សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សញ្ញាបណ្ណបៃតងឈានដល់បន្ទាត់ក្រហម៖ វិបត្តិមីក្រូហិរញ្ញវត្ថុនៅកម្ពុជាកាន់តែមានភាពចម្រូងចម្រាស ស្របពេលកម្ពុជាទទួលបានការជំរុញឱ្យមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព

កសិករនៅខេត្តរតនគិរី ប្រទេសកម្ពុជាប្រឈមនឹងបំណុលវ័ណ្ឌកពីកម្ចីមីក្រូហិរញ្ញវត្ថុ ខណៈដែលមានការរាយការណ៍ថាអ្នកខ្ចីប្រាក់រងការគំរាមកំហែងពីមន្ត្រីឥណទានពីស្ថាប័នមីក្រូហិរញ្ញវត្ថុ នានាដូចជា LOLC Cambodia ជាដើម។​ (រូបភាពដោយ៖ John Brown / Alamy)
កសិករនៅខេត្តរតនគិរី ប្រទេសកម្ពុជាប្រឈមនឹងបំណុលវ័ណ្ឌកពីកម្ចីមីក្រូហិរញ្ញវត្ថុ ខណៈដែលមានការរាយការណ៍ថាអ្នកខ្ចីប្រាក់រងការគំរាមកំហែងពីមន្ត្រីឥណទានពីស្ថាប័នមីក្រូហិរញ្ញវត្ថុ នានាដូចជា LOLC Cambodia ជាដើម។​ (រូបភាពដោយ៖ John Brown / Alamy)

នៅពេលដែល លោក​ ដាវុធ បង់ប្រាក់កម្ចីមីក្រូហិរញ្ញវត្ថុមិនទាន់ពេលវេលា កាលពីដើមឆ្នាំនេះ មានមន្ត្រីឥណទានម្នាក់តែងតែទៅផ្ទះរបស់គាត់ នៅខេត្តរតនគិរីសឹងតែរាល់ថ្ងៃ។ លោក​ឱ្យដឹងថា មន្ត្រី​រូប​នោះ​បាន​ដាក់​សម្ពាធមកលើរូបលោក​ឲ្យ​​ខ្ចី​ប្រាក់​ពី​អ្នក​ដទៃទៀត ឬ​លក់​ដី​ស្រែ​ចម្ការ​របស់​គាត់ ដែល​ជា​ប្រភព​ចំណូលចម្បងតែមួយគត់ សម្រាប់ចិញ្ចឹម​ជីវិត​​របស់​លោក ដើម្បីយកទៅបង្គ្រប់ចំនួនបង់សងធនាគារ។

លោក ដាវុធ ជនជាតិដើមភាគតិច កាចក់ បានរៀបរាប់កាលពីខែសីហាថា៖​ «ខ្ញុំឆ្លើយប្រាប់គេថា ប្រសិនបើខ្ញុំលក់ដីចម្ការរបស់ខ្ញុំ ដែលជាចម្ការដាំស្វាយចន្ទី និងដំឡូងមីរបស់ខ្ញុំ ខ្ញុំសុខចិត្តស្លាប់ប្រសើរជាង»។  គាត់​បាន​សុំប្រើ​ឈ្មោះ​ក្លែងក្លាយ​ដោយ​ខ្លាច​មាន​ការគំរាមកំហែង។

លោក​បាន ឱ្យដឹងទៀតថា មន្ត្រី​ឥណទាន​តំណាង​ឲ្យ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ LOLC Cambodia បាន​គំរាម​កំហែង និង​បំភិត​បំភ័យ​រូបលោក ​រហូត​ដល់​រូបលោកប៉ុនប៉ង​ធ្វើ​អត្តឃាត​ជាលើក​ដំបូង​នា​ខែ​មីនា។ លោកថា ប្រពន្ធ​របស់លោក ​បាន​ជួយ​អន្តរាគមន៍​ទាន់​ពេល​វេលា​ដើម្បី​សង្គ្រោះ​ជីវិត​គាត់។

ជាក់ស្ដែង ដាវុធ មិនមែន​ជា​បុគ្គលតែម្នាក់ ដែល​រាយការណ៍​ពី​ការ​គំរាម​កំហែង​បែប​នេះ​ទេ។ បច្ចុប្បន្ននេះគ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ LOLC កំពុងស្ថិតក្រោមការស៊ើបអង្កេតដោយអ្នកឃ្លាំមើលរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ជុំវិញការអនុវត្តការផ្តល់ប្រាក់កម្ចីបែបកេងប្រវ័ញ្ច ដូចដែល Dialogue Earth ធ្លាប់បានរាយការណ៍ពីមុនម្ដងរួចមកហើយ។

ទោះបីជាមានការចោទប្រកាន់ទាំងនេះក៏ដោយ ក៏នៅក្នុងខែមិថុនា LOLC ត្រូវបានជ្រើសរើសសម្រាប់កម្មវិធី «ពន្លឿនសញ្ញាបណ្ណបៃតងប្រកបដោយនិរន្តរភាពនៅកម្ពុជា» ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយដល់ការចេញបណ្ណមូលប័ត្របំណុលប្រកបដោយនិរន្តរភាពនៅលើទីផ្សារភាគហ៊ុនកម្ពុជា។ សញ្ញាបណ្ណបៃតង ដែលត្រូវបានគេអនុម័ត្តតាមរយៈកម្មវិធីនេះ ឥឡូវនេះស្ថិតនៅក្នុងដំណាក់កាលទីពីររបស់ខ្លួនហើយ ដែលកម្មវិធីនេះមានបំណងផ្តល់មូលនិធិហិរញ្ញវត្ថុដល់គម្រោងផ្សេងៗដូចជារោងចក្រថាមពលពន្លឺព្រះអាទិត្យ និងអគារបៃតងជាដើម។

LOLC គ្រោងនឹងចេញសញ្ញាបណ្ណបៃតងប្រកបដោយនិរន្តរភាព ដែលមានទឹកប្រាក់ចំនួន៥០ លានដុល្លារសម្រាប់គម្រោង «បៃតង» និង«សង្គម» គាំទ្រដោយដៃគូនានាដូចជាគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (UNESCAP)។ ខណៈពេលដែល UNESCAP ដើមឡើយធ្លាប់ព្យាយាមបន្ធូរបន្ថយបន្ទុកបំណុលរបស់អ្នកខ្ចីប្រាក់នៅកម្ពុជា ឥឡូវនេះបែរជាកំពុងគាំទ្រដល់ស្ថាប័ន ដែលរងការចោទប្រកាន់ពីការផ្តល់ប្រាក់កម្ចីបែបកេងប្រវ័ញ្ច ​និងធ្វើឱ្យអ្នកខ្ចីជំពាក់បំណុលវ័ណ្ឌកនេះទៅវិញ។

UNESCAP បានបដិសេធមិនធ្វើការអត្ថាធិប្បាយនៅពេលដែល Dialogue Earth ស្នើសុំការឆ្លើយតបពាក់ព័ន្ធនឹងករណីខាងលើ។ ដៃគូកម្មវិធីពីរផ្សេងទៀត គឺនិយតករមូលបត្រកម្ពុជា និងវិទ្យាស្ថានកំណើនបៃតងសកល (Global Green Growth) មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយដូចគ្នា។

ដាវុធ ដឹង​តាំងពីដំបូងមកម្ល៉េះថា នឹងមានការ​គំរាម​កំហែង​ផ្នែក​បរិស្ថាន​មកលើកសិករ​កម្ពុជា ស្របពេលដែលប្រទេសកម្ពុជាកំពុង​ប្រឈម​​នឹង​ការ​ធ្លាក់​ភ្លៀង​កាន់តែ​​ខ្លាំង​ដោយ​មិន​អាច​ទាយ​ទុក​មុន​បាន ហើយ​ទឹក​ជំនន់ និង​គ្រោះ​រាំង​ស្ងួត​ក៏ជាកត្តាដែលធ្វើឲ្យកសិករកម្ពុជាប្រឈមធ្ងន់ធ្ងរផងដែរ។ លោកថា​ លោក​មិន​មាន​សុទិដ្ឋិនិយមទេថា ​ដំណាំ​របស់លោកឆ្នាំ​នេះ​នឹងទទួលបានផលគាប់ប្រសើរ។ លោក​បាន​បន្តត្អូញត្អែរ​ថា​៖ «​ប្រសិន​បើ​ការ​ប្រែប្រួល​អាកាសធាតុ​នាំ​ឱ្យ​មាន​ការ​ប្រមូល​ផល​មិន​ល្អ ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​នឹង​សង​ប្រាក់​កម្ចី​របស់​ខ្ញុំ​ដោយ​របៀប​ណា​នោះ​ទេ»

មីក្រូហិរញ្ញវត្ថុត្រូវបានរៀបចំឡើងដើម្បីផ្ដល់សេវាហិរញ្ញវត្ថុពីវិស័យធនាគារ ដើម្បីឲ្យប្រជាជនចាកចេញពីភាពក្រីក្រ និងបង្កើនប្រាក់ចំណូល។ ផ្ទុយ​ទៅ​វិញ សម្រាប់ ដាវុធ និង​មនុស្ស​ជា​ច្រើន​នាក់​ទៀត វាបាន​ក្លាយ​ជា​អន្ទាក់សម្រាក់ពួកគេទៅវិញទេ។  ដាវុធ បន្តរៀបរាប់ទាំងស្តាយស្រណោះថា៖ «ខ្ញុំមានអារម្មណ៍អស់សង្ឃឹមចំពោះបំណុលនេះ។ ខ្ញុំ​មិន​អាច​ចិញ្ចឹម​គ្រួសារ​បាន​ល្អ​ទេ  ព្រោះ​លុយទាំងអស់ដែលខ្ញុំរកបានគឺដើម្បីតែសងប្រាក់កម្ចីធនាគារប៉ុណ្ណោះ»។

មីក្រូហិរញ្ញវត្ថុនៅកម្ពុជា៖ ជាប្រវត្ថិដ៏អាក្រក់មួយ

កម្ពុជាជាប្រទេស ដែលមានប្រជាជនជាប់បំណុលមីក្រូហិរញ្ញវត្ថុខ្ពស់ជាងគេក្នុងពិភពលោក ខណៈអ្នកខ្ចីនៅទូទាំងប្រទេសបានធ្លាក់ខ្លួនជាជនរងគ្រោះដោយសារការអនុវត្តការផ្តល់ប្រាក់កម្ចីបែបកេងប្រវ័ញ្ច។ អ្នកស្រាវជ្រាវ និងអង្គការក្រៅរដ្ឋាភិបាលបានចងក្រងជាឯកសារ ពាក់ព័ន្ធករណី ដែលមន្ត្រីឥណទានដាក់សម្ពាធឲ្យអ្នកខ្ចីលក់ដីរបស់ពួកគេ ឬទទួលយកប្រាក់កម្ចីដែលមានការប្រាក់ខ្ពស់ពីអ្នកដទៃទៀត ដើម្បីយកទៅបង្គ្រប់ចំនួនបង់សងធនាគារ។ ប្រជាជនកម្ពុជាដែលជំពាក់បំណុលគេជាច្រើនបានចាកចេញពីភូមិឋានទៅធ្វើការនៅទីក្រុង ឬប្រទេសផ្សេងៗ ខណៈដែលក្មេងៗខ្លះបង្ខំចិត្តបោះបង់ការសិក្សា។ គ្រួសារពួកគេទៀតសោតក៏បានកាត់បន្ថយរបបអាហារ ដើម្បីតែសន្សំលុយទុកសងបំណុលគេប៉ុណ្ណោះ។

ខណៈពេលដែលការរិះគន់ផ្ទុះកើនឡើង ស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងនេះ ហាក់កំពុងផ្លាស់ប្តូរជំហររបស់ពួកគេ ដោយឥឡូវនេះ ដើរតួជាភ្នាក់ងារនៃកម្មវិធី ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុវិញ។ មានចំណុចស្នូលមួយ ដែលគេមើលឃើញថា វាស្របគ្នានឹងនិន្នាការកាន់តែទូលំទូលាយនៅក្នុងវិស័យហិរញ្ញវត្ថុ និងការអភិវឌ្ឍ ដោយស្ថាប័ននានាដូចជាអង្គការសហប្រជាជាតិ និងធនាគារពិភពលោកបានដាក់ចេញនូវកម្មវិធីសញ្ញាបណ្ណបៃតងនេះ។ធនាគារអភិវឌ្ឍន៍អាស៊ី ដែលមូលធនអាណត្តិព្យាបាលភាពរបស់ខ្លួន ជាដៃគូក្នុងកម្មវិធីពន្លឿនសញ្ញាបណ្ណបៃតងរបស់កម្ពុជា បានចាត់ទុកខ្លួនឯងថា ជា«ធនាគារអាកាសធាតុនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក»។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានឆក់យកឱកាសនេះ ដោយប្រើប្រាស់សញ្ញាបណ្ណបៃតង ជាមធ្យោបាយថ្មីមួយក្នុងការផ្តល់មូលនិធិដល់ប្រតិបត្តិកររបស់ពួកគេ ខណៈពេលដែលខ្លួនសន្យាថា នឹងប្តេជ្ញាចិត្តខ្ពស់ចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

លោក Laurie Parsons សាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកភូមិសាស្ត្រមនុស្សនៅ Royal Holloway នៃសាកលវិទ្យាល័យឡុងដ៍បានឱ្យដឹងថា៖ «របៀបវារៈនៃគម្រោងបៃតង និងការប្រែប្រួលអាកាសធាតុគឺជាប្រភទកម្មវិធីមួយ ដែលផ្ដល់ការគាំទ្រ ក៏ដូចជាជម្រុញបន្ថែមទៀតដល់ស្ថាប័នទាំងនេះ។ ពួកគេ​អាច​លាង​សម្អាត​​ប្រតិបត្តិការ​កក្វក់របស់​ពួកគេ ហើយ​លក់​វា​ឡើងវិញ​ជា​ទម្រង់​នៃ​ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ​»​

លោក Parsons ព្រមានថា សញ្ញាបណ្ណបៃតងដែលអនុម័តដោយស្ថាប័នមីក្រូហិរញ្ញវត្ថុអាចជំរុញការអនុវត្តការផ្តល់ប្រាក់កម្ចីបែបកេងប្រវ័ញ្ចដូចគ្នាដដែល រួមទាំងការគំរាមកំហែង និងការបំភិតបំភ័យពីមន្ត្រីឥណទានជាដើម។

លោកលើកឡើងជាចម្ងល់ថា៖ «តើស្ថាប័នទាំងនេះបន្តរីកចម្រើនដោយរបៀបណា នៅពេលដែលមនុស្សគ្រប់រូបនៅក្នុងប្រទេសកម្ពុជាជំពាក់បំណុលវ័ណ្ឌកពីប្រាក់កម្ចីធនាគារ ស្របពេលប្រទេសកម្ពុជាក៏មានចំនួនប្រជាជនដែលជំពាក់បំណុលគេច្រើនជាងគេបំផុតមួយក្នុងពិភពលោករួចហើយនោះ»?  លោកបន្តថា៖ «ខ្ញុំមិនដឹងច្បាស់ទេថា ស្ថាប័នទាំងនេះនឹងគ្រប់គ្រងដោយរបៀបណា ដើម្បីស្វែងរកការប្រើប្រាស់មូលបត្រនោះឲ្យសមស្រប ដោយមិនប្រើយុទ្ធសាស្ត្រកេងប្រវ័ណ្ឌ ខណៈដែលពួកគេតែងតែរងការចោទប្រកាន់ក្នុងវិស័យកម្ចីមីក្រូហិរញ្ញវត្ថុ»

ស្រីណា (ឈ្មោះត្រូវបានដាក់ឱ្យ) ជាអ្នកភូមិម្នាក់ទៀតមកពីខេត្តរតនគិរី និយាយថា អ្នកស្រីកំពុងប្រឈមមុខនឹងការគំរាមកំហែងស្រដៀងគ្នាដែរ ពីមន្ត្រីឥណទាន LOLC កាលពីខែកក្កដាកន្លងទៅ។ បន្ទាប់ពីអ្នកស្រីខកខានបង់ការប្រាក់ ពេលដែលដំណាំសណ្តែករបស់អ្នកស្រីរងការបំផ្លិចបំផ្លាញដោយសារជំនន់ភ្លៀងធ្លាក់ខ្លាំង មន្ត្រីឥណទានម្នាក់បានមកដល់ផ្ទះអ្នកស្រី ហើយបិទលិខិតព្រមានមួយនៅនឹងជញ្ជាំងផ្ទះ ដែលអ្នកស្រីរស់នៅជាមួយប្តី និងកូនបួននាក់។ មន្ត្រី​ឥណទាននោះបាន​ជំរុញឲ្យអ្នកស្រី​លក់​ដី​ចម្ការ ដែល​ជា​ទ្រព្យ​សម្បត្តិ​តែ​មួយ​គត់​ ដែលអ្នកស្រី​នៅ​សេសសល់ និងទុកដាំដំណាំ សម្រាប់តែលក់យកលុយ ដើម្បី​ដោះ​បំណុលនោះ។

អ្នកស្រី ស្រីណា ឈរ​នៅ​មុខ​ផ្ទះ​អ្នកស្រី នៅ​ខេត្ត​រតនគិរី ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ហើយជាកន្លែងមន្ត្រី​ឥណទានបានបិទលិខិតព្រមានឲ្យបង់ប្រាក់។ (រូបភាព៖ Leila Goldstein)
វាលស្រែរបស់ រចំ សាំង ដែលមានចម្ការស្វាយចន្ទីពីចម្ងាយ។ លោក សាំង បាននិយាយថា ប្រាក់កម្ចីពីមីក្រូហិរញ្ញវត្ថុបានធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងភូមិរបស់លោកត្រូវជំពាក់បំណុលវ័ណ្ឌក។ (រូបភាព៖ Leila Goldstein)

អ្នកស្រីឲ្យដឹងទៀត​ថា​៖ «​គេ​ថែម​ទាំង​ប្រាប់​ខ្ញុំ​ឲ្យ​ឈប់​បញ្ជូន​កូន​ទៅ​សាលា​ទៀត​ផង។ ខ្ញុំថា ទោះ​ខ្ញុំ​ក្រ​ក៏​ខ្ញុំ​​លះបង់​ដើម្បី​ការ​សិក្សា​របស់​កូនខ្ញុំដែរ»។

ដោយសារតែមិនអាចទ្រាំទ្រនឹងសម្ពាធទាំងនេះបាន ប្ដីអ្នកស្រីបានចុះហត្ថលេខាលើឯកសារកម្ចីថ្មី​ កាលពីខែកក្កដា ដែលកត្តានេះធ្វើឲ្យគ្រួសារអ្នកស្រីជាប់បំណុលធនាគារកាន់តែជ្រៅ។ អ្នកស្រី ស្រីណា ត្អូញត្អែ​ថា​៖ «​យើង​ចំណាយ​ពេលស្ទើរតែ​ទាំង​អស់​ដើម្បី​រក​ប្រាក់​ដើម្បី​សង​បំណុល​។ ពួកយើងពិតជាទាល់មែនទែន»

រឿងរ៉ាវរបស់អ្នកស្រី ស្រីណា មិនមែនកើតឡើងចំពោះតែអ្នកស្រីទេ។ មន្ត្រីឥណទានរបស់មីក្រូហិរញ្ញវត្ថុ LOLC ក៏រងការចោទប្រកាន់ពីការដាក់សម្ពាធ និងគំរាមកំហែងឲ្យអ្នកសងប្រាក់មិនទាន់ លក់ដីរបស់ពួកគេដែរ។ ជាឧទាហរណ៏ស្រាប់ មានកូនបំណុលម្នាក់ត្រូវបានគេរាយការណ៍ថា បានសម្លាប់ខ្លួនដោយការធ្វើអត្តឃាត បន្ទាប់ពីមន្រ្តីឥណទានជារឿយៗបង្ខិតបង្ខំឲ្យរូបលោកយកប្រាក់កម្ចីបន្ថែម ដើម្បីសងផ្ដាច់បំណុល ដែលលោកសងមិនទាន់រួចនោះ។ ជាការឆ្លើយតបទៅនឹងការចោទប្រកាន់ទាំងនេះ Cerise+SPTF ដែលជាស្ថាប័នបង្កើតស្តង់ដារអន្តរជាតិ បានស្នើសុំឱ្យមានការដាក់ស្តង់ដារបញ្ជាក់ការការពារអតិថិជនរបស់ LOLC ស្ថិតក្រោមការត្រួតពិនិត្យឡើងវិញ។

