រដ្ឋបាលខេត្តព្រះសីហនុបានច្រានចោល វីដេអូជាឯកសារចេញផ្សាយដោយសារព័ត៌មាន BBC ស្តីពីអំពើឆបោកតាមអនឡាញ និងការជួញដូរមនុស្សនៅទីតាំងមួយក្នុងក្រុងព្រះសីហនុ ថាជាការចោទប្រកាន់«គ្មានមូលដ្ឋាន» ។
សេចក្តីថ្លែងការណ៍ចេញកាលពីថ្ងៃអង្គារបានឲ្យដឹងថា អាជ្ញាធរខេត្តព្រះសីហនុធ្វើការប្រកាស «ច្រានចោលទាំងស្រុង» នូវការចោទប្រកាន់ស្តីពីការធ្វើទារុណកម្ម ការចាប់បង្ខាំងដោយបង្ខំ និងសកម្មភាពឧក្រិដ្ឋទាំងនេះ។
វីដេអូរបស់សារព័ត៌មាន BBC ដែលបានចេញផ្សាយកាលថ្ងៃទី៨ ខែមីនា និយាយអំពីការរត់គេចខ្លួនរបស់បុរសជនជាតិចិនម្នាក់ពីទីតាំងហ័ងឡឺ (Huang Le ) និងក៏បានបង្ហាញពីរូបភាពវីដេអូរបស់បុរសម្នាក់ដែលនិយាយថា ខ្លួនត្រូវបានគេបង្ខាំងដោយខុសច្បាប់នៅទីនោះ ដែលក្រោយមកលោកបានស្លាប់នៅពេលលោកធ្លាក់ខ្លួនឈឺ និងមិនបានទទួលការព្យាបាល។
សេចក្តីរាយការណ៍នេះក៏បានបង្ហាញអំពីការហៅទូរសព្ទដែលគេបានថតទុកពីអ្នកដែលត្រូវបានចោទថា ជាអ្នកជ្រើសរើសបុគ្គលិកនៅទីតាំងហ័ងឡឺ ដោយបានរៀបរាប់យ៉ាងច្បាស់អំពីរបៀបសូកប៉ាន់ដល់អាជ្ញាធរ ដើម្បីឱ្យទីតាំងនេះដំណើរការដោយសុវត្ថិភាព។
សារព័ត៌មាន BBC លើកឡើងថា អាជ្ញាធរខេត្ត មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយរបស់ខ្លួននោះទេ។ អាជ្ញាធរខេត្តបានអះអាងថា សេចក្តីរាយការណ៍របស់សារព័ត៌មាន BBC គឺ «គ្មានមូលដ្ឋាន» និង «មិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងនាពេលបច្ចុប្បន្ននោះទេ» ។
អាជ្ញាខេត្តបានអះអាងថា ខ្លួនបាន “យកចិត្តទុកដាក់យ៉ាងខ្លាំង” ចំពោះសេចក្តីរាយការណ៍របស់សារព័ត៌មាន BBC និងបានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បី “ធ្វើការស្រាវជ្រាវ និងផ្ទៀងផ្ទាត់ព័ត៌មាននេះឱ្យបានត្រឹមត្រូវ” ។
អាជ្ញាធរខេត្តបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ទីតាំងអគារហ័ងឡឺ ដែលបង្ហាញក្នុងវីដេអូនេះ គឺត្រូវបានចុះបញ្ជីជាទីតាំងកាស៊ីណូមេចេស្ទី ធូ (Majestic 2) ដែលជាកម្មសិទ្ធិរបស់បុរសម្នាក់ឈ្មោះ លី គួង និងបានទទួលអាជ្ញាបណ្ណប្រតិបត្តិការថ្មីៗបំផុត កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។ អាជ្ញាធរបានអះអាងថា ខ្លួនបានទទួលពាក្យបណ្តឹងចំនួន៦ ពីជនបរទេស១១នាក់ ដែលប្តឹងសុំអន្តរាគមន៍លាឈប់ពីការងាររៀងៗខ្លួន។ អាជ្ញាធរបានរាយការណ៍ថា ខ្លួនបានរកឃើញករណីជួញដូរមនុស្សមួយករណី។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ មិនបានបដិសេធចំពោះរូបភាព និង វីដេអូទេ ប៉ុន្តែបាននិយាយថា ទិដ្ឋភាពខ្លះបានកើតឡើងមុនពេលសមត្ថកិច្ចចុះបង្ក្រាបទីតាំងនោះ។
លោកបានប្រាប់ខេមបូចាថា៖ «យើងចង់បញ្ជាក់ឱ្យច្បាស់ថា ព្រឹត្តិការណ៍ និងរូបភាពមួយចំនួនដែលផ្សាយដោយ BBC គឺជារូបភាពចាស់ មុនពេលប្រតិបត្តិការរបស់យើងក្នុងការបង្ក្រាប និងលុបបំបាត់ការជួញដូរមនុស្ស ។ នៅពេលដែលយើងបង្ក្រាបរួចហើយ ហើយប៉ុន្មានខែក្រោយមក សារព័ត៌មាន BBC បានចុះផ្សាយរឿងនេះ» ។
BBC បានលើកឡើងថា ទីតាំងនេះបន្តដំណើរការដូចការចុះផ្សាយកាលពីថ្ងៃទី៨ ខែមីនា នៃវីដេអូនេះ ជាង៤សប្តាហ៍ បន្ទាប់ពីអាជ្ញាធរទទួលបានភស្តុតាងលម្អិតដែលបង្ហាញពីសកម្មភាពឧក្រិដ្ឋនៅទីនោះ។ លោក លី គួង មិនបានប្រឈមមុខនឹងការចោទប្រកាន់ណាមួយទេ។
លោក ឌីម៉ង់ បន្តថា កន្លងមកអាជ្ញាធរខេត្តបានទទួលពាក្យបណ្តឹងបីទៅបួនករណីក្នុងមួយថ្ងៃតាមរយៈទូរសព្ទទាន់ហេតុការណ៍ ប៉ុន្តែចាប់តាំងពីយុទ្ធនាការបង្រ្កាបកាលពីឆ្នាំមុនមក លោកបានអះអាងថា អាជ្ញាធរមិនបានទទួលសូម្បីតែពាក្យបណ្តឹងមួយ។
លោកថ្លែងថា៖ «នេះបញ្ជាក់ថា ស្ថានភាពបាន ត្រលប់ទៅរកភាពប្រសើរឡើងហើយលែងមានទីតាំងបិទជិតទៀតហើយ ហើយសណ្ឋាគារ ផ្ទះសំណាក់ ខុនដូ និងកាស៊ីណូទាំងអស់សុមនុស្សអាចដើរចេញ ចូលដោយសេរី » ។ លោកអះអាងថា អាជ្ញាធរត្រៀមខ្លួនជានិច្ច ដើម្បីទប់ស្កាត់បទល្មើសមិនឲ្យកើតឡើងជាថ្មីម្តងទៀតនាពេលអនាគត។
ប៉ុន្តែប៉ុន្មានខែកន្លងមកនេះ មានសេចក្តីរាយការណ៍ជាច្រើនបានលេចចេញនៅលើបណ្តាញសង្គម និងនៅលើសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុកដែលរាយការណ៍អំពីការកើនឡើងនៃអំពើហិង្សា យ៉ាងហោចណាស់មានអ្នកធ្វើអត្តឃាតចំនួនបីករណីនៅខេត្តព្រះសីហនុក្នុងរយៈពេល៤ថ្ងៃក្នុងខែមីនា ហើយថា សកម្មភាពបែបនេះនៅបន្តកើតមាននៅតាមទីតាំងឆបោកតាមប្រព័ន្ធអនឡាញដែលគេស្គាល់ជាច្រើន ខណៈពេលដែលប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញរីករាលដាលទូទាំងតំបន់។
យោងតាម Cyber Scam Monitor ជាគេហទំព័រតាមដានឧស្សាហកម្មឆបោកតាមអនឡាញបានឲ្យដឹងថា អាជ្ញាបណ្ណបើកកាស៊ីណូនៅខែធ្នូ ត្រូវបានផ្តល់ឲ្យកាស៊ីណូនៅក្នុងទីតាំងអគារឈ្មោះ Kaibo ជាទំតាំងដែលមានការតក់ត្រាច្រើន អំពីប្រតិបត្តិការឆបោកតាមអនឡាញ និងជួញដូរមនុស្ស។ មន្ត្រីអនុវត្តច្បាប់ធ្លាប់បានប្រាប់ខេមបូចានិងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតថា ពួកគេជឿថា ការបង្រ្កាបនេះគ្រាន់តែបណ្ដោះអាសន្នប៉ុណ្ណោះ ហើយប្រតិបត្តិការនេះបានបន្តធ្វើទូទាំងប្រទេសកម្ពុជា។
លោក លី គួង ដែលសារព័ត៌មាន BBC បានអះអាថា មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយបានប្រាប់ខេមបូចា ហើយបានបដិសេធការចោទប្រកាន់នៅក្នុងវីដេអូនេះ។ លោកទទួលស្គាល់ថា លោកជាម្ចាស់ទីតាំងនេះ ប៉ុន្តែបានអះអាងថា លោកបានជួលវាទៅឱ្យវិនិយោគិនជនជាតិចិន ដែលលោកមិនបញ្ចេញឈ្មោះ។
លោក លី គួង បន្តថា៖ «ខ្ញុំគ្រាន់តែជួលដី និងកាស៊ីណូទៅឲ្យជនជាតិចិនប៉ុណ្ណោះ នៅកំពង់សោមមានអ្នកជួលឲ្យចិនច្រើន មិនមែនមានតែខ្ញុំទេ…ប៉ុន្តែវាមិនសំខាន់ថា អ្នកណាជាម្ចាស់នោះ រឿងសំខាន់គឺវាមិនមានកើតឡើងដូចការចោទប្រកាន់នោះទេ។ រូបភាព និងវីដេអូនៃការវ៉ៃ និងឆក់ [ជនរងគ្រោះ] គឺនៅប្រទេសភូមា» ។
នៅពេលសួរថា តើទីតាំងអគារនោះធ្លាប់ត្រូវបានអាជ្ញាធរឆ្មក់ចូលពីមុនទាក់ទងនឹងការបង្ខាំងឬការជួញដូរមនុស្សឬអត់ លោក លី គួង បាននិយាយថា ករណីបុគ្គលិកប្តឹងនិយោជក គឺជារឿងធម្មតា។

សេចក្តីថ្លែងការណ៍របស់អាជ្ញាធរបានអះអាងថា ជនជាតិចិនពីរនាក់ដែលបានបង្ហាញខ្លួននៅក្នុងវីដេអូរបស់សារព័ត៌មាន BBC «មិនមាននៅក្នុងបណ្តុំទិន្នន័យអត្តសញ្ញាណជនបរទេស»ដែលបានស្នើសុំអន្តរាគមន៍ជួយសង្គ្រោះ អំឡុងពេលនោះឡើយ។
សេចក្តីថ្លែងការណ៍បានអះអាងថា កាលពីថ្ងៃទី៨ ខែកុម្ភៈ បន្ទាប់ពីទទួលបានកម្រងសំណួរពី BBC «អាជ្ញាធរមានសមត្ថកិច្ច» ពីនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មបានចាប់ផ្តើមការស៊ើបអង្កេតលើកាស៊ីណូ មេចេស្ទី ធូ។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានមានប្រសាសន៍ថា «អ្វីដែលត្រូវបានបង្ហាញដោយ BBC បានកើតឡើងនៅមុនប្រតិបត្តិការ។ ឈ្មោះជនរងគ្រោះដែលបានរៀបរាប់ក្នុងរបាយការណ៍នេះមិនត្រូវបានរកឃើញថា កំពុងរស់នៅ និងធ្វើការក្នុងប្រទេសកម្ពុជានោះទេ”»។
ទីទី (Didi) ជាជនជាតិចិនដែលបានរៀបរាប់ប្រាប់ BBC ពីការរត់គេចខ្លួនពីទីតាំងអាគារកាស៊ីណូបានពន្យល់ថា លោកត្រូវបានគេជួញដូរដោយខុសច្បាប់ចូលមកប្រទេសកម្ពុជា។
សេចក្តីថ្លែងការណ៍របស់អាជ្ញាធរខេត្តព្រះសីហនុបានអះអាងថា អគារកម្ពស់១៣ជាន់នេះ ដែលតាមអាជ្ញាធរថា មាន៧ជាន់សម្រាប់ «កន្លែងស្នាក់នៅ» របស់បុគ្គលិកនិង៤ជាន់ខាងលើសម្រាប់ «ការិយាល័យរដ្ឋបាល» របស់កាស៊ីណូ «មិនមានសញ្ញាណនៃបទល្មើសបង្ខាំង ឬទារុណកម្មឡើយ» ។
ជាការឆ្លើយតប ចាវយិន ហ្វេង (Zhaoyin Feng) ជាអ្នកយកព័ត៌មាន BBC ម្នាក់ ដែលផលិតវីដេអូនេះ បានធ្វើការកត់សម្គាល់នៅលើបណ្តាញសង្គមទ្វីធើថា ទោះបីជាគេយកជាន់ទាំងអស់ប្រើសម្រាប់ប្រតិបត្តិការក៏ដោយ ក៏ប៉ុន្តែអគារនោះ «គ្មានកាស៊ីណូទេ» ។ លោកស្រីបានសួរថា «តើពួកគាត់ធ្វើអ្វីនៅទីនោះ?» ។
លោកស្រី ហ្វេង និងអ្នកយកព័ត៌មានម្នាក់ទៀតឈ្មោះ ណាតាលៀ ហ្ស៊ូ (Natalia Zuo) មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយមុនការចេញផ្សាយអត្ថបទនេះទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Preah Sihanouk Authorities Claim BBC’s Report on Scams, Human Trafficking is “Baseless”