សាលាឧទ្ធរណ៍ថ្នាក់តំបន់ខេត្តព្រះសីហនុសបានសម្រេចឱ្យដោះលែងសកម្មជនដីធ្លីពីររូបនៅក្រៅឃុំបណ្តោះអាសន្នដាក់ក្រោមការត្រួតពិនិត្យផ្លូវតុលាការពីបទញុះញង់ និងបរិហារកេរ្តិ៍ ពាក់ព័ន្ធនឹងរឿងទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនៅខេត្តកោះកុង។
ការសម្រេចដោះលែងនៅក្រៅឃុំនេះធ្វើទ្បើងបន្ទាប់ពីសវនាការមុនអង្គសេចក្តីរបស់សាលាឧទ្ធរណ៍ថ្នាក់តំបន់ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ដោយមានសមាសភាពប្រធានជំនុំជម្រះ លោក នៅ យ៉ារ័ត្ន ប៉ុន្តែលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយដោយលោកអះអាងថាលោកមិនមានសិទិ្ធផ្តល់បទសម្ភាសន៍ជាមួយអ្នកសារពត៌មាន។
សកម្មជនដីធ្លីលោកស្រី ផាវ ញ៉ើង និងលោកស្រី សេង លីន ត្រូវបានឃាត់ខ្លួន នៅខែមិថុនា ឆ្នាំ២០២៣ ក្នុងចំណោមសកម្មជន១០នាក់ផ្សេងទៀត អំទ្បុងពេលតវ៉ា និងដាក់ញត្តិទាមទារឱ្យអាជ្ញាធរខេត្តចេញប្លង់កម្មសិទ្ធិលើដីធ្លីដែលកំពុងរស់នៅអាស្រ័យផលសព្វថ្ងៃ។
នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ សាលាដំបូងខេត្តកោះកុងសម្រេចផ្ទន្ទាទោសជនជាប់ចោទ ផាវ ញ៉ើង និងជនជាប់ចោទ សេង លីន ដាក់ពន្ធនាគាររយៈ១ឆ្នាំ និងពិន័យជាប្រាក់៤០លានរៀល «ពីបទញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទបរិហារកេរ្តិ៍ជាសាធារណៈ» ប្រព្រឹត្តនៅមុខក្រសួងដែនដី នរគរូបនីយកម្ម និងសំណង់ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែវិច្ឆកា ឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា៣០៥ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
លោក ហង់ វាសនា ត្រូវជាកូនប្រុស លោកស្រី ផាវ ញ៉ើង ប្រាប់ ខេមបូចា នៅថ្ងៃសុក្រនេះថា គាត់ពិតជាសប្បាយចិត្តដែលតុលាការសាលាឧទ្ធរណ៍សម្រេចដោះលែងម្តាយខ្លួនឱ្យនៅក្រៅឃុំបណ្តោះអាសន្ន
ទោះជាយ៉ាងណាលោកបន្តថា ម្តាយខ្លួនគ្មានកំហុសទេ និងទាមទារទម្លាក់រាល់បទចោទប្រកាន់ទាំងអស់។
លោក វាសនា និយាយថា៖ «ខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែន ហើយអរគុណសាលាឧទ្ធរណ៍សម្រាប់ការសម្រេចឱ្យនៅក្រៅឃុំ បើទោះបីជាការសម្រេចនេះមិនទាន់បានយុត្តិធម៌ពេញលេញក៏ដោយ ប៉ុន្តែអ្វីដែលយើងជឿជាក់ យើងសង្ឃឹមថាសាលាឧទ្ធរណ៍នឹងជំនុំជម្រះក្តីផ្តល់យុត្តិធម៌ទម្លាក់ចោលបទចោទប្រកាន់ទាំងអស់ទៅលើរូបគាត់»។
លោកបញ្ជាក់ទៀតថា វាជារឿងអយុត្តិធម៌ដែលតុលាការសម្រេចផ្តន្ទាទោស និងឃុំខ្លួនគាត់ក្នុងពន្ធនាគារពីព្រោះគាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់ ឬទៅលួចប្លន់ទ្រព្យសម្បត្តិអ្នកណានោះទេ។
លោក វាសនា ឱ្យដឹងថា៖ «ពួកយើងជាប្រជាពលរដ្ឋធ្វើការតវ៉ាដោយសារបាត់បង់ដីរបស់ខ្លួនឯង និងការពារទ្រព្យសម្បត្តិខ្លួនឯង និងជាសម្បត្តិរួមទុកឱ្យកូនចៅជំនាន់ក្រោយ ចឹងទង្វើទាំងអស់នេះមិនមែនជាទង្វើដែលគួរគប្បីតុលាការផ្តន្ទាទោសទេ វាគួរជាទង្វើដែលជាគំរូទៅដល់សង្គមជាតិមួយ»។
អ្នកស្រី ដេត ហួ អាយុ៤០ឆ្នាំ តំណាងសហគមន៍បង្ហាញអារម្មណ៍ស្រដៀងគ្នានេះដែរថា លោកស្រី ផាវ ញ៉ើង និងលោកស្រី សេង លីន មិនមានកំហុសទេ។
អ្នកស្រីឱ្យដឹងថា៖ «ចំពោះខ្ញុំសប្បាយចិត្តហើយ គ្រាន់ថាគោលការណ៍ដែលយើងចង់បានឱ្យច្បាស់លាស់គួរតែកុំដាក់នៅក្រៅឃុំ គួរតែដោះលែងគាត់ ទម្លាក់បទចោទទៅ ព្រោះដោយសាគាត់មិនបានធ្វើអីខុស ហើយគាត់គ្រាន់តែអ្នកការពារដីរដ្ឋសម្រាប់ទុកឱ្យក្មេងជំនាន់ក្រោយគាត់មិនត្រូវមានទោសទេ»។
អ្នកស្រី ហួ បន្តថា អ្នកស្រី ផាវ ញ៉ើង និងអ្នកស្រី សេង លីន ត្រូវបានតំណាងសហគមន៍ឈ្មោះ ឆាយ វី ប្តឹងពីបទបរិហារកេរ្តិ៍ នៅឆ្នាំ២០១៩ ដោយចោទប្រកាន់លោកស្រី ឆាយ វី ថាបានយកដីរដ្ឋទៅលក់ដែលជាដីនៅសេសសល់ទុកជាសម្បត្តិរួមបន្ទាប់ពីដោះស្រាយរួច។
លោកស្រី ឆាយ វី មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេជុំវិញករណីខាងលើនេះ។
លោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការ លីកាដូ (LICADHO) បានសម្តែងនៅការស្វាគមន៍ និងកត់សំគាល់ថា វាជាសញ្ញាល្អមួយសម្រាប់សកម្មជនផ្សេងៗដែលកពុងជាប់ពន្ធនាគារពាក់ព័ន្ធនឹងរឿងដីធ្លី ផ្ទះសម្បែងរបស់ពួកគាត់ដែលតុលាការគួរពិចារណាឱ្យពួកគាត់អាចនៅក្រៅឃុំបណ្តោះអាសន្ន។
លោក សំអាត ថ្លែងថា៖ «យើងឃើញថា វាជាសញ្ញាល្អមួយ ហើយយើងសង្ឃឹមថានៅពេលជម្រះអង្គសេចក្តីសាលាឧទ្ធរណ៍នឹងទម្លាក់បទចោទប្រកាន់លើអ្នកទាំងពីរឱ្យមានសេរីភាពពេញលេញវិញ»។
ប៉ុន្តែលោក សំអាត ក៏លើកទ្បើងថា លោកមានការសោកស្តាយដែលកន្លងមក អ្នកទាំងពីរតំណាងឱ្យសហគមន៍ដីធ្លីនៅខេត្តកោះកុង ហើយនិងតំណាងសហគមន៍ផ្សេងទៀតត្រូវបានរងការធ្វើបាប ការធ្វើទុក្ខបុកម្នេញ ការគំរាមកំហែងគ្រប់បែបយ៉ាង។
លោក សំអាត បន្ថែមថា៖ «រឿងហ្នឹងយើងមើលទៅអយុត្តិធម៌ហើយអយុត្តិធម៌ទៀតសម្រាប់តំណាងសហគមន៍ហ្នឹង ជាពិសេសអ្នកស្រី ផាវ ញ៉ើង និងតំណាងសហគមន៍ដីធ្លីដទៃទៀត ដែលរឿងដីធ្លីរបស់គាត់មិនត្រូវបានពន្លឿននូវការដោះស្រាយ ប៉ុន្តែបែរជាប្រើប្រាស់ប្រព័ន្ធតុលាការ ការប្តឹងចោទប្រកាន់ ហើយនិងចាប់ពួកគាត់ដាក់ពន្ធនាគារ ហើយមានការកាត់ទោសជាដើម»។
សូមរំលឹកថាប្រជាពលរដ្ឋសហគមន៍ខាងលើប្រមាណ១៩៧គ្រួសារ រស់នៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុងដែលមានវិវាទដីធ្លីរ៉ាំរ៉ៃជាមួយក្រុមហ៊ុន ហេង ហ៊ុយ អេហ្រ្គីខ័លឈ័រគ្រុប តាំងពីឆ្នាំ២០០៧។
រដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ ជាង៤ពាន់ហិកតា ដើម្បីវិនិយោគដំណាំស្ករអំពៅ កាលពីឆ្នាំ២០០៧។ នៅឆ្នាំ២០១០ ពលរដ្ឋចោទក្រុមហ៊ុន ហេង ហ៊ុយ ថា បានយកគ្រឿងចក្រទៅឈូសឆាយដីលំនៅប្រជាពលរដ្ឋ និងគំរាមចាប់ខ្លួនប្រជាពលរដ្ឋណាដែលហ៊ានតវ៉ាចំពោះការឈូសឆាយវាតយកដីរបស់ក្រុមហ៊ុន។
គិតត្រឹមម៉ោង៥ល្ងាចថ្ងៃទី៦ ខែតុលានេះពន្ធនាគារខេត្តកោះកុងមិនទាន់ដោះលែងសកម្មជនដីធ្លីទាំងពីរនាក់នៅឡើយទេ ដោយសារមិនទាន់ឃើញឯកសារពីតុលាការបង្គាប់ឱ្យដោះលែងនៅទ្បើយ។ នេះបើតាមការបញ្ជាក់ពីកូនរបស់អ្នកស្រី ផាវ ញ៉ើង គឺលោក ហង់ វាសនា ហើយលោកបន្តថាតំណាងសហគមន៍ចំនួន១០នាក់កំពុងរង់ចាំនៅខេត្តកោះកុងដើម្បីស្វាគមន៍ពួកគាត់។
ធ្វើបច្ចុប្បន្នភាពព័ត៌មាននៅម៉ោង៨ព្រឹក ថ្ងៃទី៧ ខែតុលា៖ សកម្មជនដីធ្លីពីរនាក់ គឺអ្នកស្រី ផាវ ញ៉ើង និងអ្នកស្រី សេង លីន ត្រូវបានដោះលែងពីពន្ធនាគារខេត្តកោះកុង នៅវេលាម៉ោង ៥និង១០នាទីល្ងាច ថ្ងៃទី៦ ខែតុលា នេះបើតាមលោក ហង់ វាសនា កូនប្រុសរបស់អ្នកស្រី ផាវ ញ៉ើង ៕