ឯកអគ្គរដ្ឋទូតថ្មីរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា មកដល់ពេលនេះមិនទាន់មានការបញ្ជាក់ជាថ្មីថាសហភាពអឺរ៉ុបនឹងបើកឲ្យកម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ ឬEBA ពេញលេញវិញនៅឡើយទេ។ ក្នុងពេលជាមួយគ្នានោះដែរ លោកក៏បានប្រកាសអំពីការងារអាទិភាពចំនួនបួននៅក្នុងអាណត្តិរបស់ខ្លួន។
ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងភ្នំពេញកាលពីថ្ងៃពុធ លោក Igor Driesmans បានពន្យល់ថាការដកប្រព័ន្ធអនុគ្រោះពន្ធមួយផ្នែកគឺកើតចេញពី «កង្វល់ធ្ងន់ធ្ងរ» ដោយកត់សម្គាល់ថាការដកហូតនេះធ្វើឡើងនៅពេលដែលកង្វល់ទាំងនោះបានកើតមានឡើង។
យ៉ាងណាលោកថា តាំងពីពេលនោះមកមិនមានអ្វីល្អប្រសើរទេ និងថាសហភាពអឺរ៉ុបបានរកឃើញពីកង្វល់ថ្មីៗខ្លះទៀតអំពីការរឹតត្បិតផ្នែកនយោបាយ រួមទាំងការធ្លាក់ចុះនៃលំហនយោបាយ និងសិទ្ធិប្រជាពលរដ្ឋ។
លោកបញ្ជាក់ថា៖ «ខ្ញុំមិនគិតថាមានការសម្រេចចិត្តអ្វីបន្ថែមលើការដកផ្នែកណាមួយរបស់EBA ទៀតទេ»។ លោកបន្ថែមថា៖ «យ៉ាងណា ខ្ញុំគិតថាយើងនឹងបន្តពិភាក្សាជាមួយអាជ្ញាធរ ប៉ុន្តែខ្ញុំមិនឃើញមានអ្វីប្រែប្រួលទេ[ការផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធពេញលេញវិញ] ជាពិសេសនៅពេលនេះ»។
លោកឯកអគ្គរដ្ឋទូត ក៏បានលើកឡើងដែរថាសហភាពអឺរ៉ុបគឺជាទីផ្សារធំទីពីររបស់កម្ពុជាបន្ទាប់ពីសហរដ្ឋអាមេរិក។ កាលពីឆ្នាំកន្លងទៅ សហភាពអឺរ៉ុបបាននាំចូលទំនិញពីកម្ពុជាតម្លៃ៥,៥ពាន់លានអឺរ៉ូ ដែលនេះជាការនាំចូលដោយមិនបង់ពន្ធ និងកូតាស្ថិតក្រោមប្រព័ន្ធអនុគ្រោះពន្ធEBA។ ក្នុងប៉ុន្មានទសវត្សកន្លងមកនេះ ប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបបានជួយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ដែលមានកម្លាំងពលកម្មធំជាងគេបំផុតមួយក្នុងប្រទេស។
ថ្វីបើពេលនេះកម្ពុជាកំពុងបានអត្ថប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធ EBA កម្ពុជាក៏កំពុងដើរឆ្ពោះទៅរកការចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួច ទៅជាប្រទេសមានចំណូលមធ្យម។ លោកថា៖ «នេះមានន័យថាកម្ពុជាកំពុងអភិវឌ្ឍន៍ ហើយវានឹងបាត់ EBA [ប្រព័ន្ធអនុគ្រោះពន្ធ]»។
កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ គណៈកម្មការសហភាពអឺរ៉ុបបានសម្រេចលើការដកពន្ធ២០ភាគរយ តាមប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ដែលកាលនោះកម្ពុជាបានរងការចោទប្រកាន់ថាបាន «បំពានធ្ងន់ធ្ងរ និងជាប្រព័ន្ធលើគោលការណ៍សិទ្ធិមនុស្ស» ដែលមានចែងនៅក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលមានប្រសាសន៍ថា សហភាពអឺរ៉ុបមានសិទ្ធិលើប្រព័ន្ធEBA ហើយជាអ្នកអាចសម្រេចចិត្តលើរឿងនេះបាន។ លោកបន្ថែមថា៖ «កម្ពុជានឹងមានភាពរីករាយបើសិនជាទទួលបានមកវិញ»។
យ៉ាងណាលោកបានលើកឡើងដែរថា EBA អាចនឹង «ចប់ទៅវិញនៅពេលណាមួយ» ព្រោះថាកម្ពុជាបានចាប់ផ្ដើមចាកចេញពីប្រទេស «ក្រីក្រទៅជាប្រទេសមានប្រាក់ចំណូលមធ្យម»។ លោកបន្តថា៖ «យើងជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមាន [គោលដៅក្លាយជាប្រទេស]ប្រាក់ចំណូលខ្ពស់កម្រិតមធ្យម។ រដ្ឋាភិបាលបានបន្តរក្សាជំហរនេះ»។
អ្នកវិភាគបញ្ហាសង្គមលោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថាកម្ពុជាគ្មានផ្លូវបានទទួលប្រព័ន្ធ EBA ពីអឺរ៉ុបពេញលេញទេ ខណៈដែលស្ថានភាពសេរីភាពបញ្ចេញមតិធ្លាក់ចុះ។ លោកថា៖ «ការគោរពសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ សេរីភាពនយោបាយ និងសេរីភាពសារព័ត៌មានមិនទាន់ល្អប្រសើរវិញនៅឡើយ»។
លោកឲ្យដឹងដែរថា៖ «យ៉ាងណា ខ្ញុំចង់ឃើញឆន្ទៈរបស់ឯកអគ្គរដ្ឋទូតថ្មី សហភាពអឺរ៉ុប និងមេដឹកនាំពីប្រទេស[ខាងលិច] ជួយគាំទ្រលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងគាំពារសិទ្ធិរបស់យើង»។
ជាមួយគ្នានេះដែរ លោក Driesmans ក៏បានចែករំលែកថាក្នុងនាមជាប្រទេសដៃគូរបស់សហភាពអឺរ៉ុបថា កម្ពុជានឹងជាប្រទេស «គោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងគោរពគោលការណ៍ប្រជាធិបតេយ្យ» ដែលអ្វីទាំងនេះជាគោលការណ៍ជាមូលដ្ឋានរវាងសហភាពអឺរ៉ុប និងដៃគូរបស់ខ្លួន។
លោកបន្ថែមថា៖ «ពេលនិយាយដល់សិទ្ធិមនុស្ស វាមានន័យទូលំទូលាយ។ វារួមទាំងសេរីភាពនៃការបញ្ចេញមតិ សិទ្ធិចូលរួមក្នុងនយោបាយ សិទ្ធិជួបជុំ និងប្រមូលផ្ដុំដោយសន្តិវិធី សិទ្ធិការងារ និងប្រព័ន្ធយុត្តិធម៌ឯករាជ្យជាដើម»។
និយាយដល់ផែនការថ្មី លោក Driesmans បាននិយាយថាលោកនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល សង្គមស៊ីវិល គណបក្សនយោបាយ និងអ្នកសិក្សាស្រាវជ្រាវ ដែលត្រូវដាក់ចូលក្នុងគោលការណ៍អាទិភាពចំនួនបួនរបស់លោកនៅកម្ពុជា។
អាទិភាពទាំងនោះរួមមានការប្រែប្រួលអាកាសធាតុ និងការកាប់បំផ្លាញព្រៃឈើ ពាណិជ្ជកម្មប្រកបដោយចីរភាព ការអប់រំផ្នែកបច្ចេកទេសដល់យុវជន និងធ្វើឲ្យមានអភិបាលកិច្ចល្អប្រសើរ។
សម្រាប់ពាណិជ្ជកម្មប្រកបដោយចីរភាព លោកថាសហភាពអឺរ៉ុបនឹងគាំទ្រដល់កម្មវិធីកសិកម្ម ថាមពលបៃតង និងតម្លៃបន្ថែមលើវិស័យវាយណភ័ណ្ឌ ដូចនេះកម្ពុជានៅតែរក្សាបានការប្រកួតប្រជែង និងសមាហរណកម្មក្នុងអាស៊ាន និងបង្កើនពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុបក្នុងលក្ខណៈយូរអង្វែង។
លោក Driesmans ថ្លែងទៀតថាយុវជនគួរតែត្រូវបានទទួលការគាំរទ្រការអប់រំផ្នែកបច្ចេកទេសដើម្បីពង្រឹងសមត្ថភាព ខណៈការទទួលបានការបណ្ដុះបណ្ដាលធ្វើឲ្យប្រជាពលរដ្ឋមានផលិតភាពការងារក្នុងវិស័យសេដ្ឋកិច្ច និងនយោបាយ។
លោកបញ្ជាក់ដែរថា អាហារូបករណ៍ច្រើនបន្ថែមទៀតនឹងត្រូវផ្ដល់ឲ្យយុវជនកម្ពុជាសម្រាប់ការបន្តការសិក្សាជាន់ខ្ពស់។ លោកថា៖ «យើងចង់លើកកម្ពស់សមត្ថភាពសិស្សនៅក្នុងតំបន់អាស៊ាន និងធ្វើការសិក្សាស្រាវជ្រាវជាមួយសហភាពអឺរ៉ុប» ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ No Likelihood of EBA’s Full Reinstatement For Now, Says EU Ambassador to Cambodia