សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ពលរដ្ឋ២០០គ្រួសារនៅខេត្តកោះកុងបញ្ចប់វិវាទដីធ្លីដែលអូសបន្លាយ​ច្រើនឆ្នាំជាមួយនឹងក្រុមហ៊ុនស្ករអំពៅរបស់ចក្រភពអង់គ្លេស

ដីស្រែចម្ការក្នុងភូមិឈូក ខេត្តកោះកុង ត្រូវបានប្រគល់ជូនអ្នកភូមិវិញក្នុងឆ្នាំ២០១៨ តាមរយៈដំណោះស្រាយកន្លងមក នៅក្នុងរូបភាពថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ (រូបភាពផ្តល់ឱ្យ)
ដីស្រែចម្ការក្នុងភូមិឈូក ខេត្តកោះកុង ត្រូវបានប្រគល់ជូនអ្នកភូមិវិញក្នុងឆ្នាំ២០១៨ តាមរយៈដំណោះស្រាយកន្លងមក នៅក្នុងរូបភាពថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ (រូបភាពផ្តល់ឱ្យ)

ប្រជាពលរដ្ឋ២០០គ្រួសារនៅខេត្តកោះកុង ដែលមានជម្លោះដីធ្លី​ ដោយតាម​ចោទថា ត្រូវ​បាន​ក្រុមហ៊ុន​ស្ករអំពៅលួចយកក្នុងឆ្នាំ​២០០៦​នោះ​ ទីបំ​ផុត​សម្រេចបាន​ដំ​ណោះស្រាយមួយ​កាល​ពី​ចុងឆ្នាំ២០២២។ អង្គការសមធម៌កម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយ​ដោយប្រកាស​ឱ្យ​ដឹង​អំ​ពីដំណោះស្រាយនៅ​សប្តាហ៍នេះ។

សមាជិកសហគមន៍២០០គ្រួសារ និង​កុមារ៧១នាក់ដែល​ពាក់ព័ន្ធនឹង​វិវាទនេះ​សម្រេច​បាន​​ដំណោះស្រាយ​ជាមួយ​នឹង​​«អ្នកពាក់ព័ន្ធ​ នៃ​ខ្សែសង្វាក់ផ្គត់ផ្គង់» ដែលគេ​មិនបង្ហាញ​អត្តសញ្ញាណ​។ ស្រប​ពេលដែលគេមិន​បង្ហាញ «អ្នកពាក់ព័ន្ធ​ នៃ​ខ្សែសង្វាក់​ផ្គត់ផ្គង់» ជាក់លាក់​ ដែល​បានដោះស្រាយវិវាទនេះ​ បន្ទាប់ពីសម្រេច​បាន​​​ដំណោះស្រាយ​ ពាក្យ​បណ្តឹង​ដែល​គ្រួសារ​​ពល​រដ្ឋបាន​ប្តឹង​​​ក្រុម​ហ៊ុន​ផលិតស្ករអំពៅ​របស់ចក្រភពអង់គ្លេស Tate & Lyle ត្រូវបាន​ដកចេញវិញ​ផង​ដែរ​។

គួរ​ឱ្យ​កត់​សម្គាល់​ដែល​បណ្តឹង​នេះ​ត្រូវ​បាន​ប្តឹង​ក្រុម​ហ៊ុនអង់គ្លេស​ដែល​ជា​អ្នក​ទទួល​​ទិញ​ទំនិញ​ជា​ជាង​ក្រុមហ៊ុន​ផ្គត់ផ្គង់​របស់​ថៃឈ្មោះ​ KSL Group ដែល​តាម​​ចោទ​​ថា ​បាន​លួច​យក​ដីរបស់​សហគមន៍។ ក្រុម​អង្គការ​សិទ្ធិមនុស្សបានបញ្ជាក់ពីការរំលោភបំពាន ដែលកើតឡើងតាម​រយៈ​ខ្សែសង្វាក់ផ្គត់ផ្គង់សកលនិង​ស្មុគ​ស្មា​ញ ជាទី​ដែលក្រុម​ហ៊ុនធំៗអាចជួល​ក្រុមហ៊ុនផ្សេង​​ធ្វើ​ការឱ្យ ដើម្បី​កាត់​បន្ថយ​ការទទួលខុស​ត្រូវចំពោះការរំលោភសិទ្ធិមនុស្ស។