ឆ្លើយតបតាមសារអ៊ីម៉ែល អ្នកនាំពាក្យរបស់ LOLC Cambodia លើកឡើងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរបស់ខ្លួនមាន «យន្តការដោះស្រាយបណ្តឹងអតិថិជនដែលរឹងមាំ និងប្រព័ន្ធសវនកម្មផ្ទៃក្នុង ដែលអះអាងថាមិនធ្លាប់ជួបប្រទះការចោទប្រកាន់ពីអតិថិជន លើករណីគំរាមកំហែងនេះ»។ អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​បន្ថែម​ថា ធនាគារ​ជាតិ​នៃ​កម្ពុជា និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា ក៏​មាន​យន្តការ​ដូចគ្នា​ដែរ។ លោក​កត់​សម្គាល់​ថា​«ដោយសារ​ហេតុ​ផល​នេះ យើង​មាន​អំណះអំណាងគ្រប់គ្រាន់ក្នុងការបដិសេធការចោទប្រកាន់ទាំងនេះ»។ លោកបន្តថា៖ «​វា​មិន​​ឆ្លុះ​បញ្ចាំង​ពី​បទ​ពិសោធន៏ប្រើប្រាស់សេវាកម្ចី​របស់​អតិថិជន​របស់​យើង​​នោះ​ទេ»។

កម្មករ​រៀបចំ​ប្រមូល​ផល​ដំឡូងមី​សម្រាប់​ដឹក​ជញ្ជូន​ទៅ​ទីកាន់ផ្សារ។ កសិករខ្នាតតូចជាច្រើនយកប្រាក់កម្ចីខ្នាតតូចដើម្បីផ្តល់ហិរញ្ញប្បទានដល់ផលិតកម្មកសិកម្ម ដោយប្រើប្រាស់ដីរបស់ពួកគេជាវត្ថុបញ្ចាំ។ (រូបភាព៖ ហេង ស៊ីនិត / ទីភ្នាក់ងារសារព័ត៌មាន AP / Alamy)

​សញ្ញាបណ្ណបៃតង​ហាក់អាប់អួដោយភាព​ចម្រូងចម្រាស

ក្រុមហ៊ុន​ផ្សេង​ទៀត​ ដែល​ចូល​រួម​ក្នុង​កម្មវិធី​សញ្ញាបណ្ណ​បៃតង​របស់​កម្ពុជា​ក៏​ស្ថិតក្នុង​ភាព​ចម្រូង​ចម្រាស​ដែរ។ អម្រឹត ភីអិលស៊ី (Amret PLC ) ដែលត្រូវបានជ្រើសរើសក្នុងឆ្នាំ២០២៣ ដើម្បីបោះផ្សាយមូលបត្របំណុលប្រកបដោយនិរន្តរភាព ក្នុងរង្វង់ទឹកប្រាក់ប្រមាណ៥០លាន​ដុល្លារ ក៏ស្ថិតនៅក្រោមការស៊ើបអង្កេតដោយអ្នកឃ្លាំមើលរបស់ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ផងដែរ។ ប្រធានក្រុមហ៊ុនអចលនទ្រព្យ Golden Tree Co. ដែលបានទទួលការគាំទ្រសម្រាប់គម្រោងបៃតង ដែលមានតម្លៃ២៥លានដុល្លារត្រូវបានចាប់ខ្លួនពីបទក្លែងបន្លំសាច់ប្រាក់កាលពីខែសីហាទាក់ទងនឹងមូលនិធិវិនិយោគ ពេលដែលលោកបម្រើការជាសមាជិកក្រុមប្រឹក្សាភិបាល។ លើសពីនេះ សហគ្រាសចំនួនពីរនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបកម្ពុជា គឺធនាគារវីង និងរ៉ូយ៉ាល់គ្រុបភ្នំពេញ SEZ ក៏ទទួលបានការគាំទ្រសម្រាប់សញ្ញាបណ្ណបៃតង ក្នុងទឹកប្រាក់ចំនួន ៦០ លានដុល្លារផងដែរ។ គួរបញ្ជាក់ផងដែរថា ឧកញ៉ា គិត ម៉េង ម្ចាស់ក្រុមហ៊ុន Royal Group ជាប់ពាក់ព័ន្ធការកាប់ឈើខុសច្បាប់ និងបំផ្លាញបរិស្ថានជាច្រើននៅកម្ពុជា។

អង្គការក្រៅរដ្ឋាភិបាលដូចជា លីកាដូ និងសមធម៌កម្ពុជា ក៏បានដាក់ពាក្យបណ្តឹងទៅស្ថាប័នឃ្លាំមើលរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ក្នុងឆ្នាំ ២០២២ ដោយចោទប្រកាន់ស្ថាប័នមីក្រូហិរញ្ញវត្ថុចំនួនប្រាំមួយ រួមមាន LOLC និងអម្រឹត ពីបទចូលរួមក្នុងការអនុវត្តការផ្តល់ប្រាក់កម្ចីបែបកេងប្រវ័ញ្ច រួមមានពាក់ព័ន្ធនឹងការបង្ខិតបង្ខំ និងការគំរាមកំហែងជាដើម។ ការស៊ើបអង្កេតដំបូងរបស់អង្គការឃ្លាំមើលបានរកឃើញ «ការចង្អុលបង្ហាញគ្រោះថ្នាក់កម្រិតដំបូង» ប៉ុណ្ណោះដល់អ្នកខ្ចីប្រាក់។

ទោះបីស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងនោះរងការស៊ើបអង្កេតយ៉ាងណាក៏ដោយ ក៏មន្ត្រីជំនាញមួយចំនួននៅតែអះអាងថា គម្រោងហិរញ្ញវត្ថុបៃតងនឹងផ្តល់នូវផ្លូវឆ្ពោះទៅមុខ។ លោក Munho Choi អ្នកឯកទេសវិនិយោគជាន់ខ្ពស់នៅផ្នែកធានាឥណទាន និងការវិនិយោគ (CGIF ) របស់ ធនាគារ ADB ដែលជាដៃគូក្នុងកម្មវិធីសញ្ញាបណ្ណបៃតងបានទទួលស្គាល់ការស៊ើបអង្កេតនេះ ប៉ុន្តែលោកបានលើកឡើងថា CGIF បានសម្រេចចិត្តចូលរួមដោយសារតែផែនការចម្បងរបស់ CGIF  គឺការផ្តល់ការធានាដល់មូលបត្របំណុលបៃតង និងសង្គម។

លោក​បាន​បន្តលើកឡើង​ថា​៖ «​គោលបំណង​សំខាន់​សម្រាប់​កម្មវិធី​នេះ​គឺ​ដើម្បី​គាំទ្រ​ដល់​ការចេញ​បណ្ណបំណុល​បៃតង​ឬការធានាឲ្យបាននូវមូលប័ត្របំណុលដែលមាន​និរន្តរភាព​នៅ​កម្ពុជា​​នាពេល​អនាគត​»​។ ពិតណាស់ ប្រសិនបើយើងផ្តល់ការធានា យើងត្រូវបំពេញវិធានត្រូវបានអនុវត្តលើបញ្ហាទាំងនេះ ក៏ដូចជាផ្នែកនៃដំណើរការរបស់យើងដែរ»។

GuarantCo ​ដែលជាដៃគូសហការក្នុងកម្មវិធីគម្រោងបៃតង បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុងផ្តល់ការគាំទ្រការកសាងផ្នែកបច្ចេកទេស និងអាចផ្តល់នូវការធានាឥណទានសម្រាប់មូលបត្របំណុលដែលបានចេញ ដែលនឹងត្រូវអនុវត្តវិធានត្រូតពិនិត្យឲ្យបានហ្មត់ចត់ គណៈកម្មាធិការឥណទាន និងការអនុម័តផ្ទៃក្នុងផ្សេងទៀត។ GuarantCo ជាស្ថាប័នផ្តល់មូលនិធិ ដោយរដ្ឋាភិបាលនៃចក្រភពអង់គ្លេស ស្វីស ស៊ុយអែត ហូឡង់ អូស្ត្រាលី កាណាដា និងបារាំង តាមរយៈស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍ និងបរធនបាលកិច្ចផ្សេងៗជាច្រើនទៀតរបស់ពួកគេ។ GuarantCo  បដិសេធមិនឆ្លើយតបទៅនឹងសំណួរបន្ថែមនោះទេ។

ឆ្លើយតបតាមសារអ៊ីម៉ែល អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី មានប្រសាសន៍ថា សមាគមមិនមានការលើកលែងចំពោះស្ថាប័នមីក្រូហិរញ្ញវត្ថុណាដែលប្រព្រឹត្ត​ខុស​។ លោកថា​ សមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ត្រូវតែគោរពតាមក្រមសីលធម៌ និងគោលការណ៍ណែនាំស្តីពីការផ្តល់ប្រាក់កម្ចី។ លោកបានបន្ថែមថា LOLC ទទួលបានវិញ្ញាបនបត្រមាសក្នុងការការពារអតិថិជន ដោយការនេះបានបង្ហាញពី «ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះស្តង់ដារអន្តរជាតិ ជាមួយនឹងការគ្រប់គ្រងការអនុវត្តសង្គមដ៏រឹងមាំ រួមទាំងគោលការណ៍ការពារអតិថិជនផងដែរ»។

អ្នកស្រាវជ្រាវខ្លះបានជំរុញឲ្យសហគមន៍អភិវឌ្ឍន៍អន្តរជាតិឱ្យផ្លាស់ប្តូរពីការផ្ដល់ហិរញ្ញវត្ថុផ្អែកលើអាកាសធាតុ ទៅជាការផ្ដល់ជំនួយផ្នែកថវិកាជាជាងកម្ចី។ ពួកគេណែនាំឱ្យផ្តល់មូលនិធិដល់សហជីពឥណទានដែលគ្រប់គ្រងដោយសមាជិក ឬធនាគារអភិវឌ្ឍន៍សហគមន៍ដែលជាកម្មសិទ្ធិសាធារណៈ ដែលសហគមន៏ទាំងនោះធ្លាប់មានកំណត់ត្រាលើការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព។

ទោះបីជាកម្មវិធីសញ្ញាបណ្ណបៃតងត្រូវបានអនុម័តឡើង ដើម្បីគាំទ្រគម្រោង ដែលផ្ដល់អត្ថប្រយោជន៍ផ្នែកបរិស្ថាន និងសង្គមក៏ដោយ មនុស្សជាច្រើននៅតែមានមន្ទិលសង្ស័យពីសក្តានុពលរបស់វាក្នុងការជួយគាំទ្រដល់គម្រោងបៃតង។ លោក រចំ សាំង តំណាងសហគមន៍មកពីខេត្តរតនគិរីបានលើកឡើងថា កម្ចីមីក្រូហិរញ្ញវត្ថុបានធ្វើឱ្យសមាជិកនៅក្នុងសហគមន៏របស់គាត់ត្រូវជំពាក់បំណុលវ័ណ្ឌករ។  លោកបន្តថា ពួកគេបង្ខំចិត្តចំណាកស្រុកដើម្បីស្វែងរកការងារដែលអាចរកប្រាក់ចំណូលបានប្រសើរជាងមុន។ លោក​បាន​កត់​សម្គាល់​ថា ​គ្រួសារ​ខ្លះបាន​លក់​ដី​របស់​ខ្លួន និង​កាត់​បន្ថយ​របប​អាហារ​របស់​ពួក​គេថែមទៀតផង។

លោក សាំង បានបន្ថែមថា៖ «ប្រសិនបើស្ថាប័នអន្តរជាតិទាំងនេះផ្តល់មូលនិធិដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ខ្ញុំសង្ស័យថាវានឹងមិននាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន។ ប្រសិនបើកម្មវិធីនេះមានលក្ខណៈដូចគ្នា [ដូចគម្រោងមុនៗ] អ្នកខ្ចីនឹងនៅតែប្រឈមនឹងការជំពាក់បំណុលគេវ័ណ្ឌកដដែល»

អត្ថបទនេះត្រូវបានបកប្រែពីអត្ថបទភាសាអង់គ្លេសរបស់ Dialogue Earth ។

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Green bonds, red flags: Cambodia’s microfinance crisis deepens amid sustainability push

375 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម