អាជ្ញាធរខេត្តកោះកុងបានបដិសេធថា មានប្រជាពលរដ្ឋសន្លប់ និងស្លាប់ ដោយសារតែការតវ៉ានៅមុខសាលាខេត្តកោះកុង កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ខណៈប្រជាពលរដ្ឋដែលទៅតវ៉ាអះអាងថាមានពលរដ្ឋ៤នាក់សន្លប់ និងម្នាក់ស្លាប់នៅមន្ទីរពេទ្យដោយសារតែមានបញ្ហាសុខភាពកំឡុងពេលទៅតវ៉ាទាមទារជម្លោះដីធ្លី។
អភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី ថ្លែងប្រាប់ខេមបូចា នៅរសៀលថ្ងៃទី១៧ ខែមីនា នេះយ៉ាងដូច្នេះថា មិនមានប្រជាពលរដ្ឋណាម្នាក់សន្លប់បាត់បង់ស្មារតីកំឡុងពេលតវ៉ានៅមុខ សាលាខេត្តកោះកុងឡើយ ហើយក៏មិនមានអ្នកស្លាប់ដោយសារតែការមកចូលរួមតវ៉ាទេប៉ុន្តែជាបញ្ហាជំងឺប៉ុណ្ណោះ។
លោក សុទ្ធី ថ្លែងថា៖ «អត់មានអ្នកសន្លប់ទេ អត់មានអ្នកអីទេ[អ្នកស្លាប់] រឿងអ្នកជំងឺផ្សេងគ្នា អ្នកសន្លប់ផ្សេងគ្នា អត់មានទាក់ទងនឹងរឿងហ្នឹងទេ[តវ៉ា] ព្រោះអីក្រោយពីសម្រួលចប់ម៉ោងប្រហែលជាម៉ោង៦ គាត់បានព្រមត្រឡប់ទៅវិញអស់ហើយ»។
ចំពោះការដាក់ញ្ញតិរកដំណោះស្រាយចំពោះជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោកលី យ៉ុងផាត់ លោកសុទ្ធី អះអាងថា អាជ្ញាធរខេត្តបានដោះស្រាយចប់សព្វគ្រប់ហើយ ដោយមិនមាននៅសេសសល់អ្វីឡើយ ហើយចាត់ទុកថាការតវ៉ានេះជាចេតនាផ្សេងប៉ុណ្ណោះ។
លោក សុទ្ធី អះអាងថា អាជ្ញាធរខេត្តកោះកុង និងក្រសួងស្ថាប័នពាក់ព័ន្ធ មិនមានការដោះស្រាយចំពោះបញ្ហាដីធ្លីនេះទៀតឡើយ ព្រោះបានទុករយៈពេលមួយខែដើម្បីតវ៉ាផងដែរ។
លោកសុទ្ធី បន្ថែមថា៖ «រឿងនេះច្រើនឆ្នាំមកហើយ រដ្ឋាភិបាលបានដោះស្រាយចប់ហើយរឿងក្រុមហ៊ុនស្ករអំពៅ ក៏ប៉ុន្តែរឿងសុខចិត្ត មិនសុខចិត្តជារឿងរបស់គាត់ទេ។ ធម្មតាគាត់យល់រឿងផ្សេងអ៊ីចឹង គាត់ដាក់អ៊ីចឹង[ដាក់ញ្ញតិ] ប៉ុន្តែយើងមិនមានការដោះស្រាយអីទៀតទេ រឿងស្ករអំពៅហ្នឹងទាំងក្រសួងស្ថាប័នទាំងអស់គេបញ្ចប់ការដោះស្រាយហើយ»។
ចំណែកពលរដ្ឋដែលទៅឈរតាមដានញ្ញតិ និងរង់ចាំជួបអភិបាលខេត្តកោះកុង គឺអ្នកស្រី ជឹម ថន ប្រាប់ឱ្យដឹងថា ពិតជាមានពលរដ្ឋចំនួន៤នាក់បានសន្លប់បាត់ស្មារតី និងបុរសម្នាក់បានបាត់បង់ជីវិត ដោយសារតែរង់ចាំជួបអភិបាលខេត្តកោះកុង ដើម្បីតាមដានញ្ញតិ និងរកដំណោះស្រាយជុំវិញវិវាទដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ្ញា លី យ៉ុងផាត់ ពិតមែន។
អ្នកស្រី ថន និយាយថា៖ «ដោយសារតែយើងទៅរង់ចាំអភិបាលខេត្ត អ្នកសន្លប់ដោយសារតែគាត់អង្គុយ គាត់ហត់អស់កម្លាំង គាត់ងើបទៅសាលាខេត្តតាំងពីម៉ោង៣ភ្លឺ គាត់សន្លប់នៅមុខសាលាខេត្តហ្នឹងតែម្ដង»។ អ្នកស្រីបន្តថា៖ «គាត់ដែលស្លាប់ហ្នឹង ក៏ជាជនរងគ្រោះ គាត់ពិការនិងក្រីក្រខ្លាំង និងមានជំងឺលើសឈាមប្រចាំកាយផងដែរ»។
អ្នកស្រីថន អះអាងថា អ្នកស្រីបានបាត់បង់ដីចម្ការវិលជុំទំហំ២ហិកតា ដែលឪពុកម្ដាយអ្នកស្រីចែកឱ្យតាំងពីឆ្នាំ២០០៦ រហូតមកទល់ពេលនេះ អ្នកស្រីមិនទាន់ទទួលបានដំណោះស្រាយបញ្ចប់វិវាទនេះនៅឡើយទេ។
អ្នកស្រី ថន ឱ្យដឹងថា៖ «ខ្ញុំរង់ចាំអភិបាលខេត្តដោះស្រាយបញ្ហាវិវាទដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅចាប់តាំងពីឆ្នាំ២០០៦»។
ពលរដ្ឋរូបនេះ បន្ថែមទៀតថា កាលដែលមន្រ្តីសាលាខេត្តមិនចេញមកដោះស្រាយបញ្ហារបស់ពលរដ្ឋ ដោយទុកឱ្យមានអ្នកសន្លប់ និងប៉ះពាល់សុខភាពរហូតដល់បាត់បង់ជីវិតដូច្នេះ ជារឿងមិនត្រឹមត្រូវ។
អ្នកស្រី ថន បន្ថែមថា៖ «ខាងខេត្តលោកធ្វើអ៊ីចឹងមិនសមរម្យ ទាំងដែលរដ្ឋាភិបាលបានប្រទានដីឱ្យពលរដ្ឋ លោកទុកប្រជាពលរដ្ឋមិននៅក្នុងភ្នែក ធ្វើឱ្យប្រជាពលរដ្ឋប្រឈមបញ្ហាក្ដៅក្រហាយទូទាំងខេត្ត»។
បើតាមការចុះផ្សាយរបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា កាលពីថ្ងៃទី១៥ ខែមីនា បានឱ្យដឹងថា ការតវ៉ានៅមុខសាលាខេត្តមានពលរដ្ឋមកពី៣សហគមន៍ និងមានពលរដ្ឋចំនួន៤៤០នាក់ ក្នុងនោះមានស្រ្តី៨០ភាគរយ ពួកគេបានប្រមូលផ្តុំគ្នានៅមុខសាលាខេត្តកោះកុង ដើម្បីតាមដានញ្ញតិ និងស្នើសុំជួបអភិបាលខេត្ត ដើម្បីសុំកិច្ចអន្តរាគមន៍ដោះស្រាយវិវាទដីធ្លីរវាងក្រុមហ៊ុនស្ករអំពៅលោក លី យ៉ុងផាត់ និងប្រជាសហគមន៍ ដែលអូសបន្លាយរយ:ពេលជាង១០ឆ្នាំមកហើយ។
តាមប្រភពដដែល ការជួបជុំ ប្រមូលផ្តុំតាមដានញ្ញតិនេះ ប្រជាពលរដ្ឋបានឈរនៅពីក្រោមកំដៅថ្ងៃក្តៅ រយៈពេល៩ម៉ោង តាំងពីព្រឹកម៉ោង៧ រហូតដល់ម៉ោង៤ល្ងាច ដោយអ្នកខ្លះបានបន្តគេងមួយយប់ទៀតផង។
សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា សរសេរថា៖ «ដោយសារតែអាកាសធាតុក្តៅខ្លាំង និងការគេងហាលវាលត្រូវទឹកសន្សើមផងនោះធ្វើឱ្យប្រជាពលរដ្ឋដែលជាសមាជិកហគមន៍៨៤៣ ក្នុងខេត្តកោះកុង ចំនួន៤នាក់បានសន្លប់ ហើយក្នុងនោះម្នាក់បានស្លាប់ នៅមន្ទីពេទ្យបង្អែកខេត្តកោះកុង»។
បើតាមលោក ញិល ភាព មន្រ្តីរបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លើកឡើងថា ដើមចមសំខាន់ដែលឈានឱ្យប្រជាពលរដ្ឋសន្លប់ និងមានម្នាក់បាត់បង់ជីវិត គឺដោយសារតែមានការរំលោភដីធ្លីរបស់ប្រជាពលរដ្ឋ និងការប្រងើយកន្តើយរបស់មន្រ្តីសាលាខេត្តកោះកុង ដែលមិនព្រមចេញមកជួបពលរដ្ឋដោះស្រាយវិវាទដីធ្លី។
លោក ភាព បញ្ជាក់ថា៖ «បើគ្មានការរំលោភដីធ្លីផ្ទះសម្បែងពួកគាត់ទេ ពួកគាត់មិនតវ៉ាតស៊ូមតិនៅសាលាខេត្តកោះកុងទេ។ យើងឃើញថារដ្ឋបាលសាលាខេត្តកោះកុងហាក់ដូចជាមិនយកចិត្តទុកដាក់សុខទុក្ខ[ពលរដ្ឋ] ទុកឱ្យពូកគាត់ឈរកណ្ដាលថ្ងៃដ៏ក្ដៅដូច្នេះហើយបានធ្វើឱ្យខ្យល់ចាប់ និងអ្នកស្លាប់ម្នាក់»។
ជុំវិញបញ្ហានេះ លោក ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បដិសេធថាមិនមានអ្នកជំងឺដែលជាពលរដ្ឋតវ៉ានៅមុខសាលាខេត្តសន្លប់ ហើយមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកឡើយ។
លោកអះអាងទៀតថា ចំពោះពលរដ្ឋម្នាក់ដែលស្លាប់ គឺពិតជាស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ពិតមែន ប៉ុន្តែមិនមែនស្លាប់ដោយសារតែការហត់អស់កម្លាំងនៅកន្លែងតវ៉ាឡើយ គឺស្លាប់ដោយសារតែដាច់សរសៃឈាមខួរក្បាលទៅវិញទេ។
លោក ឡៃសុន និយាយថា៖ «អត់មានអ្នកជំងឺសន្លប់ដោយសារតែការជួបជុំគ្នាឬក៏ការប្រមូលផ្ដុំគ្នាតវ៉ាទេ។ មណ្ឌលសុខភាពត្រពាំងរូងគេបញ្ជូនគាត់មក គាត់សន្លប់ឡើងឈាម ហើយពេលបញ្ជូនមកដល់មន្ទីរពេទ្យប្រសីភ្នែករបស់គាត់វៀចទាំងសងខាងហើយ ហើយឈាមរបស់គាត់ឡើងដល់២១លើ១៨ ចឹងរោគសញ្ញាដែលយើងធ្វើការសន្និដ្ឋានគឺគាត់ដាច់សរសៃឈាមខួរក្បាល»។
តាមរយៈការសាកសួរពីក្រុមគ្រួសាររបស់ពលរដ្ឋដែលស្លាប់ លោក ឡៃសុន ប្រាប់ឱ្យដឹងថា បុរសនោះមានជំងឺប្រចាំកាយ ហើយថែមទាំងជក់បារី និងផឹកស្រា ទើបបណ្ដាលឱ្យជំងឺធ្ងន់ធ្ងរបែបនេះ។ បើតាមលោក ភាព ប្រាប់ឱ្យដឹងថា ពលរដ្ឋដែលបានស្លាប់បាត់បង់ជីវិតមានឈ្មោះ អូក ឆេក ភេទប្រុស អាយុជាង៥០ឆ្នាំ គឺជាជនពិការជើងម្ខាង មានជីវភាពទីទាល់ក្រ និងរងគ្រោះបាត់បង់ដីដូចពលរដ្ឋដទៃទៀតផងដែរ។
ជុំវិញបញ្ហានេះ លោក សឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា លោកមានការសោកស្តាយជាខ្លាំង ខណៈពេលដែលប្រជាពលរដ្ឋព្យាយាមតវ៉ាម្តងហើយម្តងទៀតរហូតដល់មានបញ្ហាសុខភាពហើយបាត់បង់អាយុជីវិត ប៉ុន្តែមិនមានការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្ត។
លោក សែនករុណា បន្ថែមថា ករណីនេះមានការទាមទារតវ៉ាជាយូរមកហើយ នៅពេលមានការតវ៉ាកើតឡើង លោកចង់ឃើញអាជ្ញាធរចេញមុខដោះស្រាយ និងយកចិត្តទុកដាក់សម្របសម្រួលដល់ការទាមទាររបស់ពលរដ្ឋ ដើម្បីកុំឱ្យប៉ះពាល់ និងមានបញ្ហាសុខភាព។
លោក សែនករុណា ថ្លែងថា៖ «ប្រសិនរឿងនេះនៅតែបន្ត អ្នកដែលរងគ្រោះគឺប្រជាពលរដ្ឋព្រោះការតវ៉ានេះបន្តអូសបន្លាយយូរហើយ វាប៉ះពាល់ទាំងការរកស៊ីជីវភាព និងពេលវេលា។ ហើយក្នុងរឿងនេះវាក៏ប៉ះពាល់ដល់មុខមាត់របស់រដ្ឋាភិបាល និងក្រសួងពាក់ពន្ធ័ទាំងអស់នោះដែរក្នុងការដោះស្រាយ និងការទទួលខុសត្រូវរបស់អាជ្ញាធរដែលអាចឱ្យពួកគាត់ទទួលយកបាន»។
សូមជម្រាបជូនថា ជំងឺទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនស្ករអំពៅរបស់លោក លី យ៉ុងផាត់ បានកើតឡើងតាំងពីឆ្នាំ២០០៦មកម្ល៉េះ រហូតមកដល់បច្ចុប្បន្ននេះប្រជាពលរដ្ឋនៅតែមានការតវ៉ា និងទាមទាររកដំណោះស្រាយ ខណៈលោកអភិបាលរងខេត្តកោះកុង បានអះអាងថា វិវាទនេះបានបញ្ចប់សព្វគ្រប់ហើយ ដូច្នេះមិនមានការដោះស្រាយអ្វីទៀតឡើយ៕