សេចក្តីថ្លែងការណ៍បានបញ្ជាក់​ថា៖ «ទីបំផុត អ្នក​​ពាក់ព័ន្ធនៃ​​ខ្សែសង្វាក់ផ្គត់ផ្គង់បាន​បង្ហាញ​នូវកម្រិត នៃការ​ទទួលខុសត្រូវខ្លះ​ ចំពោះការពាក់ព័ន្ធ​របស់ខ្លួន​ ក្នុងការរំលោភ​សិទ្ធិ​មនុស្សដ៏ធ្ងន់ធ្ងរ ដោយ​ការផ្តល់នូវដំណោះស្រាយនេះ ។ ជាញឹកញាប់ ការរៀបចំអាជីវកម្ម​ដ៏ស្មុគស្មាញនេះ​ ផ្តល់​ឱកាស​ឱ្យក្រុមហ៊ុន​គេច​វេះ​ពី​ការទទួលខុសត្រូវចំពោះការរំលោភ​បំពាន»

សមាជិកសហគមន៍ដែលផ្តល់​បទសម្ភាស​ជាមួយខេមបូចាបាន​ផ្តល់ប្រតិកម្ម​​ចម្រុះ​ចំពោះ​ដំណោះស្រាយនេះ ខណៈ​ពួកគាត់​ទទួលយក​សំណង ប៉ុន្តែមិនមែន​ជា​ចំនួនមួយ​ដែលស្មើ​នឹង​ការខាតបង់របស់ពួកគាត់​នោះទេ។

ក្រុមហ៊ុន Tate & Lyle និង KSL Group មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំការអត្ថាធិប្បាយ​តាម​អ៊ីមែល​ពីខេមបូចាទេ។

អ្នក​ភូមិ​អះអាង​ថា ដី​ជាង ១ ៣០០​ហិកតា ត្រូវ​ក្រុមហ៊ុន​ថៃ​លួច​យក​ទៅ​ធ្វើ​ចម្ការ​អំពៅ​។ ក្រុមហ៊ុន Tate & Lyle ក្រុមហ៊ុន KSL Group និងរដ្ឋាភិបាលកម្ពុជា ត្រូវបានអ្នកភូមិចោទ​ប្រកាន់ថា បានជាប់ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់ពលកម្មកុមារនៅ​តាម​ចម្ការអំពៅ ដូចដែល​បានរាយការណ៍ដោយកាសែត The Guardian ។

អង្គការ​សមធម៌កម្ពុជា រួមជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ​ផ្សេងទៀត បានជួយសហគមន៍ក្នុងកិច្ចខិតខំប្រឹងប្រែងតស៊ូមតិ​របស់ពួកគេ​ចាប់តាំងពីឆ្នាំ​២០១២។​ អស់​រយៈពេល​មួយទស្សវត្សរ៍ក្រោយ​មក ទើបសម្រេច​បាន​នូវ​កិច្ចព្រម​ព្រៀងដំណោះ​ស្រាយ​ស្ម័គ្រ​ចិត្តរួមគ្នា ដើម្បី​បញ្ចប់​វិវាទដីធ្លី​រវាង​គ្រួសារសមាជិកសហគមន៍ និងកុមារ ដែលពាក់ព័ន្ធនឹង​បណ្តឹង​​នៅតុលាការរបស់​ចក្រភពអង់គ្លេស។ នេះបើយោងតាមសេចក្តីថ្លែងការណ៍​របស់​អង្គការ​ក្រៅរដ្ឋាភិបាល ដែលបានចេញផ្សាយនៅសប្តាហ៍នេះ។

ប្រាក់សំណង​ត្រូវបានផ្ទេរទៅឱ្យគ្រួសារពល​រដ្ឋកាល​ពី​ខែមេសា។

ផ្ទះអ្នកភូមិនៅលើដីស្រែ ដែលត្រូវបានប្រគល់មកវិញតាមរយៈដំណោះ​ស្រាយ​កាលពីឆ្នាំ២០១៨កន្លងមក​ ស្ថិតនៅក្នុងភូមិឈូកក្នុងខេត្តកោះកុង​ ក្នុង​រូប​ភាព​កាល​ពី​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ (រូបភាព​ផ្តល់ឱ្យ)

លោក តេង កៅ តំណាងសហគមន៍មានសេចក្តីសោមនស្សរីករាយដែលសមាជិកសហគមន៍​បានឈានដល់ដំណោះ​ស្រាយ ដែលរួមមានសំណងសម្រាប់គ្រួសារពល​រដ្ឋ​ក្នុងមូល​ដ្ឋាន​។

លោកបដិសេធមិនបង្ហាញចំនួនទឹក​ប្រាក់​ពិតប្រាកដ ដែលគេ​បានផ្តល់ដល់ក្រុមគ្រួសារពលរដ្ឋ​ ដោយនិយាយថា វាជា «ការសម្ងាត់» ហើយថា គាត់បានព្រមព្រៀងមិនបង្ហាញចំនួន​ទឹកប្រាក់​ទេ​។

លោក​បាន​លើកឡើងថា៖ «​ប្រាក់​សំណង​ គឺ​សមរម្យ និង​អាច​ទទួល​យក​បាន​។ យើង​សប្បាយ​ចិត្ត»

ប៉ុន្តែមិនមែនគ្រប់គ្រួសារទាំងអស់មានអារម្មណ៍បែបនេះទេ។

អ្នក​ស្រី ទិត្យ ហៀង ជា​អ្នក​ស្រុក​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​​ទទួលបាន​​សំណង​កាល​ពី​ខែ​មេសា បាន​និយាយ​ថា គាត់​មិន​ពេញ​ចិត្ត​នឹង​ដំណោះ​ស្រាយ​នេះទាំង​ស្រុង​នោះ​​​ទេ។

អ្នក​ស្រី​បាន​និយាយ​ថា៖ «ខ្ញុំ​បាន​ទទួល​សំណង​ប្រហែល៦ពាន់​ដុល្លារ​»បើ​ទោះ​ជា​អ្នកស្រី​បាន​ទាមទារ​សំណង ៧ ០០០ដុល្លារ​សម្រាប់​ដំណាំ​ ​ដែល​អ្នកស្រី​បាន​និយាយ​ថា ក្រុមហ៊ុន KSL Group បាន​បំផ្លាញ​រួម​មាន​ដើម​​ស្វាយចន្ទី ដើម​ស្វាយ និង​ដើម​ខ្នុរ។

អ្នក​ស្រី​មិន​ហ៊ាន​​​បង្ហាញ​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​អំពី​​កិច្ច​ព្រម​ព្រៀង​នេះទេ​ ព្រោះ​តំណាង​សហគមន៍​ប្រាប់​អ្នក​ស្រី​​កុំ​ឱ្យ​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ។

ដីមួយ​ផ្នែក​ទំហំ៣០០ហិកតានៃដីសម្បទាន​​ ត្រូវបានប្រគល់ជូនគ្រួសារពលរដ្ឋ​វិញ តាម​រយៈ​កិច្ច​ព្រមព្រៀងគ្នាដែល​បាន​ធ្វើ​កាលពីឆ្នាំ២០១៤។

អ្នកស្រី ទិត្យ​ ហៀង និយាយថា អ្នក​ស្រី​​ទទួល​បាន​ដី ១,៥ ហិកតា ប៉ុន្តែ​ដី​ស្រែ​​ពី​មុន​ដែល​អ្នកស្រី​​បាត់បង់​​នៅ​ឃុំ​ជីខលើ គឺ​មានទំហំ​១១ហិកតា។ ដើម្បីរកប្រាក់​ផ្គត់ផ្គង់គ្រួសារ អ្នក​ស្រី​បានដាំអំពៅនៅលើដីនោះ។ ទោះបីជាក្រុមហ៊ុនបានផ្តល់​ដីទំហំតូចជាងដីដែលបាន​កាន់កាប់ពី​ដំបូងក៏ដោយក៏អ្នក​ស្រី​មានអារម្មណ៍​ថា អ្នក​ស្រី​គ្មានជម្រើសអ្វីក្រៅពីទទួលយកវា​នោះ​ទេ។

អ្នក​ស្រី ទិត្យ​ ហៀង បាន​បញ្ជាក់ថា៖ «​វា​ជា​រឿង​អយុត្តិធម៌​តាំង​ពី​ដើម​មក [​ការ​​យក​​ដី​តូចៗ​] ប៉ុន្តែ​ខ្ញុំ​មិន​អាច​និយាយ​ចេញ​បាន​ទេ ​ព្រោះ​ [​តំណាង​] បាន​បន្ទោស​ខ្ញុំ​​។ ខ្ញុំ​​បង្ខំចិត្ត​យក [១,៥ ហិកតា]។ ខ្ញុំ​មិន​ពេញ​ចិត្ត​ទេ ប៉ុន្តែ​ខ្ញុំ​មិន​ដឹងថា ​ត្រូវ​ធ្វើ​យ៉ាង​ណា​»

លោក តេង កៅ ជា​អ្នកជិតខាងរបស់អ្នក​ស្រីក៏មិនសប្បាយចិត្តចំពោះ​ការ​ដោះ​ស្រាយ​កន្លងមក​ដែរ​។

លោក តេង កៅ បាន​បន្ថែមថា៖ «ដី​នេះមិន​គ្រប់​គ្រាន់​ទេ ប៉ុន្តែ​បើ​ទោះ​បី​យើង​ទាមទារ​ច្រើន​ជាង​នេះ ​ក៏​គេ​មិន​ឱ្យយើង​ដែរ»

លោក អៀង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជាមានប្រសាសន៍ថា ការចរ​ចា​នេះ គឺជា​ការ​ដោះ​ស្រាយដោយស្ម័គ្រចិត្ត ដែល​សហគមន៍បានយល់ព្រមទទួល​ប្រាក់​ ដើម្បីកសាង​ជីវភាព​របស់ពួកគាត់​ឡើង​វិញ​។

លោក​បាន​ថ្លែង​ថា៖ «ទាំង​នេះ ​គឺ​ជា​រឿង​​សម្ងាត់ [ប្រាក់សំណង ] ​រវាង​អ្នក​​ភូមិ និង​ក្រុមហ៊ុន ប៉ុន្តែ​ពួកគាត់​​បាន​យល់ព្រម​ទទួល​ប្រាក់​នោះ ហើយ​យើង​ជឿ​ថា ​ប្រាក់នេះនឹង​ជួយ​កសាង​ជីវភាព​របស់​ពួកគាត់​ឡើង​វិញ។ វា​ជា​ការ​ល្អ​ដែល​​ក្រុមហ៊ុន​បាន​ចូលរួម​​ដោះស្រាយ​បញ្ហា​នេះ ដោយសារ​ពួកគាត់​បាន​ពាក់ព័ន្ធ​​ក្នុង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ទាក់ទង​នឹង​ដី​សម្បទាន​ទាំងនេះ»

រាយការណ៍បន្ថែម​ដោយ​ Leila Goldstein

ប្រែសម្រួលពីអត្ថបទអង់គ្លេស៖ Koh Kong Families Settle Years-Long Land Dispute Involving U.K. Sugar Conglomerate

353 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម