សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

រដ្ឋាភិបាល​ត្រៀម​ខ្លួន​សម្រាប់​ការ​ចាកចេញ​ពី​ប្រទេស​​អភិវឌ្ឍន៍​តិច​តួច​ ខណៈ​មាន​ការ​បារម្ភពីការបាត់​បង់​ការងារ ​និងការធ្លាក់ចុះសេដ្ឋកិច្ច

ទិដ្ឋភាពទូទៅនៃទីក្រុងភ្នំពេញពីបឹងទន្លេសាប ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីងសំរោង)
ទិដ្ឋភាពទូទៅនៃទីក្រុងភ្នំពេញពីបឹងទន្លេសាប ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីងសំរោង)

កម្ពុជា​ត្រូវបានអង្គការ​សហ​ប្រជាជាតិ​អនុម័ត​សម្រាប់ការចាកចេញពី​ប្រទេស​មាន​ការ​អភិវឌ្ឍ​តិច​តួច (LDC) នៅ​ឆ្នាំ២០២៩ ដែល​ជា​សមិទ្ធិផល​ដ៏​សំខាន់​មួយ​ក្នុង​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​សង្គម​របស់​ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរនេះនាំមកនូវបញ្ហាប្រឈម រួមទាំងការដកអត្ថប្រយោជន៍សំខាន់ៗ ដូចជាការអនុគ្រោះកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការផ្តល់​ហិរញ្ញប្បទានសម្បទាន។ ដូច្នេះ​អ្នក​ជំនាញ​បាន​ស្នើ​ឱ្យកម្ពុជា​ធ្វើ​កំណែទម្រង់​ដើម្បី​ធានា​កំណើន​ប្រកប​ដោយ​ចីរភាព។

ប្រទេសកម្ពុជាបានចូលរួមក្នុងបញ្ជី LDC ក្នុងឆ្នាំ១៩៩១ ហើយបានបំពេញតាមលក្ខណៈវិនិច្ឆ័យ​ដើម្បីចាកចេញពីប្រទេសអភិវឌ្ឍតិចតួចកាលពីឆ្នាំ២០២១ និង ២០២៤។ ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចត្រូវបានវាយតម្លៃដោយផ្អែកលើប្រាក់ចំណូលជាតិសម្រាប់មនុស្សម្នាក់ៗ សន្ទស្សន៍ទ្រព្យធនមនុស្ស និងសន្ទស្សន៍ភាពងាយរងគ្រោះសេដ្ឋកិច្ច និងបរិស្ថាន។ ប្រទេសកម្ពុជាបានបំពេញតាមលក្ខណៈវិនិច្ឆ័យទាំងនេះកាលពីឆ្នាំមុន។

រដ្ឋាភិបាលបានស្នើសុំរយៈពេលរៀបចំប្រាំឆ្នាំ ដើម្បីធានាឱ្យមានការផ្លាស់ប្តូរដោយរលូន ដែលអង្គការសហប្រជាជាតិបានអនុម័ត ដោយលើកឡើងពីការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពរបស់កម្ពុជានូវវិធានការគាំទ្រអន្តរជាតិ រួមទាំងសិទ្ធិទទួលបានការអនុគ្រោះពាណិជ្ជកម្ម និងការរៀបចំកម្មសិទ្ធិបញ្ញា។

ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ កម្ពុជាត្រូវតែផ្តល់អាទិភាពដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រីកទីផ្សារ និងការអភិវឌ្ឍប្រកបដោយភាពធន់ ដើម្បីប្រកួតប្រជែងដោយគ្មានការគាំទ្រជាក់លាក់ពី LDC ។ កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ក៏បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់កំណែទម្រង់ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដើម្បីរក្សាកំណើនប្រកបដោយនិរន្តរភាពនៅក្នុងបរិយាកាសពិភពលោកដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

គណៈកម្មាធិការសម្រាប់គោលនយោបាយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិបានសរសេរថា៖ «កម្ពុជាត្រូវតែជំរុញទាំងផលិតផល និងការធ្វើពិពិធកម្មទីផ្សារ និងអភិវឌ្ឍសមត្ថភាពផលិតភាពដែលធន់នឹងការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច ដើម្បីអាចប្រកួតប្រជែងដោយគ្មានវិធានការគាំទ្រអន្តរជាតិជាក់លាក់របស់ប្រទេសអភិវឌ្ឍន៍តិចតួច»។

យោងតាមសេចក្ដីសង្ខេបគោលនយោបាយរបស់ UNDP ការចាកចេញពីប្រទេស LDC គឺជាសមិទ្ធិផលដ៏សំខាន់មួយ ប៉ុន្តែវាក៏មានន័យដែរថា ការដកជាបណ្តើរៗនូវអត្ថប្រយោជន៍សំខាន់ៗ ដូចជាការអនុគ្រោះកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងហិរញ្ញប្បទានសម្បទាន ដែលអាចប៉ះពាល់ដល់វិស័យនាំចេញសំខាន់ៗដូចជាសម្លៀកបំពាក់ អង្ករ និងកង់។

កសិករ​ច្រូត​ស្រូវ​នៅ​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៤។ (ខេមបូចា/ ព្រីង សំរោង)

នឹងស្នើសុំការអនុគ្រោះបន្ត

ការចាកចេញពីប្រទេស LDC នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យនាំចេញរបស់កម្ពុជា រួមទាំងសម្លៀកបំពាក់ អង្ករ និងកង់ទៅកាន់ទីផ្សារសហភាពអឺរ៉ុប (EU) និងប្រទេសកាណាដា។ ទីផ្សារ EU និងកាណាដាបានបង្កើតបាន ២៩,៤ភាគរយនៃការនាំចេញសរុបក្នុងឆ្នាំ២០២២ ជាមួយ​នឹងការនាំចេញសំខាន់ៗចំនួនបីទៅកាន់ទីផ្សារទាំងនេះស្មើនឹង ២៨,៦ភាគរយនៃការនាំចេញ​។

នៅពេលដែលកម្ពុជាចាកចេញពី LDC វានឹងប្រឈមមុខនឹងពន្ធនាំចេញខ្ពស់។ ទំនិញដូចជាកង់អាចកើនឡើងដល់ ១០,១ភាគរយ និង ១៤,៥ភាគរយសម្រាប់ឧបករណ៍កងពីរផ្សេងទៀត​។ ពន្ធ​នាំ​ចេញ​អង្ករ​នឹង​កើន​ពី​សូន្យ​ដល់១៧៩ដុល្លារ​ក្នុង​មួយ​តោន​សម្រាប់​អង្ករ​ធម្មតា និង ៦៦ ដុល្លារ​ក្នុង​មួយ​តោន​សម្រាប់​អង្ករ​បាក់។ ស្រដៀងគ្នានេះដែរ ការនាំចេញទៅកាន់ប្រទេសកាណាដានឹងមានការដំឡើងពន្ធដែលអាចឡើងដល់ ១៦,៤ភាគរយ សម្រាប់សម្លៀកបំពាក់ វាយនភ័ណ្ឌ និងស្បែកជើង។

គម្រោងវិភាគពាណិជ្ជកម្មសកលថាមវន្ត (GTAP) បានបញ្ជាក់ថា ការនាំចេញរបស់កម្ពុជាអាចធ្លាក់ចុះ ២,៤ភាគរយ ដែលអាចនាំឱ្យកាត់បន្ថយកំណើនផលិតផលក្នុងស្រុកសរុប (GDP) ២% និងការបាត់បង់ការងារ ១៦៨ ០០០ ដែលភាគច្រើនប៉ះពាល់ដល់អ្នកធ្វើការជាស្ត្រី។ កម្ពុជា​ក៏នឹងបាត់បង់អត្ថប្រយោជន៍ដូចជា ភាពបត់បែនរបស់អង្គការពាណិជ្ជកម្មពិភពលោក TRIPS និងការផ្តល់ហិរញ្ញប្បទាន ដែលវាអាចនឹងបង្កើនបន្ទុកបំណុលបន្ថែម។

កាល​លោក​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​ការ​ចាកចេញ​ពី​ LDC ព្រោះ​កម្ពុជា​អាច​នឹង​បាត់បង់​សិទ្ធិ​ទទួល​បាន​​អនុគ្រោះ។ ទោះជាយ៉ាងនេះក្តី លោកថា កម្ពុជានឹងបន្តស្នើសុំការអនុគ្រោះពីដៃគូអភិវឌ្ឍន៍។

UNDP ផ្តល់អនុសាសន៍ថា កម្ពុជាគួរតែផ្តោតលើការជំរុញការប្រកួតប្រជែង ការធ្វើពិពិធកម្មការនាំចេញ រក្សាការអនុគ្រោះពាណិជ្ជកម្ម និងការវិនិយោគលើការអភិវឌ្ឍបៃតង។ យុទ្ធសាស្ត្រផ្លាស់ប្តូរប្រកបដោយនិរន្តរភាព ការពង្រីកការការពារសង្គម និងការគាំទ្រសម្រាប់សហគ្រាសធុនតូច និងមធ្យម នឹងជួយកាត់បន្ថយផលប៉ះពាល់ពីការចាកចេញនេះ។

កម្មករ​ធ្វើ​ការ​នៅ​ការដ្ឋាន​សំណង់​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០២៣។ (ខេមបូចា/ ព្រីង សំរោង)

លទ្ធផលនៃកិច្ចប្រជុំពេញអង្គរបស់ទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៥ ត្រូវបានព្យាករណ៍ថានឹងកើនឡើងក្នុងអត្រា ៦,៣ភាគរយ ខណៈដែល GDP សម្រាប់មនុស្សម្នាក់ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ២ ៩២៤ដុល្លារ។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បានប្រាប់ សារព័ត៌មានខេមបូចា ថា កម្ពុជាបានត្រៀមខ្លួនរួចរាល់សម្រាប់ការចាកចេញពី LDC ដោយអនុវត្តកំណែទម្រង់សំខាន់ៗ។

លោក​បាន​បន្ត​ថា​៖ «​យើង​បាន​ត្រៀមហើយ​ តាមរយៈ​ការ​ពង្រឹង​បរិយាកាស​ធុរកិច្ច ​បង្កើន​ការ​ប្រកួត​ប្រជែង និង​ការ​វិនិយោគ ព្រមទាំងការ​កែទម្រង់នានា​»។ លោក​បន្ថែម​ថា កម្ពុជា​មាន​រយៈពេល​ច្រើន​ឆ្នាំ​ទៀត​ក្នុងការ​ត្រៀមខ្លួនសម្រាប់​ការ​ផ្លាស់ប្តូរ​។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា មិន​បាន​ឆ្លើយ​តប​ទេ។

ផលប៉ះពាល់ដែលជិតមកដល់

អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា (CATU) មានប្រសាសន៍ថា ការចាកចេញរបស់កម្ពុជាពី LDC អាចជះឥទ្ធិពលដល់វិស័យវាយនភណ្ឌក្នុងរយៈពេល៥ឆ្នាំខាងមុខ។ ជាមួយនឹងការដំឡើងពន្ធ រោងចក្រអាចនឹងផ្លាស់ប្តូរទីតាំង ដើម្បីជៀសវាងបន្ទុកពន្ធ ដែលនាំឱ្យបាត់បង់ការងារ។

ទាក់ទិននឹងពន្ធ អ្នកស្រីបានចាត់ទុកថា រោងចក្រទទួលបានអត្ថប្រយោជន៍ពីការលើកលែងពន្ធរយៈពេល១០ឆ្នាំនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែប្រសិនបើប្រទេសនេះដើរហួសពីស្ថានភាពនេះ នៅសល់តែរោងចក្រតិចតួចប៉ុណ្ណោះដោយសារតែការបិទទ្វារ ឬផ្លាស់ប្តូរទៅប្រទេសដែលមានគោលនយោបាយពន្ធអំណោយផលជាងនេះ។

អ្នកស្រីបានលើកឡើងថា៖ «ប្រសិនណាទៅមុខទៀត គេ[ក្រុមហ៊ុន] ចំណេញបានកាន់តែតិច ហើយគេបង់ពន្ធកាន់តែខ្ពស់ គេមិនចំណេញទេ។ ខ្ញុំគិតថាគេនឹងចាកចេញ គេមិនរកស៊ីបន្តទៀតទេចឹងហា»

អ្នកស្រីបានចង្អុលបង្ហាញថា ក្នុងវិស័យឧស្សាហកម្ម កម្មករនឹងបន្តប្រឈមមុខនឹងបញ្ហាប្រាក់ចំណូល និងឱកាសសិក្សា ខណៈដែលអតិផរណាទីផ្សារប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការកែលម្អសិទ្ធិ និងប្រាក់ឈ្នួលរបស់កម្មករ អ្នកស្រីបានកត់សម្គាល់ថា ទោះបីជាប្រាក់ឈ្នួលមានការកើនឡើងបន្តិចម្តងៗក៏ដោយ ប៉ុន្តែប្រាក់ឈ្នួលបច្ចុប្បន្ននៅតែមិនគ្រប់គ្រាន់សម្រាប់កម្មករក្នុងការចិញ្ចឹមគ្រួសាររបស់ពួកគេឱ្យបានគ្រប់គ្រាន់។ លោកស្រីបានអះអាងថា ការបង្កើនផលិតភាព និងការរៀបចំសម្រាប់កំណើនប្រកប​ដោយ​និរន្តរភាព និងរយៈពេលវែង ត្រូវតែជាអាទិភាព ដើម្បីជម្នះបញ្ហាប្រឈមទាំងនេះ។

កម្មករ​កាត់ដេរ​ជិះ​រថយន្ត​ដឹក​កម្មករ​ទៅ​រោងចក្រ​នៅ​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី២៧ ខែ​កក្កដា ឆ្នាំ​២០២៤។ (ខេមបូចា/ ព្រីង សំរោង)​

ឆ្លុះបញ្ចាំងពីបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការ លីកាដូ មានប្រសាសន៍ថា ការកើនឡើងនៃបំណុល បញ្ហាមីក្រូហិរញ្ញវត្ថុ និងវិវាទដីធ្លីធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាក។

យោងតាមការសិក្សានៃបំណុលខ្នាតតូចនៅក្នុងខេត្តកំពង់ស្ពឺដែលបានបោះពុម្ពកាលពីខែសីហា ឆ្នាំ២០២៣ ដោយអង្គការសិទ្ធិមនុស្សចំនួនពីរបានបង្ហាញថា ជាងពីរភាគបីនៃអ្នកខ្ចីមានអារម្មណ៍ថាគ្រួសាររបស់ពួកគេមានបន្ទុកដោយបំណុលយ៉ាងច្រើន។ ការប៉ាន់ប្រមាណថាពលរដ្ឋជាង៨០ភាគរយនៃខេត្តនេះមានប្រាក់កម្ចីយ៉ាងតិចមួយដែលបង្ហាញពីផលប៉ះពាល់យ៉ាងទូលំទូលាយនៃការជំពាក់បំណុល រួមទាំងការលក់ដីដោយបង្ខំ ពលកម្មកុមារ និងកាត់បន្ថយរបបអាហារ។

លោកបានថ្លែងថា​៖ «ប្រសិនជាយើងធ្វើម៉េចឲ្យកម្ពុជាយើងទៅជាប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សពេញលេញនឹងហា អាហ្នឹងកម្ពុជាយើងនឹងអាចមានការអភិវឌ្ឍលឿន។ ប្រសិនជានៅតែមានយើង មិនបានអនុវត្តឲ្យពេញលេញតាមលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សទេ អាហ្នឹងក៏ពាក់ព័ន្ធគ្នាជាមួយនឹងការអភិវឌ្ឍប្រទេសផងដែរ»

លោកបានបញ្ជាក់ថា ទោះបីជាកម្ពុជាទទួលបានអត្ថប្រយោជន៍ពីការអនុគ្រោះពន្ធលើគ្រប់មុខទំនិញ (EBA) របស់សហភាពអឺរ៉ុបក៏ដោយ ក៏ប្រទេសនេះប្រឈមនឹងការលំបាកនៅពេលដែលវាត្រូវបានកាត់បន្ថយ ២០ភាគរយក្នុងឆ្នាំ២០២០ ដោយសារការរំលោភសិទ្ធិមនុស្ស ដែលប៉ះពាល់ដល់ការនាំចេញសំខាន់ៗដូចជាសម្លៀកបំពាក់ និងស្បែកជើង។ ដូចគ្នាដែរ ប្រទេសកម្ពុជាបានបាត់បង់សិទ្ធិប្រើប្រាស់ប្រព័ន្ធអនុគ្រោះទូទៅ (GSP) របស់សហរដ្ឋអាមេរិក។

ត្រូវការពេលវេលាដើម្បីសម្របខ្លួន

បើ​និយាយ​ពី​ជំនួយ​បរទេស លោក សំអាត ​បាន​ចាត់​ទុក​ថា ជំនួយ​ពី​ប្រទេស​ដទៃ​មាន​តួនាទី​សំខាន់​ក្នុង​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ។

លោក សំអាត បន្ថែមថា៖ «វាជាការជួយមួយសម្រាប់ការជួយអភិវឌ្ឍន៍កម្ពុជាផងដែរ អ៊ីចឹងបើយើងបាត់បង់អាហ្នឹងក៏វាប៉ះពាល់ទៅនឹងការអភិវឌ្ឍការជំនួយមួយដែរ សម្រាប់កម្ពុជាយើងមានប្រទេសជាច្រើនដែលបានជួយក្នុងការអភិវឌ្ឍប្រទេស ទៅលើវិស័យអភិវឌ្ឍន៍ដូចជារឿងលើសុខភាព​ បរិស្ថាន អប់រំ»

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា ការវាយតម្លៃរបស់អង្គការសហប្រជាជាតិចំពោះកម្ពុជាពី LDC ថា ជា «កិត្តិយសដែលសក្តិសម»

លោកបានកត់សម្គាល់ថា ការចាកចេញរបស់កម្ពុជាពី LDC នាំមកនូវអត្ថប្រយោជន៍ និងបញ្ហាប្រឈម។ អត្ថប្រយោជន៍សំខាន់ៗរួមមាន ប្រតិបត្តិការអន្តរជាតិ ការវិនិយោគ និងទំនាក់ទំនងនយោបាយដែលប្រសើរឡើង ដែលមានសារៈសំខាន់សម្រាប់កំណើននាពេលអនាគត។

យ៉ាងណាក៏ដោយ លោកបានបន្ថែមថា កម្ពុជាអាចនឹងបាត់បង់ជំនួយអន្តរជាតិមួយចំនួន ហើយ​នៅតែត្រូវការហិរញ្ញប្បទានសម្រាប់គម្រោងសាធារណៈ។ រដ្ឋាភិបាល​ក៏​នឹង​ប្រឈម​នឹង​បន្ទុក​ហិរញ្ញវត្ថុ​កាន់តែ​ខ្ពស់​ដោយសារ​កម្ចី​ពាណិជ្ជកម្ម ដែល​ផ្ទុយ​ពី​កម្ចី​សម្បទាន​ដែល​មាន​លក្ខខណ្ឌ​អំណោយផល។

លោកបានលើកឡើងថា៖ «ប្រសិនចាប់ពីឆ្នាំ២០២៥ឡើងតទៅ យើងកាត់បន្ថយកម្ចី មានន័យថាយើងអត់កើតទេ ហើយវាចាស់ដដែល ចឹងយើងអាចធូរស្រាលបានមួយផ្នែកដែរ»

អាជីវករ​លក់​បន្លែ និង​ម្ហូប​អាហារ​ផ្សេងៗ​នៅ​ផ្សារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០២៥។ (ខេមបូចា/ ព្រីង សំរោង)

ម្ចាស់ហាងនំប៉័ងមួយនៅរាជធានីភ្នំពេញ អ្នកស្រី អ៊ូ ឧស្សាហ៍ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃម្ចាស់អាជីវកម្មក្នុងការសម្របខ្លួនទៅនឹងកាលៈទេសៈដែលផ្លាស់ប្តូរ និងផ្តល់អាទិភាពដល់ការអភិវឌ្ឍជាបន្តបន្ទាប់ ខណៈដែលប្រទេសកម្ពុជាកំពុងរៀបចំខ្លួនសម្រាប់ការផ្លាស់ប្តូរនេះ។

អ្នកស្រីជឿជាក់ថា ការកើនឡើងនៃការគាំទ្រសម្រាប់អាជីវកម្មអាចដើរតួយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅមុនពេលការផ្លាស់ប្តូរ។ លោកស្រីបានសង្កត់ធ្ងន់ថា អាជីវកម្មជាច្រើនត្រូវការពេលវេលាដើម្បីសម្របខ្លួន និងគ្រប់គ្រងប្រតិបត្តិការរបស់ពួកគេឱ្យមានប្រសិទ្ធភាព មុនពេលសម្រេចបាននូវនិរន្តរភាពដោយខ្លួនឯង។

អ្នកស្រីបាននិយាយថា៖ «អាជីវកម្មរបស់ខ្ញុំបច្ចុប្បន្ននេះ ខ្ញុំបត់បែងទៅតាមកាលៈទេសៈ ដែលវាមានការរីកចម្រើន ខ្ញុំចង់មានន័យថា យើងត្រូវរៀន ហើយនឹងត្រូវកែច្នៃគ្រប់ពេលវេលា»។ អ្នកស្រីបានបន្តថា ការធ្វើអាជីវកម្មមិនពឹងផ្អែកតែលើការលក់នៅហាងជាក់ស្តែងទៀតហើយ ប៉ុន្តែឥឡូវនេះក៏ពឹងផ្អែកខ្លាំងលើការលក់អនឡាញ។

អ្នកស្រី ឧស្សាហ៍ នៅតែមានសុទិដ្ឋិនិយមអំពីអនាគត ដោយបង្ហាញពីតម្រូវការសម្រាប់ការគាំទ្រពីរដ្ឋាភិបាលក្នុងការផ្តល់ចំណេះដឹង ជំនាញ និងការអប់រំដែលអាចប្រើប្រាស់បានសម្រាប់អ្នកជំនួញក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ អ្នកស្រីបានបន្តថា កិច្ចខិតខំប្រឹងប្រែងទាំងនេះនឹងជំរុញការផ្លាស់ប្តូរជាវិជ្ជមាន ផ្តល់ផលប្រយោជន៍ដល់ប្រជាជន និងជំរុញការអភិវឌ្ឍប្រកប​ដោយ​ចីរភាពនៅកម្ពុជា៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Gov’t Prepares for Least Developed Country Exit Amid Job Loss, Economic Concerns

477 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម