នៅក្នុងរយៈពេលជិតមួយខែចាប់តាំងពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ពន្យារការអនុវត្តអនុក្រឹត្យស្តីពីច្រកទ្វារអ៊ីនធឺណិតជាតិ(NIG) ក្រុមសង្គមស៊ីវិលបន្តជំរុញឲ្យរដ្ឋាភិបាលពិចារណាផែនការរបស់ខ្លួនក្នុងការលុបបំបាត់ទាំងស្រុង។
ខណៈពេលដែលការអនុវត្តអនុក្រឹត្យស្តីពីច្រកទ្វារអ៊ីនធឺណិតជាតិត្រូវបានពន្យារជាបណ្តោះអាសន្ន អង្គការក្រៅរដ្ឋាភិបាលនិងក្រុមគាំពារសិទ្ធិមនុស្សនិយាយថា គោលបំណងរបស់រដ្ឋាភិបាលនៅក្នុងការដាក់បញ្ចូលចរាចរណ៍ទិន្នន័យអ៊ីនធឺណិតក្នុងស្រុកតាមច្រកទ្វារតែមួយ ហើយគ្រប់គ្រងដោយរដ្ឋ នឹងរឹតត្បិតសេរីភាពនៃការបញ្ចេញមតិ និងផ្តល់លទ្ធភាពដល់ការបៀតបៀនពីរដ្ឋាភិបាលតាមប្រព័ន្ធអនឡាញ។
កាលពីថ្ងៃទី១០ ខែមីនា ការិយាល័យមជ្ឈមណ្ឌលសិក្សាគោលនយោបាយអាល្លឺម៉ង់ Konrad Adenauer Stiftung (KAS) បានរៀបចំវេទិកាមួយ ដើម្បីពិភាក្សាពីឥទ្ធិពលវិជ្ជមាននិងអវិជ្ជមាន ដែលអាចកើតមានឡើង នៅពេលច្រកទ្វារអ៊ីនធឺណិតជាតិត្រូវបានអនុវត្ត។
ប្រធានមជ្ឈមណ្ឌល KAS លោក Daniel Schmücking បាននិយាយថា ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតគឺជា ការគំរាមកំហែងពិតប្រាកដមួយនៅក្នុងសង្គមឌីជីថល ប៉ុន្តែរដ្ឋាភិបាលត្រូវផ្តល់សន្តិសុខដល់ពលរដ្ឋ ដោយមិនរឹតត្បិតសេរីភាពរបស់ពួកគេ។ លោកបានបន្ថែមថា ច្បាប់គួរតែមានការថ្លឹងថ្លែងរវាងកត្តាទាំងពីរនេះ ដើម្បីឲ្យលំនាំនៃការធ្វើសេចក្តីព្រាងច្បាប់មានប្រកបដោយតម្លាភាពនិងការរួមបញ្ចូល។
លោកបានថ្លែងថា៖ «មានតម្រូវការឲ្យគ្រប់ភាគីពាក់ព័ន្ធបង្ហាញការព្រួយបារម្ភរបស់ពួកគេនៅក្នុងវេទិកាសាធារណៈ។ មានកង្វះការយល់ដឹង និងចំណេះដឹងពីអ្វីទៅជាច្រកទ្វារអ៊ីនធឺណិតជាតិសម្រាប់ពលរដ្ឋ ក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធឺណិត និងវិស័យធុរកិច្ច»។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព និយាយថា អនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិបានបង្កជាការព្រួយបារម្ភយ៉ាងខ្លាំងមួយសម្រាប់អនាគតមូលដ្ឋានសិទ្ធិមនុស្សនៅក្នុងប្រទេស។ អ្នកស្រីបានបន្តថា ការអនុវត្តច្រកទ្វារអ៊ីនធឺណិតជាតិនឹងអាចឲ្យអាជ្ញាធរពាក់ព័ន្ធបង្អាក់ ឬផ្តាច់ការតភ្ជាប់បណ្តាញអ៊ីនធឺណិតជាក់លាក់ណាមួយ។
អ្នកស្រីបានថ្លែងថា៖ «នេះទំនងនឹងជួយសម្រួលដល់ការឃ្លាំមើលទ្រង់ទ្រាយធំ ការបង្អាក់ និងការរឹតត្បិតលើទំនាក់ទំនងតាមប្រព័ន្ធឌីជីថល និងការប្រមូលទិន្នន័យបុគ្គល។ ដូច្នេះ នេះគឺ គំរាមកំហែងដល់ការអនុវត្តបុគ្គលចំពោះសិទ្ធិឯកជនភាព និងសិទ្ធិសេរីភាពមូលដ្ឋានដទៃទៀត»។
បន្ទាប់ពីមានការបន្តបង្រ្កាបលើការរិះគន់ និងការប្រឆាំងពីសំណាក់រដ្ឋាភិបាល អ្នកស្រី ចក់ សុភាព បានបន្ថែមថា មានហេតុផលផ្សេងៗក្នុងការជឿថា សំឡេងរិះគន់ ដូចជា អ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស សកម្មជន និងសមាជិកគណបក្សប្រឆាំង នឹងរងការប៉ះពាល់យ៉ាងខ្លាំងពីច្រកទ្វារអ៊ីនធឺណិតជាតិ។
របាយការណ៍មួយលើការបៀតបៀនតាមប្រព័ន្ធអនឡាញកាលពីឆ្នាំមុនដោយអង្គការលីកាដូ ពណ៌នារដ្ឋាភិបាលកម្ពុជាថា បានធ្វើការដាក់ពន្ធនាគារ ចាប់ខ្លួន និងបៀតបៀនអ្នកប្រើប្រាស់បណ្តាញសង្គម និងសកម្មជនជាប្រចាំ ចំពោះការបញ្ចេញមតិរបស់ពួកគេតាមប្រព័ន្ធអនឡាញ។
របាយការណ៍បានលើកឡើងថា៖ «ច្បាប់ដែលទើបនឹងត្រូវបានអនុវត្តកាលពីពេលថ្មីៗនេះទំនងនឹងជំរុញការឃ្លាំមើលពីសំណាក់រដ្ឋាភិបាល និងរឹតត្បិតការបញ្ចេញមតិដោយសេរីតាមប្រព័ន្ធអនឡាញកាន់តែខ្លាំងថែមទៀត»។
អ្នកស្រីចក់ សុភាពបាននិយាយថា ច្រកទ្វារអ៊ីនធឺណិតជាតិនឹងបង្កឲ្យមានបរិយាកាសភ័យខ្លាច ការជំរុញឲ្យមានការរឹតត្បិតដោយខ្លួនឯង និងប៉ះពាល់ដោយផ្ទាល់មកលើការបំពេញការងាររបស់អ្នកសារព័ត៌មាន និងក្រុមគាំពារសិទ្ធិមនុស្ស។
អ្នកស្រីបានបន្តថា៖ «ពេលវេលានៃការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិគឺ ពិតជាគួរឲ្យព្រួយបារម្ភ ស្របពេលដែលការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០២២ ខិតចូលមកដល់ និងឆ្ពោះទៅការបោះឆ្នោតជាតិនាឆ្នាំក្រោយ»។ ដោយបន្ថែមថា៖ «នេះជាការគំរាមកំហែងពិតប្រាកដដែលថា នៅមុន និងអំឡុងពេលការបោះឆ្នោត ច្រកទ្វារអ៊ីនធឺណិតជាតិនឹងត្រូវបានប្រើប្រាស់ដើម្បីបង្អាក់ និងរឹតត្បិតលើមតិប្រឆាំងតាមប្រព័ន្ធអនឡាញ បើទោះការធ្វើដូចនេះមិនត្រូវបានអនុញ្ញាតនៅក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិក៏ដោយ»។
អ្នកស្រីបានបន្ថែមថា អនុក្រឹត្យស្តីពីច្រកទ្វារអ៊ីនធឺណិតជាតិចូលរួមជាមួយច្បាប់ស្តីពីទូរគមនាគមន៍ និងប្រកាសអន្តរក្រសួងឆ្នាំ ២០១៨ ស្តីពីការគ្រប់គ្រងលើការផ្សព្វផ្សាយតាមវេបសាយ និងបណ្តាញសង្គមលើប្រព័ន្ធអ៊ីនធឺណិត។ ច្បាប់ទាំងនេះផ្តល់អំណាចដល់រដ្ឋាភិបាលក្នុងការប្រើប្រាស់អ៊ីនធឺណិតជាឧបករណ៍បំបិទនិងបង្អាក់លទ្ធភាពប្រព័ន្ធអ៊ីនធឺណិតដែលជាកន្លែងមួយនៅក្នុងការប្រើប្រាស់សិទ្ធិសេរីភាពមូលដ្ឋាន។
អ្នកស្រីបានថ្លែងថា៖ «ខណៈការពន្យារការអនុវត្តច្រកទ្វារអ៊ីនធឺណិតជាតិផ្តល់ការធូរស្បើយបន្តិចបន្តួចដល់ពលរដ្ឋកម្ពុជា ជាអកុសលនេះគ្រាន់តែបណ្តោះអាសន្នតែប៉ុណ្ណោះ។ ការគំរាមកំហែងដែលច្រកទ្វារអ៊ីនធឺណិតជាតិមាន នឹងអាចត្រូវបំបាត់បាន ទាល់តែមានការដកចេញដោយឥតលក្ខខណ្ឌនូវអនុក្រឹត្យស្តីពីច្រកទ្វារអ៊ីនធឺណិតជាតិ»។
លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បង្ហាញគំនិតស្រដៀងគ្នានេះដែរ ដោយលោកជឿថា ការអនុវត្តច្រកទ្វារអ៊ីនធឺណិតជាតិនឹងបង្កើនការគំរាមកំហែងមកលើអ្នកប្រើប្រាស់បណ្តាញសង្គម។
លោកបានថ្លែងថា៖ «អនុក្រឹត្យនេះគួរតែត្រូវផ្អាក រហូតដល់ពេលមានការពិគ្រោះយោបល់ និងធ្វើវិសោធនកម្មផ្អែកតាមការលើកឡើងរបស់អង្គការក្រៅរដ្ឋាភិបាលនានា»។
លោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងទូរគមនាគមន៍ ក៏ដូចជា មន្រ្តីក្រសួងដទៃទៀត មិនអាចទាក់ទងសុំយោបល់បាននោះទេ។ ប៉ុន្តែយោងតាមសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីខែមុនដោយក្រសួងការបរទេស ច្រកទ្វារអ៊ីនធឺណិតជាតិគឺ មានគោលដៅសម្រួលនិងគ្រប់គ្រងការតំណភ្ជាប់អ៊ីនធឺណិត និងពង្រឹងសន្តិសុខ និងការប្រមូលថវិកាជាតិ។
សេចក្តីថ្លែងការណ៍បានរៀបរាប់ថា៖ «ការចោទប្រកាន់ថា ការបង្កើតច្រកទ្វារអ៊ីនធឺណិតអនុញ្ញាតឲ្យអាជ្ញាធរគ្រប់គ្រងរាល់សកម្មភាពអនឡាញទាំងអស់ ការចាប់យក និងរឹតត្បិតទំនាក់ទំនងតាមប្រព័ន្ធឌីជីថល ក៏ដូចជា ការរក្សាទុក និងចែករំលែកទិន្នន័យអ្នកប្រើប្រាស់ និងរឹតត្បិតសេរីភាពនៃការបញ្ចេញមតិ គឺជា ការចោទប្រកាន់គ្មានភស្តុតាង»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ NGOs and human rights advocates urge government to revise NIG sub-decree