លោក ជា ចាន់ ប្រធានសហជីពនៅរោងចក្រវីងស្តារស៊ូ (Wing Star Shoes) ដែលទើបតែជាប់ឆ្នោតចូលកាន់តំណែងនោះត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពីបទ«សមគំនិតក្នុងអំពើលួច» ជុំវិញឧប្បត្តិហេតុមួយដែលតាមចោទថា បានកើតឡើងកាលពីពីរឆ្នាំមុន។
ខាងសហជីពនិយាយថា លោក ជា ចាន់ មិនពាក់ព័ន្ធនឹងករណីនេះទេ។ ពួកគេអះអាងថា ការឃុំខ្លួនលោកគឺសំដៅ «គាបសង្កត់» សមាជិកសហជីពឲ្យរំសាយសហជីពឯករាជ្យក្នុងរោងចក្រ។
មុនការចាប់ខ្លួនលោក ជា ចាន់ ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សានាយកសហជីពត្រូវបានធ្វើឡើងនៅក្នុងរោងចក្រ ទីដែលលោកនិងមនុស្សប្រាំបួននាក់ផ្សេងទៀតបានជ្រើសរើស នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សហព័ន្ធសហជីពកម្ពុជា (CATU)។
បន្ទាប់ពីលោក ជា ចាន់ បានជូនដំណឹងដល់រោងចក្រវីងស្តារស៊ូ អំពីការបង្កើតសហជីព ក្រុមហ៊ុននេះ បានផ្ញើលិខិតព្រមានដល់លោក និងមេដឹកនាំសហជីពផ្សេងទៀត ដោយបញ្ចុះបញ្ចូលពួកគេឱ្យរំសាយចោលសហជីពនេះ ប៉ុន្តែពួកគេមិនព្រមធ្វើតាម។
កាលពីថ្ងៃទី១៤ ខែកុម្ភៈ លោក ជា ចាន់ ត្រូវបានឃុំខ្លួននៅកន្លែងធ្វើការដោយនគរបាលខេត្តកំពង់ស្ពឺ ដែលតាមចោទថា មិនបានបង្ហាញដីកា ឬភស្តុតាងណាមួយ ដើម្បីគាំទ្រការចាប់ខ្លួននោះទេ។
លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជាមានប្រសាសន៍ថា ការចាប់ខ្លួនមេដឹកនាំសហជីពនេះ គឺជាការរំលោភសិទ្ធិសហជីពយ៉ាងធ្ងន់ធ្ងរ រួមជាមួយនឹងការគ្មានភស្តុតាង ឬដីកា។
លោកស្រី សុភ័ណ្ឌ មានប្រសាសន៍ថា៖ «ក្រុមហ៊ុនបានត្រូវរ៉ូវជាមួយនគរបាល ហើយបានហៅលោក ជា ចាន់ ទៅបន្ទប់ស្តុកទំនិញដោយនិយាយថា មានគេចង់ជួបគាត់ មុនពេលមន្ត្រីនគរបាល៥នាក់ចាប់គាត់។ ពួកគេចាប់ខ្លួនគាត់ដោយគ្មានដីកា»។
លោកស្រីបានមានប្រសាសន៍ថា រោងចក្រនេះតាមចោទថា បានប្តឹងគាត់ពីបទសមគំនិតក្នុងអំពើលួច ប៉ុន្តែតាមចោទប្រកាន់ថា ការចោទប្រកាន់នេះ«ត្រូវបានគេប្រឌិតឡើងជាមួយនគរបាល»ខណៈលោក ជា ចាន់ និងអ្នកផ្សេងទៀតមិនពាក់ព័ន្ធអ្វីទាំងអស់អំពីចោរកម្ម ដែលកើតឡើងកាលពី២ឆ្នាំមុននៅក្នុងរោងចក្រនេះ។
លោកស្រីបានបន្ថែមថា ក្រុមហ៊ុននេះមិនចូលចិត្តសហជីពឯករាជ្យទេ ហេតុដូច្នេះហើយបានជាពួកគេបំបាក់ទឹកចិត្តកម្មករមិនឲ្យបង្កើតសហជីព។
លោកស្រី យ៉ាង សុភ័ណ្ឌ មានប្រសាសន៍ថា៖ «ម្សិលមិញ តុលាការបានចោទប្រកាន់លោក ជា ចាន់ ពីបទសមគំនិតក្នុងអំពើលួច ជា [ឧប្បត្តិហេតុមួយ] ដែលបានកើតឡើងកាលពីពីរឆ្នាំមុន ដែលមិនពាក់ព័ន្ធនឹងលោក ចាន់ ទេ។ នេះជាមូលហេតុពិតដែលក្រុមហ៊ុនចង់បំបាក់ស្មារតីមេដឹកនាំសហជីពរបស់ខ្ញុំ»។
តំណាងពីរនាក់មកពីរោងចក្រវីងស្តារស៊ូ បានជួបសហព័ន្ធសហជីពកម្ពុជា ដើម្បីពិភាក្សាពីបញ្ហាសហជីព ខណៈដែលពួកគេបរាជ័យក្នុងការបញ្ចុះបញ្ចូលលោក ចាន់ ឱ្យបោះបង់ការបង្កើតសហជីព។លោកស្រី យ៉ាង សុភ័ណ្ឌបានបន្ថែមថា៖ «ពួកគេបានឱ្យលុយយើងដើម្បីឲ្យគាត់ផ្លាស់ប្តូរចិត្ត។ នៅពេលយើងបដិសេធមិនទទួលយកសំណើរបស់ពួកគេ ពួកគេបានឃុំខ្លួនមេដឹកនាំសហជីពរបស់ខ្ញុំជំនួសវិញ»។
អ្នកស្រី ឆាយ ចាន់រ៉ា អាយុ៣៥ឆ្នាំ ជាភរិយារបស់លោក ចាន់ បានប្រាប់ខេមបូចាថា ការចាប់ខ្លួន និងការចោទប្រកាន់ប្តីរបស់អ្នកស្រី គឺអយុត្តិធ៌ម ដោយសារប្តីរបស់អ្នកស្រីមិនបានប្រព្រឹត្តបទល្មើសអ្វីទាំងអស់។
អ្នកស្រីបានចោទជាសំណួរថា៖«គេចាប់ប្ដីខ្ញុំដោយគ្មានដីកា ដែលជាការរំលោភសិទ្ធិកម្មករ និងសិទ្ធិសហជីព។ គាត់បានធ្វើការនៅទីនោះជិត១០ឆ្នាំហើយ។ ហេតុអ្វីបានជាពួកគេធ្វើដូច្នេះ?»
អ្នកស្រីក៏មានការព្រួយបារម្ភពីក្រុមគ្រួសាររបស់អ្នកស្រី ព្រោះអ្នកទាំងពីរមានកូនបីនាក់ ហើយលោក ជា ចាន់ គឺជាមេគ្រួសារតែម្នាក់គត់។
អ្នកស្រី ចាន់រ៉ា បាននិយាយថា៖«មិនអាចទទួលយកបានទេ។ ខ្ញុំចង់ឲ្យក្រុមហ៊ុនដកពាក្យបណ្ដឹង ហើយតុលាការដោះលែងគាត់ឆាប់ៗតាមដែលអាចធ្វើទៅបាន»។
លោក ផេង ស៊ីភ័ណ ប្រធានលេខាធិការដ្ឋានរដ្ឋបាល និងជាអ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា លោក ចាន់ ត្រូវបានបញ្ជូនទៅពន្ធនាគារខេត្តកំពង់ស្ពឺ បន្ទាប់ពីត្រូវបានចោទប្រកាន់តាមមាត្រា ២៩, ៣៥៣, និង៣៥៦ នៃក្រមព្រហ្មទណ្ឌ។
យោងតាមមាត្រា ៣៥៦ នៃក្រមព្រហ្មទណ្ឌ អំពើលួចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី១លានទៅ៦លានរៀល។
លោកបានប្រាប់ខេមបូចាថា៖«តុលាការបានសាកសួរគាត់កាលពីថ្ងៃទី១៧ ខែកុម្ភៈ ហើយបានបញ្ជូនគាត់ទៅពន្ធនាគារកាលម្សិលមិញ [ថ្ងៃអាទិត្យ]»។
នៅពេលសួរថា ហេតុអ្វីបានជាតុលាការទើបតែសាកសួរលោក ជា ចាន់ រយៈពេលពីរឆ្នាំក្រោយពីមានការចោទប្រកាន់អំពើលួចនោះ លោក ស៊ីភ័ណ បានឆ្លើយថា៖ «នេះគឺជានីតិវិធីរបស់តុលាការ»។
របាយការណ៍ប្រចាំឆ្នាំ២០២៣ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសង្កត់ធ្ងន់ថា រោងចក្រគួរតែគោរពច្បាប់ការងារ និងបានដោះស្រាយវិវាទការងារដែលមានជាង ៨០០០ករណី។
លោក ចឹក បូរិន ប្រធានមន្ទីរការងារខេត្តកំពង់ស្ពឺបានមានប្រសាសន៍ថា ប្រសិនបើករណីរបស់លោក ចាន់ ពាក់ព័ន្ធនឹងការរំលោភសិទ្ធិកម្មករ មន្ទីររបស់លោកនឹងជួយអន្តរាគមន៍។ ទោះបីជាយ៉ាងណា ក្រុមហ៊ុនបានប្ដឹងលោក ចាន់ តាមច្បាប់ព្រហ្មទណ្ឌ ដូច្នេះលោកមិនអាចលូកដៃបានឡើយ។
លោក បូរិន បានមានប្រសាសន៍ថា៖«ប្រសិនបើគាត់ [ចាន់] បានជូនដំណឹងយើងទាក់ទងនឹងរឿងការងារ យើងនឹងធ្វើអន្តរាគមន៍ ប៉ុន្តែរឿងនេះទាក់ទងនឹងសំណុំរឿងព្រហ្មទណ្ឌ»។
របាយការណ៍របស់ក្រសួងការងារក៏បានកត់សម្គាល់ផងដែរថា រដ្ឋាភិបាលបានបើកទូលាយ និងលើកទឹកចិត្តដល់សិទ្ធិក្នុងការរៀបចំសហជីព ដែលស្របតាមច្បាប់ការងារ និងស្តង់ដារការងារអន្តរជាតិ។
នៅក្នុងឆ្នាំ២០២២ របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សបានលើកឡើងថា ប្រទេសកម្ពុជាមិនមានតុលាការការងារទេ បើទោះបីជាច្បាប់ការងារកម្ពុជាបានចែងពីតម្រូវការតុលាការនេះក៏ដោយ។ អាស្រ័យហេតុនេះ ក្រុមប្រឹក្សាអាជ្ញាកណ្តាល គឺជាស្ថាប័នតែមួយគត់ ដែលមានភារកិច្ចដោះស្រាយវិវាទក្រៅផ្លូវតុលាការសម្រាប់បញ្ហាទាក់ទងនឹងការងារ។
ទន្ទឹមគ្នានេះដែរ លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជាបានសម្តែងការព្រួយបារម្ភអំពីសិទ្ធិសហជីព ដែលកំពុងត្រូវបានជាន់ឈ្លីជារៀងរាល់ថ្ងៃ។ លោកស្រីបានសម្តែងការសោកស្តាយថា៖ «ខ្ញុំអាចនិយាយបានថា ស្ថានភាពសិទ្ធិសហជីពពេលនេះ គឺអាក្រក់ណាស់។ បើទោះបីជាយើងមានការការពារពិសេសក្រោមច្បាប់ការងារ ប៉ុន្តែតាមពិត វាផ្ទុយពីនេះ។ បុគ្គលិករបស់យើងក៏មិនមានសិទ្ធិចរចា [ជាមួយម្ចាស់រោងចក្រ] ផងដែរ»។
ខេមបូចាបានទាក់ទងតាមទូរសព្ទទៅក្រុមហ៊ុនផលិតស្បែកជើងវីងស្តារស៊ូ ដើម្បីសុំការអត្ថាធិប្បាយ ដោយប្រើលេខដែលផ្តល់នៅលើគេហទំព័ររបស់ក្រុមហ៊ុន ប៉ុន្តែអ្នកទទួលទូរសព្ទប្រាប់ថា ខ្លួនលែងធ្វើការជាមួយក្រុមហ៊ុននេះទៀតហើយ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Wing Star Shoes Union Leader Charged with Conspiracy To Commit Theft After Winning Post