ស្របពេលដែលមានដំណើរទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិមកកាន់ប្រទេសកម្ពុជា អង្គការមិនមែនរដ្ឋាភិបាលបានស្នើទៅកាន់រដ្ឋាភិបាលឲ្យស្ដារស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេស ដោយថាសេរីភាពបញ្ចេញមតិ និងសិទ្ធិនយោបាយនៅបន្តមានការរឹតត្បិត ព្រមជាមួយនឹងការធ្វើទុក្ខបុកម្នេញលើអ្នកនយោបាយជំទាស់ និងការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
មុនការមកដល់នៃទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧៥ វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានរៀបចំវេទិកាសិទ្ធិមនុស្សមួយក្រោមប្រធានបទ «បញ្ហាប្រឈម និងមាគ៌ាឆ្ពោះទៅមុខ» ដើម្បីឲ្យមានការសន្ទនាដោយសេរី និងបើកចំហរវាងស្ថាប័នពាក់ព័ន្ធ។
ដោយភ្ជាប់ទៅនឹងទិវាសិទ្ធិមនុស្សអន្តរជាតិ អ្នករាយការណ៍ពិសេសលោក Vitit Muntarbhorn កំពុងបំពេញទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី៤ដល់ទី៨ ខែធ្នូ ក្នុងគោលបំណងពិនិត្យលើការវិវត្តនៃកិច្ចខិតខំរបស់រដ្ឋាភិបាលដើម្បីស្ដារស្ថានភាពសិទ្ធិមនុស្សឡើងវិញ។ លោកត្រូវគេរំពឹងថានឹងជួបជាមួយមន្ត្រីរដ្ឋាភិបាល សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ។
នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព ថ្លែងក្នុងវេទិកាកាលពីថ្ងៃចន្ទ ក្នុងរាជធានីភ្នំពេញថា៖ «ស្ថានភាពសិទ្ធិមនុស្ស [នៅកម្ពុជា] គឺម្ដងឡើង ម្ដងចុះ។ បច្ចុប្បន្នខ្ញុំអាចនិយាយបានថាមានការធ្លាក់ចុះជាខ្លាំង»។
លោកស្រីបន្ថែមថា៖ «យើងបានឃើញបញ្ហាជាច្រើនដូចជាបញ្ហាជម្លោះដីធ្លី និងការរឹតត្បិតសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋទាក់ទងនឹងសេរីភាពនៃការបញ្ចេញមតិ និងការជួបជុំដោយសន្ដិវិធី»។
លោកស្រីបានលើកករណីសកម្មជនដីធ្លីក្នុងខេត្តកោះកុងដែលត្រូវបានហាមឃាត់ក្នុងការដាក់ញត្តិនៅភ្នំពេញ ហើយបែរជាត្រូវតុលាការកាត់ទោសពីបទញុះញង់ ក៏ដូចជាករណីការឃុំខ្លួនកញ្ញា សេង ធារី និងមេដឹកនាំសហជីព កញ្ញា ឈឹម ស៊ីថរ ពាក់ព័ន្ធនឹងការអនុវត្តសេរីភាពនៃការបញ្ចេញមតិ។
ឯកអគ្គរដ្ឋទូតប្រទេសបារាំងប្រចាំកម្ពុជា លោក Jacques Pellet ក៏បានបង្ហាញកង្វល់របស់ខ្លួនដែរថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាពុំទាន់បានល្អប្រសើរវិញនៅឡើយ ពិសេសការដកបក្សប្រឆាំងដ៏ធំមួយចេញពីការបោះឆ្នោត ដែលធ្វើឲ្យការបោះឆ្នោតកាលពីខែកក្កដា មិនមានភាពពេញលេញ។
លោកបន្ថែមថា៖ «យើងមានការព្រួយបារម្ភពេលនិយាយអំពីអ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន និងសកម្មជនបរិស្ថាន។ ខ្ញុំគិតថាស្ថានភាពមិនទាន់បានល្អប្រសើរនៅឡើយ»។
ឆ្លើយតបទៅនឹងកង្វល់របស់អង្គការសង្គមស៊ីវិល លោក ស្រេង ចិន្ដា សមាជិករបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែលជាស្ថានប័នរបស់រដ្ឋាភិបាល មានប្រសាសន៍ថាស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបាន «មានភាពប្រសើរឡើង» រួមទាំងវត្តមានគណបក្សនយោបាយជាច្រើនផងដែរ។
លោកបន្ថែមថា៖ «ខ្ញុំយល់ស្របថា សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មានបានធានាដោយមាត្រា៤១នៃរដ្ឋធម្មនុញ្ញកម្ពុជា ប៉ុន្តែមាត្រាដដែលក៏បានចែងដែរថាការអនុវត្តសិទ្ធិមិនត្រូវបំពានទៅនឹងសិទ្ធិរបស់អ្នកដទៃ»។
លោកបន្តថា៖ «សន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ គឺត្រូវតែគោរព។ សេរីភាពបញ្ចេញមតិរបស់យើងដែលធ្វើឲ្យប៉ះពាល់សិទ្ធិអ្នកដទៃ ត្រង់ចំណុចនេះ អាជ្ញាធរនឹងចាត់វិធានការផ្លូវច្បាប់»។
កាលពីថ្ងៃទី២៣ ខែវិច្ឆិកា របាយការណ៍ប្រចាំឆ្នាំរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបង្ហាញថាសេរីភាពទទួលបានព័ត៌មាន សេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្រិតទាបនៅប្រទេសកម្ពុជា។
របាយការណ៍សរសេរថា៖ «កម្ពុជាកំពុងស្ថិតក្នុងស្ថានភាពគួរឲ្យព្រួយបារម្ភទាក់ទងនឹងការតាមដានហួសហេតុលើសេរីភាពនៃការបញ្ចេញមតិ និងការបំបិទសំឡេងអ្នករិះគន់ និងការគាបសង្កត់ដែលកើតមាននៅមុនការបោះឆ្នោតខែកក្កដា ឆ្នាំ២០២៣»។ របាយការណ៍សរសេរទៀតថា៖ «ការបំភិតបំភ័យ ការតាមដាន ការគំរាមកំហែង និងការបំពានតាមផ្លូវច្បាប់ក៏ត្រូវបានប្រើប្រាស់ចំពោះអ្នកដែលហ៊ានបញ្ចេញមតិ»។
នាយកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក ប៉ា ចន្ទរឿន បានចូលរួមអំពាវនាវដល់រដ្ឋាភិបាលឲ្យស្ដារមូលដ្ឋានសិទ្ធិឡើងវិញ បញ្ឈប់ការរឹតត្បិត និងបញ្ឈប់ដាក់ទុក្ខទោសលើសកម្មជនសិទ្ធិមនុស្ស និងប្រជាពលរដ្ឋដែលស្វែងយកយុត្តិធម៌។
លោកមានប្រសាសន៍ថា៖ «ស្ថានភាពនេះកំពុងទាមទារ និងអំពាវនាវឲ្យមានការយកចិត្តទុកដាក់ឲ្យបានច្រើនលើការស្ដារសិទ្ធិមនុស្សឡើងវិញពីអាជ្ញាធររដ្ឋ។ ខ្ញុំបានឃើញពីការធ្លាក់ចុះស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលមានទំនាក់ទំនងទៅនឹងប្រជាធិបតេយ្យដោយសារតែការប្រឈមមុខដាក់គ្នារវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ NGOs Call On the Government to Restore Human Rights in Cambodia