សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សហជីព៖ កម្មករកាត់ដេរជាង១ម៉ឺននាក់ត្រូវបានព្យួរការងារចាប់តាំងពីខែកក្កដាមក

ស្ត្រីដើរនៅមុខរោងចក្រកាត់ដេរសម្លៀកបំពាក់ Quantum Clothing នៅរាជធានភ្នំពេញ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ។ (ខេមបូចា/ ព្រីង សំរាំង)
ស្ត្រីដើរនៅមុខរោងចក្រកាត់ដេរសម្លៀកបំពាក់ Quantum Clothing នៅរាជធានភ្នំពេញ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ។ (ខេមបូចា/ ព្រីង សំរាំង)

យ៉ាងហោចណាស់មានកម្មករ​រោងចក្រកាត់ដេរ​សម្លៀកបំពាក់​ចំនួន ១០.៧៣១នាក់ មកពីរោងចក្រ​ចំនួន៨ នៅរាជធានីភ្នំពេញ និងនៅខេត្តកំពង់ឆ្នាំងត្រូវបានផ្អាក​ការងារ​ ឬ​បញ្ចប់​ការងារ​ ចាប់តាំងពីខែកក្កដាមក ។ នេះ​បើយោងតាម​របាយការណ៍បឋមរបស់សហជីព ។

លោកស្រី ទូច សើ ប្រធានសហព័ន្ធសហជីព​សេរីកម្ម​នៃព្រះរាជាណាចក្រ​កម្ពុជា (FTUWKC) បាននិយាយថា ការព្យួរការងារកម្មករដ៏ច្រើននាក់នាពេលថ្មីៗនេះ​មិនមែនជារឿងថ្មីទេសម្រាប់​វិស័យកាត់ដេរ និង​ជា​ផលវិបាក​នៃវិបត្តិសេដ្ឋកិច្ច​និង​ទិដ្ឋភាពនយោបាយ​នៅកម្ពុជា ។

លោកស្រី ទូច សើ បាននិយាយយ៉ាងដូច្នេះថា ៖ «នៅមុន​ការព្យួរនិងការបញ្ចប់​កិច្ចសន្យាការងារកម្មកររោងចក្រ​បាន​ប្រាប់​កម្មករថា អត់មានវត្ថុធាតុដើម អត់មានអ្នកបញ្ជាទិញ ហើយ​ការ​ផ្គត់ផ្គង់​និង​តម្រូវការ​មិនស្មើគ្នា»

វិស័យកាត់ដេរ​សម្លៀកបំពាក់​ ដែល​ផ្ដល់​ការងារ​ដល់​ប្រជាជនប្រមាណ ៧០០.០០០នាក់ និង​បង្កើត​ប្រាក់ចំណូលប្រហែល ៨០% នៃ​ចំណូលនាំចេញ​សរុប​របស់​ប្រទេស​កម្ពុជា គឺ​ជា​វិស័យដ៏ធំជាងគេ​បំផុត​នៅកម្ពុជា ដែលផ្ដល់​ការងារ​ដល់​កម្មករ​ដែលមានជំនាញទាប ។

ការបញ្ចប់​កិច្ចសន្យាការងារ​កម្មករ​ដែលបានចងក្រង​នៅក្នុងរបាយការណ៍ គឺឆ្លុះ​បញ្ចាំងពីនិន្នាការមួយ​នៅក្នុង​ឧស្សាហកម្មនេះ​ ដែល​បានជួបប្រទះ​នូវការបញ្ឈប់​កម្មករក្នុង​ចំនួនច្រើនៗនាក់នៅឆ្នាំនេះ ។ ​អ្នកនាំពាក្យ​ក្រសួងការងារលោក ហេង សួរ បានប្រាប់​សារព័ត៌មាន ខេមបូចា កាលពីខែមីនា ថារោងចក្រ​ចំនួន ៧១កន្លែង​បាន​ព្យួរការងារ​កម្មករ ៣២.០២៣នាក់ នៅខែមករា និងខែកុម្ភៈ ឆ្នាំ២០២៣ ។

ក្នុងចំណោមក្រុមហ៊ុនរោងចក្រចំនួន៨ ដែលត្រូវបានបញ្ចូលនៅក្នុងរបាយការណ៍ ក្រុមហ៊ុន Quantum Clothing Group, Wanglin-Zongheng Garment Factory និង T.F.G Garment មិនបាន​ឆ្លើយតបភ្លាមៗ​ចំពោះ​សំណើ​សុំ​ការអធិប្បាយ​តាមអ៊ីមែលពីអ្នកសារព័ត៌មានឡើយ ។ ក្រុមហ៊ុន Tripos International និង Shoe Premier II មិនបានឆ្លើយតបនឹង​ការហៅទូរសព្ទ​សុំ​អត្ថាធិប្បាយពីសារព័ត៌មាន ខេមបូចា នោះទេ ។ ក្រុមហ៊ុន​ M&V International Manufacturing និង Meng Da Footwear Industrial ពុំអាច​ទាក់ទងបានទេ ។

យោងតាម FTUWKC រោងចក្រ Can Sports Shoes នៅខេត្តកំពង់ឆ្នាំង បានបញ្ចប់កិច្ចសន្យាការងារបុគ្គលិក​ជាង ៤០០០នាក់ ក្នុងខែកក្កដា និងខែសីហា ។ (រូបភាពផ្ដល់ឱ្យ)

នៅពេលទាក់ទងបានតាមទូរសព្ទនិងតេឡេក្រាម មន្ត្រីផ្នែកធនធានមនុស្ស​នៃ​ក្រុមហ៊ុនរោងចក្រ Can Sports Shoes បាន​និយាយថា គាត់ត្រូវ​ទាក់ទងទៅ​ក្រុមមន្ត្រីច្បាប់របស់ក្រុមហ៊ុនជាមុនសិន ទើបអាច​ឆ្លើយសំណួរបាន ។ រហូតមកដល់ពេលនៃការចេញផ្សាយអត្ថបទនេះ​ ខេមបូចា ពុំទាន់ទទួល​បាន​ការឆ្លើយតប​ពីក្រុមហ៊ុននេះ​នៅឡើយទេ ។​

អនុប្រធាន​ FTUWKC លោកស្រី សាយ សុខនី បាននិយាយថា៖​ «ស្ថានភាពនាពេលថ្មីៗនេះ​ គេ​សង្កេត​ឃើញ​ការកើនឡើង​គួរឱ្យភ្ញាក់ផ្អើល​នូវ​ករណី​ព្យួរការងារនៅតាមរោងចក្រ» លោកស្រីបានបន្ថែមថា៖ «ស្របពេលជាមួយគ្នានេះ​ដែរ រោងចក្រថ្មីមួយចំនួនធំ​បាន​ប្រែ​ក្លាយ​ខ្លួន​ពី​រោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលប្រើ​កម្មករ​ច្រើននាក់ ទៅជារោងចក្រ​ផលិត​ឧបករណ៍អគ្គិសនីដែលប្រើ​កម្មករ​តិចៗនាក់»

លោកស្រី សុខនី បាននិយាយថា លោកស្រីក៏បារម្ភផងដែរថា វិនិយោគទុនអន្តរជាតិនៅកម្ពុជា​អាចនឹង​ធ្លាក់ចុះ ដែលនាំឱ្យ​មានការកាត់បន្ថយ​កម្មករនិយោជិតកាន់តែច្រើនថែមទៀត ដោយសារ​ការរិះគន់​ពី​បណ្ដាប្រទេសនានា​ពាក់ព័ន្ធនឹងការបោះឆ្នោត​នៅកម្ពុជាកាលពីពេលថ្មីៗនេះ ។ ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក​បាន​និយាយថា ខ្លួននឹង​ផ្អាក​កម្មវិធីជំនួយ​បរទេស​ជាក់លាក់មួយចំនួន ប៉ុន្តែ សេចក្ដីថ្លែងការណ៍មិនបាននិយាយដល់​វិស័យកាត់ដេរ​ ឬ​កម្មករ​កាត់ដេរ​នោះទេ ។

កាលពីឆ្នាំ២០២០ សហភាពអឺរ៉ុប​បាន​ដក ២០% នៃ​កិច្ចព្រមព្រៀង EBA ជាមួយកម្ពុជា ដោយសារ​ការរំលោភបំពាន​សិទ្ធិមនុស្សធ្ងន់ធ្ងរ ។ ប្រព័ន្ធអនុគ្រោះពន្ធ (GSP) របស់សហរដ្ឋអាមេរិក ដែល​បាន​ផុត​អាណត្តិ​នៅឆ្នាំ២០២០នេះដែរ ពុំត្រូវបាន​បន្ត​ជាថ្មី​នៅឡើយទេ ។

លោក កាន់ សុខវី ជាកម្មករធ្វើការនៅរោងចក្រ Can Sports Shoes នៅខេត្តកំពង់ឆ្នាំង ដែល​ត្រូវបាន​ដាក់បញ្ចូលនៅក្នុងរបាយការណ៍ បានប្រាប់​ ខេមបូចា ថា លោកទើបតែបានត្រឡប់ទៅធ្វើការវិញ​នៅខែសីហានេះទេ បន្ទាប់ពីព្យួរការងារអស់រយៈពេលពីរខែ ។ លោកក៏មានតួនាទីជាប្រធាន​សហជីព FTUWKC ផងដែរ ដែលតំណាងឱ្យសមាជិកសហជីព​នៅក្នុងរោងចក្រ​របស់​លោក ។

លោកបាននិយាយថា ការបញ្ឈប់បុគ្គលិកនាពេលថ្មីៗនេះ​បានជះឥទ្ធិពល​យ៉ាងខ្លាំងទៅលើ​ជីវភាពរស់នៅរបស់​កម្មករ ហើយលោកជឿថា សេដ្ឋកិច្ច​របស់ប្រទេសកម្ពុជា​ក៏អាច​នឹង​រងផលប៉ះពាល់ពី​ទណ្ឌកម្មបរទេស​ដែលអាចកើតមាននៅពេលខាងមុខនេះ ផងដែរ ។

លោក សុខវី និយាយដូច្នេះថា៖ «[រដ្ឋាភិបាល]គួរតែដកថយមួយជំហានដើម្បីគោរព សិទ្ធិមនុស្ស គោរព​លទ្ធិប្រជាធិបតេយ្យ​ ហើយទីផ្សារការងារនឹង​កើនឡើង​ ដូច្នេះ​កម្មករ​គ្រប់គ្នា​អាចមាន​ការងារធ្វើ»  លោកបានបន្ថែមថា៖«អ្នកវិនិយោគគ្រប់គ្នា​នៅកម្ពុជា​​សង្កេតមើល​ថ្នាក់ដឹកនាំរដ្ឋាភិបាល​។ ប្រសិនបើអ្នកដឹកនាំ​គោរព​លទ្ធិ​ប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស នោះពួកគេនឹង​វិនិយោគជាមួយយើង»

យោងតាម FTUWKC រោងចក្រ M&V ដែលមានទីតាំងនៅខេត្តកំពង់ឆ្នាំបានបញ្ចប់​កិច្ចសន្យាការងារ​បុគ្គលិក ៥០០នាក់ កាលពីខែកក្កដា ។ (រូបភាពផ្ដល់​ឱ្យ)

រដ្ឋាភិបាល​បាន​សន្យាផ្ដល់ជំនួយជាសាច់ប្រាក់​ដល់​កម្មកររោងចក្រ​ដែល​ត្រូវបាន​ព្យួរការងារ ដោយ​ផ្ដល់ជាប្រាក់ឧបត្ថម្ភ​ ៣០ដុល្លារក្នុង​មួយ​ខែ​ពីក្រុមហ៊ុន និង​រដ្ឋាភិបាល​ផ្ដល់​បន្ថែម ៤០ដុល្លារ​ក្នុង​មួយ​ខែ ។ កន្លងមក រដ្ឋាភិបាលបាននិយាយថា ខ្លួនបានផ្ដល់​ប្រាក់ឧបត្ថម្ភ​ប្រចាំខែនេះ​ដល់​កម្មករនិយោជិត​ជាង ៣៦.០០០នាក់​ មកពីរោងចក្រ​ចំនួន៨៩ ។ កម្មវិធីស្រដៀងគ្នានេះដែរក៏ត្រូវបានផ្ដល់​ឱ្យដល់​កម្មកររោងចក្រ​ផងដែរក្នុងអំឡុងពេល​កូវីដ-១៩ ចាប់ពីឆ្នាំ២០២០ ដល់​ដើម​ឆ្នាំ​២០២២ ។

លោក សុខវី បាននិយាយថា កម្មករដែលជាសមាជិកសហជីពនៅក្នុងរោងចក្រ​របស់​លោក រួមទាំង​ខ្លួន​លោកផ្ទាល់ មិនបានទទួល​ជំនួយដែលរដ្ឋាភិបាលបានសន្យាផ្ដល់នេះ​ទេ ។ លោកនិយាយថា ទោះបីពួកគេបានទទួលក៏ដោយ ក៏វាមិនគ្រប់គ្រាន់​ក្នុងការបំពេញតម្រូវការដែរ ។

លោក សេង សក្កដា អគ្គនាយក​នៃអគ្គនាយកដ្ឋានការងារ​របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មិនបានឆ្លើយតប​ការហៅទូរសព្ទ​ ឬ​សារសំណួរ​តាម​​តេឡេក្រាមរបស់ ខេមបូចា ឡើយ ។​

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា បាននិយាយថា ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​មិន​ល្អ​ ដែលនាំ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ប្រទេសជាច្រើន ក្នុងនោះរាប់ទាំង​កម្ពុជា ផងដែរ ។ លោកបាននិយាយថា កម្មវិធីជំនួយរដ្ឋាភិបាល​នឹងជួយកម្មករដែលត្រូវបានព្យួរការងារ ឬបញ្ឈប់ពីការងារ ឲ្យ​មាន​ស្ថិរភាពហិរញ្ញវត្ថុ ។

លោកនិយាយយ៉ាងដូច្នេះថា៖ «ដោយសារវិបត្តិនៅអ៊ុយក្រែន​និងរុស្ស៊ី និងការធ្លាក់ចុះនូវការបញ្ជាទិញ​ រោងចក្រ​ត្រូវបានព្យួរការងារ និងបិទទ្វារ ដែលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា»

លោក អាត់ ធន់ ប្រធាន​សហភាពការងារកម្ពុជា (CLC) បាននិយាយថា ការព្យួរការងារ​ ឬ​ការ​បញ្ឈប់​ការងារកម្មករ​គឺជាលទ្ធផល​នៃ​ការធ្លាក់ចុះនូវតម្រូវការ និង​ការលុបចោលការបញ្ជាទិញ ។ លើសពីនេះ​ទៀត លោកថា ម្ចាស់រោងចក្រមួយចំនួន​កេងប្រវ័ញ្ច​កម្មករខ្លួនឯង និងមិនគោរពច្បាប់​ការងារទេ ។

លោក អាត់ ធន់ និយាយយ៉ាងដូច្នេះថា៖ «ថ្មីៗនេះ ម្ចាស់ក្រុមហ៊ុនបានបិទក្រុមហ៊ុនរបស់ពួកគេ​ដោយ​មិន​សងសំណង​[ដល់កម្មករ]ទេ រួចហើយ​ទៅបើក​ក្រុមហ៊ុនថ្មី»

កាលពីខែមករា ឆ្នាំ២០២៣ រដ្ឋាភិបាលបាន​សម្រេចចិត្តលើកលែង​ការយកពន្ធមួយចំនួន​ពី​សហគ្រាស​កាត់ដេរ​និង​ឧស្សាហកម្ម​ រហូតដល់​ឆ្នាំ២០២៥ ដើម្បីជួយ​ដល់វិស័យដែលកំពុងធ្លាក់ចុះទាំងនេះ ។ លោក គី សិរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភា​កម្ពុជា បាននិយាយថា ការលើកលែង​ពន្ធថ្មីនេះបាន​លើកទឹកចិត្ត​ម្ចាស់ក្រុមហ៊ុនមួយចំនួន​ឱ្យ​បិទរោងចក្រ​ ។

លោកនិយាយថា៖ «ការព្យួរការងារកម្មករវាទាក់ទងទៅនឹង​ច្បាប់ថ្មី ។ ច្បាប់ថ្មី​ផ្ដល់​ការលើកលែងពន្ធ​ដល់ម្ចាស់ក្រុមហ៊ុន​នៅពេលពួកគេ​បើកអាជីវកម្មថ្មី ។ ដូច្នេះ [ម្ចាស់]ក្រុមហ៊ុនខ្លះ​បិទក្រុមហ៊ុន​ចាស់​ និងបើក[រោងចក្រ]ថ្មី»

លោក ឃុន ថារ៉ូ មន្ត្រីគ្រប់គ្រងកម្មវិធី​នៃអង្គការមិនមែនរដ្ឋាភិបាលសង់ត្រាល់ បាននិយាយថា ទិន្នន័យ​បឋម​ពី​អង្គការសង់ត្រាល់ បង្ហាញថា កម្មកររោងចក្រ​ប្រហែល ២០.០០០នាក់​ត្រូវបានព្យួរការងារ ឬ​បញ្ឈប់​ការងារ គិតចាប់ពីខែកុម្ភៈ ដល់ខែកក្កដានៃឆ្នាំនេះ ។ លោកបាននិយាយថា រោងចក្រមួយចំនួន​មិនបានគោរពតាម​លក្ខខណ្ឌតម្រូវរបស់ក្រសួងការងារទេ នៅពេលបញ្ឈប់​ការងារ ឬ​ព្យួរការងារ​កម្មករ​និយោជិត ។

លោក ថារ៉ូ និយាយ​៖ «និន្នាការ[នៃការបញ្ឈប់ការងារកម្មករ] បាននិងកំពុងកើតមានឡើង​ចាប់តាំងពី​ដើមឆ្នាំ២០២៣មកម្ល៉េះ ប៉ុន្តែបាន​កើនឡើង​[កាន់តែច្រើនថែមទៀត] នៅពេលជិតដល់​ថ្ងៃ​បោះឆ្នោតជាតិ»

លោកបានបន្ថែមថា អ្នកវិនិយោគបរទេស​អាចនឹង​រារែក​ក្នុងការបោះទុនវិនិយោគ​នៅពេល​ជិត​ដល់​ការបោះឆ្នោតជាតិម្ដងៗ​ នៅពេលដែល​មាន​ភាព​មិនច្បាស់លាស់​ផ្នែក​នយោបាយ​នៅក្នុង​ប្រទេស​ ។ បើ​យោងតាម​អង្គការសង់ត្រាល់ រោងចក្រធំៗមួយចំនួន​បាន​កាត់បន្ថយ​បុគ្គលិកកម្មករ ២០% ទៅ ៣០% នៅឆ្នាំនេះ ៕

(រាយការណ៍បន្ថែមដោយ៖ ផុន សុទ្ធីរ័ត្ន)

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Union: Ten Thousand Garment Workers Suspended Since July

237 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម