេះ ពួកគេអាចមានប្រៀបជាងយើង»។
លោកស្រីបានបន្ថែមថា ក្រុមហ៊ុនធំៗមានធនធានច្រើនជាងសម្រាប់ការធ្វើទីផ្សារ និងការទទួលបានទីតាំងដាក់តាំងលក់ផលិតផលដ៏ល្អជាង ដែលធ្វើឱ្យអ្នកផលិតខ្នាតតូចមានឱកាសតិចតួចក្នុងការផ្សព្វផ្សាយផលិតផលរបស់ពួកគេ។
លោកស្រី សម្ផស្ស បានបន្ថែមថា៖ «នៅពេលយើងឈានជើងចូលទីផ្សារ យើងត្រូវបានគេចាត់ទុកដូចជាគូប្រជែងដែលមានធនធានពេញលេញ។ ទីផ្សារមិនបានបន្ថយកម្រិតស្តង់ដាររបស់ខ្លួនសម្រាប់យើងនោះទេ»។ លោកស្រីបានបន្ថែមថា ក្រុមហ៊ុនធំៗមានលទ្ធភាពជួលទីតាំងដាក់តាំងបង្ហាញផលិតផលដែលមានភាពលេចធ្លោជាង ដែលធ្វើឱ្យអាជីវកម្មខ្នាតតូចមិនសូវទទួលបានការចាប់អារម្មណ៍ និងជួបការលំបាកក្នុងការប្រកួតប្រជែងដោយឈរលើមូលដ្ឋានស្មើភាពគ្នា។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ជម្លោះព្រំដែនបានផ្តល់ឱកាសកាន់តែច្រើនដល់ផលិតករកម្ពុជាលើទីផ្សារក្នុងស្រុក ប៉ុន្តែសហគ្រាសក្នុងស្រុកចាំបាច់ត្រូវកាត់បន្ថយថ្លៃដើមផលិតកម្ម លើកកម្ពស់គុណភាព និងកសាងទំនុកចិត្តពីអ្នកប្រើប្រាស់ ខណៈដែលរដ្ឋាភិបាលគួរផ្តល់ការគាំទ្របន្ថែមទៀតលើផ្នែកបច្ចេកទេស និងផ្នែកនីតិវិធី។
លោកមានប្រសាសន៍ថា៖ «អ្នកប្រើប្រាស់ទិញយកអត្ថប្រយោជន៍ មិនមែនគ្រាន់តែទិញផលិតផលប៉ុណ្ណោះទេ» ដោយលោកសង្កត់ធ្ងន់ថា ក្រុមហ៊ុនតូចៗក្នុងស្រុកត្រូវតែផ្តោតលើគុណភាព អនាម័យ និងសុវត្ថិភាព ជាជាងគ្រាន់តែបង្កើនបរិមាណផលិតផល។
ទំនិញក្លែងក្លាយក៏បានក្លាយជាបញ្ហាផងដែរ។ កាលពីខែកក្កដា អាជ្ញាធរបានរឹបអូសផលិតផលសាប៊ូស្ពៃក្លែងក្លាយជិត៧តោននៅក្នុងរាជធានីភ្នំពេញ ដោយបញ្ជាក់ថា ផលិតផលទាំងនោះមានប្រភពមកពីប្រទេសចិន និងប្រើប្រាស់ការវេចខ្ចប់ក្នុងស្រុក។

លោកស្រី សម្ផស្ស ដែលក្រុមហ៊ុនរបស់លោកស្រីជាអ្នកផលិតផលិតផលសុទ្ធ និងត្រឹមត្រូវតាមច្បាប់ បានរៀបរាប់ថា ការផលិតទំនិញក្លែងក្លាយនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ដែលអាចធ្វើឱ្យខូចទំនុកចិត្តរបស់អ្នកប្រើប្រាស់។ លោកស្រីបានអំពាវនាវឱ្យអាជ្ញាធរពង្រឹងវិធានការប្រឆាំងនឹងទំនិញក្លែងក្លាយ ដោយលើកឡើងថា អាជីវកម្មខ្នាតតូចជារឿយៗខ្វះធនធានក្នុងការតាមដានផលិតផលរបស់ខ្លួននៅលើទីផ្សារ។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងពាណិជ្ជកម្ម មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។
ទោះជាយ៉ាងណាក៏ដោយ លោក ហេម៉ា បានអះអាងថា អាជីវកម្មខ្នាតតូចមិនគួរប្រញាប់ប្រញាល់ពង្រីកអាជីវកម្ម គ្រាន់តែដើម្បីចាប់យកឱកាសនាពេលបច្ចុប្បន្ននោះទេ ប៉ុន្តែគួរតែផ្តោតលើការផលិតទំនិញដែលមានគុណភាព និងការកសាងទំនុកចិត្តអ្នកប្រើប្រាស់វិញ។ លោកបានបន្ថែមថា កម្ពុជានៅតែចាំបាច់ត្រូវកែលម្អការកែច្នៃវត្ថុធាតុដើម ហើយថា ការខ្វះខាតកម្លាំងពលកម្មជំនាញ និងអ្នកបច្ចេកទេសនៅតែជាឧបសគ្គ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodian Producers Ride Thai Boycott Wave, But Old Hurdles Remain










